សហជីព និងអង្គការសមាគមជាង២០ស្ថាប័ន បានស្នើទៅរដ្ឋាភិបាលឱ្យធ្វើវិសោធនកម្មបន្ថែមទៀតលើច្បាប់សហជីព ក្រោយពួកគេមើលឃើញថា ច្បាប់មួយនេះនៅតែបន្តរឹតត្បិតសិទ្ធិសេរីភាព និងបង្កផលលំបាកដល់សហជីព។
តំណាងសហជីព និងតំណាងអង្គការសមាគមប្រមាណ២០នាក់ បានប្រមូលផ្តុំគ្នាដាក់ញត្តិនៅក្រសួងថ្ងៃនេះដើម្បីស្នើទៅរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បើកកិច្ចប្រជុំបន្ទាន់មួយជាមួយតំណាងសហជីព តំណាងអង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធផ្សេងទៀត ពិភាក្សាជាថ្មីអំពីការធ្វើវិសោធនកម្មច្បាប់ស្តីពីសហជីព។
សហជីព និងអង្គការសមាគមជាង២០នោះ មានសហភាពចលនាកម្មករកម្ពុជា សហភាពការងារកម្ពុជា សម្ព័ន្ធសហជីពស៊ីខៅឌូ សហព័ន្ធសហជីពកម្ពុជា អង្គការសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស សមាគមប្រជាធិបតេយ្យកម្ពុជា និងស្ថាប័នផ្សេងៗទៀត។
ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា ដែលចូលរួមដាក់ញត្តិនៅក្រសួងការងារនៅព្រឹកនេះបានប្រាប់អ្នកសារព័ត៌មានថា បើទោះបីជាកន្លងមក រដ្ឋាភិបាលបានធ្វើការកែប្រែច្បាប់សហជីពនេះខ្លះក៏ដោយ ប៉ុន្តែ លោកនៅតែមើលឃើញថា ច្បាប់មួយនេះនៅតែមានចរិតរឹតត្បិតសិទ្ធិ និងបង្កផលលំបាកដល់អង្គការវិជ្ជាជីវៈធ្ងន់ធ្ងរដដែល។
ប្រធានសហភាពចលនាកម្មករកម្ពុជារូបនេះ ឱ្យដឹងថា ក្រុមសហជីពធ្លាប់បានស្នើទៅក្រសួងការងារឱ្យកែប្រែច្បាប់សហជីពជាច្រើនដងហើយ ប៉ុន្តែ លោកថា ចំណុចមួយចំនួនដែលពួកគាត់ស្នើនោះ មិនត្រូវកែប្រែឡើយ។
លោក ប៉ាវ ស៊ីណា៖ «យើងមើលឃើញថា ការធ្វើវិសោធនកម្មនេះមានការកែប្រែតិចតួចប៉ុណ្ណោះ។ វាមិនចំនូវអ្វីដែលសហជីពយើងចង់បានទេ។ ហើយយើងមើលឃើញថា ច្បាប់នេះវានៅតែជាឧបសគ្គនៅក្នុងដំណើរការនៃការប្រព្រឹត្តទៅនៃអង្គការ សហជីពដើរតួនាទីយ៉ាងសំខាន់ ក្នុងការតំណាងឱ្យសមាជិក ក៏ដូចជាកម្មករក្នុងការដោះស្រាយបញ្ហាវិវាទផ្សេងៗដែលកើតមានឡើងក្នុងរោងចក្រសហគ្រាស។ យើងឃើញច្បាប់នេះបង្កប់ដោយភាពមិនល្អ ទាក់ទង់ការរឹតត្បិតសិទ្ធិសេរីភាពសហជីព»។
លោក ប៉ាវ ស៊ីណា បន្តថា ចំណុចដែលបង្កផលលំបាក និងរឹតត្បិតខ្លាំងបំផុតនៃច្បាប់សហជីពនេះ គឺដំណើរការចុះបញ្ជីសហជីព។ លោកថា ត្រង់ចំណុចនេះ ច្បាប់បានតម្រូវឱ្យកម្មករ និងសហជីពត្រូវមានសមាជិកច្រើន ទើបអាចចុះបញ្ជីការបាន ដែលកម្មករក្នុងវិស័យសំណង់ សេវាកម្ម កម្មករបម្រើតាមផ្ទះជាដើម ពិបាកក្នុងការបង្កើតសហជីព។
អនុប្រធានសហជីពសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា លោក សួ ឆ្លូញ មានប្រសាសន៍ថា កម្មករក្នុងវិស័យសំណង់ បានកំពុងជួបបញ្ហាពិបាកក្នុងការចងក្រងបង្កើតសហជីព ដោយសារតែច្បាប់តម្រូវឱ្យកម្មករត្រូវមានសមាជិកច្រើនចាប់ពី១០នាក់ឡើងទៅ ទើបអាចបង្កើតសហជីពបាន។ លោកថា ម្យ៉ាងទៀតនោះ គឺច្បាប់តម្រូវឱ្យធ្វើរបាយការណ៍សកម្មភាព រួមទាំងរបាយការណ៍ហិរញ្ញវត្ថុជាដើម ដែលកម្មករសំណង់ពិបាកក្នុងការអនុវត្ត។
លោក សួ ឆ្លូញ៖ «នៅក្នុងវិស័យសំណង់ គឺជាផ្នែកមួយមានភាពលំបាកខ្លាំងជាងវិស័យនានាទាំងអស់ ព្រោះពួកគាត់មិនមែនធ្វើការក្នុងបណ្តុំតែមួយកន្លែងវិស័យកាត់ដេរ និងវិស័យផ្សេងទៀតទេ។ អីចឹងហើយការចង់បង្កើតសហជីពរបស់ពួកគាត់ ក៏ជួបផលលំបាកខ្លាំងដែរ។ បើយើងពិនិត្យមើលលើច្បាប់សហជីព ទាល់តែគ្នា១០នាក់ទៅ ទើបអាចបង្កើតសហជីពបាន ដែលនេះជាបញ្ហារឹតត្បិតមួយសម្រាប់កម្មករសំណង់ក្នុងការចងក្រងសហជីព»។
ក្នុងញត្តិដាក់ទៅក្រសួងការងារនៅថ្ងៃនេះ បានឱ្យដឹងថា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ ក្រសួងការងារបានធ្វើវិសោធនកម្មច្បាប់សហជីពចំនួន១០មាត្រា មានមាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា៥៥ និងមាត្រា៥៩ ប៉ុន្តែ សហជីព និងអង្គការសមាគមមើលឃើញថា ការធ្វើវិសោធនកម្មមាត្រាទាំងនេះ បានកែប្រែតែបន្តិចបន្តួចប៉ុណ្ណោះ។
ក្នុងញត្តិដដែលនេះ បានស្នើទៅក្រសួងការងារឱ្យធ្វើការកែប្រែមាត្រា២៥ និងកែប្រែលើ១០មាត្រានោះបន្ថែមទៀត រួមទាំងជំពួកទី១៥ នៃច្បាប់សហជីព ដែលចំណុចទាំងនេះនៅបន្តរឹតត្បិតសិទ្ធិសេរីភាពលើអង្គការវិជ្ជាជីវៈខ្លាំង។
វីអូឌីបានព្យាយាមសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ តាមប្រព័ន្ធតេលេក្រាម (Telegram) ដែរ ប៉ុន្តែ លោកមិនឆ្លើយតប។ ប៉ុន្តែ ការដាក់ញត្តិរបស់សហជីព និងអង្គការសមាគមវិញ គឺមន្ត្រីរដ្ឋបាលក្រសួងការងារដែលមិនប្រាប់ឈ្មោះបានទទួល និងបានសន្យាបញ្ជូនញត្តិនោះទៅថ្នាក់លើពិនិត្យ។
កាលពីថ្ងៃទី១២ ខែកុម្ភៈ សហភាពអឺរ៉ុប បានសម្រេចដកហូតជាបណ្តោះអាសន្ននូវផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាវុធ» ហៅកាត់ថា EBA ពីកម្ពុជា លើផលិតផលនាំចេញជាង៤០មុខមានសម្លៀកបំពាក់កាត់ដេរ សម្ភារធ្វើដំណើរ វ៉ាលី កាបូបស្ពាយ ស្បែកជើង និងស្ករសផងនោះ ត្រូវបង់ពន្ធឡើងវិញក្នុងចំណែក ២០ភាគរយ។
កាលពីថ្ងៃទី១២ ខែកុម្ភៈ ក្រុមហ៊ុនសម្លៀកបំពាក់ H&M បានចេញសេចក្តីប្រកាសព័ត៌មានមួយគាំទ្រចំណាត់ការរបស់សហភាពអឺរ៉ុប ដែលបានដកហូតជាបណ្តោះអាសន្ននូវផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជានេះ។
ការសម្រេចដកហូតផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធដែលសហភាពអឺរ៉ុបផ្តល់ឱ្យកម្ពុជាតាំងពីឆ្នាំ២០០១មកនេះ ធ្វើឡើងក្រោយពីរកឃើញថា កម្ពុជាបានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងជាប្រព័ន្ធ។
កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ ក្រុមហ៊ុនបញ្ជាទិញធំៗនៅលើពិភពលោកមួយចំនួនបានផ្ញើលិខិតមួយទៅលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដោយទទូចអោយរដ្ឋាភិបាលកម្ពុជា ពិនិត្យមើល និងកែលម្អបញ្ហាសិទ្ធិមនុស្ស ដើម្បីរក្សាបាននូវប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប និងអាមេរិក។
ក្រុមហ៊ុនបញ្ជាទិញធំៗទាំងនោះ បានទាមទារឱ្យរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បង្ហាញពីដំណោះស្រាយនិងយន្ដការពហុភាគីថ្នាក់ជាតិរបស់ខ្លួន ដាក់ចេញនូវវិធានការជាក់លាក់គោរពទៅតាមស្ដង់ដារនៃច្បាប់អន្ដរជាតិស្ដីពីបញ្ហាសិទ្ធិការងារ និងសិទ្ធិមនុស្ស ដោយធ្វើការកែប្រែ ឬធ្វើវិសោធនកម្មច្បាប់ស្តីពីសហជីពទ្បើងវិញ និងលុបចោលបណ្តឹងនានាដែលប្រឆាំងមេដឹកនាំ រួមទាំងសកម្មជនសហជីព៕