រដ្ឋាភិបាលណែនាំមន្ត្រីថា ការលើកកម្ពស់សិទ្ធិមនុស្សជាកាតព្វកិច្ច

ពិធី​ប្រារព្ធ​ខួបទី៧១ នៃទិវា​សិទ្ធិមនុស្ស​អន្តរជាតិ១០ធ្នូ​ ​​ក្នុង​រាជធានី​ភ្នំ​ពេ​ញ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។ (ជន ចាន់រ៉ែន)

រដ្ឋាភិបាលបានក្រើនរំឭកមន្ត្រីឱ្យពង្រឹងប្រសិទ្ធភាពលើកកម្ពស់សិទ្ធិមនុស្ស ដើម្បីធានាថា សិទ្ធិមនុស្សជាកាតព្វ​កិ​ច្ចរបស់កម្ពុជា ដូចដែលបានចុះសន្ធិសញ្ញា និងអនុសញ្ញាជាមួយអង្គការសហប្រជាជាតិ។

ការណែនាំរបស់រដ្ឋាភិបាលកម្ពុជានេះ ធ្វើឡើងចំពេលដែលសហភាពអឺរ៉ុបសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA​ ពីកម្ពុជា។ គណៈកម្មាធិការអឺរ៉ុប កាលពីថ្ងៃពុធម្សិលមិញ បានសម្រេចព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA របស់ខ្លួនពីកម្ពុជា។

ការសម្រេចនេះ បើគ្មានអ្វីប្រែប្រួលទេ ៦ខែទៀត អឺរ៉ុបនឹងយកពន្ធ ២០ភាគរយលើទំនិញដែលកម្ពុជានាំចូលទៅលក់នៅទីផ្សារអឺរ៉ុប ដូចជាសម្លៀកបំពាក់ ស្បែកជើង កាបូបផលិតពីស្បែក និងស្ករសជាដើម ។

វិធានការនេះ សហភាពអឺរ៉ុបអះអាងថា លើសេចក្ដីសម្រេចចុះថ្ងៃទី១២ ខែកុម្ភៈ ថា មូលហេតុដែលនាំឱ្យខ្លួនឈានដល់ការដកហូតប្រព័ន្ធអនុគ្រោះនេះ មកពីរកឃើញថា កម្ពុជាមានការរំលោភជាប្រព័ន្ធលើសិទ្ធិមនុស្ស សិទ្ធិស៊ីវិល សិទ្ធិការងារ និងសិទ្ធិនយោបាយ ហើយថា ខ្លួនបានព្យាយាមជំរុញទៅរដ្ឋាភិបាលកម្ពុជាឱ្យកែលម្អបញ្ហាទាំងនេះ។

នៅថ្ងៃដែលសហភាពអឺរ៉ុបសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះដែរ រដ្ឋាភិបាលកម្ពុជាបានចេញ«សារាចរស្តីពីការអនុវត្តយន្តការរបា​យ​កា​រ​ណ៍​សិទ្ធិមនុស្សនៅកម្ពុជា សម្រាប់អង្គការសហប្រជាជាតិ»។

សេចក្តីណែនាំលើកឡើងថា ក្នុងនាមរដ្ឋាភិបាលជាសមាជិកនៃអង្គការសហប្រជាជាតិ កម្ពុជាបានចូលជាសមាជិកនៃសន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិនុស្សចំនួន៨ ក្នុងចំណោមសន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិទាំងអស់ចំនួន៩ ដែលធ្វើឱ្យកម្ពុជាជាប្រទេសឈានមុខគេក្នុងតំបន់ ក្នុងការទទួលយកលិខិតុបករណ៍សិទ្ធិមនុស្សអន្តជាតិ យកមកអនុវត្ត។

លិខិតដដែលបន្តថា រដ្ឋាភិបាល មានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាជាសេនាធិការបានបង្ហាញឆន្ទៈខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិម​នុស្សនៅកម្ពុជា។

រដ្ឋាភិបាលក្រើនរំឭកថា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តយន្តការរបាយការណ៍សិទ្ធិមនុស្សនៅកម្ពុជាសម្រាប់អង្គការសហប្រជាជាតិដែលជាកាតព្វកិច្ចរបស់កម្ពុជា គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត និងអង្គភាពជំនាញគ្រប់ជាន់ថ្នាក់ ត្រូវសហការឱ្យបានជិតស្និទ្ធប្រកបដោយការទទួលខុសត្រូវខ្ពស់ជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

ដើម្បីធានាពីប្រសិទ្ធភាពនេះ រដ្ឋាភិបាលបានដាក់ចេញនូវយន្តការ៥ចំនុច ដូចជា សហការឱ្យបានជិតស្និទ្ធ ជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅតាមពន្ធនាគារ កន្លែងឃាត់ខ្លួននិងឃុំខ្លួន ត្រូវបញ្ជូនតំណាងមកពីក្រសួង ស្ថានប័ន ឱ្យទៅចូលរួមការពាររបាយការណ៍របស់ខ្លួននៅអង្គការសហប្រជាជាតិ និងត្រូវមានកញ្ចប់ថវិកាពិសេសដើម្បីសម្រួលកិច្ចការនេះជាដើម។

រដ្ឋាភិបាលបញ្ជាក់ថា៖ «គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត និងអង្គភាពជំនាញគ្រប់ជាន់ថ្នាក់ ត្រូវធ្វើការសហ​ការឱ្យបានពេញលេញ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងដំណើរការរៀបចំរបាយការណ៍សិទ្ធិមនុស្សនៅកម្ពុជា សម្រាប់អង្គការសហប្រជាជាតិមានជាអាទិ៍ការផ្តល់ព័ត៌មាន និងទិន្នន័យការចូលរួមប្រជុំ និងការផ្តល់របាយការណ៍ឆ្លើយតបឱ្យបានទៀងទាត់តាមការកំណត់»។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន ប្រាប់ VOD តាមបណ្តាញសង្គម Whatsapp ថាសារាចរណែនាំរបស់រដ្ឋាភិបាលជាការផ្តល់តម្លៃខ្ពស់ និងយកចិត្តទុកដាក់ដល់ការងារសិទ្ធិមនុស្សនៅកម្ពុជា។

លោកថា៖ «នេះជារបត់ថ្មីនៃការងារ និងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលកើតចេញពីស្នាដៃ និងកិច្ចខិតខំ​​ប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា»។

នាយករងនៅអង្គការលីកាដូទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្ស លោក អំ សំអាត មានប្រសាសន៍ ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលជារឿងល្អមួយ។ ប៉ុន្តែ លោកថា បើការអនុវត្តជាក់ស្តែងដោយខ្វះឆន្ទៈពិត​ វានឹងជំរុញកម្ពុជាឱ្យផុងខ្លួនកាន់តែខ្លាំងទៅនឹងវិធានការអន្តរជាតិ ដោយថា ពេលនេះ រដ្ឋាភិបាលមិនទាន់ធ្វើឱ្យប្រសើរឡើងវិញនៅឡើយ ទាំងសិទ្ធិការងារ សិទ្ធិមនុស្ស និងសិទ្ធិនយោបាយ ។

លោកថា៖ «អ្វីដែលសំខាន់ វាមិនមែនជារឿងឆ្លើយឆ្លងតាមរបាយការណ៍ទៅតាមការដាក់យន្តការទេ អ្វីដែលគេមើល [អន្តរជាតិ] អ្វីដែលគេមើល គឺការអនុវត្តជាក់​ស្តែង»។

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា បង្ហាញការយល់ឃើញថា រយៈពេល៦ខែទៀតនេះ បើស្ថានភាពសិទ្ធិមនុស្ស និងសិទ្ធិធ្វើនយោបាយរបស់អតីតគណបក្សប្រឆាំង ត្រូវបានស្តារឡើងវិញ ដូចដែលសហភាពអឺរ៉ុបទាមទារ លោកថា កម្ពុជាអាចនឹងរំដោះខ្លួនចេញពីទណ្ឌកម្មនេះបាន ប៉ុន្តែថា បើស្ថានភាពនយោបាយនៅតែប្រាសចាកពីលក្ខខណ្ឌអឺរ៉ុប វិធានការអន្តរជាតិអាចនឹងធ្ងន់ជាងនេះ។

លោកថា៖ «ទិសដៅសំខាន់គឺលំហសេរីភាពនៃការបញ្ចេញមតិ មានសិទ្ធិនយោបាយរបស់គណបក្សប្រឆាំងអាចមានប្រក្រតីឡើងវិញ ដូចមុនបោះឆ្នោតឃុំ​-សង្កាត់ ឆ្នាំ២០១៧។ សេរីភាពអង្គការសង្គមស៊ីវិល សេរីភាពសារព័ត៌មាន ច្បាប់មួយចំនួនពាក់ព័ន្ធទៅនឹងសហជីព សិទ្ធិពលរដ្ឋនៅលើដីធ្លី អាហ្នឹងគឺជាអ្វីដែលសហភាពអឺរ៉ុបគេស្នើឡើង»។

ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​​របស់​សហភាព​អឺរ៉ុប បាន​ផ្ដល់​សិទ្ធិ​ឱ្យ​កម្ពុជា​នាំ​ចូល​ទំនិញ​គ្រប់​យ៉ាង​ចូល​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប​ដោយ​រួចផុត​​ពី​កាតព្វកិច្ច​បង់​ពន្ធ។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ជប៉ុន Nikkei Asia Review កម្ពុជា​នាំ​ចេញ​ផលិត​ផល​កាត់​ដេរ​សម្លៀក​​បំពាក់​មាន​តម្លៃ​ដល់​ទៅ៤,៦​ពាន់​លាន​ដុល្លារ​ ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប​ នៅ​ក្នុង​រយៈ​ពេល១១​ខែ​ឆ្នាំ​មុន។

យ៉ាងនេះក្តី នៅថ្ងៃដែលសហភាពអឺរ៉ុបប្រកាសព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA នេះដែរ ក្រសួងមហាផ្ទៃបានចេញសេចក្តីថ្លែងការណ៍មួយច្រានចោលសេចក្តីថ្លៃងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិលចុះថ្ងៃទី១០ ខែកុម្ភៈ ដែលអះអាងថា រដ្ឋាភិបាលគ្មានឆន្ទៈក្នុងការស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ តបតាមលក្ខខណ្ឌរបស់សហភាពអឺរ៉ុបដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ។

បើតាមក្រសួងមហាផ្ទៃរដ្ឋាភិបាលនៅតែមាន​ឆន្ទៈយ៉ាងមោះមុតបន្តលើកកម្ពស់កិច្ចសហការក្នុងភាពជាដៃគូជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក៏ដូចជា​បន្តរៀបចំកិច្ចប្រជុំពិភាក្សាជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល រហូតទទួលបានលទ្ធផលជាវិជ្ជមាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ