មន្ត្រី​សុខាភិបាល​​បញ្ជាក់​ថា គ្មាន​នរណា​ម្នាក់​លើ​នាវា Westerdam ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មី​ឡើយ

អ្នកទេសចរចម្រុះ៤១ជាតិសាសន៍ដែលស្នាក់នៅលើនាវាកម្សាន្តវេស្ទើដាម ឈរលើកដៃនៅលើនាវា ក្រោយពេលចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

មន្ត្រី​សុខាភិបាល​កម្ពុជា បាន​ឱ្យ​ដឹង​ថា គ្មាន​អ្នក​ដំណើរ​ណា​ម្នាក់​នៃ​នាវា MS Westerdam និង​បុគ្គលិក​នៃ​នាវា​នេះ ត្រូវ​បាន​រក​ឃើញ​ថា​ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មី​នោះ​ឡើយ បន្ទាប់​ពី​មាន​ក្ដី​បារម្ភ​អំពី​ការ​រីក​រាល​ដាល​នៃ​មេរោគ​នេះ​កើត​មាន​ឡើង​នៅ​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នៅ​លើ​នាវា​នេះ។

នាវា​​កម្សាន្ត MS Westerdam បាន​ចូល​សំចត​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ​សប្ដាហ៍​មុន បន្ទាប់​ពី​ប្រទេស និង​ដែន​ដី​កោះ​ចំនួន ៥ ​មិន​អនុញ្ញាត​ឱ្យ​នាវា​មួយ​នេះ​ចូល​ចត​ ព្រោះ​តែ​ក្ដី​បារម្ភ​អំពី​ការ​រីករាល​ដាល​នៃ​មេរោគ​កូរ៉ូណាថ្មី។

ក្ដី​បារម្ភ​នៃ​ការ​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី​នេះ បាន​កើន​ឡើង​ថែម​ទៀត ក្រោយ​ពី​ស្ត្រី​ជា​អ្នក​ដំណើរ​ជន​ជាតិ​អាមេរិក​ម្នាក់ ​ដែល​ចាក​ចេញ​ពី​នាវា​នេះ ត្រូវ​បាន​អាជ្ញាធរ​សុខាភិបាល​ម៉ាឡេស៊ី​ ធ្វើ​តេស្ត​រក​ឃើញ​ផ្ទុក​មេរោគ​នេះ នៅ​ពេល​ស្ត្រី​វ័យ ៨៣​ឆ្នាំ​រូប​នោះ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ព្រលាន​យន្ត​ហោះអន្តរជាតិ​គួឡាឡំពួរ​ កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។

អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា អ្នក​ដំណើរ​អន្តរជាតិ និង​បុគ្គលិក​បម្រើការ​លើ​នាវា​នោះ​សរុប ៩៨០​នាក់ កំពុង​បន្ត​ស្ថិត​នៅ​លើ​នាវា​នៅ​ឡើយ​ ខណៈ​ដែល​អ្នក​ដំណើរ​អន្តរជាតិ​ប្រហែល ៥០០​នាក់​ផ្សេង​ទៀត ដែល​បាន​ចាក​ចេញ​ពី​នាវា​នោះ​រួច​ហើយ​នោះ បាន​ស្នាក់នៅ​ឯ​សណ្ឋាគារ​សុខា អូតែល នៅ​រាជ​ធានី​ភ្នំពេញ។

មន្ត្រី​នាំ​ពាក្យ​រូប​នេះ បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​នេះ​ទៀ​ថា​ ការ​យក​សំណាក​នៃ​អ្នក​ដំណើរ​លើ​នាវា​សរុប ២៣៣​នាក់ ត្រូវ​បាន​មន្ត្រី​សុខាភិបាល​កម្ពុជា ធ្វើ​រួច​រាល់​ហើយ​នៅ​ព្រឹក​ថ្ងៃ​នេះ ហើយ​ការ​យក​សំណាក​ពី​បុគ្គលិក​បម្រើការ​លើ​នាវា​នោះ កំពុង​ដំណើរការ​រហូត​ដល់​រសៀល​ថ្ងៃ​នេះ។

លោក ឃាង ភារម្យ ប្រាប់​ថា​៖ «សម្រាប់​ថ្ងៃ​នេះ យើង​កំពុង​តែ​ធ្វើ​ការងារ​យក​សំណាកទាំង​អ្នក​ដំណើរ និង​បុគ្គលិកដែល​បម្រើការងារ​​លើ​នាវា។ […] ហើយ​ព្រឹក​មិញ​នេះ ចំពោះ​សំណាក​របស់​អ្នក​ដំណើរ​ ២៣៣​នាក់​ហ្នឹង ត្រូវ​បាន​ធ្វើ​រួច​រាល់ ហើយ​បញ្ជូន​ទៅ​ប៉ាស្ទ័រ ដើម្បី​វិភាគ​រក​លទ្ធផល។ ដោយ​ឡែក ចំពោះ​បុគ្គលិក​បម្រើ​ការងារ​លើ​នាវា​ គឺ​យើង​កំពុង​ដំណើរការ​នៃ​ការ​យក​សំណាក​​បន្ត​ទៀត»

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក លី សូវ៉ាន់ បានប្រាប់​ថា ការវិភាគ​លើ​សំណាក​នៃ​អ្នក​ដំណើរ និង​បុគ្គលិក​បម្រើការ​លើ​នាវា Westerdam បាន​បង្ហាញ​ថា គ្មាន​នរណា​ម្នាក់​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី​នោះ​ឡើយ​រហូត​ដល់​រសៀល​ម៉ោង ៤​កន្លះ​ថ្ងៃ​នេះ។

លោក លី សូវ៉ាន់ ប្រាប់​ថា​៖ «រហូត​ម៉ោង ៤​កន្លះ​ ថ្ងៃ​ទី​១៨ កុម្ភៈ ឆ្នាំ​២០២០​នេះ រាល់​វត្ថុ​វិភាគ​រាប់​រយ​វត្ថុ​វិភាគ ដែល​យើង​យក​ពី​ភ្នំពេញ​ ក៏​ដូច​ជា​ក្រុង​ព្រះសីហនុ គឺ​អវិជ្ជមាន​ទាំង​អស់»

នៅ​ក្នុងពិធី​ចែក​សញ្ញា​បត្រ​ដល់​គរុ​និស្សិត​នៅ​ព្រឹក​​ថ្ងៃ​នេះ​ដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះ​អាង​ជា​សាធារណៈ​ថា អាជ្ញាធរ​កម្ពុជា​នឹង​ប្រើ​យន្តហោះ ៣គ្រឿងសម្រាប់​ដឹកអ្នកដំណើរនៃ​នាវា MS Westerdam ចេញពីកម្ពុជាទៅកាន់ប្រទេសផ្សេងៗនៅថ្ងៃនេះ។

លោក ហ៊ុន សែន បានថ្លែងថា អ្នកដំណើរនៃ​នាវា MS Westerdam ​ប្រមាណ ៥០០​នាក់ ដែលកំពុងស្នាក់នៅរាជធានីភ្នំពេញ នឹងចាកចេញពី​កម្ពុជា​តាមជើងយន្តហោះ ៧៧៧មួយគ្រឿង ដែលអាចដឹកមនុស្សបានជាង ៣០០នាក់ ហោះ​ហើរ​ទៅ​កាន់​ទីក្រុង​ឌូប៉ៃ។

លោក ហ៊ុន សែន ថ្លែងថា៖ «យន្តហោះ ១​គ្រឿង ដែលដឹកបានជាង ៣០០​នាក់ពីទីក្រុងភ្នំពេញទៅឌូប៉ៃ។ អាហ្នឹងតាមព័ត៌មាន​​ពីខាងនាវា។ យន្ត(យន្តហោះ)មួយគ្រឿងទៀត ​​នឹងដឹកពីទីក្រុងភ្នំពេញទៅជប៉ុន ចេញពីហ្នឹង ហើយអាចមានយន្ត(យន្តហោះ)មួយគ្រឿងទៀត ​​ចេញពីក្រុងព្រះសីហនុ ​ទៅរដ្ឋធានី​ប្រទេសណាមួយនៅក្នុងតំបន់របស់យើងនេះ»

នាវា MS Westerdam ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​សំចត​នៅ​កំពង់ផែ​ព្រះសីហនុ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ​សប្ដាហ៍​មុន បន្ទាប់​ពី​នាវា​កម្សាន្ត​មួយ​នេះ​​ចំណាយ​ពេល ២​សប្ដាហ៍​នៅ​លើ​លំហ​សមុទ្រ ដោយ​ប្រទេស និង​ដែនដី​កោះ​ចំនួន ៥ មិន​​អនុញ្ញាត​ឱ្យ​ចូល​សំចត​នោះ​ឡើយ៕

លោក ហ៊ុន សែន បញ្ជាក់​ជា​ថ្មី​ថា ប្រសិនបើកម្ពុជាមិនអនុញ្ញាតឱ្យនាវា MS Westerdam ចូលសំចតទេ វានឹងក្លាយទៅជាវិបត្តិមនុស្សធម៌ក្នុងសកលលោក។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឱ្យនាវា MS Westerdam បានចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ​កាល​ពី​ថ្ងៃទី១៣ ខែកុម្ភៈ។

នាវាទេសចរណ៍អាមេរិកឈ្មោះ MS Westerdam មានផ្ទុកអ្នកដំណើរ ​​និង​បុគ្គលិក​បម្រើ​ការ​លើ​នាវា​ចំនួន ២២៥៧នាក់ មកពី ៤១ជាតិសាសន៍ បានចេញដំណើរពីទីក្រុងហុងកុងកាលពីថ្ងៃទី០១ ខែកុម្ភៈ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ