ចំនួនអ្នកស្លាប់ថ្មីដោយសារមេរោគកូរ៉ូណាថ្មីនៅចិន គិតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គឺមានដល់១០៨នាក់ ដែលធ្វើឱ្យតួលេខអ្នកស្លាប់សរុបនៅក្នុងប្រទេសនេះបានកើនដល់១០១៦នាក់។ នេះបើយោងតាមតួលេខពីគណៈកម្មការសុខភាពជាតិចិន ចុះផ្សាយនៅព្រឹកថ្ងៃអង្គារ៍នេះ។
តាមប្រភពដដែលឱ្យដឹងបន្ថែមថា គិតត្រឹម ២៤ម៉ោង ថ្ងៃទី១០កុម្ភៈម្សិលមិញ ចំនួនអ្នកឆ្លងថ្មីមាន ២៤៧៨ករណី ក្នុងនោះករណីអ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរថ្មីមាន ៨៤៩នាក់ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៤២ ៦៣៨ករណី ក្នុងនោះអ្នកជំងឺធ្ងន់ធ្ងរមាន ៧៣៣៣នាក់។
យ៉ាងណាក៏ដោយ អ្នកដែលទទួលបានការព្យាបាលសះស្បើយថ្មីនៅថ្ងៃដដែលមាន ៧១៦នាក់ និងមនុស្ស ២៦ ៧២៤នាក់ ដែលមានប្រវត្តិប៉ះផ្ទាល់ជាមួយអ្នកជំងឺ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបន្ទាប់ពីឆ្លងកាត់ការតាមដាន និងដាក់ឱ្យនៅដាច់ដោយឡែក។
ចំនួននេះបានបំបែកកំណត់ត្រាតួលេខអ្នកស្លាប់ដោយមេរោគសារ(SARs) ផ្ទុះឡើងនៅប្រទេសចិនឆ្នាំ២០០៣ ដែលបានសម្លាប់មនុស្សអស់ ៨១៣នាក់ និងមេរោគមារ៍(MARs)ផ្ទុះឡើងនៅតំបន់មជ្ឈឹមបូព៌ានៅឆ្នាំ២០១២ ដែលបានសម្លាប់មនុស្សអស់ ៨៥៨នាក់។
តាមប្រភពពី គណៈកម្មការសុខភាពរដ្ឋចិន ដដែលឱ្យដឹងទៀតថា អាត្រាអ្នកស្លាប់ដោយសារមេរោគវាយប្រហារផ្លូវដង្ហើមថ្មីនេះក្នុងចំណោមអ្នកដែលរកឃើញថាផ្ទុកវា នៅខេត្តហ៊ើប៉ី មាន២.៨៨ភាគរយ ក្នុងនោះនៅទីក្រុងធានអាន និងទីក្រុងវូហាននៃខេត្តនេះ មានអាត្រាអ្នកស្លាប់ខ្ពស់បំផុត គឺរហូតដល់ ៥.០៨ភាគរយ និង៤.០៦ភាគរយ៕