លោក ហ៊ុន សែន អំពាវ​នាវ​ទៅ​ពលរដ្ឋ​កុំឱ្យ​​«តក់ស្លុត»​ ចំពោះ​ការ​ផ្ដាច់​ EBA

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំឡុងពិធីបើកការដ្ឋាសាងសង់ផ្លូវជាតិលេខ ២ នៅព្រឹកថ្ងៃទី១១ ខែកម្ភៈ ឆ្នាំ២០២០ (រូបភាពពី ហ្វេសប៊ុក លោក ហ៊ុន សែន)

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អំពាវ​នាវ​ទៅ​ពលរដ្ឋ​កុំ​ឱ្យ​«តក់​ស្លុត»​ទៅ​នឹង​ការ​កាត់​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ដែល​ផ្ដល់​ឱ្យ​ដោយ​សហភាព​អឺរ៉ុប​នោះ​ឡើយ។

មេដឹកនាំក​ម្ពុជា​រូប​នេះ បាន​ថ្លែង​ដូច្នេះ​អំឡុង​ពិធី​បើក​ការដ្ឋា​នសាង​សង់​ផ្លូវ​ជាតិ​លេខ ២​ឡើង​វិញ​នៅ​ថ្ងៃ​នេះ តែ​មួយ​ថ្ងៃ​មុន​សហភាព​អឺរ៉ុប​ធ្វើ​សេចក្ដី​សម្រេច ​ជុំ​វិញ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម«​អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ»EBA ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ស្អែក​នេះ។

លោក ហ៊ុន សែន ថ្លែងថា៖ «កម្ពុជាសុខចិត្តទទួលទណ្ឌកម្មនយោបាយ និងសេដ្ឋកិច្ចពីប្រទេសក្រៅ លើកនេះហេតុអ្វីបានជាមិនហ៊ានលេង មិនមែនជាសារនយោបាយផ្ចាញ់ផ្ចាលទេ ក៏ប៉ុន្តែ អំពាវនាវឱ្យពលរដ្ឋរបស់យើងកុំឱ្យមានការតក់ស្លុតឱ្យសោះ ប្រទេសរបស់យើង យើងជាម្ចាស់ប្រទេស យើងត្រូវមានលទ្ធភាពដោះស្រាយបញ្ហារបស់យើង»

នៅ​ព្រឹក​មិញ​ដែរ លោក ហ៊ុន សែន បាន​បញ្ជាក់​ថា រោងចក្រមួយចំនួននឹងបិទទ្វា​នៅខែក្រោយ ប៉ុន្តែ លោក​ថា ការបិទទ្វានោះ មិនជាប់ពាក់ព័ន្ធទៅនឹងចំណាត់ការរបស់សហភាពអឺរ៉ុបលើបញ្ហា EBA ទេ គឺដោយសាររោងចក្រខ្វះវត្ថុធាតុដើម​នាំចូលពីប្រទេសចិន ដែលចិនពេលនេះ កំពុងបិទការផលិត ទប់ស្កាត់ការឆ្លងមេរោគរលាកផ្លូវដង្ហើមថ្មី ហៅថា កូរ៉ូណាវីរុស

លោក ហ៊ុន សែន ថ្លែង​បន្ត​ថា៖ «រឿង EBA បើទោះបីគេដកទាំងស្រុង ឬផ្នែកខ្លះ ក៏គង់ទៅដល់ខែ៨ ឯណោះ បានវាចាប់ផ្តើម។ អ៊ីចឹង វាអត់មានទេ ហើយកុំឆ្កួតៗ និយាយរួម គឺពួកអាពុលក្តួចភ័យខ្លាច ឮតែ EBA ភ័យ តែអត់ដឹងថា អា EBA ជាស្អី»។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​ដែរ សមាគមរោងចក្រកាន់ដេរកម្ពុជា ហៅ GMAC បាន​បង្ហាញ​ជំហរ​ដូច​គ្នា​ទៅ​នឹង​អ្វី​ដែល​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​នេះ​ផង​ដែរ​ ជុំ​វិញ​ដំណើរ​វិវត្ត​ថ្មីៗ​នៃ​វិស័យ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា។

GMAC បាន​អះ​អាង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ថា រោងចក្រមួយចំនួនអាចនឹងបិទទ្វារយៈពេល១ ឬ ២​ខែ ដែលខ្លះចាប់ពីចុងខែកុម្ភៈនេះទៅ ​ដោយសារកង្វះខាតវត្ថុធាតុដើម ដែល GMAC ថា ៦០ភាគរយ ត្រូវបាននាំចូលពីប្រទេសចិន។

អគ្គលេខាធិការ GMAC លោក កេន លូ បាន​ប្រាប់​ថា លោក​មិន​ទាន់​អាច​បញ្ជាក់​បាន​អំពី​ចំនួន​រោងចក្រ​ដែល​កំពុង​ប្រឈម​មុខ​នឹង​ការ​ផ្អាក​ដំណើរការ​ផលិត​កម្ម​របស់​ពួកគេ​នោះ​ទេ ព្រម​ទាំង​រយៈ​ពេល​នៃ​ការផ្អាក​ដំណើរការ​ផលិត​កម្ម​នោះ​ឡើយ។

នៅថ្ងៃទី១២ ខែកុម្ភៈ ស្អែកនេះ សហភាពអឺរ៉ុបនឹងប្រកាសចុងក្រោយថា តើត្រូវព្យួរ ឬមិនព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា បន្ទាប់​ពី​អឺរ៉ុប​បាន​ទាមទារ​ឱ្យ​កម្ពុជា​ស្ដារ​​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ។

នៅ​ពេល​ត្រូវ​បាន​សាក​សួរ​ថា តើ​ស្ថានភាព​បច្ចុប្បន្ន​នៃ​រោងចក្រ​កាត់​ដេរ​កម្ពុជា មួយ​ផ្នែក​បណ្ដាល​មក​ពី​ភាព​មិន​ច្បាស់​លាស់​នៃ EBA ឬ​យ៉ាង​ណា​នោះ លោក កេន លូ បាន​ច្រាន​ចោល​នូវ​ការ​លើក​ឡើង​នេះ។

លោក កេន លូ ប្រាប់​ថា៖ «បញ្ហាចំពោះមុខនៅខែ៣ អាចមានរោងចក្រមួយចំនួនត្រូវព្យួរការងារ​ មកពីអត់មានវត្ថុធាតុដើម។ អ៊ីចឹង យើងចង់ឆ្លើយថា បញ្ហាអត់មានវត្ថុធាតុដើម មិនមែនជាបញ្ហា EBA ទេ គឺថា ទាំងស្រុងមកពីកូរ៉ូណាវីរុស»

ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​​របស់​សហភាព​អឺរ៉ុប បាន​ផ្ដល់​សិទ្ធិ​ឱ្យ​កម្ពុជា​នាំ​ចូល​ទំនិញ​គ្រប់​យ៉ាង​ចូល​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប​ដោយ​រួចផុត​​ពី​កាតព្វកិច្ច​បង់​ពន្ធ។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ជប៉ុន Nikkei Asia Review កម្ពុជា​នាំ​ចេញ​ផលិត​ផល​កាត់​ដេរ​សម្លៀក​​បំពាក់​មាន​តម្លៃ​ដល់​ទៅ ៤.៦​ពាន់​លាន​ដុល្លារ​ ទៅ​កាន់​ពី​​ទីផ្សារ​សហភាព​អឺរ៉ុប​នៅ​ក្នុង​រយៈ​ពេល១១​ខែ​ឆ្នាំ​មុន។

ប្រសិន​បើ​កម្ពុជា​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ EBA រាល់​ទំនិញ​នាំ​ចេញ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប នឹង​ត្រូវ​ជាប់​កាតព្វកិច្ច​បង់​ពន្ធ​គយ​ក្នុង​អត្រា​ចន្លោះ​ពី៨ភាគរយ ទៅ១៧​ភាគរយ។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល បាន​លើក​ឡើង​ថា ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម EBA ដែល​សហភាព​អឺរ៉ុប​ផ្ដល់​មក​កម្ពុជា នឹង​ត្រូវ​ដក​ហូត ឬ​ក៏​ដក​ផ្នែក​មួយ​ចំនួន​ចេញ ដោយ​លោក​ថា កម្ពុជា​មិន​ទាន់​បាន​ឆ្លើយ​តប​ទាំង​ស្រុង​ទៅ​តាម​ការ​ទាមទារ​​របស់​តំបន់​អឺរ៉ុប​នោះ​ឡើយ។

លោក ព្រាប កុល ប្រាប់​ថា​៖ «ខ្ញុំធ្លាប់បាននិយាយតាំងពីដើម ឥឡូវនៅតែនិយាយ ហើយខ្ញុំនឹងនិយាយតទៅទៀតថា បើស្ថានការនយោបាយនៅកម្ពុជានៅតែបែបនេះ អ្នកដែលខាត អ្នកដែលចេញលុយខាតច្រើនជាងគេ គឺពលរដ្ឋកម្ពុជា ពលរដ្ឋដែលទុនខ្សោយ អ្នកក្រីក្រ កម្មករ និងអាជីវករ ហើយអ្នកដែលចង់ឈ្នះចង់ចាញ់គឺអ្នកនយោបាយ ហើយអ្នកនយោបាយហ្នឹងគាត់មិនសូវប៉ះពាល់អីច្រើនទេ ប៉ុន្តែ ការដែលគាត់ចង់ចាញ់ចង់ឈ្នះគ្នាច្រើនពេក អ្នកដែលខាត គឺពលរដ្ឋកម្ពុជាហ្នឹងឯង»

នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង បាន​បង្ហាញ​ក្ដី​បារម្ភ​ចំពោះ​ផល​ប៉ះ​ពាល់​ទៅ​លើ​ពលរដ្ឋ​ដែល​ពឹង​ផ្អែក​លើ​វិស័យ​កាត់ដេរ ហើយ​លោក​ថា ផល​ប៉ះ​ពាល់​នេះ​ក៏​នឹង​ជះ​ឥទ្ធិពល​ទៅ​លើ​វិស័យ​ហិរញ្ញវត្ថុ​ផង​ដែរ។

លោកថា៖ «បើសិនកម្មករអត់លុយបង់ឱ្យទៅមីក្រូហិរញ្ញវត្ថុ មីក្រូហិរញ្ញវត្ថុហ្នឹងអាចដំណើរការបានទេ វាអត់ដំណើរការបានទេ អីចឹងប៉ះតគ្នា អីចឹងនេះជាការព្រួយបារម្ភមួយ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ