លោក ស ខេង៖ កម្ពុជាជា​ឋានសួគ៌អង្គការសង្គមស៊ីវិល

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៩ លើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។ (ហ្វេសប៊ុកលោក ស ខេង)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ច្រានចោលសំណើសុំលុបចោលច្បាប់គ្រប់គ្រងអង្គការសមាគម​ ដោយអះអាងថា កម្ពុជាពេលនេះ ជាឋានសួគ៌របស់អង្គការសង្គមស៊ីវិលទៅហើយ។

កាលពីថ្ងៃទី១០ ខែកុម្ភៈ អង្គការសមាគម១០០ បានចេញសេចក្តីថ្លែងការណ៍រួមស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា​ ធ្វើការ​និរាករណ៍​​ច្បាប់ស្ដីពី​សមាគម ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ឱ្យបានឆាប់​រហ័ស ដោយចាត់ទុកថា ច្បាប់បន្ថែមថ្មីនេះ​គឺគ្រាន់តែជា​ឧបករណ៍​បម្រើដល់​ការរារាំង ​គំរាមកំហែង​ និងរឹតត្បិត​សង្គមស៊ីវិល។​

ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៩ លើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ក្នុងរាជធានីភ្នំពេញ នាថ្ងៃពុធនេះ លោក ស ខេង ថ្លែងថា ការលុបចោលច្បាប់នេះមិនអាចធ្វើទៅបានទេ ដោយថាច្បាប់នេះបានតាក់តែងឡើង និងពិភាក្សាជាមួយក្រុមអង្គការសង្គមស៊ីវិល អស់រយៈពេល២០ឆ្នាំទើបចូលជាធរមាន។

លោក ស ខេង លើកឡើងថា ​ជំនួបលើកទី៤ រវាងមន្ត្រីជំនាញ និងសង្គមស៊ីវិលដែលមិនអាចឈានទៅព្រមព្រៀងគ្នា ដើម្បីធ្វើវិសោធនកម្មលើមាត្រាចំនួន១៨នោះ លោកថា មកពីក្រុមអង្គការសង្គមស៊ីវិល មិនមែនមកពីមន្ត្រីជំនាញរបស់រដ្ឋាភិបាលទេ។

លោកថា៖ «ជជែកគ្នាមិនត្រូវដោយសារពួកគាត់ [សង្គមស៊ីវិល] ហ្នឹងហើយ ថាអានេះអញ្ចេះ អានោះអញ្ចុះ។​ យើងក៏អនុលោមទៅតាមហ្នឹង មិនដឹងថាធ្វើម៉េចទៀតឥឡូវ។ មែនទែនទៅ បើប្រៀបធៀបទៅនឹងប្រទេសជាច្រើន កម្ពុជាហ្នឹងជាឋានសួគ៌របស់សង្គមស៊ីវិលហើយ»។

លោក ស ខេង ថ្លែងទៀតថា អង្គការសមាគមដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃមានជាង៥ពាន់ ប៉ុន្តែលោកថា អ្នកដែលចូលរួមស្នើឱ្យលុបចោលច្បាប់នេះ មានតែ១០០អង្គការសមាគមប៉ុណ្ណោះ។

សេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិលចំនួន១០០ ចេញ​កាលពីថ្ងៃទី១០ ខែកុម្ភៈ លើកឡើងថា​គ្មានភាពចាំបាច់​ដើម្បីមាន​ច្បាប់ស្ដីពី​សមាគម ​និងអង្គការ​មិនមែន​រដ្ឋាភិបាល​នេះទេ ដោយថា កម្ពុជាមានក្រមរដ្ឋប្បវេណី​ និងក្រមព្រហ្មទណ្ឌចែងពី​បទបញ្ញត្តិ ដើម្បី​គ្រប់គ្រង​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​រួចរាល់ហើយ។​

សង្គមស៊ីវិលចាត់ទុកថា​ ច្បាប់បន្ថែមថ្មីនេះ​ គឺគ្រាន់តែជា​ឧបករណ៍​បម្រើដល់​ការរារាំង ​គំរាមកំហែង​ និងរឹតត្បិត​សង្គមស៊ីវិល​ ដែលបាន​រាយការណ៍​ជាញឹកញាប់​និង​រហូតមក​ អំពីការ​តាមដាន​ និងការ​គំរាមកំហែង​ក្រោមហេតុផល​នៃច្បាប់​មួយនេះ​តែប៉ុណ្ណោះ។​

នាយករងអង្គការលីកាដូទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្ស លោក អំ សំអាត ដែលជាអង្គការមួយបានចូលរួមចេញសេចក្តីថ្លែងការណ៍នោះដែរ មានប្រសាសន៍ថា នៅប្រទេសដទៃច្បាប់បើកលំហសេរីភាព ប៉ុន្តែ ច្បាប់នៅកម្ពុជាហាក់បើកដៃឱ្យអាជ្ញាធរគំរាមកំហែងដល់អ្នកដែលប្រើប្រាស់សិទ្ធិទៅវិញ។

លោកថា៖ «យើងមើលទៅអ្នកដែលប៉ះពាល់ភាគច្រើនគឺសហគមន៍មូលដ្ឋានហ្នឹងហើយសហគមន៍ដីធ្លីអីហ្នឹងដែលគាត់តែងតែជួបនូវការរារាំ​ងការគំរាមកំហែងគាត់។ ពេលគាត់ជួបជុំ គាត់ប្រមូលផ្តុំ ដែលការពារផលប្រយោជន៍សហគមន៍របស់គាត់ ខ្លះមានការគំរាមកំហែង អាជ្ញាធរលើកយកច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលហ្នឹងទៅសំអាងថា បើចង់ធ្វើសកម្មភាពទាល់តែទៅចុះបញ្ជី បើមិនចុះបញ្ជីមិនអាចធ្វើសកម្មភាពបាន។ អាហ្នឹងដែលគាត់ជួបប្រទះនៅសហគមន៍មូលដ្ឋាន»។

ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មាន៩ជំពូក និង៣៩មាត្រា។ ច្បាប់នេះប្រកាសឱ្យប្រើនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥។

នៅក្នុងឆ្នាំ២០១៨ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានចេញរបាយការណ៍វាយតម្លៃថា ស្ថានភាពសិទ្ធិមនុស្សបានធ្លាក់ដុនដាបខ្លាំង។ ស្ថាប័នឃ្លាំមើលសិទ្ធិមនុស្សមួយនេះបន្តលើកឡើងថា នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មានការអនុម័តច្បាប់មួយចំនួនដែលមានលក្ខណៈរឹតត្បិតក្នុងគោលបំណងបំបិទសំឡេងជំទាស់។ អង្គការនោះបន្តថា លំហសម្រាប់អង្គការសង្គមស៊ីវិលក៏ត្រូវបានបំបិទ ចំពេលមានការចោទប្រកាន់នានាជុំវិញ«បដិវត្តន៍ពណ៌»

យ៉ាងនេះក្តី លោក ស ខេង អះអាងក្នុងពិធីនោះថា រដ្ឋាភិបាលនៅតែទុកអង្គការសមាគមជាដៃគូអភិវឌ្ឍ​ន៍ និងថាបន្តពិភាក្សាជាមួយក្រុមអង្គការសង្គមស៊ីវិល ដើម្បីធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ ធានាដល់ការបើកលំហសេរីភាពអង្គការសង្គមស៊ីវិល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ