​តំណាង​ពលរដ្ឋ១៩៧គ្រួសារនៅកោះកុងព្រមានតវ៉ា​មុខស្ថាប័នរដ្ឋ ក្រោយក្រសួងដែនដីបដិសេធដោះស្រាយ

ប្រជា​ពលរដ្ឋ​មក​ពី​ស្រុក​ចំនួន ៣ នៅ​ក្នុង​ខេត្ត​កោះកុង លើក​បដា​តវ៉ា​របស់​ពួកគេ​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ដើម្បី​ទាមទារ​ដំណោះ​ស្រាយ​ជុំ​វិញ​ជម្លោះ​ដី​ធ្លី​ដែល​ពួកគេ​ថា អូស​បន្លាយ​រយៈ​ពេល ១០​ឆ្នាំ​មក​ហើយ។ (បញ្ញា ឆពណ្ណ)

តំណាង​ប្រជាពលរដ្ឋ១៩៧គ្រួសារ ដែលអះអាងថា កំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ នៅស្រុកស្រែអំបិល ខេត្តកោះកុង ព្រមានដើរតវ៉ាដីធ្លីតាមស្ថាប័នរដ្ឋផ្សេងៗនៅរាជធានីភ្នំពេញ ក្រោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បដិសេធមិនទទួលដោះស្រាយវិវាទដីធ្លីរបស់ពួកគេ។

កាលពីថ្ងៃទី១៧ ខែកុម្ភៈ ក្រសួងរៀបចំដែនដីបានប្រកាសជាថ្មី មិនទទួលដោះស្រាយវិវាទដីធ្លីជូនក្រុមពលរដ្ឋ១៩៧គ្រួសារនៅភូមិតានី ឃុំជីខលើនោះទេ និងបានស្នើទៅអាជ្ញាធរខេត្តកោះកុងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលណា ដែលក្រសួងថាបានបំផុសឱ្យពលរដ្ឋតវ៉ាផងដែរ។ ក្រសួងបញ្ជាក់ថា ការមិនទទួលដោះស្រាយនោះ ដោយសារ ការទាមទាររបស់ពលរដ្ឋទាំងនោះមិនមានមូលដ្ឋានច្បាប់ត្រឹមត្រូវ។

អ្នកស្រី ដេត ហួរ ដែលអះអាងថា ជាតំណាងពលរដ្ឋ១៩៧គ្រួសារ បានបង្ហាញការខកចិត្តចំពោះក្រសួងរៀបចំដែនដីដែលមិនទទួលដោះស្រាយវិវាទដីធ្លីជូនពួកគាត់។

តំណាងពលរដ្ឋរូបនេះព្រមានថា ពួកគាត់នឹងនាំគ្នាឡើងមកតវ៉ាមុខក្រសួងរៀបចំដែនដី​ និងស្ថាប័នរដ្ឋផ្សេងៗទៀតនៅភ្នំពេញ ដើម្បីជំរុញឱ្យមានដំណោះស្រាយដីធ្លីជូនពួកគាត់។

អ្នកស្រី ដេត ហួរ មានប្រសាសន៍ថា៖ «រយៈពេល១០ជាងឆ្នាំហើយ ពលរដ្ឋគាត់ឈឺចាប់ណាស់។ អីចឹងគាត់លែងខ្លាចងាប់ហើយ ព្រោះឥលូវវាកាន់តែពិបាកៗទៅ ខ្លះទៀតគ្នាបានចំណាកស្រុក ខ្លះទៀតរងទុក្ខវេទនាបែកបាក់ក្រុមគ្រួសារ បែកបាក់ប្តីប្រពន្ធដោយសារតែរឿងអត់ដីហ្នឹង។ អីចឹងពួកគាត់ហើយ។ ហើយពួកយើងនឹងឡើងទៅតវ៉ាដល់ភ្នំពេញរហូតមានដំណោះស្រាយ»

អ្នកស្រី អ៊ិត តឹង ដែលអះអាងថា ជាតំណាងពលរដ្ឋដែរ និយាយថា កន្លងមកដែលក្រុមអ្នកភូមិឡើងមកតវ៉ាដីធ្លីដល់ភ្នំពេញនោះ គឺពុំមានអ្នកណាញុះញង់ ឬបំផុសឱ្យមកតវ៉ាឡើយ។ អ្នកស្រីថា គឺអ្នកភូមិត្រូវបានក្រុមហ៊ុន ហេង ហ៊ុយ រំលោភយកដីធ្លីរបស់ពួកគាត់ពិតមែន តាំងពីឆ្នាំ២០០៧។

តំណាងពលរដ្ឋរូបនេះបន្តថា រឿងក្រសួងរៀបចំដែនដីប្រកាសឱ្យពលរដ្ឋមានជម្លោះដីធ្លីនៅកោះកុងមកធ្វើបែបបទ ដើម្បីទាមទារដីធ្លីរយៈពេល១ខែចាប់ពីខែកញ្ញា ដល់ខែតុលា ឆ្នាំ២០១៧នោះ គឺពួកគាត់មិនបានដឹងព័ត៌មាននោះទេ ដោយថា អាជ្ញាធរមូលដ្ឋានមិនបានជូនដំណឹងដល់ពួកគាត់ឡើយ។

អ្នកស្រី លើកឡើងថា​៖ «សុំឱ្យក្រសួងចុះមកស្រាវជ្រាវខ្លួនឯងមក តើមុខអ្នកណាដែលញុះញង់ឱ្យពលរដ្ឋតវ៉ា។ មិនបាច់ចេញសេចក្តីប្រកាសព័ត៌មានគំរាមពលរដ្ឋឱ្យភ័យខ្លាចទេ គឺពួកយើងមិនភ័យខ្លាចជាដាច់ខាត ព្រោះពួកយើងបាត់បង់ដីដោយសារក្រុមហ៊ុន ហេង ហ៊ុយ រំលោភយកពិតប្រាកដមែន គឺគ្មានអ្នកណាញុះញង់ឱ្យពលរដ្ឋមកតវ៉ាទេ។ ពួកគាត់តវ៉ាខ្លួនឯង»។

អភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី ប្រាប់វីអូឌីយ៉ាងខ្លីថា អាជ្ញាធរខេត្តនឹងអនុវត្តតាមសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី ដោយថា នឹងស្រាវជ្រាវរកមុខសញ្ញាអ្នកដែលញុះញង់ឱ្យពលរដ្ឋតវ៉ាដីធ្លីដើម្បីចាត់វិធានការផ្លូវច្បាប់។

លោក សុខ សុទ្ធី ថា៖ «យើងនឹងស្រាវជ្រាវហើយករណី ព្រោះវាជាការណែនាំរបស់ក្រសួង»

មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីកាដូប្រចាំខេត្តកោះកុង លោក ប៉ែន វុទ្ធា ស្នើទៅក្រសួងរៀបចំដែនដីឱ្យពិចារណា និងស្រាវជ្រាវឡើងវិញចំពោះការចេញសេចក្តីប្រកាសព័ត៌មានមិនទទួលដោះស្រាយវិវាទដីធ្លីជូនពលរដ្ឋ១៩៧គ្រួសារនោះ។

មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សរូបនេះបន្តថា ពាក់ព័ន្ធការដោះស្រាយវិវាទដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន ហេង ហ៊ុយ ពេលកន្លងមក គឺអាជ្ញាធរមូលដ្ឋានមិនបានផ្សព្វផ្សាយច្បាស់លាស់នោះទេ ដែលជាហេតុធ្វើឱ្យពលរដ្ឋមួយចំនួនមិនបានដាក់សំណើតវ៉ានោះ។

លោក ប៉ែន វុទ្ធា និយាយថា​៖ «អីចឹងហើយក្រសួងគួរតែពិនិត្យឡើងវិញថា រឿងនេះវាយ៉ាងម៉េច។ ហើយដំណើរនីតិវិធីនៃការដោះស្រាយដីធ្លីកន្លងមកជាមួយឧកញ៉ា​ ហេង ហ៊ុយ តើមានតម្លាភាព ឬភាពអាចទទួលយកបានពីប្រជាពលរដ្ឋទេ ដោយមិនមានការបង្ខិតបង្ខំទេ ឬវាយ៉ាងម៉េច។ បើក្រសួងនៅតែបន្តបដិសេធ នឹងធ្វើឱ្យប្រជាពលរដ្ឋបន្តរងគ្រោះ និងប៉ះពាល់ដល់ជីវភាពពួកគាត់»

តំណាងពលរដ្ឋអ្នកស្រី ដេត ហួរ ឱ្យដឹងថា នៅថ្ងៃទី២៨ ខែកុម្ភៈខាងមុខនេះ អ្នកភូមិ១៩៧គ្រួសារនឹងទៅតវ៉ាមុខសាលាខេត្តកោះកុងជាថ្មីទៀត ដើម្បីទាមទារឱ្យថ្នាក់ដឹកនាំខេត្តពន្លឿនដោះស្រាយដីធ្លី ហើយថា ប្រសិនបើមិនទទួលដំណោះស្រាយទេ ពួកគាត់នឹងឡើងមកតវ៉ាតាមស្ថាប័នរដ្ឋនៅរាជធានីភ្នំពេញបន្តទៀត។

បច្ចុប្បន្ននេះ ពលរដ្ឋ១០នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ទាំង ១៩៧​​គ្រួសារ​នោះ ត្រូវបានតុលាការ​ខេត្ត​កោះកុង កោះហៅឱ្យចូល​បំភ្លឺ​ជា​បន្ត​បន្ទាប់ទៅតាមបណ្តឹងរបស់ប្រធានក្រុមហ៊ុន ហេង ហ៊ុយ ដោយចោទប្រកាន់ពីបទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ