វិភាគ៖ ការ​ព្យួរ​ប្រព័ន្ធ​​អនុគ្រោះ​​ពន្ធ EBA ២០​ភាគ​រយ ប៉ះពាល់​រដ្ឋាភិបាល​ទេ​?​

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងថ្ងៃជួបពិភាក្សាការងារជាមួយលោកស្រី អង់សាន ស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។ (ហួត វុទ្ធី)

ក្រសួងកា​របរទេសក​ម្ពុ​ជា កាលពីស​ប្តា​​ហ៍មុ​ន​ បាន​ចាត់​ទុ​ក​សេ​ចក្តីសម្រេ​ច​រ​បស់សហ​ភា​ពអឺ​រ៉ុបថា​ ​ជា​​រឿង​ដ៏​​អយុ​ត្តិធម៌​សម្រា​ប់​កម្ពុ​ជា ​បន្ទាប់​ពី​​ប្លុកលោ​កសេរីមួយនេះ បាន​សម្រេចព្យូរ​ប្រព័ន្ធអនុ​គ្រោះ​ពន្ធ EBA ២០​ភា​គរ​យ​។​

បើគ្មានអ្វី​ប្រែ​ប្រួលទេ៦​ខែទៀត​ ផលិតផ​លនាំចេញ​របស់ក​ម្ពុជាប្រមាណជាជាង​ ៤​​០មុ​ខ មាន​សម្លៀកបំពាក់កាត់ដេរ សម្ភារធ្វើ​ដំណើរ វាលី កាបូបស្ពាយ ស្បែកជើង និង​ស្ករ​សផងនោះ ​ត្រូវបង់ពន្ធឡើងវិញ​ក្នុង​ចំណែក ២០​ភាគរយ​នោះ។

បញ្ហា​នេះ​បង្កើត​ជា​សំណួរ​ថា តើ​ការ​ដែល​សហភាព​អឺរ៉ុប​ព្យួរ EBA ២០​ភាគ​រយ​នេះ​ប៉ះពាល់​រដ្ឋាភិបាល​ទេ​?

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា​ លោក ព្រាប កុល​ ហៅវិធា​នកា​រនេះ ប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលកម្ពុជាលើឆាកអន្តរជាតិ ព្រោះកម្ពុជាជាប្រទេសប្រជាធិបតេយ្យ តែបែរជាមានឈ្មោះក្នុងបញ្ជីទណ្ឌកម្មអន្តរជាតិ ទោះវិធានការនេះ សហភាពអឺរ៉ុបផ្តើមដកត្រឹម ២០ភាគក៏ដោយ។

លោក ព្រាប កុល ជាស្ថាបនិកក្រុមវប្បធម៌នយោបាយថ្មី
លោក ព្រាប កុល នាយកអង្គការតម្លាភាពកម្ពុជា និងជាស្ថាបនិកក្រុមវប្បធម៌នយោបាយថ្មី (រូបដោយ ហេង វិចិត្រ)

លោក ព្រាប កុល ប្រាប់ថា៖ «បើយើងមើលពីទំហំទឹកប្រាក់ ប៉ះពាល់តិចតួចទេទាក់ទងនឹងទឹកប្រាក់ តែបើយើងនិយាយពីកិត្តិយស រូបភា​ពនៃ​ប្រទេ​សកម្ពុ​ជាដែ​ល​មានក្នុ​ង​បញ្ជីទណ្ឌកម្មរបស់សហ​គម​ន៍អឺ​រ៉ុបហ្នឹងមិនល្អទេ»

​ប៉ុន្តែ អ្ន​កឃ្លាំ​មើល​រូបនេះ វិ​ភាគ​ថា ​កម្ពុជានៅតែអាចស្តារមុ​ខមាត់ឡើងវិញបាន ​បើរដ្ឋាភិបាលធ្វើឱ្យប្រសើរឡើងវិញនូវលំហប្រជាធិបតេយ្យ តបតាមលក្ខខណ្ឌរបស់សហភាពអឺរ៉ុប ក្នុងរយៈពេល ៦ខែទៀតនេះ។

លោក ព្រាប កុល បន្ត​ថា៖ «បើទោះបីជាយ៉ាងដូច្នេះក្តី យើងនៅមានឱកាសកែលម្អ​ក្នុងរយៈពេល ៦ខែទៅមុខទៀត ដើម្បីឱ្យសហគមន៍អឺរ៉ុបគេពិចារណាឡើងវិញ ហើយបើយើងធ្វើតាមលក្ខខណ្ឌបានល្អគ្រប់គ្រាន់ ប្រហែលជាអាចផ្តល់កញ្ចប់ EBA មកទាំងស្រុងវិញនោះ គឺជារឿងល្អបំផុត»

សហភាពអឺរ៉ុប បាន​លើកឡើងក្នុងសេចក្តីសម្រេចចុះថ្ងៃទី១២ ខែកុម្ភៈថា មូលហេតុដែលខ្លួនសម្រេចបែបនេះ មកពីរកឃើញថា កម្ពុជាបាន​រំលោភយ៉ាង​«ធ្ងន់ធ្ងរ»ជាប្រព័ន្ធលើគោលការណ៍សិទ្ធិមនុស្ស សិទ្ធិការងារ និងសិទ្ធិនយោបាយ។

ប៉ុន្តែ សម្រាប់រដ្ឋាភិបាលកម្ពុជាវិញ ហៅសេចក្តីសម្រេចរបស់​សហភាព​អឺរ៉ុបនេះថា ធ្វើឡើងក្រោមហេតុផល​នយោបាយ​ និងជាការអនុវត្តស្តង់​ដារពីរ បើធៀបទៅនឹងប្រទេសក្រីក្រពីរទៀត ដែលទទួលបានប្រព័ន្ធអនុគ្រោះនេះដូចគ្នា។

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា វិភាគថា វិធានការរបស់សហភាពអឺរ៉ុប វាធ្វើឱ្យប៉ះពាល់ដល់រដ្ឋាភិបាល ព្រោះតាមរយៈនៃការរកឃើញថា បញ្ហាសិទ្ធិមនុស្ស និងសិទ្ធិនយោបាយ ត្រូវបានរងការរំលោភជាប្រព័ន្ធ វានឹងធ្វើឱ្យមន្ត្រីពាក់ព័ន្ធ ត្រូវបានប្លុកលោកសេរីដាក់ពួកគេក្នុងបញ្ជីខ្មៅ សម្រាប់វិធានការផ្សេងទៀតដែលអាចនឹងកើតឡើង។

អ្នកឯកទេសនយោបាយរូបនេះ វិភាគទៀតថា រយៈពេល៦ខែទៀត បើស្ថានភាពសិទ្ធិមនុស្សគ្មានអ្វីប្រែប្រួលទេ សហរដ្ឋអាមេរិកទំនងជាពិចារណាលើវិធានការណាមួយ ដើម្បីចាប់បង្ខំរដ្ឋាភិបាលឱ្យវិលចូលគន្លងប្រជាធិបតេយ្យវិញ តាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលអាមេរិកជាមហាអំណាចមួយ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះផងដែរ។

លោក ឯម សុវណ្ណារា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ

លោក ឯម សុវណ្ណរ៉ា ប្រាប់ថា៖ «ឥស្សរជននយោបាយដែលរកស៊ីស្ករអំពៅហ្នឹងវាកាន់តែដុនដាប វាកាន់តែធ្លាក់ចូលក្នុង Black List [បញ្ជីខ្មៅ] របស់សហគមន៍អឺរ៉ុប របស់អន្តរជាតិ ហើយអានេះក៏ជំរុញឱ្យសហរដ្ឋអាមេរិកពិចារណាដែរ»។

សភាជាន់ទាបរបស់សហរដ្ឋអាមេរិក បានអនុម័តរួចហើយលើសេចក្តីស្នើច្បាប់ ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជា ហៅ ​HR​526 ប៉ុន្តែ ច្បាប់នេះ ត្រូវឆ្លងកាត់ព្រឹទ្ធសភា និងប្រធានាធិបតីទៀត ទើបអាចចូលជាធរមានបាន។

HR526 អាចបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការជនស៊ីវិល ឬអ្នកជំនួញស្និទ្ធនឹងមេដឹកនាំកម្ពុជា រួមទាំងឥស្សរជននយោបាយ ដែលអ្នកឃ្លាំមើលខ្លះអះអាងថា ការតាក់តែងច្បាប់ថ្មីរបស់សហរដ្ឋអាមេរិកនេះជាសម្ពាធមួយទៀត ទប់រដ្ឋាភិបាលកម្ពុជា មិនឱ្យងាកចេញពីគន្លងប្រជាធិបតេយ្យ។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិនុស្ស ហៅ សង់ត្រាល់ លោក មឿន តុលា ហៅការដែលសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ ២០ភាគរយពេលនេះ ជាសារព្រមានលើកទី២ ដល់រដ្ឋាភិបាលកម្ពុជា ក្រោយពីសហភាពអឺរ៉ុបសម្រេចយកពន្ធ​លើ​អង្ករដែលកម្ពុជានាំចូលទៅទីផ្សាររបស់ខ្លួន​ចាប់ពីដើមឆ្នាំ២០១៩មក។

នាយ​កម​ជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ ​និង​សិទ្ធិមនុស្ស​ លោក​ មឿន​ តុលា។

លោក មឿន តុលា ប្រាប់ថា៖ «សហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ ២០ភាគរយហ្នឹង សហភាពអឺរ៉ុបរកឃើញថា ប្រទេសកម្ពុជាហ្នឹងមិនមានការគោរពសិទ្ធិនុស្ស សិទ្ធិពលរដ្ឋស៊ីវិល សិទ្ធិការងារក៏ដូចសិទ្ធិនយោបាយហ្នឹងជាប្រព័ន្ធ ហើយគេបានបញ្ជាក់ទៀតថា ការរំលោភសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយអីហ្នឹងមិនមែនជាចំនុចចរចាអីបានទេ»

លោក មឿន តុលា មានប្រសាសន៍ទៀតថា បញ្ហានេះ វានឹងធ្វើឱ្យប៉ះពាល់ដល់វិស័យកាត់ដេរ ព្រោះវាធ្វើឱ្យបាត់បង់ក្រុមហ៊ុនបញ្ជាទិញ បើរដ្ឋាភិបាលមិនវិលទៅស្តារស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។

លោក មឿន តុលា ប្រាប់ថា៖ «ខ្ញុំមើលទៅសហភាពអឺរ៉ុបមិនឈប់ត្រឹមហ្នឹងទេ ព្រោះគេតាំងចិត្តថា គេឈរលើលទ្ធិប្រជាធិបតេយ្យ​ ឈរលើការគោរពសិទ្ធិមនុស្ស សិទ្ធិការងារជាដើម។ ត្រង់ហ្នឹងហើយដែលធ្វើឱ្យអ្នកវិនិយោគទុនហ្នឹង ពិបាកក្នុងការមានទំនុកចិត្តថា អាចនឹងមានការវិនិយោគយូរអង្វែងនៅប្រទេសកម្ពុជា»

​នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (Human Right Watch) លោក Phil Robertson ថ្លែងក្នុងសេចក្តី​ថ្លែង​ការ​ណ៍ចុះថ្ងៃទី១២ ខែកុម្ភៈ​​ថា ​ការ​សម្រេច​របស់​អឺរ៉ុប​ ​ហាក់​បីដូច​ជា​ការ​វាយ​យ៉ាង​ធ្ងន់លើ​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន ចំពោះ​​ការ​មិន​គោរព​ទៅ​លើ​សិទ្ធិ​មនុស្ស។

លោក Phil Robertson ចាត់ទុក​ការ​ធ្វើ​ឱ្យ​បាត់​បង់​ប្រព័ន្ធអនុគ្រោះពន្ធ ២០ភាគរយ ​ជាបរាជ័យ​របស់​រដ្ឋាភិបាល​កម្ពុជា​ ដែល​ថា មិន​បាន​ដោះស្រាយ​បញ្ហា​ដែល​អឺរ៉ុប​បាន​លើក​ឡើង​។

លោក Phil Robertson ប្រាប់ថា៖ «ជំនួស​ដោយ​ការ​ចំណាយ​ពេល​ឥតប្រយោជន៍​ក្នុង​ការ​ប្រើ​សារវាយ​ប្រហារ​អឺរ៉ុប​ […] លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គួរតែ​បញ្ឈប់​ការ​គំរាមគំហែង​ ដើម្បីចូល​តុ​ពិភាក្សាអំពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យជាមួយអឺរ៉ុប ដោយ​​ទទួលស្គាល់មធ្យោបាយតែមួយគត់ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​វិញ គឺ​លុបបំបាត់ច្បាប់ប្រឆាំង​សិទ្ធិ​មនុស្ស បញ្ចប់ការវាយប្រហារ ការចាប់ខ្លួន និងដំណើរ​ច្បាប់​ប្រឆាំងសកម្មជន និងអ្នកនយោបាយប្រឆាំង»

បញ្ហានេះ នៅថ្ងៃទី១៥ ខែកុម្ភៈ សប្តាហ៍មុន តំណាងវិស័យឯកជនកម្ពុជាចំនួន ២០ ក្នុងនោះមានទាំងអ្នករកស៊ីរបស់អឺរ៉ុបប្រចាំកម្ពុជាផងនោះ បានចេញសេចក្តីថ្លែងការណ៍​សម្ដែងការសោកស្ដាយ​ចំពោះសេចក្ដីសម្រេចរបស់គណៈកម្មការអឺរ៉ុប។

វិស័យឯកជនទាំងនោះ បានអំពាវនាវឱ្យគណៈកម្មការអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជា បន្តចូលរួមកិច្ចសន្ទនា​អំពីបញ្ហានានាដែលលើកឡើងនៅក្នុងការត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប ដើម្បីបញ្ចៀសផលប៉ះពាល់។

សហភាពអឺរ៉ុបបានលើកឡើងក្នុងសេចក្តីសម្រេចកាល​ពី​សប្ដាហ៍​មុន​ថា ការព្យួរផ្នែកខ្លះនេះ នឹងប៉ះពាល់​​ដល់​ការនាំចេញរបស់កម្ពុជា ជារៀងរាល់​ឆ្នាំ​ ក្នុងទំហំទឹកប្រាក់​ប្រហែល ​១១០០លានដុល្លារសហរដ្ឋអាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ