លោក ហ៊ុន​ សែន ប្រកាសអនុញ្ញាតឱ្យអ្នកដំណើរក្នុងកប៉ាល់ដើរលេងកម្សាន្ត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីជួបស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរនៅលើនាវាទេសចរណ៍ Westerdam នៅកំពង់ផែក្រុងព្រះសីហនុ ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។ (បញ្ញា ឆពណ្ណ)

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន ប្រកាសអនុញ្ញាតឱ្យភ្ញៀវទេសចរចាកចេញពីលើនាវា Westerdam ហើយអាចដើរលេងកម្សាន្តនៅខេត្តព្រះសីហនុ និងខេត្តសៀមរាបបាន ក្រោយពីក្រសួងសុខាភិបាលពិនិត្យសុខភាពអ្នកទាំងអស់នោះហើយរកមិនឃើញមានឆ្លងវីរុសកូរ៉ូណា។

ក្នុងពិធីជួបស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរនៅលើនាវាទេសចរណ៍ Westerdam នៅកំពង់ផែក្រុងព្រះសីហនុ នាថ្ងៃនេះ លោក ហ៊ុន​ សែន ថ្លែងថា ភ្ញៀវទេសចរដែលនៅលើនាវា Westerdam អាចដើរលេងកម្សាន្តនៅប្រទេសកម្ពុជាបានដោយសេរី។

លោកនាយករដ្ឋមន្ត្រីថ្លែងថា៖ «អ្នកនៅលើនាវាទាំងអស់ អាចចាកចេញធ្វើដំណើរកម្សាន្ត​ក្នុងខេត្តព្រះសីហនុ ​ហើយប្រសិនបើមានបំណងទៅទស្សនកិច្ចនៅខេត្តសៀមរាបទីនោះ ​យើងនឹងបង្កលក្ខណៈងាយស្រួល​ មានក្រុមហ៊ុនអាកាសចរណ៍កម្ពុជា​ ៤គ្រឿង​ដែលបានត្រៀមរៀបចំសម្រាប់ការដឹកជញ្ជូន។អ៊ីចឹងសូមឱ្យឯកឧត្ដម ស៊ុន ចាន់ផុល ឯកឧត្ដម គួច ចំរើន​ ជួយផ្ដល់ឱកាសអ្នកនៅលើនាវា ដើម្បីចុះទៅងូតទឹក និង​ទៅមើលកន្លែងកម្សាន្តនានា»។

លោក ហ៊ុន​ សែន ក៏បានអំពាវនាវទៅប្រជាពលរដ្ឋ អ្នកធ្វើការតាមសណ្ឋាគារ ភោជនីយដ្ឋាន នៅខេត្តព្រះសីហនុកុំឱ្យរើសអើង និងភ័យខ្លាច ឆ្លងវីរុសកូរ៉ូណា​ ដោយថា ប្រសិនបើអ្នកដំណើរទាំងនោះ មានកូរ៉ូណាមែន អ្នកដែលត្រូវឆ្លងមុនគេ គឺជារូបលោក។

ការអនុញ្ញាតឱ្យអ្នកដំណើរជាង ២០០០នាក់ចេញពីនាវានាថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលពិនិត្យសុខភាពអ្នកដំណើរនៅលើកប៉ាល់ទាំងអស់រួច។

ដោយឡែកមនុស្ស ២០នាក់ ដែលមានបញ្ហាសុខភាពលើនាវា ហើយត្រូវបានក្រសួងសុខាភិបាលយកសំណាកមកពិនិត្យនៅមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រ កាលពីម្សិលមិញ ក្រសួងបង្ហាញថា អ្នកទាំងនោះមិនមានឆ្លងវីរុសកូរ៉ូណាទេ។

​អ្នកនាំពាក្យខេត្តព្រះសីហនុ លោក ឃាង ភារម្យ​ មានប្រសាសន៍ថា អ្នកដំណើរ​តាមនាវាវ៉េសស្ទើដាម (Westerdam) ជាង ៤០០នាក់ នឹងចេញពីប្រទេសកម្ពុជានៅថ្ងៃនេះ។

លោកថា៖ «មនុស្សទាំង១១៩នាក់ចាកចេញតាម​ជើងហោះហើរ Lanmei Airline នៅម៉ោង៨:០០ នាទី។​ ក្រុមទី២ ដែលមាន​មនុស្ស១៤១ ចាក​ចេញ​ពី​​ព្រលាន​យន្តហោះ​​អន្តរជាតិ​ខេត្តព្រះសីហនុ​ មក​កាន់ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញនៅម៉ោង​១២ថ្ងៃត្រង់ ហើយក្រុមទី៣ ចេញម៉ោង ៣:៣០រសៀល មានមនុស្សចំនួន ១៤៧នាក់»។

កប៉ាល់ទេសចរណ៍អាមេរិក វ៉េសស្ទើដាម «Westerdam» បានចេញធ្វើដំណើរពីទីក្រុងហុងកុង កាលពីថ្ងៃទី០១ ខែកុម្ភៈ។ មន្រ្តី​កម្ពុជា​ឱ្យដឹងថា កប៉ាល់នេះ​មានផ្ទុកអ្នក​ដំណើរ​ប្រមាណ ​​១៤៥៥នាក់ និង​បុគ្គលិក​បម្រើការងារ​ក្នុង​នោះចំនួន​ ៨០២នាក់ មកពី ៤១ជាតិសាសន៍។ នាវា​វ៉េសស្ទើដាម (Westerdam) ត្រូវបាន​​កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ និងប្រទេសថៃ បដិសេធ​មិនឱ្យចូលចត ដោយពួកគេបារម្ភថា ​អ្នកនៅលើ​នាវានោះអាច​មាន​ផ្ទុកវីរុសកូរ៉ូណា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ