លោក​ ហ៊ុន សែន ថា​ធុញ​ទ្រាន់​នឹង​មន្ត្រី​មាន​ប្រពន្ធ​ជា​ឈ្មួញ​ដី​បង្កើត​រឿង

លោក ហ៊ុន សែន ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូននិស្សិតសាលាភូមិន្ទរដ្ឋបាលជិត ៦០០នាក់ ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន/ Screenshot)

​លោក​នាយក​រ​ដ្ឋម​ន្ត្រី ​ហ៊ុន​ សែ​ន​ អះ​អាងថា ​​​លោក​ធុញ​ទ្រាន់នឹង​មន្ត្រីដែល​មាន​សមាជិក​ក្រុម​គ្រួសារ​លូក​ដៃ​ចូល​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​គ្រប់​គ្រង និង​ដឹកនាំ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ ដោយថា បញ្ហានេះជាផ្នែកមួយបង្ក​ឱ្យពលរដ្ឋស្អប់ថ្នាក់ដឹកនាំ។

ក្នុងពិធីចែកសញ្ញាបត្រឱ្យនិស្សិតនៅសាលាភូមិន្ទរដ្ឋបាល ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារនេះ លោក ហ៊ុន សែន ព្រមានថា លោកនឹងបន្តវះកាត់មន្ត្រីទាំងឡាយណាដែលពើងទ្រូង​តាំងខ្លួនជាចៅហ្វាយនាយពលរដ្ឋ។

មេដឹកនាំរូបនេះ បន្តរំឭកថា មន្ត្រីទាំងអស់ត្រូវចាំថា ពលរដ្ឋខ្មែរស្អប់បំផុតប្តីសក្តិ ៣ ប្រពន្ធសក្តិ៤ កូនសក្តិ៥ និងបានព្រមានជាប្រយោលថា លោកធុញទ្រាន់នឹងមន្ត្រីដែលបើកដៃឱ្យប្រពន្ធធ្វើជាឈ្មួញបង្កឱ្យមានជម្លោះដីធ្លី។

លោក ហ៊ុន សែន ថ្លែងថា៖ «មានកន្លែងខ្លះ ខ្ញុំនិយាយរួម ខ្ញុំមិនចេញឈ្មោះនរណាទេ ខ្ញុំធុញទ្រាន់ដែរៗដោយឃើញថា មន្ត្រីរបស់យើងមួយចំនួនបណ្តែតបណ្តោយឱ្យប្រពន្ធ និងកូនធ្វើរឿងមិនគប្បី​។ ដីធ្លី ទៅកន្លែងណាក៏ឮថា ដីធ្លីរបស់ប្រពន្ធលោកនេះ ប្រពន្ធលោកនោះ។ អ៊ីចឹង វាបង្កើតរឿងៗ។ ប៉ុន្តែ យើងក៏ប្រឹងអប់រំៗ»

បើតាមមេដឹកនាំរូបនេះ បើមន្ត្រីនៅថ្នាក់ស្រុក និងថ្នាក់ខេត្ត មិនអាចបំពេញតួនាទីបម្រើពលរដ្ឋបានល្អ ឬធ្វើឱ្យព​លរដ្ឋស្អប់ ពលរដ្ឋនឹងស្អប់ដល់នាយករដ្ឋមន្ត្រីផងដែរ។ លោកថា បញ្ហានេះមន្ត្រីទាំងអស់ត្រូវតែមានការប្រុងប្រយ័ត្ន។

អ្នកនាំពាក្យសមាគមអាដហុកការពារសិទ្ធិមនុស្ស លោក ស៊ឹង សែនករុណា ហៅសារក្រើនរំឭកនេះ​ថា នឹងគ្មានប្រសិទ្ធភាពទេ បើរដ្ឋាភិបាលមិនបង្កើតក្រុមការងារដែលមិនជាប់ពាក់ព័ន្ធទៅនឹងក្រុមហ៊ុន ចុះសិក្សាស្រាវជ្រាវរកការពិត និងចាត់វិធានការច្បាប់រកយុត្តិធម៌ឱ្យអ្នកភូមិ។

លោក ស៊ឹង សែនករុណា ប្រាប់ថា៖ «ការស្រាវជ្រាវហើយ ត្រូវតែមានវិធានការផ្លូវច្បាប់​របស់កម្ពុជា​យើងទៅ ខ្ញុំជឿថា ទាំងមន្ត្រី និងក្រុមគ្រួសា​​​រមន្ត្រីដែលមានអំណាចទាំងអស់ហ្នឹង នឹងមានការខ្លាចរអារ និងមិន​ប្រព្រឹត្តអំពើបែបហ្នឹងទៀតទេ»

បើតាមមន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សរូបនេះ ជម្លោះដីធ្លីដែលបានអូសបន្លាយពាក់ព័ន្ធនឹងមន្ត្រីមានអំណាច មាននៅខេត្តមណ្ឌលគិរី រតនគិរី និងខេត្តមួយចំនួនទៀត រួមទាំងខេត្តកំពង់ឆ្នាំងជាដើម ជាប់ពាក់ព័ន្ធជាមួយភរិយារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម។

អតីតគ្រូបង្រៀនដែលត្រូវបានបញ្ឈប់តួនាទីក្រោយចេញតវ៉ារឿងដីធ្លី នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អ្នកស្រី អ៊ុំ សុភី អះអាងថា ដីពួកគេជាង ១០០ហិកតា ប៉ះពាល់ ៤៩គ្រួសារ ត្រូវក្រុមហ៊ុន KDC របស់ភរិយា​លោក ស៊ុយ សែម ធ្វើរបងព័ទ្ធយកច្រើនឆ្នាំមកហើយ ទាំងមិនទាន់ផ្តល់ដំណោះស្រាយ​សព្វគ្រប់នៅឡើយ។

អ្នកស្រី អ៊ុំ សុភី ប្រាប់ថា៖ «អ្នកដែលមករំលោភបំពានដីរបស់ពួកខ្ញុំ គឺលោកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម។ គាត់មករំលោភបំពានដីរបស់ពួកខ្ញុំ ព្រោះពួកខ្ញុំមករស់នៅយូរហើយតាំងពីឆ្នាំ១៩៨២ បន្តបន្ទាប់មក។ បច្ចុប្បន្ននេះ នៅសល់តែ ​​​​៤៩គ្រួសារទេ។ អ៊ីចឹង ខ្ញុំសង្ឃឹមថា សម្តេច​នឹងបង្កើតក្រុមការងារចុះមកដោះស្រាយឱ្យពួកខ្ញុំ»

បើតាមតំណាងរូបនេះ ជម្លោះដីធ្លីនៅតំបន់នេះ កើតឡើងតាំងពីឆ្នាំ២០០៦។ អ្នកស្រីថា ជម្លោះដែលបានអូសបន្លាយ ១៤ឆ្នាំមកនេះ ធ្វើឱ្យតំណាងអ្នកតវ៉ាជិត ១០នាក់ជាប់ពន្ធនាគារ អ្នក​ភូមិ​ ១៥នាក់ផ្សេងទៀត កំពុងជាប់បណ្តឹងនៅតុលាការទៅ​តាមបណ្តឹងរបស់ក្រុមហ៊ុនភរិយាលោក ស៊ុយ សែម។

យោងតាម​របាយការណ៍​បូកសរុប​លទ្ធផល​ឆ្នាំ២០១៩​ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០២០​ ក្រសួងដែនដី បាន​ឱ្យ​ដឹង​ថា​ ចាប់តាំងពី​ឆ្នាំ២០១៦​ ដល់​ដំណាច់​ឆ្នាំ២០១៩​ ក្រសួង​ទទួល​បា​នប​ណ្ដឹ​ងវិវាទ​ដីធ្លី​ចំនួនជាង ២ពាន់ករណី (២០៩៦)​  ហើយដោះស្រាយ​បានជាង ៤ពាន់​ករណី​​ បញ្ចប់​វិវាទ​ទាំង​ស្រុង ២១១​ករណី ធ្វើ​លិខិត​ឆ្លើយ​តបទៅ​ម្ចាស់​បណ្ដឹ​ង និង​បង្វែរ​ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដោះ​ស្រាយ​ ២៦៧​ករណី។

ក្នុងពិធីថ្លែងសារពិសេសទៅកាន់ប្រជាពលរដ្ឋ កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រីបានព្រមានដែរថា ការរុះរើគណៈរដ្ឋមន្ត្រីនៅពេលខាងមុខ មន្ត្រីអសកម្មមួយចំនួននឹងត្រូវដកចេញ។

ទោះជាយ៉ាងណា អង្គការអន្តរជាតិក្លូបល វីតណេស (Global Witness) អំឡុងឆ្នាំ២០១៦ បានចេញរបាយការណ៍លាតត្រដាង​ពីអាណាចក្រ​​ជំនួញ​ត្រកូល ហ៊ុន។

របាយការណ៍នោះអះអាងថា មហាគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានសមាជិក​ ២១នាក់ រាប់ចាប់ពីកូនៗបងប្អូនបង្កើតរហូតដល់សាច់ថ្លៃ ក្មួយប្រុស ក្មួយស្រី និងប្ដីប្រពន្ធរបស់ពួកគេ មានភាគហ៊ុនធំៗក្នុងក្រុមហ៊ុនជាង ១០០ ដែល​មានដើមទុនសរុប​ជាង ២០០លានដុល្លារ។

របាយការណ៍បញ្ជាក់ថា ក្រុមហ៊ុនទាំងនោះមាននៅពាសពេញក្នុងវិស័យចំនួន ២០ រាប់ចាប់ពីវិស័យហិរញ្ញវត្ថុរហូតដល់វិស័យព្រៃឈើ ហើយមានកិច្ចសហការជាដៃគូជាមួយក្រុមហ៊ុនយីហោអន្តរជាតិធំៗ ក្នុងនោះរួមមានទាំងក្រុមហ៊ុន Apple និងក្រុមហ៊ុន General Electric ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ