ស្ថានីយប្រេងឥន្ធនៈ និងឧស្ម័ន៨២% ដំណើរការដោយមិនមានវិញ្ញាបនបត្រស្របច្បាប់

បុគ្គលិកស្ថានីយប្រេងឥន្ធនៈមួយកន្លែង ចាក់សាំងម៉ូតូដល់ភ្ញៀវ។ (បណ្ដាញសង្គម)

ក្រសួងរ៉ែ និងថាមពលបានឱ្យដឹងថា ស្ថានីយប្រេងឥន្ធនៈ និងឧស្ម័ននៅទូទាំងប្រទេសចំនួន៨២% មិនមានលិខិតបញ្ជាក់ពីបច្ចេកទេសសុវត្ថិភាព និងវិញ្ញាបនបត្រស្របច្បាប់។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល ចេញ​ផ្សាយ​នៅ​ល្ងាច​ថ្ងៃពុធ ទី​១២ ខែ​កុម្ភៈ គឺ​ភ្លាម​ៗក្រោយ​ពី​ក្រសួ​ងនេះ​បញ្ចប់​សន្និបាតបូក​សរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ បាន​បង្ហាញថា ស្ថានីយប្រេងឥន្ធនៈ និងឧស្ម័ននៅទូទាំងប្រទេសកម្ពុជា មានចំនួន៤០០០ស្ថានីយ ក្នុងចំណោមនោះមាន៧០០ស្ថាននីយ​ដែលស្មើនឹង១៨% បានទទួលលិខិតបញ្ជាក់ពីបច្ចេកទេសសុវត្ថិភាព និងវិញ្ញាបនបត្រអនុញ្ញាតឱ្យដំណើរការស្របច្បាប់។ តាមក្រសួង​រ៉ែ និង​ថាមពល ស្ថានីយប្រេងចំនួនចំនួន៣៣០០ ដែលស្មើនឹង៨២% មិនមានលិខិតបញ្ជាក់ពីបច្ចេកទេសសុវត្ថិភាព និងវិញ្ញាបនបត្រស្របច្បាប់នោះទេ។

វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក យស មុនីរ៉ាត់ និង​លោក ទុន លាន និងអគ្គនាយក នៃអគ្គនាយកដ្ឋានប្រេងកាត លោក ជៀប សួរ បានទេរហូតមកដល់រសៀលថ្ងៃនេះ។

នាយក​ប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល មានប្រសាសន៍ថា ក្រសួងរ៉ែបានបណ្តែតបណ្តោយឱ្យក្រុមហ៊ុនមួយចំនួនធ្វើអាជីវកម្មប្រកួតប្រជែងបែបអនាធិបតេយ្យ ដោយប្រកាន់បក្សពួកនិយម។ លោកជំរុញទៅស្ថាប័នរដ្ឋពង្រឹងការអនុវត្តច្បាប់ឱ្យមានតម្លាភាព ទើបទទួលបានផលវិជ្ជមាន។

លោកមានប្រសាសន៍ថា៖ «មកដល់ពេលនេះ គួរតែបោសសំអាត ហើយរៀបចំឱ្យគាត់មកបង់ពន្ធ គោរពច្បាប់ពាណិជ្ជកម្ម ហើយតម្រូវឱ្យគាត់អនុវត្តតាមស្តង់ដារបច្ចេកទេស ច្បាប់ជាតិដែលបានចែងមក»។

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន្ត មានប្រសាសន៍ថា ក្រុមការងារក្រសួងកំពុងធ្វើការស្រាវជ្រាវរកម្ចាស់ស្ថានីយទាំងនោះ ដើម្បីឱ្យពួកគេអនុវត្តតាមច្បាប់។

លោកមានប្រសាសន៍ថា៖ «ប្រាកដហើយ វាមិនទាន់បាន១០០% [បង់ពន្ធបាន១០០%] ទេ ខ្ញុំអាចឆ្លើយជាគោលនយោបាយអញ្ចឹង ហើយសួរថាប៉ុន្មាន ខ្ញុំឆ្លើយអត់ទាន់កើតទេ យើងកំពុងលើកទឹកចិត្តឱ្យគ្រប់អ្នករកស៊ីធន់តូច ធន់មធ្យមទាំងអស់ ឱ្យគាត់មានបញ្ជីស្នាម ជាទូទៅដូចខ្ញុំនិយាយអញ្ចឹង យើងខិតខំធ្វើ ដើម្បីឱ្យគ្រប់គ្នាបង់ពន្ធ ទាំងអស់គ្នាត្រូវមានកាតព្វកិច្ចកាន់បញ្ជីស្នាមបង់ពន្ធ»។

ច្បាប់ស្តីពី «ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត» បានចូលជាធរមាន និងប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃ១២ ខែកក្កដា ឆ្នាំ២០១៩ ដែលច្បាប់នេះមានចំនួន៩ជំពូក និង៧២មាត្រា។

មាត្រា៦៦នៃច្បាប់នេះចែងថា បុគ្គលណាធ្វើសកម្មភាពដោយគ្មានវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសសុវត្ថិភាព ពីក្រសួងរ៉ែ និងថាមពល ដូចមានចែងក្នុងមាត្រា៤២នៃច្បាប់នេះ មុននឹងចាប់ផ្តើមសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ត្រូវធ្វើការផាកពិន័យតាមទំហំរចនាសម្ព័ន្ធដែលមានតម្លៃក្រោម ៨០០.០០០.០០០ (ប្រាំបីរយលានរៀល) ត្រូវផាកពិន័យជាប្រាក់ដោយក្រសួងរ៉ែ ៤.០០០.០០០ (បួនលាន)រៀល។

ចំពោះរចនាសម្ព័ន្ធដែលមានតម្លៃចាប់ពី៨០០.០០០.០០០ (ប្រាំបីរយលានរៀល) ត្រូវផាកពិន័យជាប្រាក់ដោយក្រសួងរ៉ែ ចំនួន ១០.០០០.០០០ (ដប់លាន)រៀល និងត្រូវផ្អាកសកម្មភាពសាងសង់នានា។ ដោយឡែក បើនៅតែបន្តប្រព្រឹត្តដដែល ត្រូវផាកពិន័យជាប្រាក់ចំនួនទ្វេដងផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ