ក្រសួង​ព័ត៌មាន​ព្រម​ឱ្យ​វិទ្យុ​សំបុក​ឃ្មុំ​ជួល​ម៉ោង​ផ្សាយ​ឱ្យ​VOA​ឡើង​វិញ​ ប៉ុន្តែ​ត្រូវ​ធ្វើ​លិខិត​ស្នើ​សុំ​

ប្រធានវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ ក្នុងជំនួបពិភាក្សាការងារជាមួយលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន កាល​ពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងព័ត៌មាន។ (វេបសាយ ក្រសួងព័ត៌មាន)

ប្រធានវិទ្យុសំបុកឃ្មុំ បានឱ្យដឹងថា ក្រសួងព័ត៌មានបានអនុញ្ញាតឱ្យស្ថានីយ៍នេះជួលម៉ោងផ្សាយកម្មវិធីរបស់វិទ្យុសម្លេងសហរដ្ឋអាមេរិក (វីអូអេ) ឡើងវិញ ប៉ុន្តែ ត្រូវមានការស្នើសុំជាលាយលក្ខណ៍អក្សរស្របតាមលក្ខខណ្ឌច្បាប់។

ប្រធានវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ បានប្រាប់វីអូឌីនៅថ្ងៃនេះថា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានប្រាប់លោកថា ឱ្យធ្វើលិខិតជាលាយលក្ខណ៍អក្សរ រួចផ្ញើទៅក្រសួង ដើម្បីស្នើសុំជួលម៉ោងផ្សាយកម្មវិធីរបស់វិទ្យុវីអូអេ នៅក្នុងវិទ្យុសំបុកឃ្មុំឡើងវិញ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំមិនទាន់ឱ្យដំណឹងទៅវិទ្យុវីអូអេផង ហើយខ្ញុំនឹងផ្តល់ដំណឹងទៅឱ្យគេ [អ្នកគ្រប់គ្រងវិទ្យុវីអូអេ] ហើយទុកឱ្យគេដោះស្រាយទៅ ប៉ុន្តែ ជារឿងរបស់គេ។ ឥឡូវ ពីម្សិលមិញ ខ្ញុំបានភ្លើងខៀវហើយ ដូច្នេះខ្ញុំនឹងផ្សព្វផ្សាយ​ ពេលណាដែលវិទ្យុវីអូអេចង់ផ្សាយតាមរលកធាតុអាកាសវិទ្យុសំបុកឃ្មុំ»។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (ខេមបូចា) លោក ម៉ៃ ទិត្យថារ៉ា មានប្រសាសន៍ថា ការបើកភ្លើងខៀវរបស់ក្រសួងព័ត៌មាន អនុញ្ញាតឱ្យវិទ្យុ VOA ជួលម៉ោងផ្សាយនៅតាមវិទ្យុសំបុកឃ្មុំនោះ ជាសញ្ញាវិជ្ជមានមួយក្នុងការបើកលំហសេរីភាពសារព័ត៌មាន។ ​ប៉ុន្តែ លោកបញ្ជាក់ថា លំហសេរីភាពនេះស្ថិតនៅក្រោមលក្ខខណ្ឌរឹតត្បិតសេរីភាពដដែល។

លោកផ្តល់ជាអនុសាសន៍ថា ដើម្បីកុំឱ្យរងការរិះគន់រដ្ឋាភិបាលជុំវិញការរឹតត្បិតសេរីភាពសារព័ត៌មាន ក្រសួងត្រូវអនុញ្ញាតឱ្យវិទ្យុ និងកាសែតឯករាជ្យមួយចំនួនបានដំណើរការឡើងវិញ ដោយមិនដាក់ឱ្យស្ថិតនៅក្រោមលក្ខខណ្ឌអ្វីទាំងអស់។

លោកមានប្រសាសន៍ថា៖ «គួរតែមានការផ្តល់នូវលំហូរនៃសេរីភាពសារព័ត៌មានឡើងវិញ ដោយពុំបាច់ដាក់លក្ខខណ្ឌ ហើយមិនបាច់មានការរើសអើង គឺវិទ្យុដែលធ្លាប់ដំណើរការពីមុន អាចដំណើរការឡើងវិញទៅ។ ហើយស្ថាប័នព័ត៌មានមួយចំនួនដែលបានបិទទ្វារកន្លងមក អាចដំណើរការឡើងវិញទៅ ខ្ញុំគិតថា វាបង្ហាញថា ​រដ្ឋាភិបាលមានបំណងបើកលំហូរនៃសេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជាយើងឡើងវិញ»។

ស្ថានីយ៍​វិទ្យុក្នុង​ស្រុក​ជាច្រើន និង​ទូរទស្សន៍​ជាង៣០ស្ថានីយ៍ ក្នុង​នោះ​មាន​ទូរទស្សន៍​ជាតិ​កម្ពុជា (TVK) វិទ្យុស្ត្រីកម្ពុជា និងវិទ្យុសំបុកឃ្មុំជាដើម បាន​ជួល​ម៉ោង​ផ្សាយ និង​ទទួល​ផ្សាយ​កម្មវិធី​ព័ត៌មាន​ផលិត​ឡើង​ដោយ​​វិទ្យុអាស៊ី​សេរី និងវិទ្យុ​វីអូអេ នៅ​មុន​ការ​បង្ក្រាប​របស់រដ្ឋាភិបាល​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧​កន្លង​មក។

វិទ្យុ​អាស៊ី​សេរី និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក បាន​សម្រេច​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​កម្ពុជា នៅ​ឆ្នាំ​២០១៧។ កាល​ណោះ ​ក្រសួង​ពាក់ព័ន្ធ​ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ក្រោយ​រក​ឃើញ​ថា វិទ្យុ​ទាំង​ពីរ​នេះបាន​បើក​ការិយាល័យ​របស់​ខ្លួន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​មិន​បាន​បង់​ពន្ធ​ជូន​រដ្ឋ​។

ក្រោយពីវិទ្យុទាំងនោះប្រកាសបិទទ្វារបានប្រហែលជា១សប្តាហ៍ ​​កាសែត​ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដែល​ចេញ​ផ្សាយ​ប្រចាំ​ថ្ងៃ​ជា​ភាសា​អង់គ្លេស​នោះ បានសម្រេច​បញ្ឈប់​ការ​ចេញ​ផ្សាយ​របស់​ខ្លួន​ផង​ដែរ​ជុំ​វិញ​បញ្ហា​ពន្ធ​ ៦.៣​លាន​ដុល្លារ ដែល​រដ្ឋាភិបាល​កម្ពុជា​អះ​អាង​ថា កាសែត​មួយ​នេះ​មិន​បាន​បង់​ពន្ធ​ក្នុង​រយៈ​ពេល ១០​ឆ្នាំ​ចុងក្រោយ​។

ទោះយ៉ាងណាក៏ដោយ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ​ក្រសួងព័ត៌មាន បានចេញសេចក្តីប្រកាសព័ត៌មាន មួយដោយអនុញ្ញាតឱ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក បានដំណើរការឡើងវិញ ប៉ុន្តែ បានដាក់លក្ខខណ្ឌឱ្យគោរពតាមរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីរបបសារព័ត៌មាន ក្រមសីលធម៌អ្នកសារព័ត៌មាន បទបញ្ជា កិច្ចសន្យា និងសេចក្តីណែនាំពាក់ព័ន្ធវិស័យព័ត៌មាន និងសោតទស្សន៍នៃព្រះរាជាណាចក្រកម្ពុជា។ ករណីប្រព្រឹត្តបទល្មើស ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ