រោងចក្រផលិតកាបូបចុះបញ្ជីនាំចេញក្នុងគម្រោងអនុគ្រោះពន្ធ ឆ្នាំ​២០១៩ កើន​ឡើង១៧០%

កម្មករ-កម្មការិនី កំពុងបំពេញការងារនៅរោងចក្រផលិតកាបូប LIMELIGHT (CAMBODIA) CO.,LTD។ (LIMELIGHT (CAMBODIA) CO.,LTD)

រោងចក្រផលិតកាបូបចុះបញ្ជីដើម្បីនាំចេញក្នុងគម្រោងអនុគ្រោះពន្ធ ឆ្នាំ២០១៩ កើនឡើងរហូតដល់​១៧​០​% បើប្រៀបធៀបនឹងឆ្នាំ២០១៨។ នេះបើតាមរបាយការណ៍បូកសរុបការងារប្រចាំឆ្នាំ២០១៩ របស់ក្រសួង​ពាណិជ្ជ​កម្មកម្ពុជា។

របាយការណ៍បង្ហាញថា នៅឆ្នាំ២០១៩ មានរោងចក្រផលិតកាបូបចំនួន២៧​ បានចុះបញ្ជីសុំសិទ្ធិ​ផលិតកាបូបសម្រាប់នាំចេញ។ ចំនួននេះកើនឡើង១៧រោងចក្រ បើគិតជាភាគរយស្មើនឹង១៧​០%​​​​ បើធៀបនឹងឆ្នាំ២០១៨ មានរោង​ចក្រផលិតកាបូបចុះបញ្ជី​ មានចំនួន​ត្រឹម​១០​រោងចក្រ។

របាយការណ៍បន្តថា រោងចក្រ និងក្រុមហ៊ុនផលិតសម្ភារផ្សេងៗទៀតចំនួន១៣៨ ក៏បានចុះបញ្ជីក្នុងគម្រោងអនុគ្រោះពន្ធប្រចាំឆ្នាំ២០១៩ដែរ។ ចំនួននេះកើនឡើង២៤ក្រុមហ៊ុន បើគិតជាភាគរយគឺ​កើនឡើង២១% ដែលឆ្នាំ២០១៨ មានក្រុមហ៊ុនចុះបញ្ជីត្រឹម១១៤អង្គភាព។

របាយការណ៍បន្ថែមទៀតថា រោងចក្រកាត់ដេរចុះបញ្ជីកាលពីឆ្នាំ២០១៩ មាន ៥១រោង​ចក្រ​​ កើន​ឡើងចំនួន២០រោងចក្រ ឬ២៤% បើធៀបនឹងឆ្នាំ២០១៨ មានរោងចក្រកាត់ដេរចុះបញ្ជី​ ចំនួន​៤១​រោងចក្រ ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ មានប្រសាសន៍ថា ការអនុគ្រោះពន្ធ​ពីសហរដ្ឋ​​​អាមេរិក​ជាមូលហេតុចម្បងមួយ ដែលនាំឱ្យមានកំណើននៃការចុះបញ្ជីបើករោង​​​ចក្រ​ផលិត​កាបូប​​។

លោក ស៊ាង ថៃ មានប្រសាសន៍ថា៖ «ប៉ុន្មានឆ្នាំកន្លងទៅនេះ សហរដ្ឋអាមេរិកគាត់ឱ្យយើងនាំ​ផលិតផល​ដែលជា ​Travelling goods (ផលិតផលធ្វើដំណើរ) មានកាបូបអីៗហ្នឹង ដោយឥតយកពន្ធ នេះជាចំណុចមួយ​បន្ថែមដែលទាក់ទាញវិនិយោគមកប្រទេសយើង»។

បើតាមលោក ស៊ាង ថៃ រោងចក្រផលិតកាបូបសព្វថ្ងៃនេះ មានចំនួន៥១រោងចក្រ កំពុងដំណើរ​ផលិតកម្ម និងអាជីវកម្មរបស់ខ្លួន។ លោកមិនទាន់អាចព្យាករពីស្ថានភាពផលិតកម្ម​វិស័យកាបូបនេះ បន្ទាប់ពីការសម្រេចរបស់អឺរ៉ុបលើ EBA រួចមកនោះទេ។

គណៈកម្មការអឺរ៉ុបកាលពីថ្ងៃទី១២ ខែកុម្ភៈ ​បានសម្រេចយកពន្ធលើទំនិញកម្ពុជានាំ​ទៅ​សហ​ភាព​អឺរ៉ុប ចំនួន៤០មុខ​ ដែល​មានទំហំទឹកប្រាក់ជាង១ពាន់លានអឺរ៉ូ។ សេចក្តីសម្រេចនេះ នឹងប៉ះពាល់ដល់ផលិតផលស្បែក​ជើង ​និង​សម្លៀកបំពាក់​ខ្លះ ប៉ះពាល់ទាំងស្រុងលើផលិត​ផល​សម្រាប់​ធ្វើដំណើរ (កាបូប) និងស្ករ​ស។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា ដំណើរការរោងចក្រ​ផលិត​កាបូបសម្រាប់ផលិតនាំចេញទៅលក់នៅអាមេរិក នឹងនៅតែ​មានសក្តានុពលព្រោះ​តែ​មាន​អនុគ្រោះពន្ធ។

លោក អាត់ ធន់ លើកឡើងថា៖ «អ៊ីចឹង បានន័យ​ថា​ ទំហំទឹកប្រាក់នៃការនាំកាបូបចេញហ្នឹងកើនឡើងច្រើន ដោយសារការនាំចេញទៅអាមេរិក​ហ្នឹង អត់យកពន្ធដូចទៅអឺរ៉ុបដែរ ប៉ុន្តែ ក្រៅពីផលិតផល​ធ្វើដំណើរគឺយកពន្ធ។ ខ្ញុំយល់ថា ​វិស័យកាបូបនឹងខិតខំពង្រីកខ្លួនហើយ ដោយសារអាមេរិក​អត់​ទាន់ដាក់ទណ្ឌកម្មទេ»។

លោក អាត់ ធន់ បញ្ជាក់ថា ការនាំចេញផលិតផលធ្វើដំណើរទៅអាមេរិកកើនឡើងជាបន្តបន្ទាប់។ កាលពីឆ្នាំ២០១៧ កម្ពុជានាំកាបូបចេញទៅអាមេរិក ក្នុងរង្វង់ទឹកប្រាក់ ៣រយលានដុល្លារ នៅឆ្នាំ២០១៩ ការនាំចេញផលិតផលធ្វើដំណើរទៅអាមេរិកចំនួនប្រមាណជាង ១ពាន់លានដុល្លារ។

អ្នកស្រាវជ្រាវនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត​ គី សេរីវឌ្ឍន៍ មានប្រសាសន៍ថា​ រាជរដ្ឋា​ភិបាលកម្ពុជា គួរណាស់តែជំរុញអ្នករកស៊ីឱ្យបណ្ដាក់ទុនលើជំនួញណាដែលមានការ​អនុ​គ្រោះ​​​ពន្ធពីសំណាក់ដៃគូអភិវឌ្ឍន៍។ លោកបញ្ជាក់ថា វិស័យផលិតកាបូបល្អទាំងការអនុគ្រោះ​ពន្ធ និងមានប្រភពវត្ថុធាតុដើម។

លោក គី សេរីវឌ្ឍន៍ និយាយថា៖ «រោងចក្រកាត់ដេរអាចផ្អាក ព្រោះខ្វះវត្ថុធាតុដើមដែលនាំចូល​ពីប្រទេស​ចិន​ ស្របពេលចិនមានផ្ទុះជំងឺ។ ចំណែកកាបូបអត់បញ្ហានោះទេ ចាំបាច់ត្រូវគិតគូរពីរឿងនេះ»។

ទីផ្សារធំជាងគេបង្អស់របស់កម្ពុជាគឺសហភាពអឺរ៉ុប។ ​ក្នុង​ឆ្នាំ​២០១៨ កម្ពុជានាំទំនិញទៅអឺរ៉ុប​ មាន​ទំហំ​ទឹកប្រាក់ប្រមាណ ​៥,៨៨ពាន់​លាន​ដុល្លារ ​ក្នុងនោះធ្វើឡើងក្រោមប្រព័ន្ធអនុគ្រោះពន្ធ មានរហូតដល់​ជិត៩៦% ឬក្នុងទំហំ​ទឹកប្រាក់ ៥,៦៦ពាន់លានដុល្លារ។ ទំនិញ​ដែល​កម្ពុជានាំចេញ​ទៅទីផ្សារអឺរ៉ុប ​រួមមាន​ សម្លៀកបំពាក់ ​៧៤,២% ស្បែកជើង ១២,៦% កង់ ​៥,៧% និងអង្ករ ៣% ស្ករស និងផលិតផលផ្សេងៗទៀត។

ទីផ្សារធំទី២ របស់កម្ពុជាគឺ​សហរដ្ឋ​អាមេរិក។ របាយការណ៍របស់អង្គភាពជំរឿនពាណិជ្ជកម្ម​អាមេរិក បង្ហាញថា កម្ពុជានាំទំនិញទៅអាមេរិក មានទំហំទឹកប្រាក់ប្រមាណជាង ៣ពាន់ ៨រយ​លានដុល្លារ ក្នុងឆ្នាំ២០១៨។

បើតាមក្រសួងពាណិជ្ជកម្ម គិ​តត្រឹមខែឧសភា ឆ្នាំ២០១៩ កម្ពុជាមានរោងចក្រកាត់ដេរ វាយន​ភ័ណ្ឌស្បែកជើង កាបូប សរុបប្រមាណ​ជាង​ ១ពាន់ ៥រយរោងចក្រ ដែលមានកម្មករបម្រើ​ការងារប្រមាណជាង​ ៨០ម៉ឺន​នាក់ ដែលភាគច្រើនជាស្ត្រី។

អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយកាសែតខ្មែរថាមស៍ ​ថាវិស័យ​ការងារ​​រោងចក្រនៅកម្ពុជា នៅតែមាន​ស្ថិរភាពនៅឡើយក្នុងពេលបច្ចុប្បន្ននេះ។ លោកបញ្ជាក់ថា​ កាល​ពីឆ្នាំ២០១៩ នៅកម្ពុជាមានរោងចក្រចំនួន ១៤៦រោងចក្រត្រូវបាន​បិទ​ ដែលនាំឱ្យ​កម្មករ ​៥ម៉ឺនាក់​បាត់​បង់ការងារ។ ប៉ុន្តែ រោងចក្របើកថ្មីមានចំនួន ១៨៩ ដែលត្រូវការកម្មករជាង​៨ម៉ឺននាក់។

លោកថា៖ «សព្វថ្ងៃនេះ ក្រសួងការងាររវល់ជាមួយម្ចាស់រោងចក្រ​ ដើម្បីស្វែងរកកម្មករអោយ​ធ្វើ​ការ​ផង»។

លោក ហេង សួរ បញ្ជាក់ថា ខាងរោងចក្រនៅខេត្តមួយចំនួនខ្វះកម្មករ ដូចជា កំពង់ស្ពឺ ខ្វះ៨ពាន់ ខេត្តព្រះសីហនុ ​ខ្វះជាង១ម៉ឺន និង​ភ្នំពេញ ខ្វះ២ម៉ឺនាក់ឯណោះ។

របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបង្ហាញថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៩ កម្ពុជានាំចេញទំនិញទៅគ្រប់ទ្វីបក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី មានទំហំទឹកប្រាក់ប្រមាណជាង ១ម៉ឺន៨១៣លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះ កម្ពុជានាំចេញសម្លៀកបំពាក់ក្នុងទំហំទឹកប្រាក់ ៦ពាន់៤០៦លានដុល្លារ នាំចេញវាយនភ័ណ្ឌទឹកប្រាក់ចំនួនជាង ៤០លានដុល្លារ នាំចេញស្បែកជើងមានទឹកប្រាក់ជាង ៩០៥លានដុល្លារ នាំចេញអង្ករមានទឹកប្រាក់ ២៨៦លានដុល្លារ និងនាំចេញផលិតផលផ្សេងៗទៀតមានទឹកប្រាក់ប្រមាណជាង ៣ពាន់១៧៤លានដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ