ជនពិការម្នាក់នៅពោធិ៍សាត់សុំឱ្យរដ្ឋលើកលែងពន្ធលើមុខរបរប្រចាំថ្ងៃ

លោក អៀង សៅរី ឈរនៅកន្លែងលក់ និងជួសជុលទូរសព្ទ នៅក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០។ (ពលរដ្ឋអ្នកសារព័ត៌មានCCIM នៅខេត្តពោធិ៍សាត់)

ជនពិការម្នាក់រស់នៅខេត្តពោធិ៍សាត់ ជាអ្នកលក់ និងជួសជុលទូរសព្ទ បានអំពាវនាវឱ្យរដ្ឋាភិបាលលើកលែងពន្ធលើមុខរបររបស់គាត់ ដោយអះអាងថា ចំណូលប្រចាំថ្ងៃស្ទើរតែមិនគ្រប់គ្រាន់សម្រាប់ចំណាយផង។​

លោក អៀង សៅរី អាជីវករ លក់ទូរសព្ទនៅក្នុងភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ សរសេរលើហ្វេសប៊ុករបស់លោកថា ជីវិតរបស់លោកចប់ហើយ ពេលដែលឃើញលិខិតតម្រូវឱ្យបង់ពន្ធផ្ញើទៅដល់កន្លែងប្រកបអាជីវកម្មរបស់លោក។​

លោក អៀង សៅរី៖ «គ្រាន់តែបើកកន្លែងជួសជុលទូរសព្ទតូចតាចមួយសោះ រកព្រឹកខ្វះល្ងាច ឥលូវខាងមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តពោធិ៍សាត់ តម្រូវឱ្យស្នើសុំលិខិតអនុញ្ញាតបើកអាជីវកម្មទៀត ក្នុងមួយឆ្នាំត្រូវបង់ប្រាក់ចំនួន ២២០០០០រៀលទៀត ចប់ហើយខ្ញុំពេលនេះ។ មន្ទីរប្រៃណីយ៍ និងទូរគមនាគមន៍ គួរតែតម្រូវឱ្យអ្នកដែលមានអាជីវកម្មខ្នាតធំ ស្នើសុំលិខិតអនុញ្ញាតធ្វើអាជីវកម្មទៅបានហើយ អ្នកដែលគាត់បើកកន្លែងតូចតាច តើមានប្រាក់អីណាបង់ទៅ»

លោក អៀង សៅរី ថ្លែងប្រាប់វីអូឌីបន្ថែមថា បច្ចុប្បន្នលោកត្រូវទទួលបន្ទុកចិញ្ចឹមកូនពីរនាក់ និងក្មួយម្នាក់ ហើយថា ចំណូលពេលខ្លះមួយថ្ងៃរកមិនបាន១ម៉ឺនរៀលផង។

លោក អៀង សៅរី៖ «ចាប់តាំងពីផ្ទុះជំងឺកូរ៉ូណាហ្នឹងមក គេអត់ចេញពីផ្ទះ ឥឡូវស្ងាត់មែនទែន សេដ្ឋកិច្ចឥឡូវចុះគឺធ្លាក់ខ្លាំងមែនទែន ពេលខ្លះមួយថ្ងៃដល់ល្ងាចរកមួយម៉ឺនរៀលសឹងតែមិនចង់បាន។ ការចំណាយក្នុងគ្រួសារចេះតែកើនឡើងតែ ចំណូលចេះតែថយចុះ ចឹងវិបត្តិសេដ្ឋកិច្ចកើតឡើង»។​

ប្រធានការិយាល័យទូរគមនាគមន៍ នៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តពោធិ៍សាត់ លោក ម៉ែន អាន បានឆ្លើយតបជាមួយនឹង VOD តាមខ្សែទូរសព្ទថា លោកបានដឹងពីការស្នើសុំរបស់អាជីវករ អៀង សៅរី ហើយ ដោយបានជួបនិយាយដោយផ្ទាល់ពីការស្នើសុំលើកលែងពន្ធនេះ ប៉ុន្តែ មិនទាន់សម្រេចយ៉ាងណានោះទេ រង់ចាំពិភាក្សាជាមួយនឹងប្រធានមន្ទីរក្រោយផ្សព្វផ្សាយចប់សព្វគ្រប់នូវសេចក្តីជូនដំណឹងស្តីពីការសុំលិខិតអនុញ្ញាតិបើកអាជីវកម្ម។

លោក ម៉ែន អាន៖ «ខ្ញុំឃើញកន្លែងគាត់លក់ហើយ ណាមួយខ្ញុំឃើញគាត់ពិការ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំស្រង់សិន ចាំខ្ញុំចប់ផ្សព្វផ្សាយគ្រប់ស្រុក ខ្ញុំនឹងពិភាក្សាជាមួយនឹងប្រធានមន្ទីរដើម្បីអនុគ្រោះឱ្យគាត់។»

លោក អៀង សៅរី បញ្ជាក់ថា លោកប្រកបរបរជាអ្នកលក់ និងជួសជុលទូរសព្ទនេះ៧ឆ្នាំហើយ ដើម្បីចិញ្ចឹមជីវិត ហើយឆ្នាំនេះ ជាឆ្នាំដំបូងដែលមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ទាក់ទងដើម្បីតម្រូវឱ្យបង់ពន្ធ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ