ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងថ្នាក់ដឹកនាំសាលាឧទ្ធរណ៍តំបន់ដើម្បីលើកកម្ពស់វិស័យយុត្តិធម៌

បុរសពីរនាកឈរនៅជិតមុខខ្លោងទ្វារសាលាឧទ្ធរណ៍ មហាអយ្យការ ក្នុងរាជធានីភ្នំពេញ។ (ហ៊ី ឆាយ)

ព្រះមហាក្សត្របានត្រាស់បង្គាប់តែងតាំងរចនាសម្ព័ន្ធថ្នាក់ដឹកនាំសាលាឧទ្ធរណ៍តំបន់ចំនួន៣ ដោយថា ដើម្បីជួយផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ព្រះរាជក្រឹត្យ២ដាច់​ដោយឡែករបស់​ព្រះមហាក្សត្រនរោត្តម សីហមុនី ចេញផ្សាយនៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈនេះ បានត្រាស់បង្គាប់តែងតាំងប្រធាន អនុប្រធាន និងតំណាងអយ្យការសាលាឧទ្ធរណ៍តំបន់ ចំនួន១៧រូប ដើម្បីជួយផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

តាមព្រះរាជក្រឹត្យទាំងពីរនេះ ប្រធានសាលាឧទ្ធរណ៍តំបន់ប្រចាំតំបន់ត្បូងឃ្មុំ គឺឈ្មោះ ម៉ុង មុនីចរិយា និងអគ្គព្រះរាជអាជ្ញា ឈ្មោះ ហួត វុទ្ធី។ ប្រធានសាលាឧទ្ធរណ៍តំបន់បាត់ដំបង គឺលោក សម ប៊ុនថុន និងអគ្គព្រះរាជអាជ្ញា រៀម ចន្ទម្នី។ ចំណែកប្រធានសាលាឧទ្ធរណ៍ប្រចាំតំបន់​ព្រះសីហនុ មិនទាន់តែងតាំងនៅឡើយ ប៉ុន្តែបានតែងតាំងតែអនុប្រធាន​ប៉ុណ្ណោះ គឺឈ្មោះ ប៉ាក ច័ន្ទសំបូរ និងតំណាងអយ្យការ ឈ្មោះ ខៀវ ផល្លា និងឈ្មោះ ផាន់ សុភ័ក្ត្រ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា ការតែងតាំងប្រធានសាលាឧទ្ធរណ៍តំបន់ប្រចាំខេត្តព្រះសីហនុ និងចេញជាលទ្ធផលនៅពេលឆាប់ៗខាងមុខនេះ ដោយសារសាលាឧទ្ធរណ៍តំបន់នោះ នឹងបើកឱ្យដំណើរការនៅថ្ងៃទី១ ខែមេសា។

អ្នកនាំពាក្យរូបនោះ បានឱ្យដឹងទៀតថា ដើមចមដែលនាំឱ្យបង្កើតសាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ បាត់ដំបង និងព្រះសីហនុ ដើម្បីងាយស្រួលផ្តល់សេវាជូនប្រជាពលរដ្ឋនៅតំបន់នោះ ឱ្យកាន់តែប្រសើរ និងចំណេញពេលវេលា។

លោកមានប្រសាសន៍ថា៖ «អត្ថប្រយោជន៍នៃការបង្កើតឧទ្ធរណ៍តំបន់ ដើម្បីបង្ខិតសេវាយុត្តិធម៌ទៅជិតប្រជាពលរដ្ឋ ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់​ប្រជាពលរដ្ឋ ដោយគាត់មិនចាំបាច់ឡើងមករាជធា​នីភ្នំពេញដូចមុនទេ។ នៅពេលប្តឹងឧទ្ធរណ៍ គឺគាត់អាចប្រើប្រាស់ឧទ្ធរណ៍តំបន់ ហើយកៀកនៅកន្លែងគាត់តែម្តង។ អត្ថប្រយោជន៍មួយទៀត គឺដើម្បីដោះស្រាយនូវភាពកកស្ទះនូវសំណុំរឿង អញ្ចឹងសំណុំរឿងនេះ​នឹងត្រូវបានដោះស្រាយកាន់តែលឿនជាងមុន»។                

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត បង្ហាញការងឿងឆ្ងល់ជុំវិញការតែងតាំងប្រធានសាលាឧទ្ធរណ៍តំបន់ ដោយថា ក្រសួងយុត្តិធម៌គួរតែស្នើទៅព្រះមហាក្សត្រតែងតាំងសរុបតែម្តងជាការប្រសើរ ដើម្បីកុំឱ្យបង្កការលំបាកច្រើនដល់ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងម្តងជាពីរដង។

ទោះជាបែបនេះក្តី អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះ ផ្តល់ជាអនុសាសន៍ថា ថ្នាក់ដឹកនាំសាលាឧទ្ធរណ៍តំបន់ទាំងនោះ ត្រូវធ្វើការឈរលើគោលការណ៍អព្យាក្រឹត្យ ដើម្បីកុំឱ្យរងការរិះគន់ពីសាធារណជនទាក់ទងនឹងវិស័យយុត្តិធម៌នៅកម្ពុជា។

លោកមានប្រសាសន៍ថា៖ «បើសិនជាយើងមិនបានកំណែទម្រង់ឱ្យទៅជាប្រព័ន្ធតុលាការឯករាជ្យ ឱ្យមានជំនឿទុកចិត្តពីប្រជាពលរដ្ឋទេ ខ្ញុំគិតថា ការបង្កើតនៅតាមតំបន់នេះ នាំឱ្យមានការរិះគន់ គ្រាន់តែការបង្កើតដើម្បីរំលែកអំណាចបន្ថែម សំរាប់ឱ្យមានតួនាទី ហើយអាចចំណាយថវិកាជាតិច្រើន។ ប៉ុន្តែ យើងនៅតែសង្ឃឹមថា ការកំណែទម្រង់នេះ វាអាចធ្វើឱ្យមានប្រសិទ្ធភាព ហើយវាអាចធ្វើឱ្យមានជំនឿទុកចិត្តពីប្រជាពលរដ្ឋ បើមិនអញ្ចឹងទេ វាកាន់តែធ្វើឱ្យមានការរិះគន់កាន់តែធ្ងន់ធ្ងរ»។

សាលាឧទ្ធរណ៍​ត្បូងឃុំ ទទួលដោះស្រាយបណ្តឹងពីសាលាដំបូងចំនួន១០ មានខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ធំ  ព្រះវិហារ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រៃវែង និងខេត្តស្វាយរៀង។

សាលាឧទ្ធរណ៍បាត់ដំបង នឹងទទួលដោះស្រាយបណ្តឹងពីសាលាដំបូងចំនួន ៧ មានខេត្តបាត់ដំបង កំពង់ឆ្នាំង ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តសៀមរាប ។

សាលាឧទ្ធរណ៍តំបន់នៅខេត្តព្រះសីហនុ នឹង​ទទួលដោះស្រាយបណ្តឹងពីសាលាដំបូងចំនួន៥ ដែល​មកពីខេត្តតាកែវ កំពត កំពង់ស្ពឺ កោះកុង និងខេត្តព្រះសីហនុ។

អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project) កាលពីខែកុម្ភៈ បានចេញផ្សាយរបាយការណ៍ស្ដីពី «សន្ទស្សន៍នីតិរដ្ឋសម្រាប់ឆ្នាំ២០១៩» បន្តចាត់ថ្នាក់កម្ពុជា​ ជាប្រទេសមានប្រព័ន្ធយុត្តិធម៌ទន់ខ្សោយបំផុត ក្នុងចំ​ណោមប្រទេស១២៦ ដែលកម្ពុជាជាប់លេខ ១២៥ លើតែប្រទេសវេណេស៊ុយអេឡាមួយប៉ុណ្ណោះ។

របាយកា​រណ៍​នេះ បាន​វាយ​តម្លៃ​បែប​នេះ​ដោយ​ផ្អែក​លើ​សូចនាករ ឬកត្តាវាស់វែង​មួយចំនួន ដូចជា ការទប់អំណាចរបស់រដ្ឋាភិបាល អំពើពុករ​លួយ តម្លាភាពរបស់រដ្ឋាភិបាល សិទ្ធិសេរីភាពមូលដ្ឋាន ការអនុវត្តច្បាប់ យុត្តិធម៌សង្គម និងយុត្តិធម៌ផ្នែកព្រហ្មទណ្ឌ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ