តំណាងអង្គការសង្គមស៊ីវិល ដែលធ្វើការលើកកម្ពស់សិទ្ធិស្ត្រី អំពាវនាវទៅរដ្ឋាភិបាលឱ្យពង្រឹងបន្ថែមទៀតពីកាតព្វកិច្ចអនុវត្តអនុសញ្ញា ស៊ី-ដ ហើយថា ការទម្លាក់កំហុសពីហិង្សា និងការរំលោភផ្លូវភេទដោយសារតែការស្លៀកពាក់របស់ស្ត្រីនោះ ជាវប្បធម៌ស្តីបន្ទោសលើជនរងគ្រោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែកុម្ភៈ បានផ្តល់អនុសាសន៍ទៅក្រសួងពាក់ព័ន្ធ ឱ្យបង្កើនការស៊ើបអង្កេត និងបង្ក្រាបតាមប្រព័ន្ធបច្ចេកវិទ្យា ដែលធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម តម្លៃស្ត្រីខ្មែរ និងវប្បធម៌ជាតិ ពាក់ព័ន្ធទៅនឹងស្ត្រីប្រកបមុខរបរតាមអនឡាញស្លៀកពាក់លេចលើលេចក្រោម។ លោកបញ្ជាឱ្យចាត់វិធានការលើការស្លៀកពាក់បែបនេះ ដោយសារបានបង្កឱ្យមានអំពើហិង្សា និងការរំលោភផ្លូវភេទ។
តាមលិខិតចំហចុះថ្ងៃទី១៩ ខែកុម្ភៈ អង្គការចំនួន៧ មានអង្គការយេនឌ័រ និងការអភិវឌ្ឍដើម្បីកម្ពុជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ជាដើម បានចាត់ទុកប្រសាសន៍របស់នាយករដ្ឋមន្ត្រីនេះថា ជាការស្តីបន្ទោសជនរងគ្រោះ ជំរុញឱ្យមានអំពើហិង្សា និងរើសអើងផ្នែកយេនឌ័រក្នុងសង្គមកម្ពុជា។
ក្រុមអង្គការទាំងនោះ អះអាងថា៖ «កន្លងមក មិនមានឯកសារផ្លូវច្បាប់ ឬឯកសារផ្លូវការណាមួយដែលផ្តល់និយមន័យអំពីតម្លៃស្រ្តី និងតម្លៃសង្គម ឬវប្បធម៌ខ្មែរ ឬពន្យល់ពីគោលបំណងនៃការលើកកម្ពស់បញ្ញត្តិទាំងនេះនោះទេ»។
អ្នកធ្វើការលើកកម្ពស់ស្ត្រី ជំរុញទៅរដ្ឋាភិបាលឱ្យខិតខំប្រឹងប្រែងអនុវត្តបន្ថែម ចំពោះកាតព្វកិច្ចតាមអនុសញ្ញា ស៊ី-ដ មាត្រា៥ ដែលតម្រូវឱ្យរដ្ឋភាគី ត្រូវប្រកាន់យកវិធានការសមស្របទាំងអស់ ដើម្បីកែប្រែឥរិយាបថសង្គម និងវប្បធម៌របស់បុរស និងស្ត្រី ដើម្បីសម្រេចបាននូវការលុបបំបាត់ចោលសេចក្តីលំអៀងរវាងបុរស និងស្ត្រី។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន ហៅលិខិតចំហរបស់ក្រុមអង្គការសង្គមស៊ីវិល នេះថា ជាប្រតិកម្មបែបគំនុំ មិនផ្អែកទៅលើទិដ្ឋភាពច្បាប់ និងវប្បសង្គម។
លោកថា៖ «អ៊ីចឹង អានេះ [លិខិតចំហរួម] វាមិនត្រឹមតែផ្ទុយនឹងច្បាប់ បំពានច្បាប់ទេ វាថែមទាំងបំពានទៅលើទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូផង់របស់ខ្មែរផង។ ហើយការប្រតិកម្មនេះ ជាប្រតិកម្មបែបគំនុំគុំកួន កំហឹងដោយមិនពិចារណាទៅលើបរិបទប្រពៃណីរបស់កម្ពុជានោះទេ»។
យ៉ាងនេះក្តី ក្រុមអង្គការសង្គមស៊ីវិល បានលើកឡើងថា ការដាក់ទណ្ឌកម្មទៅលើស្ត្រីដោយសាតែជម្រើសនៃការស្លៀកពាក់ ជាឫសគល់នៃអំពើហិង្សា និងការរើសអើងលើស្ត្រី វាមិនមែនជាដំណោះស្រាយនោះទេ។
បន្ថែមលើលិខិតចំហ អ្នកគ្រប់គ្រងកម្មវិធីតស៊ូមតិ និងបណ្តាញនៃអង្គការយេនឌ័រ និងការអភិវឌ្ឍដើម្បីកម្ពុជា លោកស្រី អេង ច័ន្ទឌី មានប្រសាសន៍ថា លិខិតចំហរបស់ក្រុមអង្គការសង្គមស៊ីវិល មិនមែនជាប្រតិកម្មបែបកំហឹងទេ តែថា ជាយោបល់រួម តបតាមទិដ្ឋភាពជាក់ស្តែង តាមលិខិតបទដ្ឋានដែលមាន និងចូលរួមជាមួយរដ្ឋាភិបាលធ្វើយ៉ាងណាឱ្យសម្រេចបានការលើកកម្ពស់យេនឌ័រ រួមគ្នាទប់ស្កាត់ការកើនឡើងនៃការរើសអើងលើស្តី្រ។
លោកស្រីថា៖ «ដោយសារតែយើងប្រើពាក្យវប្បធម៌ប្រពៃណីៗ ប៉ុន្តែ អត់បានមើលពីសេដ្ឋកិច្ចរបស់ស្ត្រី អត់បានមើលថា តើផ្នត់គំនិតទាំងអស់ហ្នឹងបានគាបសង្កត់ទៅលើដំណើរការរកស៊ី ឬដំណើរការនៃការអប់រំ ឬដំណើរការនៃការលើកកម្ពស់ ដើម្បីលើកកម្ពស់សមភាពរវាងស្ត្រី និងបុរសក្នុងប្រទេសកម្ពុជាហ្នឹងទេ»។
ទោះជាយ៉ាងណា ក្រុមអ្នកធ្វើការលើកកម្ពស់សិទ្ធិស្ត្រី អំពាវនាវឱ្យរដ្ឋាភិបាល គោរពសិទ្ធិស្វ័យសម្រេច សិទ្ធិសម្តែងមតិ អារម្មណ៍ និងជម្រើសរាងកាយរបស់ស្ត្រី ដើម្បីសម្រេចបានការលើកកម្ពស់សមភាពយេនឌ័រ និងបញ្ឈប់អំពោះហិង្សាផ្នែកយេនឌ័រនៅកម្ពុជា។
អង្គការលើកលែងទោសអន្តរជាតិចេញសេចក្ដីថ្លែងការណ៍កាលពីម្សិលមិញថា សាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញពីការគំរាមកំហែង មិនទទួលខុសត្រូវចំពោះជនរងគ្រោះពីអំពើហិង្សាផ្លូវភេទ និងមិនបានទប់ស្កាត់ជនល្មើសឱ្យមានប្រសិទ្ធភាព៕