ក្រសួងអប់រំច្រានចោលព័ត៌មានមិនប្រក្រតីជុំវិញការរត់ការដំឡើងឋានន្តរសក្តិ

រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា លោក ហង់ ជួនណារ៉ុន ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានកាលពីពេលកន្លងទៅ។ (វីអូឌី)

ក្រសួងអប់រំ​បានច្រានចោលព័ត៌មាន​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ថា មានមិនភាព​ប្រក្រតីពាក់ព័ន្ធនឹងរត់ការ ដើម្បីដំឡើងតួនាទី និងឋានន្តរ​សក្តិ និងកាំប្រាក់ ធ្វើឱ្យប៉ះពាល់កិត្តិយសធ្ងន់ធ្ងរលើស្ថាប័នអប់រំនៅកម្ពុជា។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន​​នៅ​ថ្ងៃ​នេះ ក្រសួងអប់រំ យុវជន និងកីឡា បានច្រានចោលព័ត៌មានកាលពីពេលថ្មីៗនេះថា មានព័ត៌មានមិនប្រក្រតី​ពាក់ព័ន្ធនឹងរត់ការ ដើម្បីដំឡើងតួនាទី ឋានន្តរសក្តិ និងកាំប្រាក់ជាដើម។

ក្រសួងចាត់ទុកសកម្មភាពទាំងនេះថា ធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងក្រមសីលធម៌វិជ្ជាជីវៈបុគ្គលិកអប់រំ ព្រមទាំងកិត្តិយសស្ថាប័ន​អប់រំយ៉ាងធ្ងន់ធ្ងរផងដែរ។

សេចក្តីប្រកាសព័ត៌មានដដែល ក្រសួង​អប់រំ​បញ្ជាក់ថា ការដំឡើងឋានៈ តួនាទី​សម្រាប់មន្ត្រីគ្រប់គ្រង​គ្រប់លំដាប់ថ្នាក់ តាមឋានានុក្រម ការផ្លាស់ប្តូរក្របខណ្ឌមន្ត្រីរាជការស៊ីវិល អាចធ្វើតាមការប្រឡងជ្រើសរើសរបស់ក្រសួងនីមួយៗ ដែល​ត្រូវ​បាន​កំណត់ដោយរដ្ឋាភិបាល និងអនុវត្តតាមច្បាប់ដែលនៅជាធរមាន តាមរយៈគណៈកម្មការវាយតម្លៃការងារបុគ្គលិក និងលក្ខណៈវិនិច្ឆ័យតាមច្បាប់ជាដើម។

ដោយឡែក ការផ្លាស់ប្តូរឋានន្តរសក្តិ និងថ្នាក់មន្ត្រីរាជការស៊ីវិល ក្រសួង​អះ​អាង​ថា ត្រូវធ្វើតាមវេនជ្រើសរើស និងអតីតភាព ដែល​មាន​រយៈពេលកំណត់អប្បបរមាសម្រាប់ការដំឡើងថ្នាក់ ០២ឆ្នាំ និងមានការស្នើសុំត្រឹមត្រូវតាមច្បាប់ និងឋានានុក្រមដែលសាម៉ីជននៅក្រោមបង្គាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ