AIP ជំរុញ​ឱ្យ​ពង្រឹង​ការ​អប់រំ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ដល់​យុវជន​

ចរាចរតាមដងផ្លូវមួយកន្លែង នៅក្នុងក្រុងភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

អង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា(AIP) ជំរុញឱ្យមានការពង្រឹងបន្ថែមលើការអប់រំចំណេះដឹងផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយសារក្រុមនេះទទួលរងគ្រោះច្រើនជាងគេក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។​

ទិន្នន័យ៤៥ភាគរយនៃចំនួនអ្នកស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ចេញដោយគណកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០១៩ បង្ហាញថា ជាយុវជនអាយុចន្លោះពី១៥ ដល់២៩ឆ្នាំ។ ផ្នែកតាមទិន្នន័យនេះ អង្គការមូលនិធិបង្ការរបួសអាស៊ី(AIP) បង្កើតសិក្ខាសាលាបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់សាស្ត្រាចារ្យមកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន​២៥រូប ធ្វើជាគ្រូបង្គោល សម្រាប់យកចំណេះដឹងទាំងនេះ ទៅអប់រំដល់សិស្សនិស្សិតបន្តទៀត។​

អង្គការមូលនិធិបង្ការរបួសអាស៊ីបង្កើតសិក្ខាសាលារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ បណ្តុះបណ្តាលគ្រូបង្គោលស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់បណ្តុះបណ្តាល និងអប់រំនៅតាមគ្រឹះស្ថានឧត្តមសិក្សា។

នាយកប្រចាំប្រទេសកម្ពុជានៃអង្គការមូលនិធិបង្ការរបួសអាស៊ី លោក គឹម បញ្ញា ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល​ថា គ្រោះថ្នាក់ចរាចរណ៍ធ្វើឱ្យមានចំនួនអ្នកស្លាប់ និងរបួសក្នុងឆ្នាំ២០១៩ មានការកើនឡើងគួរឱ្យព្រួយបារម្ភ ហើយប៉ះពាល់ខ្លាំងដល់យុវជន។​

លោក គឹម បញ្ញា៖ «កាលឆ្នាំ២០១៨ យុវជនមានអាយុចន្លោះពី១៥ឆ្នាំ ទៅ២៩ឆ្នាំ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ គឺមានចំនួនប្រមាណ២០ដងច្រើនជាងការបូកបញ្ចូលគ្នា រវាងអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងគ្រាប់មីន»

តាមរយៈលោក គឹម បញ្ញា អង្គការAIP បានតម្រង់ទិសដៅអប់រំអំពីគ្រោះថ្នាក់ចរាចរណ៍ដល់យុវជន-និស្សិត ដោយលោកយល់ឃើញថា ក្រោយពេល យុវជន-និស្សិតទទួលបានចំណេះដឹងទូលាយ ពួកគេមិនត្រឹមតែជួយខ្លួនគេឱ្យបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍នោះទេ ថែមទាំងជួយចែករំលែកសារ ឬធ្វើការអប់រំផ្សព្វផ្សាយដល់សមាជិកគ្រួសារ មិត្តភក្តិ និងសហគមន៍របស់ពួកគេផងដែរ។

សាស្ត្រាចារ្យភាសាអង់គ្លេសមកពីសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ដែលកំពុងសិក្សាវគ្គបណ្តុះបណ្តាលនេះ លោក អ៊ីវ ផល្លា ថ្លែងថា ការកកស្ទះ និងការបើកបររញ៉េរញ៉ៃលើដងផ្លូវ ដោយសារអ្នកបើកបរមួយចំនួនមិនយល់ពីច្បាប់ចរាចរណ៍ច្បាស់លាស់នោះទេ ដោយពួកគេគ្មានការយោគយល់គ្នា ជិះដោយលើសល្បឿន ឬយឺតពេក។ លោកបន្តថា ពេលនេះលោកយល់ពីការបញ្ចៀស និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។

លោក ផល្លា៖ «ខ្ញុំនឹងយកអ្វីដែលខ្ញុំចេះដឹងពីកម្មវិធីនេះ ទៅផ្សព្វផ្សាយបន្តដល់និស្សិតនៅសាកលវិទ្យាល័យ សមាជិកគ្រួសារ និងមនុស្សដែលខ្ញុំស្គាល់ ដើម្បីកាត់បន្ថយឱ្យបាននូវគ្រោះថ្នាក់ចរាចណ៍លើដងផ្លូវ»។

របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១៩ កើតឡើងជាង៨ពាន់ករណី មានអ្នកស្លាប់ជាង៤ពាន់នាក់ ក្រសួងមហាផ្ទៃបានប្រកាសអាសន្នពីការកើនឡើងនៃគ្រោះថ្នាក់ចរាចរណ៍នេះ និងបានដាក់ផែនការរឹតបណ្តឹងការអនុវត្តច្បាប់ស្តីពីសុវត្ថិភាពចរចារណ៍ផ្លូវគោកទូទាំងប្រទេស។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ