ជប៉ុន​ស្នើ​កម្ពុជា​​កុំ​​បញ្ចេញ​​អត្ត​​សញ្ញាណ​​ទាំង​​ស្រុង​ បើ​​រក​​ឃើញ​​ពលរដ្ឋ​​ជប៉ុន​​ឆ្លង​​វីរុស​​កូរ៉ូណាថ្មី​

មន្ត្រី​សមត្ថកិច្ច​កម្ពុជា​ត្រួត​ពិនិត្យ​មើល​អ្នក​ដំណើរ​ឆ្លង​កាត់​ម៉ាស៊ីន​ស្កេន​ត្រួត​ពិនិត្យ​រក​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី កំឡុងតែមករា ឆ្នាំ២០២០។ (នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC)

ជប៉ុនស្នើរដ្ឋាភិបាលកម្ពុជាឱ្យរក្សាព័ត៌មានផ្ទាល់ខ្លួនរបស់ជនជាតិជប៉ុន ប្រសិនបើក្រសួងសុខាភិបាលរកឃើញថា មានជនជាតិជប៉ុនណាម្នាក់ដែលកំពុងស្នាក់នៅប្រទេសកម្ពុជា មានផ្ទុកវីរុសកូរ៉ូណា (COVID-19) នោះ។

ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មានចុះថ្ងៃទី២៤ ខែកុម្ភៈ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានស្នើមកក្រសួងឱ្យជូនដំណឹងទៅម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ កុំឱ្យធ្វើការផ្សព្វផ្សាយព័ត៌មានផ្ទាល់ខ្លួនរបស់ពលរដ្ឋ​ជប៉ុន ប្រសិនបើក្រសួងសុខាភិបាលរកឃើញថា ជនជាតិជប៉ុនមានផ្ទុកវីរុសកូរ៉ូណាថ្មីនោះ។

សេចក្ដីជូនដំណឹងដដែលថា ស្ថានទូតជប៉ុន បាន​ស្នើ​បែប​នេះ បន្ទាប់​ពី​មើលឃើញថា ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា បាន​បង្ហាញ​ទាំង​ស្រុង​នូវ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​បុគ្គល ដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងលេខលិខិតឆ្លងដែន បន្ទាប់ពីក្រសួងសុខាភិបាលបានរកឃើញជនជាតិចិនម្នាក់នៅខេត្តព្រះសីហនុ មានផ្ទុកវីរុសកូរ៉ូណាថ្មី កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។

ករ​ណីនេះ ក្រសួងព័ត៌មានស្នើទៅម្ចាស់ប្រព័ន្ធផ្សព្វផ្សាយមិនត្រូវផ្សាយជាសាធារណៈ បង្ហាញព័ត៌មានទាក់ទងឯកជនភាពដូចជាឈ្មោះ រូបថត ថ្ងៃខែឆ្នាំកំណើត និងលិខិតឆ្លងដែន បើសិនជាអ្នកផ្ទុកវីរុសកូរ៉ូណាមិនបានអនុញ្ញាត។

​អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ផុស សុវណ្ណ បន្ថែមថា ក្រសួងព័ត៌មានក៏ជូនដំណឹងនេះទៅស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតផងដែរ។

លោក ផុស សុវណ្ណ ប្រាប់ថា៖ «យើងបានជូនព័ត៌មានទៅគ្រប់អ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័នទាំងអស់​ ហើយយើងសង្ឃឹមថា អ្នកនាំពាក្យទាំងអស់​ ក៏គាត់បានយល់ និងជ្រាប​រឿងទាំងអស់ហ្នឹងហើយ ព្រោះយើងមាន Group [គ្រុប] អ្នកនាំពាក្យ​រដ្ឋាភិបាល Group អ្នកនាំពាក្យមន្ទីរព័ត៌មានគ្រប់រាជធានី-ខេត្ត​ ដើម្បីជូនដំណឹងឱ្យគាត់ជ្រាបដែរ»

នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ម៉ៃ ទិត្យថារ៉ា ចាត់ទុកសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មានទៅប្រព័ន្ធផ្សព្វផ្សាយ និងក្រសួងពាក់ព័ន្ធថា ជារឿងត្រឹមត្រូវ ដោយលោកហៅ ការបញ្ចេញអត្តសញ្ញាណទាំងស្រុងនេះថា ធ្វើឱ្យប៉ះពាល់កិត្តិយសបុគ្គល។

លោក ម៉ៃ ទិតថារ៉ា ប្រាប់ថា៖ «អាហ្នឹងយោងទៅតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលទេ។ ​ប្រសិនបើក្រសួងសុខាភិបាលគាត់បញ្ចេញឈ្មោះ​អីហើយ អ៊ីចឹងអ្នកសារព័ត៌មាន​​យើងនឹងធ្វើការផ្សាយទៅតាមហ្នឹងហើយ។ សំខាន់ក្រសួងសាម៉ីទេ​​ថា តើគាត់ជាអ្នកសម្រេចចិត្ត​ខ្លួនគាត់ថា តើ​គួរតែបង្ហាញ​ ឬក៏មិនបានបង្ហាញអត្តសញ្ញា​ណ ព្រោះអ្នកសារព័ត៌មានគាត់ធ្វើតាមសេចក្ដីប្រកាសរបស់គេទេ»។

អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា ក្រសួងមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយ។ លោកស្រីបន្តថា ប្រសិនបើស្ថានទូតជប៉ុនស្នើសុំមិនឱ្យបង្ហាញ​អត្ត​សញ្ញាណ​ទាំង​ស្រុង​បែប​នេះ លោកស្រីថា ក្រសួងអនុវត្តតាមសំណើនោះ។​

អ្នកស្រី ឱ វណ្ណឌីន ប្រាប់ថា៖ «​បើអត់មាន [ស្នើសុំ] ទេ អាហ្នឹងអាស្រ័យទៅលើសាច់រឿងទេ ប៉ុន្តែ ​សំខាន់យើងមានភាពច្បាស់លាស់ ហើយកុំឱ្យមានការលើកឡើងថា ​មានការលាក់លៀម។​ ​​ពេលខ្លះថា និយាយមិនច្បាស់​អ៊ីចឹង។ អ៊ីចឹង កន្លែងនេះ វាជាគោលការណ៍​ យើងនឹងអនុវត្តទៅតាមការស្នើសុំ​របស់ស្ថានទូតហ្នឹងហើយ»។

កាលពីថ្ងៃទី២៧ ខែមករា​ ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានធ្វើសន្និសីទសារព័ត៌មានមួយ បន្ទាប់ក្រសួងរកឃើញ​​ការ​ឆ្លង​វីរុស​កូរ៉ូណា​លើក​ដំបូង​ទៅ​លើ​បុរស​ជន​ជាតិ​ចិនម្នាក់ និង​សមាជិក​ក្រុម​គ្រួសារ​លោក ៣​រូប​ទៀត បាន​ធ្វើ​ដំណើរ​មក​ដល់​ខេត្ត​ព្រះសីហនុ។ ក្នុងសន្និសីទនោះ ក្រសួងបានបញ្ចេញ​អត្ត​សញ្ញា​ណទាំង​ស្រុង​របស់​ជនជាតិចិនទាំងនោះដល់អ្នកសារព័ត៌មានផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ