ប្រព័ន្ធអនុគ្រោះពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ឬហៅកាត់ថា EBA ដែលផ្ដល់ឱ្យដោយសហភាពអឺរ៉ុបសម្រាប់កម្ពុជា បានផ្តល់ឱកាសឱ្យប្រទេសមួយនេះ នាំទំនិញទៅលក់ដោយមិនចាំបាច់បង់ពន្ធគយលើគ្រប់មុខទំនិញ ជាពិសេសផលិតផលកាត់ដេរ។
ប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្មនេះ មានតែប្រទេសក្រីក្រ ៣ ប៉ុណ្ណោះជាសមាជិកអាស៊ាន ដែលសហភាពអឺរ៉ុបផ្តល់ឱ្យ ក្នុងនោះមាន កម្ពុជា មីយ៉ាន់ម៉ា និងប្រទេសឡាវ ក្នុងគោលដៅជួយដល់ប្រទេសក្រីក្រឱ្យមានលទ្ធភាពប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់។
ប៉ុន្តែ ដោយសារវិវាទនយោបាយប៉ុន្មានឆ្នាំចុងក្រោយនេះ ជំរុញឱ្យសហភាពអឺរ៉ុបសម្រេចដកហូតប្រព័ន្ធអនុគ្រោះពន្ធ ២០ភាគរយពីកម្ពុជាជាជំហានដំបូង ក្រោយពីប្រើពេល ១ឆ្នាំទាមទារឱ្យរដ្ឋាភិបាលកម្ពុជាស្តារប្រជាធិបតេយ្យឡើងវិញ ក្រោយពីគណបក្សប្រឆាំងត្រូវបានគេផាត់ចេញពីឆាកនយោបាយ។
វិធានការនេះ អឺរ៉ុបមើលឃើញថា រដ្ឋាភិបាលកម្ពុជា បានរំលោភ«ធ្ងន់ធ្ងរ»ជាប្រព័ន្ធទៅលើសិទ្ធិការងារ សិទ្ធិអង្គការសង្គមស៊ីវិល និងសិទ្ធិនយោបាយ មិនតបតាមលក្ខខណ្ឌរបស់ខ្លួន ដែលកម្ពុជាបានព្រមព្រៀងកន្លងទៅ។
តើកម្មករកម្មការិនីកម្ពុជានឹងប្រឈមបញ្ហាអ្វីខ្លះ ក្រោយអឺរ៉ុបដកហូតចំណែក២០ភាគរយនៃ EBA?
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា ឥទ្ធិពល EBA ២០ភាគរយ អាចរាលដាលដល់ ១០០ភាគរយ ប្រសិនបើប្លុកលោកសេរីនៅតែមើលឃើញថា ៦ខែទៀតនេះ ស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ មិនត្រូវបានស្តារឡើងវិញតាមលក្ខខណ្ឌរបស់សហភាពអឺរ៉ុប។
លោក អាត់ ធន់ អះអាងថា បញ្ហានេះមកពីអ្នកបញ្ជាទិញផលិតផលកាត់ដេរពីកម្ពុជាជាង ៩០ភាគរយជាក្រុមហ៊ុនធំៗនៅប្លុកលោកសេរី ដូចជានៅសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងជប៉ុនជាដើម។ លោកថា ក្រុមហ៊ុនទាំងនោះ គេមិនរកស៊ីជាមួយប្រទេសដែលត្រូវបានគេដាក់ក្នុងបញ្ជីខ្មៅនៃការរំលោភសិទ្ធិមនុស្សទេ។
លោក អាត់ ធន់ ប្រាប់ថា៖ «ការដែល [សហភាពអឺរ៉ុប] កាត់២០ភាគរយនេះ វាមានន័យថា វាជាចំណែកមួយ។ ឧទាហរណ៍ថា បើគេនាំចេញ [ទំនិញ] ១០០ភាគរយ បើប៉ះ ២០ភាគរយ វាអាចដោះស្រាយ ប៉ុន្តែ កេរ្តិ៍ឈ្មោះវាលុបទៅលើអា ១០០ភាគរយ វាអាចធ្វើឱ្យប៉ះអីវ៉ាន់របស់គេ»។
លោក អាត់ ធន់ វិភាគថា បញ្ហនេះ វានឹងជំរុញឱ្យកម្មការិនីប្រឈមនឹងបញ្ហាធំៗបី បើរដ្ឋាភិបាលមិនទាន់រកការងារអ្វីផ្សេង មកជំនួសការងារក្នុងវិស័យកាត់ដេរបាននៅឡើយនោះ។
លោក អាត់ ធន់ បន្តថា៖ «កាលណាប៉ះគាត់ [កម្មករ] ពឹប គាត់នឹងជជែកជាមួយនិយោជក [ថៅកែ] ដើម្បីឱ្យបង់ប្រាក់ខែឱ្យគាត់។ បើបង់អត់គ្រប់ គាត់នឹងតវ៉ាជាមួយនិយោជក អាចស្នើមករដ្ឋាភិបាលអីផ្សេងៗ អាហ្នឹងជារឿងទី១។ រឿងទី២ បើគាត់អត់ការងារធ្វើ គាត់បាត់បង់ចំណូល បើបាត់បង់ចំណូល គាត់អត់មានលុយបង់ធនាគារ […] ហើយនៅក្នុងប្រទេសកម្ពុជាយើងពេលបច្ចុប្បន្ន ខ្ញុំមិនទាន់ឃើញការងារណាមកជំនួសកម្មករផ្នែកកាត់ដេរបានទេ»។
ប្រធានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក មឿន តុលា មានប្រសាសន៍ថា ឥទ្ធិពល EBA អាចនឹងធ្វើឱ្យកម្មការិនីមួយចំនួន ប្រឈមនឹងបញ្ហាធំ២ គឺការធ្វើចំណាកស្រុកទាំងប្រថុយប្រថាន ទៅរកការងារធ្វើនៅប្រទេសថៃ និងម៉ាឡេស៊ី និងទី២ ជំរុញឱ្យមានកំណើនការងារក្នុងក្លឹបកម្សាន្ត ហើយលោកថា បញ្ហានេះ ជាហានិភ័យសម្រាប់ស្ត្រីធ្លាក់ទៅក្នុងអំពើជួញដូរមនុស្ស។
អ្នកឃ្លាំមើលផ្នែកសិទ្ធិការងាររូបនេះ បង្ហាញការយល់ឃើញថា ចំណាកស្រុកកម្មការិនីខ្មែរ នឹងមិនត្រូវបានស្វាគមន៍ទេ បើប្រទេសថៃ ពេលនេះកំពុងជួបបញ្ហាដែរនោះ។
លោក មឿន តុលា ប្រាប់ថា៖ «ទី១ អាមេរិក បានដកប្រព័ន្ធអនុគ្រោះពន្ធពីប្រទេសថៃដែរ គឺ GSP ទៅលើវិស័យនាំចេញគ្រឿងសមុទ្រ ប៉ុន្តែ វាប៉ះទៅដល់វិស័យផ្សេងៗ។ ទី២ វាប៉ះពាល់ដោយ Covid-19 ក៏វាប៉ះទៅដល់សេដ្ឋកិច្ចក្នុងតំបន់ដែរ។ អ៊ីចឹងទៅ មិនដឹងថា តើប្រទេសនៅក្នុងតំបន់ហ្នឹង អាចស្រូបយកកម្លាំងពលកម្មពីកម្ពុជាបានប៉ុន្មានទេ»។
សាស្ត្រាចារ្យផ្នែកការទូត និងកិច្ចការពិភពលោកនៅសាកលវិទ្យាល័យ Occidental College ទីក្រុង Los Angeles លោកបណ្ឌិត អៀ សុផល បង្ហាញការយល់ឃើញថា បើសិនអឺរ៉ុបផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ ២០ភាគរយនៃការនាំចេញ វានឹងធ្វើឱ្យអត្រាបាត់បង់ការងារកាន់តែច្រើនក្នុងវិស័យកាត់ដេរ។
លោក អៀ សុផល មានប្រសាសន៍ទៀតថា ការបាត់បង់ការងារក្នុងវិស័យកាត់ដេរ វានឹងធ្វើឱ្យមានការត្រៀមខ្លួនក្នុងការជ្រើសរើសការងារថ្មីទាំងគ្មានជំនាញ។
សាស្ត្រាចារ្យនៅសហរដ្ឋអាមេរិករូបនេះ ចោទជាសំណួរថា តើកម្មការិនីទាំងនោះ អាចទៅធ្វើសំណង់បានទេ ហើយពួកគេអាចទៅបម្រើការងារក្នុងវិស័យទេសចរណ៍ទាំងមិនចេះនិយាយភាសារបរទេសបានទេ?
លោកបណ្ឌិត អៀ សុផល វិភាគថា បញ្ហានេះ វានឹងធ្វើឱ្យអត្រាកំណើនសេដ្ឋកិច្ច ឬ GDP របស់ប្រទេសធ្លាក់ចុះ បើប្រទេសមានប្រព័ន្ធច្បាប់មិនរឹងមាំ អំពើពុករលួយវានឹងកើនឡើងខ្ពស់។
លោក អៀ សុផល ប្រាប់ថា៖ «វាជារឿងទូទៅរបស់រដ្ឋាភិបាលទៅហើយដែលយើងគ្រប់គ្នាដឹងថា មានអំពើពុករលួយអាក្រក់បំផុតក្នុងលោកនោះ»។
ក្រោយសហភាពអឺរ៉ុប សម្រេចដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ សមាគមរោងចក្រកាត់ដេរកម្ពុជា GMAC អះអាងក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៧ ខែកុម្ភៈថា កម្មវិធីអនុគ្រោះពន្ធ បានស្រូបយកកម្លាំងពលកម្ម ៧៥ម៉ឺននាក់ ក្នុងវិស័យកាត់ដេរ និងបានរួមចំណែកទាញប្រជាជនកម្ពុជារាប់លាននាក់ចេញពីភាពក្រីក្រ។
GMAC ចាត់ទុកថា ការកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបនេះ វានឹងជំរុញឱ្យទៅរកភាពក្រីក្រវិញ។
ដូចគ្នានេះដែរ សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា ហៅការបាត់បង់អត្ថប្រយោជន៍នៃកម្មវិធីអនុគ្រោះពន្ធ EBA នៅក្នុងស្ថានភាពបច្ចុប្បន្នថា នឹងធ្វើឱ្យធ្លាក់ចុះនូវគុណតម្លៃ និងភាពសំខាន់នៃគម្រោងកម្មវិធីការងារសកល។
ក្រុមអ្នកជំនួញទាំងនោះ អះអាងទៀតថា ការបាត់បង់ការងារក្នុងវិស័យកាត់ដេរ នឹងនាំឱ្យមានមនុស្សជាច្រើនវិលត្រឡប់ទៅរកភាពលំបាកយ៉ាងខ្លាំង បន្ទាប់ពីបានខិតខំស្តារជីវភាពរយៈពេលជាច្រើនឆ្នាំមកនេះ។
ប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប បានផ្ដល់សិទ្ធិឱ្យកម្ពុជានាំចូលទំនិញគ្រប់យ៉ាងចូលទៅទីផ្សារសហភាពអឺរ៉ុបដោយរួចផុតពីកាតព្វកិច្ចបង់ពន្ធ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia Review កម្ពុជានាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់មានតម្លៃដល់ទៅ ៤.៦ពាន់លានដុល្លារ ទៅកាន់ពីទីផ្សារសហភាពអឺរ៉ុបនៅក្នុងរយៈពេល១១ខែឆ្នាំ២០១៩។
ប្រសិនបើកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះ EBA រាល់ទំនិញនាំចេញពីកម្ពុជាទៅកាន់ទីផ្សារសហភាពអឺរ៉ុប នឹងត្រូវជាប់កាតព្វកិច្ចបង់ពន្ធគយក្នុងអត្រាចន្លោះពី៨ភាគរយ ទៅ១៧ភាគរយ។
សហភាពអឺរ៉ុបលើកឡើងក្នុងសេចក្តីសម្រេចចុះថ្ងៃទី១២ ខែកុម្ភៈថា ការដក ២០ភាគរយលើមុខទំនិញ ៤០មុខ ជំហានដំបូងនេះ ទំនិញនាំចេញពីកម្ពុជាមានតម្លៃ ១ភាគ៥នៃទំនិញសរុបនាំចូលទៅទីផ្សារសហភាពអឺរ៉ុប នឹងត្រូវជាប់កាតព្វកិច្ចបង់ពន្ធគយ៕