ក្រសួងដែនដី​បដិសេធដោះស្រាយឱ្យពលរដ្ឋមួយក្រុមនៅកោះកុង​​មានជម្លោះដីធ្លីជាមួយក្រុមហ៊ុន UDG

ពលរដ្ឋមកពីស្រុកបទុមសាគរ ខេត្តកោះកុង ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន ញូញៀន (UDG) មកតវ៉ានៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីតវ៉ាសុំដំណោះស្រាយ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។ (ហ៊ី ឆាយ)

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បដិសេធដោះស្រាយសំណងជូនពលរដ្ឋមួយក្រុមដែលអះអាងថា កំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន ​ញូ​ញៀន​ ឌីវើ​លុប​មែន​គ្រុប​ (Union​ Development​ Group​) ក្នុងស្រុកបទុមសាគរ ខេត្តកោះកុង។

កាលពីថ្ងៃម្សិលមិញនេះ តំណាងពលរដ្ឋប្រមាណ៦០នាក់ មកពីស្រុកបទុមសាគរ ខេត្តកោះកុង បានឡើងមកតវ៉ានៅក្រសួងរៀបចំដែនដី ដើម្បីទាមទារទៅក្រសួងជួយដោះស្រាយវិវាទដីធ្លី ដែលពលរដ្ឋទាំងនោះអះអាងថា ត្រូវក្រុមហ៊ុនចិន UDG រំលោភយកអស់រយៈពេលជាង១០ឆ្នាំ។

ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១១ ខែកុម្ភៈ ក្រសួងរៀបចំដែនដី ឱ្យដឹងថា ពលរដ្ឋ៧៧គ្រួសាររស់នៅភូមិបាក់រនាស់ ភូមិតានូន ភូមិទួលពោធិ៍ ភូមិព្រែកខ្យង ស្ថិតក្នុងឃុំតានូននោះ គឺក្រសួងពុំដោះស្រាយជូនឡើយដោយថា ពលរដ្ឋទាំងនោះទទួលបានការដោះស្រាយពីគណៈកម្មការអន្តរក្រសួងរួចហើយ។

ក្នុងសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា គណៈកម្មការអន្តរក្រសួងបានដោះស្រាយ ដោយ១គ្រួសារទទួលបានដីលំនៅដ្ឋានទំហំ៥០ម៉ែត្រ គុណ១០០ម៉ែត្រ ផ្ទះឈើមួយខ្នង និងថវិកាពី៣៥០ដុល្លារ ទៅ១ម៉ឺនដុល្លារ រួមទាំងដីចំការទំហំចាប់ពី១ហិកតា ទៅ៦ហិកតា ទៅតាមទំហំដីតូច ឬធំដែលពួកគេធ្លាប់កាន់កាប់។

អ្នកស្រី គុណ សៅរ៍ ដែលអះអាងថា ជាតំណាងពលរដ្ឋនៅភូមិតានួនដែលក្រសួងបដិសេធដោះស្រាយ បានប្រាប់វីអូឌីថា គ្រួសារអ្នកស្រី និងអ្នកភូមិមួយចំនួនពិតជាទទួលបានការដោះស្រាយសំណងពីគណៈកម្មការអន្តរក្រសួងពិតមែន ប៉ុន្តែ ក៏មានអ្នកភូមិមួយចំនួនមិនទទួលសំណងដែរ ដោយសារពួកគេចំណាកស្រុកទៅប្រទេសថៃ។

តំណាងពលរដ្ឋរូបនេះបន្តថា អ្នកស្រីក៏ដូចជាអ្នកដែលឡើងមកតវ៉ាថ្មីៗនេះ គឺដើម្បីទាមទារដីស្រែបន្ថែមដែលនៅសេស​សល់​ប៉ុណ្ណោះ ដោយថា ការដោះស្រាយកន្លងមកនោះ គឺអ្នកស្រីទទួលបានដីចម្ការ២ហិកតា ថវិកា១៧០០ដុល្លារ និងដីលំនៅឋាន៥០ម៉ែត្រ គុណនឹង១០០ម៉ែត្រប៉ុណ្ណោះ។

អ្នកស្រីបន្ថែមថា៖ «ពួកខ្ញុំទាមទារទាល់តែបាន។ បើអត់ឱ្យពួកខ្ញុំ ក៏ពួកខ្ញុំមិនព្រមដែរ។ ពួកខ្ញុំនៅតែតវ៉ាអីចឹង ពីព្រោះខ្ញុំអត់មានដីបង្កបង្កើនផល អត់មានដីធ្វើស្រែចំការ​ផង»

លោក ម៉ូវ ស៊ីដែន ដែលអះអាងថា ជាតំណាងពលរដ្ឋដែរនោះ និយាយថា ក្រោយក្រសួងចេញសេចក្តីប្រកាសព័ត៌មានបដិសេធដោះស្រាយសំណងជូនពួកគាត់រួចមក។ នៅថ្ងៃនេះ អ្នកភូមិបានត្រឡប់មកជួបជាមួយតំណាងក្រសួងម្តងទៀត ដើម្បីប្រាប់ពីមូលហេតុដែលពួកគាត់ទាមទារបន្ថែម។

តំណាងពលរដ្ឋរូបនេះបន្តថា ក្រោយជួបជាមួយតំណាងគឺក្រសួងឱ្យតំណាងពលរដ្ឋរៀបចំបញ្ជីឈ្មោះពលរដ្ឋដែលតវ៉ានៅតាមភូមិនីមួយៗដាច់ដោយឡែកពីគ្នា ដើម្បីក្រសួងពិនិត្យ និងកុំឱ្យមានការភ័ន្តច្រឡំ។

លោកបន្ថែមថា៖ «អីចឹង ខាងក្រសួងគាត់យល់ព្រម។ យល់ព្រមឱ្យយើងដាក់ញត្តិសារថ្មី បែងចែកឱ្យបានច្បាស់លាស់ ចំពោះពលរដ្ឋក្រៅឃុំ ក្នុងឃុំ កុំឱ្យដាក់សរុបចូលគ្នា ព្រោះរឿងនេះមានពលរដ្ឋរងផលប៉ះពាល់នៅក្រៅឃុំ បានមកចូលជាមួយ»

តំណាងពលរដ្ឋរូបនេះឱ្យដឹងថា ក្រុមរបស់លោកដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន ញូញៀន នៅឃុំតានូន មិនមែនមានតែ៧៧គ្រួសារនោះទេ គឺមាន១២៨គ្រួសារ។

វីអូឌីបានព្យាយាមសុំការបញ្ជក់ពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត ដែរ ប៉ុន្តែ ទូរសព្ទចូលច្រើនដងគ្មានអ្នកទទួល។

ជុំវិញជម្លោះដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនចិន ញូញៀន នេះ មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីកាដូប្រចាំខេត្តកោះកុង លោក ប៉ែន វុទ្ធា ស្នើទៅមន្ត្រីក្រសួងចុះស្រាវជ្រាវឱ្យបានច្បាស់លាស់ និងត្រូវមានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយផលប៉ះពាល់ជូនពលរដ្ឋ។

លោក ប៉ែន វុទ្ធា បន្តថា បញ្ហាវិវាទនេះ កើតឡើងដោយសារតែរដ្ឋាភិបាលជាអ្នកផ្តល់ដីសម្បទានទៅឱ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍ ដែលរដ្ឋាភិបាលត្រូវតែទទួលខុសត្រូវក្នុងការដោះស្រាយសំណងជូនពលរដ្ឋ។

លោកបន្ថែមថា៖ «គម្រោងអភិវឌ្ឍន៍នេះកើតឡើងដោយសារតែរដ្ឋាភិបាលជាអ្នកផ្តល់ដីទៅឱ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍ។ អីចឹង រដ្ឋាភិបាលត្រូវទទួលខុសត្រូវក្នុងការដោះស្រាយឱ្យឆាប់ចប់»

របាយ​កា​រ​ណ៍​ និង​ការវិភាគ​ផ្លូវច្បាប់​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ (CLEC​) ឆ្នាំ២០១២​ បាន​រក​ឃើញថា​ គម្រោង​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន​ ញូ​ញៀន​ (UDG​) បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ ១១៤៣គ្រួសារ ​ត្រូវ​បង្ខំ​ឱ្យ​បោះបង់ចោល​ដីធ្លី​ប្រមាណ​ជាង១ម៉ឺនហិ​កតា​ និង​ផ្ទះ១៥០០ខ្នង ​ត្រូវ​បង្ខំ​ឱ្យ​រុះរើ​ និង​ឈូស​ឆាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ