ចៅក្រមថាមេធាវីលោក កឹម សុខា មានចរិត​ទំនើង ក្រោយពួកគេដើរចេញពីបន្ទប់សវនាការ​

មេធាវី​ការពារ​ក្ដី​ឱ្យ​លោ​ក កឹម​ សុខា​ គឺលោកស្រី​មេធាវី​ ម៉េ​ង សុភារី​ និងមេធាវី២រូបទៀត ផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាន ក្រោយបញ្ចប់សវនាការរឿងក្ដី លោក កឹម សុខា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ប្រធានក្រុមប្រឹក្សាសាលាដំបូងរាជធានីភ្នំពេញ បានហៅមេធាវីលោក កឹម សុខា ថាជាមេធាវីទំនើង និងព្រមានចាត់វិធានការតឹងរ៉ឹង បន្ទាប់ពីក្រុមមេធាវីចុងចោទដើរចេញពីសវនាការដោយសារមិនពេញចិត្តនឹងការរារាំងរបស់ប្រធានក្រុមប្រឹក្សាមិនឱ្យឆ្លើយតប។

ការព្រមានដោយលោកប្រធានក្រុមប្រឹក្សា កូយ សៅ បានធ្វើឡើង បន្ទាប់ពីមានការពិភាក្សាគ្នាយ៉ាងតឹងតែងរហូតដល់មេធាវីរបស់លោក កឹម សុខា សម្រេចចិត្តដើរចេញពីបន្ទប់សវនាការ។

លោកប្រធានក្រុមប្រឹក្សា កូយ សៅ បានមានប្រសាសន៍ថា៖ «ប្រសិនបើគាត់មិនចូល ហើយសប្តាហ៍ក្រោយមិនចូលទៀត ក្រុមប្រឹក្សានឹងមានវិធានការមិនបណ្តោយឱ្យមានសកម្មភាពមេធាវីទំនើងបែបនេះទេ»។

លោកបន្ថែមថា៖ «នៅពេលគេយកឯកសារមកផ្ទៀងផ្ទាត់ ឯងដើរចេញ ហ្នឹង​ហើយចរិតទំនើង»។

លោកស្រី ម៉េង សុភារី ជាមេធាវីរបស់លោក កឹម សុខា បានប្រាប់វីអូឌីតាមទូរសព្ទថា មូលហេតុដែលក្រុមមេធាវីដើរចេញ ដោយសារសហមេធាវីចុងចោទ មិនត្រូវបានអនុញ្ញាតឱ្យធ្វើការបំភ្លឺទាក់ទងទៅរឿងឯកសារដែលក្រុមមេធាវីរបស់លោកស្រីមិន​មាននៅ​ក្នុងដៃ។

លោកស្រីបានបន្ថែមថា ក្រុមមេធាវីរបស់លោកស្រីមិន​មានឯកសារ ទើបតែនៅពេលលោកតំណាងអយ្យការបានលើកយកឯកសារស្តីពីកិច្ចព្រមព្រៀងរវាងគណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី មកបង្ហាញ ដែលអត់មានចុះលេខច្បាស់លាស់ ហើយនៅពេលសួរដេញដោលរកលេខ ទើបចេញរឿងថា ក្រុមរបស់លោកស្រីអត់មានឯកសារដល់ទៅ១១៩២សន្លឹកឯណោះ។

លោកស្រី ម៉េង សុភារី មានប្រសាសន៍ថា៖ «ថាវាមិនមែនជាកាយវិការទំនើងទេ វាជាការប្រើសិទ្ធិរបស់យើងខ្ញុំនៅពេលយើងខ្ញុំសម្តែងមតិ​ហើយ យើងបាត់បង់សិទ្ធិសម្តែងមតិ ហើយយើងត្រូវហាមឃាត់។ ចឹងយើងអត់អាចនៅតទៅទៀតបានទេ»។

លោកស្រីមានប្រសាសន៍ថា៖ «វាគឺជាសិទ្ធិរបស់យើងខ្ញុំ ហើយវាមិនប៉ះពាល់អីទេ។ ធម្មតាវាជារឿងឧក្រិដ្ឋ បើគ្មានមេធាវី មិនដឹងថា សវនាការដំណើរការយ៉ាងម៉េចទេ។ លុះត្រាតែរកមេធាវីថ្មីមកដាក់ ហើយលុះត្រាតែមានការយល់ព្រមពីឯកឧត្តម កឹម សុខា ដែរ»។

នា​ព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រុមប្រឹក្សាគ្រោងបន្តកិច្ចពិភាក្សាដេញដោលលើអង្គហេតុពីឆ្នាំ២០១៣ រហូតដល់ពេលមានការចាប់ខ្លួនលោក កឹម សុខា ប៉ុន្តែ ត្រូវបានអាក់ខានដោយសារមេធាវីរបស់លោក កឹម សុខា បានជំទាស់។ ក្រុម​មេធាវីអតីតមេដឹកនាំបក្សប្រឆាំង ចង់ឱ្យតុលាការបង្ហាញភាពច្បាស់លាស់ជុំវិញសំណៅឯកសារស្តីពីសេចក្តីថ្លែងការណ៍រួមរវាងគណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី​ ដើម្បីបង្កើតគណបក្សសង្គ្រោះជាតិ។ ពួកគាត់ក៏ទាមទារឱ្យមានការផ្ទៀងផ្ទាត់ថា តើពិតជាមាននៅក្នុងសំណុំឯកសារដើមរបស់ចៅក្រមស៊ើបមែនឬយ៉ាងណា ដោយសារតែក្រុមមេធាវីលោក កឹម សុខា អះអាងថា គ្មានឯកសារនេះក្នុងដៃទេ ដែល​ទើបទទួលបានពីតុលាការពីម្សិលមិញ ហើយឯកសារនេះទៀតសោត ក៏មានភាពមិនក្រក្រតីមួយចំនួន រួមទាំងការចុះលេខជាដើម។

ទោះបីជាយ៉ាងណា ការទាមទារនេះត្រូវបានតំណាងអយ្យការ ផ្លង់ សុផល ក៏ដូចជាមេធាវីតំណាងរដ្ឋាភិបាលអះអាងថា ជាការលើកឡើងដដែលៗ ហើយថា ឯកសារដែលលោកមានក្នុងដៃរបស់ពួកគាត់គឺថតចម្លងចេញពីសំណុំរឿងដើមរបស់ចៅក្រៅក្រមស៊ើបសួរ។ លោកបន្តថា មេធាវីរបស់លោក កឹម សុខា តែងតែលើកឡើងដដែលៗដោយអះអាងថា ខ្វះនេះខ្វះនោះក្នុងចេតនាពន្យារពេលសវនាការតែប៉ុណ្ណោះ ហើយកង្វះឯកសារនេះគឺជាការទទួលខុសត្រូវផ្ទាល់ខ្លួន។

តំណាងអយ្យការ ផ្លង់ សុផល បន្ថែម​ថា លោកមិនទាន់បានដាក់ឯកសារថ្មីនៅឡើយទេ ហើយលោកគ្រោងដាក់ឯកសារភស្តុតាងច្រើនទៀត រួមទាំងវីដេអូមួយចំនួនផង។ លោកថា​ បើទោះបីជាទទួលបានសំណៅឯកសារតាំងពីល្ងាចម្សិលមិញក៏ដោយ ក៏ក្រុមមេធាវីរបស់លោក កឹម សុខា នៅតែចង់ឱ្យតុលាការបង្ហាញភាពច្បាស់លាស់ ដោយសារតែឯកសារដែលក្រុមសហមេធាវីលោកទទួលបានមានភាពខុសគ្នាបីចំណុច ដែលធ្វើឱ្យក្រុមលោកមានការសង្ស័យ។

មេធាវីលោក កឹម​ សុខា ម្នាក់ទៀត គឺលោក ផែង ហេង បានដាក់​ជាចម្ងល់ថា៖ «យើងនៅតែឆ្ងល់ថា ហេតុអ្វីក៏កូពីមិនអស់។ យើងឱ្យលោក អាង ឧត្តម កូពី ក៏នៅតែខ្វះ»។

ការបន្តដេញដោលរវាងតំណាងអយ្យការ​ និងមេធាវីទាំងសងខាង ព្រមទាំងអន្តរាគមន៍ពីលោកចៅក្រមប្រឹក្សាជាច្រើនលើកច្រើនសារផងនោះ បានឈានដល់ចំណុចតឹងតែងកាន់តែខ្លាំងឡើង ហើយលោកចៅក្រម កូយ សៅ នៅតែអះអាងដដែលៗថា លោកគ្មានចេតនាលាក់បាំងភស្តុតាងទាំងនេះទេ ហើយឯកសារទាំងនេះបានមកពីសំណៅសំណុំរឿងដើមទាំងអស់។

ទីបំផុតលោក ចៅក្រមសម្រេចឱ្យក្រឡាបញ្ជីទៅយកឯកសារដើមពីចៅក្រមស៊ើបសួរ​ ដើម្បីយកមកផ្ទៀងផ្ទាត់ ខណៈលោកបដិសេធមិនស្តាប់ការព្យាយាមពន្យល់របស់លោកស្រីមេធាវី ម៉េង សុភារី មួយលើកជាពីរលើក ដោយមានទាំងការគោះញញួរឈើផងនោះ។ ​ក្រុមមេធាវីលោក កឹម សុខា បានសម្រេចចិត្តដើរចេញពីសវនាការតែម្តង ដោយសារលោកចៅក្រមមិនព្រមស្តាប់ហេតុផលរបស់ខ្លួន។

ទោះបីជាយ៉ាងណា បើទោះបីជាមានភាពរអាក់រអួលទាំងបច្ចេកទេសផងនោះ តុលាការនៅបន្តនីតិវិធីដោយធ្វើការផ្ទៀងផ្ទាត់ឯកសារទៅនឹងសំណុំរឿងដើមរបស់ចៅក្រម ដោយគ្មានវត្តមានរបស់មេធាវីលោក កឹម សុខា។

មុនបញ្ចប់សវនាការ លោកប្រធានក្រុមប្រឹក្សា កូយ សៅ បានប្រាប់លោក កឹម សុខា ឱ្យពិចារណាថា តើលោកនឹងនៅបន្តពឹងពាក់មេធាវីដដែលឬយ៉ាងណា ហើយលោកក៏ព្រមានចាត់វិធានការតឹងរ៉ឹងផងដែរលើឥរិយាបថមិនសមរម្យណាមួយនៅសវនាការ​លើកក្រោយ។

នេះ​ជាសប្តាហ៍ទី៥ហើយដែលសាលាដំបូងរាជធានីភ្នំពេញ​ បើកសវនាការជំនុំជម្រះ​ក្តី​លើ​​លោក កឹម សុខា ក្នុង​សំណុំ​រឿង«ឃុបឃិតជាមួយរដ្ឋបរទេស»។ បើតាម​ប្រភពពីតុលាការ​សវនាការលើ​អតីតមេដឹកនាំគណបក្សប្រឆាំងមួយនេះ ត្រូវចំណាយពេល​រហូតដល់​ទៅ​៣ខែ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ