លោក ហ៊ុន សែន ទម្លាយពីការរត់ការដណ្ដើមតំណែងគ្នានៅខេត្តកណ្ដាល

ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ប្រមុខរដ្ឋាភិបាល លោក ហ៊ុន​ សែន កាលពីម្សិលមិញ​ បាន​ទម្លាយឱ្យដឹងពីការរត់ការដណ្ដើមគ្នាកាន់តំណែងក្នុងជួររាជការនៅខេត្តកណ្ដាល ។

ក្នុងពិធី​បិទសន្និបាត​ប្រចាំ​ឆ្នាំ​ក្រសួង​​​​មហាផ្ទៃ លោក ហ៊ុន សែន លើកឡើកថា បន្ទាប់ពី​មានសំណើជាច្រើនពីមនុស្សជុំវិញខ្លួនលោក ដើម្បីដាក់គ្នីគ្នាឱ្យចូលកាន់តំណែងជំនួសអតីតអភិបាលខេត្តកណ្ដាល លោក ម៉ៅ ភិរុណ ដែលត្រូវ​ចូលនិវត្តន៍។ លោកថា មន្ត្រីជាន់ខ្ពស់មួយចំនួនព្រួតគ្នាចង់បានតំណែង​អភិបាលខេត្តកណ្ដាល ប៉ុន្តែ ត្រូវលោកបដិសេធ ដោយជ្រើសយកអភិបាល​រងខេត្តកណ្ដាលម្នាក់ឱ្យ​កាន់តំណែង​នេះ​វិញ។

លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «គ្រាន់តែខេត្តកណ្ដាលមួយនេះ មិនដឹងជាប៉ុន្មានទេ? [សំណើតែងតាំង] តែខ្ញុំសុំសម្រេច​ដោយឆន្ទានុសិទ្ធិរបស់ខ្ញុំ ដំបូងខ្ញុំមើលនេះៗ? [សំណើតែងតាំង] ខ្ញុំហៅទូរសព្ទ​មក ខេង [ស ខេង] ថាឥលូវយកអាភ័ណ្ឌ [គង់ សុភ័ណ្ឌ] ទៅ អាហ្នឹងវាឆ្លងកាត់អភិបាលរងស្រុក អភិបាល ស្រុកមក​នៅ​កន្លែង​​ហ្នឹង ឱ្យវាឡើងទៅ។»

លោក គង់ សោភ័ណ្ឌ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តកណ្ដាលកាលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។ លោក គង់ សោភ័ណ្ឌ ធ្លាប់ធ្វើជាអភិបាលស្រុកខ្សាច់កណ្តាល និងអភិបាលស្រុកល្វាឯម ខេត្តកណ្ដាល ។

លោក ហ៊ុន សែន មានប្រសាសន៍ថា បន្ទាប់ពីលោក​ គង់ សុភ័ណ្ឌ ឡើងពីអភិបាលរងខេត្ត​កណ្ដាលមកកាន់តំណែងអភិបាលខេត្ត ស្រាប់តែមានមនុស្សប្រជ្រៀតគ្នាចង់បានតំណែង​អភិបាលរងខេត្ត។ លុះពេលលឺថា លោកយកអភិបាលស្រុកម្នាក់ទៅធ្វើអភិបាលរងខេត្តជំនួស​លោក គង់ សុភ័ណ្ឌ ក៏មានមនុស្សជាច្រើន ចង់ជួយបក្សពួកឱ្យបានតំណែងអភិបាល​ស្រុកទៅ​ទៀត ​ ។

លោក ហ៊ុន សែន បន្តថា៖ «តំណែងអភិបាលរងមានបញ្ហាទៀត ឯងមិនទាន់តែងតាំងអភិបាល​ខេត្ត​ផង ស្រាប់ធ្លាយដល់អភិបាលរងខេត្តទៀត។ ដល់ពេលលឺថាអភិបាលស្រុក ស្រាប់តែទៅដល់​អភិបាលស្រុកទៀតហើយ»។

ការដាក់សំណើរត់ការតែងតាំងសែស្រឡាយ ឱ្យកាន់ការក្នុងតំណែង​សំខាន់ៗនៅ​តាម​បណ្ដា​ខេត្តនោះ ក៏ធ្លាប់ត្រូវបានលោក ហ៊ុន សែន ប្រកាសជាចំហរម្ដងជា២ដងរួចមកហើយដែរ។​

កាលពីខែតុលា ​ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសលុបគម្រោង​​បង្កើត​ខេត្តថ្មី ​ចំនួន២ ដោយសារតែកូនចៅក្រោមបង្គាប់របស់លោក ដណ្ដើមគ្នាកាន់តំណែងសំខាន់ៗក្នុង​ខេត្តថ្មីទាំងនេះ ។

លោកថ្លែងកាលនោះយ៉ាងដូច្នេះថា៖ «ប្រញាប់ងាប់ទៅណា? សួរថា ប្រញាប់ងាប់ទៅណា? ឯងមិនទាន់ទាំងធ្វើអ្វីផង មិនទាន់ទាំងសម្រេចបង្កើត ឬមិនបង្កើតផង វាចែកគ្នាធ្វើចៅហ្វាយខេត្ត ធ្វើអនុខេត្តទៅហើយ ខ្ញុំដាក់វិញថា ប្រញាប់ងាប់ទៅណា? ឥឡូវឈប់នៅឱ្យស្ងៀមបានហើយ មហាផ្ទៃបិទកុំព្យូទ័រចោលឱ្យអស់ថ្ងៃនេះ កុំធ្វើអ្វីបន្តទៅទៀត ខ្ញុំគ្មានពេលស៊ីញ៉េ គ្មានពេលអីទៀតទេ»។​​​

កាលពីឆ្នាំ២០១៧ ក៏មានរឿងរ៉ាវចម្រូងចម្រាសម្ដងដែរពីរឿងតែងតាំងអគ្គនាយកទូរទស្សន៍​ជាតិ​កម្ពុជា។កាលណោះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ​ខៀវ កាញារីទ្ធ ស្នើទៅនាយករដ្ឋមន្ត្រី​តែងតាំងលោក​ ខ្វៃ អាទិត្យា ជាអគ្គនាយកទទក ប៉ុន្តែ ត្រូវលោក ហ៊ុន សែន សម្រេចដាក់លោក​ ឃឹម វុឌ្ឍី ជំនួសវិញ។ លោក ខៀវ កាញារីទ្ធ កាលនោះ​បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោកថា ការតែងតាំងអគ្គនាយកទទក អត់មានអ្នកណាពិគ្រោះជាមួយលោកនោះទេ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្ដីបន្ទោសរដ្ឋមន្ត្រីក្រសួងព័ត៌មានខ្លាំងៗ ដោយលោកមានប្រសាសន៍ថា លោកមានសិទ្ធិគ្រប់យ៉ាងក្នុងការតែងតាំងមុខតំណែងនេះ និងបានស្តីបន្ទោសលោក ខៀវ កាញារីទ្ធ ដែលមិនលើកទូរសព្ទរបស់លោក។

លុះក្រោយមក រឿងនេះស្ងាត់ទៅវិញ ដោយលោក អាទិត្យា ត្រូវបានគណបក្សប្រជាជនកម្ពុជា​សម្រេច​ឱ្យកាន់តំណែងជាអគ្គនាយក​ទូរទស្សន៍អប្សរា ដែលជាប៉ុស្តិ៍របស់បក្សកាន់អំណាច​ ។

អ្នកវិភាគបញ្ហាសង្គម និងនយោបាយ លោកបណ្ឌិត មាស នី មានប្រសាសន៍ថា វប្បធម៌រត់​ការ​សុំតំណែងដូចនៅខេត្តកណ្ដាលដែលលោក ហ៊ុន សែន លើកឡើងនេះ អាចនឹងមានស្ទើរទូ​ទាំង​​ប្រទេស​កម្ពុជាតែម្តង។ លោកថា ការរត់ការដើម្បីទទួលបានតំណែង ឬយកសាច់ញាតិ​កាន់​តំណែងក្នុងជួររាជការ ជាការប្រព្រឹត្តិអំពើពុករលួយដែលត្រូវលុបបំបាត់។

លោកបណ្ឌិត មាស នី ៖ «ទោះបីជាមិននិយាយចំក៏ដោយ ការរត់ការហ្នឹងគឺមានពុករលួយ​នៅ​ហ្នឹង យើងនិយាយត្រង់ទៅត្រង់មកហ្នឹង។ បើនៅកន្លែង​មួយ ប្រាក់ខែ១លាន ឬ១លានរៀល​កន្លះ ក្នុង១ខែ ខណៈអ្នកដែលត្រូវតែងតាំងបានបង់១០ម៉ឺនដុល្លារពេលបានកាន់តំណែងនោះ គេនឹងបូមយកលុយនោះមកវិញ»។

បច្ចុប្បន្ន គណបក្សប្រជាជនកម្ពុជាក្ដោបអំណាចរដ្ឋពេញដៃតាំងពីថ្នាក់ជាតិ រហូតដល់ភូមិ ចាប់តាំងពីរំលាយគណបក្សសង្គ្រោះជាតិរួចមក។ តំណែងក្រុមប្រឹក្សារាជធានី-ខេត្ត ខណ្ឌ-ស្រុក-ក្រុង ឃុំ-សង្កាត់ ដែលធ្លាប់តែមានសមាជិកក្រុមប្រឹក្សាពីបក្សប្រឆាំង ក៏ត្រូវបានបក្សកាន់អំណាចក្ដោបយកទាំងអស់ ។

ក្នុងពិធីនោះ ​លោក ហ៊ុន សែន ក៏បាន​ស្នើឱ្យម​ន្រ្តី​របស់​ខ្លួន​នៅថ្នាក់​ជាតិ ​កុំ​ដណ្តើម​តំណែង​ជាមួយមន្រ្តីមូលដ្ឋានផងដែរ។  

លោក ហ៊ុន សែន ថា៖ «យើងមកយកផ្កាយពាក់ឱ្យពេញៗស្មា ហើយបន្ទាប់ទៅចង់ទៅធ្វើ​អភិ​បាល​ខេត្ត អភិបាលរងខេត្ត។ មកថ្នាក់ជាតិ មកយកផ្កាយ យកតំណែងឧត្តមមន្ត្រី វរៈមន្ត្រី​ តែមក​ដណ្ដើមតំណែងនៅថ្នាក់មូលដ្ឋាន ខ្ញុំសូមអង្វរមន្ត្រីថ្នាក់ជាតិកុំដណ្ដើមតំណែង​ថ្នាក់​មូលដ្ឋាន។»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ