កម្ពុជាមានអគ្គស្នងការរងនគរបាលចំនួន​១៦រូបគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២០

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ថ្លែងក្នុងកិច្ចប្រជុំមួយកាលពីពេលកន្លងទៅ។ រូបភាព៖ ហ្វេសប៊ុក សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម

អគ្គស្នងការរងនគរ​បាល​ជាតិកម្ពុជា កើនឡើងដល់១៦រូប បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យ​តែង​តាំង​នាយនគរបាលចំនួន៣រូបបន្ថែម​ទៀត ឱ្យកាន់តំណែងនេះកាលពីថ្ងៃទី១៤ ខែកុម្ភៈ។

អនុក្រឹត្យស្ដីពីការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិកម្ពុជា ចុះហត្ថលេខា​ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលថ្ងៃ​ទី១៤ ​ខែ​កុម្ភៈ សម្រេចតែងតាំង​នាយនគរបាលចំនួន៧រូប ក្នុង​នោះ ៣រូប​ជា​អគ្គ​ស្នង​​ការរង​នគរបាលជាតិ និង៤រូបជាប្រធាននាយកដ្ឋាន​ចំនួន៤ក្រោម​ចំណុះ​​​ក្រសួង​មហាផ្ទៃ។ នាយនគរ​បាល​ទាំងបីរូប​ដែលត្រូវតែងតាំងជាអគ្គស្នងការរង​នគរ​បាល​​ជាតិថ្មី​ រួមមាន លោក មួង សុធា លោក អ៊ី សុខឃី និង លោក ឡោ សុខ​ឡេង​។

អគ្គស្នងការរង និងជាអ្នកនាំពាក្យនគរបាលជាតិ លោក ឆាយ គឹមឃឿន ប្រាប់ថា បច្ចុប្បន្នមាននាយនគរបាលកាន់តំ​ណែងជាអគ្គស្នងការរងនគរបាលជាតិមានចំនួន១៦រូប នៅត្រឹមតែកុម្ភៈ ឆ្នាំ២០​២០នេះ។

លោក ឆាយ​ គឹមឃឿន ថ្លែងប្រាប់វីអូឌីតាមសារអេឡិចត្រូនិចថា ការតែងតាំង​នាយនគរបាលចំនួនបីរូបជាអគ្គស្នងការរង​នគរបាលនៅខែកុម្ភៈ គឺធ្វើឡើងដើម្បី​ជំនួសតំណែងអគ្គស្នងការ​រងមុនៗ​ដែល​ត្រូវ​រាជរដ្ឋា​ភិបាលដាក់ឱ្យចូលនិវត្តន៍។

លោកបញ្ជាក់៖ «ការតែងតាំងនេះ គឺពង្រឹងយន្តការគ្រប់គ្រង ដឹកនាំកម្លាំង និងការងារជំនាញ ដើម្បីរក្សាសន្តិសុខជាតិ។ កន្លង​មក មានការបែងចែកភារកិច្ចទទួលខុសត្រូវតាមជំនាញច្បាស់លាស់ជូនអគ្គស្នងការរងទាំងអស់»។

ចំនួនអ្នកកាន់តំណែងជាអគ្គស្នងការរងនគរបាលជាតិកម្ពុជា គឺស្មើនឹងបីដងនៃចំនួនអគ្គស្នងការរងនគរបាលជាតិនៅប្រទេសថៃ។ គេហទំព័រប៉ូលីសជាតិថៃបង្ហាញថា នគរបាលជាតិថៃមាននាយឧត្តមសេនីយ១រូបជាមេដឹកនាំ មាននាយរងប៉ូលីសចំនួន៥រូបជាសហការី និងមានទីប្រឹក្សាជាន់ខ្ពស់៣រូបទៀតជាអ្នកផ្តល់យោបល់។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ឬអគ្គស្នងការនគរបាលជាតិ មានសិទ្ធិពេញលេញក្នុងការតម្លើងឋានៈ ឬតួនាទីមន្ត្រីនគរបាលទាំងអស់ ប៉ុន្តែ ប្រពលរដ្ឋក៏មានតួនាទីតាមដាន និងឃ្លាំមើលការតែងតាំងទាំងនេះដែរ។

លោក ស៊ឹង សែនករុណ៖ «បើសិនតែងតាំងហើយធ្វើអោយមានស្ថានភាព សន្តិសុខល្អប្រសើរ នោះជារឿងគួរឱ្យកោតសរសើរ ប៉ុន្តែ បើគ្រាន់តែតាំងមកដើម្បីបានតួនាទីចែកគ្នាកាន់នៅក្នុងមុខតំណែងហើយអ្វីៗទាំងអស់ហ្នឹងសន្តិសុខ សុវត្ថិភាពពលរដ្ឋការគោរពច្បាប់ មិនមានភាពល្អប្រសើរនោះ ចៀសមិនផុតពីការរិះគន់ទេ»។

កាលពីឆ្នាំ២០១៨ អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បានចេញ​សេ​ច​ក្ដីសម្រេចផ្លូវការមួយដើម្បីបែងចែកការងារឱ្យអគ្គស្នងការរងទទួលបន្ទុក ដោយ​លោកបញ្ជាក់ក្នុងសេចក្តីសម្រេចនោះថា ការបែងចែកនេះធ្វើឡើងដើម្បី​ឱ្យការងារមានប្រសិទ្ធិភាព។ អ្នកកាន់តំណែងជាអគ្គស្នងការរងនគរបាលជាតិ​មានឋានន្តរសក្តិចាប់ពីឧត្តមសេនីយឯកឡើងទៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ