ពលរដ្ឋមាន​ជម្លោះដីធ្លី​នៅ​កោះកុងប្រមូលផ្តុំមុខតុលាការកំពូលគាំទ្រតំណាងចូលសវនាការ

អ្នកស្រី ផាវ ញើង តំណាងពលរដ្ឋជាង១០០នាក់ មកពីស្រុកស្រែអំបិល ខេត្តកោះកុង ផ្ដល់បទសម្ភាសន៍ករណីសំ​ណុំរឿង​វិវាទដីធ្លីជាមួយឧកញ៉ា ហេង ហ៊ុយ នៅមុខតុលាការកំពូល ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។ (ហ៊ី ឆាយ)

ប្រជាពលរដ្ឋជាង១០០នាក់មកពីស្រុកស្រែអំបិល ខេត្តកោះកុង ប្រមូលផ្តុំគ្នាមុខតុលាការកំពូល​នៅថ្ងៃនេះ ដើម្បីគាំទ្រតំណាងពួកគេ៥នាក់ចូលសវនាការពាក់ព័ន្ធសំ​ណុំរឿង​វិវាទដីធ្លីជាមួយឧកញ៉ា ហេង ហ៊ុយ ​កាលពីជាង១០ឆ្នាំមុន។

ក្នុងលិខិតមួយចុះថ្ងៃទី២២ ខែមករា ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល លោក យូរ ឧត្តរា បានបង្គាប់ឱ្យតំណាងពលរដ្ឋ៥នាក់ មានអ្នកស្រី​ ផាវ ញើង អ្នកស្រី សួង វិន អ្នកស្រី សួស អ៊ុំ និងអ្នកស្រី ឈុន រ៉ាន់ ចូលទៅតុលាការកំពូលនៅថ្ងៃទី១៤ ខែកុ​ម្ភៈនេះ ដើម្បីចូលរួមដំណើរការទាញហេតុផលដោយផ្ទាល់មាត់​ទាក់ទងនឹងវិវាទប្តឹងសុំមោឃភាពកិច្ចសន្យាប្រគល់ដីចំនួន៥ច្បាប់កាលឆ្នាំ២០១១។

អ្នកស្រី ដេត ហួរ ដែលអះអាងថា ជាតំណាងពលរដ្ឋ១៩៧គ្រួសារនៅស្រុកស្រែអំបិល ប្រាប់វីអូឌីនៅមុខតុលាការថា អ្នកភូមិនាំគ្នាមកគាំទ្រតំណាងពលរដ្ឋ៥នាក់ គឺចង់បង្ហាញថា តំណាងទាំងនោះត្រូវបានក្រុមហ៊ុន ហេង ហ៊ុ​យ រំលោភយកដីធ្លីទាំងអយុត្តិធម៌ដូចពួកគាត់ដែរ។

អ្នកស្រីបន្ថែមថា៖ «ឧកញ៉ា ហេង​ ហ៊ុយ បានរំលោភយកដីធ្លីពលរដ្ឋទាំង១៥គ្រួសារ និង១៩៧គ្រួសារ។ អីចឹង ពួកយើងមកនេះចង់ដឹងថា តុលាការកំពូលលោកកាត់ក្តីបានត្រឹមត្រូវ ឬអត់។ ពួកខ្ញុំឡើងមកគាំទ្រនេះក្នុងនាមរងបណ្តឹង ហេង ហ៊ុយ និងបាត់បង់ដីធ្លីដូចគ្នា»។

តំណាងពលរដ្ឋអ្នកស្រី ផាវ ញើង ប្រាប់វីអូឌីក្រោយចេញពីតុលាការថា កាលឆ្នាំ២០១០ ក្រុមហ៊ុន ហេង ហ៊ុយ បានដាក់គ្រឿងចក្រឈូសឆាយដីធ្លី និងផលដំណាំផ្សេងៗរបស់ពួកគាត់៥គ្រួសារអស់ជាច្រើនហិកតា ហើយបានបង្ខំឱ្យទទួលយកសំណងបន្តិចបន្តួចដែលពួកគាត់មិនពេញចិត្ត។ អ្នកស្រីបន្តថា នៅឆ្នាំ២០១២ ពួកគាត់ទាំង៥គ្រួសារបានដាក់បណ្តឹងទៅតុលាការកំពូល ដើម្បីសុំលុបកិច្ចសន្យានោះចោល។

តំណាងពលរដ្ឋរូបនេះបន្ថែមថា នៅចំពោះមុខប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូល គឺតំណាងពលរដ្ឋទាំង៥នាក់បានបញ្ជាក់ប្រាប់តុលាការថា​ កិច្ចសន្យានោះធ្វើឡើងដោយការបង្ខិតបង្ខំ ការគំរាមកំហែង និងភូតកុហកប្រជាពលរដ្ឋពីសំ​ណាក់លោកឧកញ៉ា ហេង ហ៊ុយ។

អ្នកស្រីបន្ថែមថា៖ «ពួកយើងសង្ឃឹមថា លោកចៅក្រមជំនុំជម្រះ នឹងលុបកិច្ចសន្យាឆ្នាំ២០១០នោះចោល ហើយជំរុញឱ្យក្រសួងរៀបចំដែនដីដោះស្រាយដីឱ្យពួកខ្ញុំ និងចេញប្លង់កម្មសិទ្ធដល់ពួកខ្ញុំនៅភូមិព្រែកជីក ឃុំជីខក្រោម បើដាក់ភូមិផ្សេងក៏ពួកខ្ញុំមិនទទួលយក​ដែរ ប្លង់ហ្នឹង»

អ្នកស្រី ផាវ ញើង អះអាងថា កាលពីក្រុមហ៊ុន ហេង ហ៊ុយ មិនទាន់ឈូសឆាយប៉ះពាល់លើដីអ្នកស្រី គឺគ្រួសារអ្នកស្រីបានកាន់កាប់លើក្បាលដីទទឹង៤០ម៉ែត្រ និងបណ្តោយ៣០០ម៉ែត្រ ប៉ុន្តែ ក្រោយក្រុមហ៊ុនឈូសឆាយ គឺលោក ហេង ហុយ ដោះស្រាយដោយបង្ខំឱ្យអ្នកស្រីធ្វើកិច្ចសន្យាទទួលក្បាលដីទទឹងត្រឹម៣០ម៉ែត្រ និងបណ្តោយ១៥០ម៉ែត្រប៉ុណ្ណោះ ដែលជាហេតុធ្វើឱ្យអ្នកស្រីមិនពេញចិត្ត និងបានប្តឹងទៅតុលាការឱ្យលុបចោលកិច្ចសន្យានោះ។

វីអូឌី មិនសុំការឆ្លើយតបពីមេធាវី និងលោក ហេង ហ៊ុយ ម្ចាស់ក្រុមហ៊ុន ហេង ហ៊ុយ អេគ្រីខាល់ឈ័រគ្រុប បានទេពាក់ព័ន្ធករណីនេះ។

បើតាមអ្នកស្រី ផាវ ញើង តុលាការកំពូលប្រាប់តំណាងពលរដ្ឋថា នឹងប្រកាសសាលដីកានៃសវនាការសុំណុំរឿងនេះនៅថ្ងៃទី២៨ ខែកុម្ភៈ។

មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីកាដូប្រចាំខេត្តកោះកុង លោក ប៉ែន វុទ្ធា មានប្រសាសន៍ថា ប្រសិនបើការធ្វើកិច្ចសន្យានោះមានការបង្ខិតបង្ខំ និងគំរាមកំហែងដូចពលរដ្ឋលើកឡើងមែន តុលាការកំពូលត្រូវពិចារណាលុបចោល ហើយជំរុញឱ្យមានដំណោះស្រាយជូនពលរដ្ឋឱ្យបានឆាប់។

មន្ត្រីឃ្លាំមើលការរំលោភសិទ្ធមនុស្ស​រូបនេះបន្តថា ករណីវិវាទដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន ហេង ហ៊ុយ កើតឡើងយូរឆ្នាំហើយ។ លោកថា ការពន្យារពេលមិនដោះស្រាយបញ្ចប់នេះ បានធ្វើឱ្យពលរដ្ឋខាតបង់ពេលវេលាក្នុងការដើរតវ៉ាជាយូរឆ្នាំ។

លោកបន្ថែមថា៖ «ការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋហាក់ដូចជាមានភាពយឺតយ៉ាវ ធ្វើឱ្យពួកគាត់មិនទទួលបានភាពយុត្តិធម៌ ធ្វើឱ្យពួកគាត់រង់ចាំដំណោះស្រាយអស់រយៈពេលជាច្រើនឆ្នាំ។ ហើយរឿងនេះប្រសិនជាមានការបង្ខិតបង្ខំឱ្យធ្វើលិខិតស្នាមពិតមែន តុលាការគួរតែធ្វើការពិចារណាលុបចោលវិញ។ ហើយរុញទៅឱ្យអាជ្ញាធរពាក់ព័ន្ធ​ពន្លឿនការដោះស្រាយជូនពលរដ្ឋ ព្រោះជាឯកសារបង្ខិតបង្ខំ មិនអាចយកជាការបានទេ»

បើតាមតំណាងពលរដ្ឋ បន្ទាប់ពីអ្នកភូមិធ្វើសកម្មភាពប្រមូលផ្តុំនៅមុខតុលាការកំពូលរួចមក គឺពួកគេទៅប្រមូលផ្តុំមុខក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ទៀត ដើម្បីជំរុញទៅស្ថាប័នទាំងពីរពន្លឿនដោះស្រាយដីធ្លី និងចេញប័ណ្ណកម្មសិទ្ធជូនពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ