ប្រជា​សហគមន៍​នៅ​ត្បូងឃ្មុំ​ផ្លាស់​វេន​គ្នា​ដេក​យាម​ដី បារម្ភ​ក្រុមហ៊ុន​ចិន​ឈូស​ឆាយ​យក​

ប្រជាពលរដ្ឋនៅក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បរិភោគអាហារពេលយប់នៅកន្លែងដែលពួកគេដេកយាមដី នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។ (ផ្តល់ឱ្យដោយប្រជាសហគមន៍)

ប្រជា​សហគមន៍​ភូមិ​បុស្ស​ស្នោ​រ និង​ភូមិ​ស្រែប្រាំង​ ក្នុង​ឃុំ​ត្រពាំងព្រីង​ ស្រុក​តំបែរ​ ខេត្ត​ត្បូងឃ្មុំ​ ជាង១០០គ្រួសារ​ បាន​ផ្លាស់វេន​គ្នា​យាម​ដីស្រែ​ និង​ដីចម្ការ​របស់​ពួកគាត់​ ក្នុង​ទំហំ​ជាង១០០០ហិ​កតា​ ទាំងថ្ងៃទាំងយប់​ ដោយ​បារម្ភ​ខ្លាច​ក្រុមហ៊ុន​ចិន​មួយ​ចុះ​អភិវឌ្ឍន៍​តំបន់​នោះ​ឈូស​ឆាយ​យក​។

ប្រជាពលរដ្ឋនៅក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ រារាំងគ្រឿងចក្រក្រុមហ៊ុន ចិនហាមីនីវីង អីនវេសមេន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។ (ផ្តល់ឱ្យដោយប្រជាសហគមន៍)

ប្រជាសហគមន៍មួយរូបគឺលោក សែម ចាន់សុង ​បានឱ្យ VOD ដឹងថា កាលពីមុន ប្រជាសហគមន៍គ្រាន់តែបានជិះ​ឃ្លាំមើលការឈូសឆាយដីរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ​។ ប៉ុន្តែ ចាប់ពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ​២០២០នេះ ប្រជាសហគមន៍ប្រមាណ១០០នាក់ បា​នដាក់វេនគ្នានៅចាំយាមដីសហគមន៍ទាំងនោះ ទាំងយប់ទាំងថ្ងៃ។

លោក សែម ចាន់សុង៖ «ដូរវេនគ្នាពេលថ្ងៃ៥០ ទៅ៦០នាក់​ទៅ យប់៥០ ទៅ៦០នាក់ទៀត។ ពេលថ្ងៃ អ្នករវល់ការងារអញ្ចឹងគេមកធ្វើការសិន ដល់ពេលយប់បានគេទៅម្ដង ហើយដូរគ្នាម្នាក់ម្ដង»។

ប្រជាសហគមន៍មួយរូបទៀតគឺលោក ថា លីដា ​ថ្លែងថា ដីជាង១០០០ហិកតារបស់ប្រជាពលរដ្ឋ១២០គ្រួសារ នៅក្នុងភូមិបុស្សស្នោរ និងភូ​មិស្រែប្រាំង ត្រូវក្រុមហ៊ុនចិនមួយឈ្មោះ ហាមីនីវីង អីនវេសមេន បំពានយកគ្រឿងចក្រឈូសឆាយយកជាបន្តបន្ទាប់។

លោក ថា លីដា៖ «ខាងប្រជាពលរដ្ឋមានការព្រួយបារម្ភជាខ្លាំង ដោយសារតែឥឡូវនេះ ខាងក្រុមហ៊ុនមិនបានធ្វើកិច្ចសន្យា ​ឬមួយក៏លក្ខខណ្ឌអីមួយជាមួយប្រជាពលរដ្ឋ នៅពេលប្រជាពលរដ្ឋឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុន គឺខាងក្រុមហ៊ុនមិនបានធ្វើកិច្ចសន្យាថា ឈប់ចូលនៅហ្នឹងនោះទេ ពេលដែលគេចូល ហើយប្រជាពលរដ្ឋមកឃាត់ គឺគេមានតែសុំដកគ្រឿងចក្រគេទៅវិញនោះទេ»។

ប្រជាសហគមន៍ម្នាក់ទៀត អ្នកស្រី ម៉ៅ សេងហាក់ ថ្លែងថា ពួកគាត់កំពុងជួបការលំបាកខ្លាំងផ្នែកជីវភាពដោយសារមិនមានពេលទៅធ្វើការរកលុយផ្សេង ដោយចំណាយពេលច្រើនយាមដី។​

ប្រជាពលរដ្ឋជាស្ត្រីនៅក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ រើសគ្រំ ធ្វើម្ហូបអាហារពេលពួកគេយាមដី នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។ (ផ្តល់ឱ្យដោយប្រជាសហគមន៍)

អ្នកស្រី ម៉ៅ សេងហាក់៖ «កំពុងតែជួបការលំបាកណាស់បងអើយ។ ចង់ដាច់បាយហើយ ឥឡូវនេះអ្នកខ្លះចុះរាវគ្រំមកហូប ហើយខ្លះនៅយាមដី»។​

អភិបាលស្រុក​តំបែរ​ លោក សុខ សារិទ្ធ អះអាងថា បញ្ហាដីធ្លីនៅក្នុងឃុំត្រពាំងព្រីងនេះ គឺបានដោះស្រាយរួចយូរហើយ ព្រមទាំងបានកំណត់យ៉ាងច្បាស់ថា ដីកន្លែងណាជាដីកាន់កាប់ដោយក្រុមហ៊ុន និង​​ដី​​កន្លែង​​​​ណាជាដីរបស់ប្រជាពលរដ្ឋ។ លោកបន្តថា ករណីគ្រឿងចក្រក្រុមហ៊ុនឈូសឆាយនេះ មិនប៉ះពាល់​​ដល់​​ដី​​កសិកម្ម​ប្រជាពល​រដ្ឋនោះទេ គឺឈូសតែដីផ្លូវចូលទៅក្រុមហ៊ុនប៉ុណ្ណោះ។

លោក សុខ សារិទ្ធ៖ «បើនិយាយទៅ កាលពីយើងសម្របសម្រួលហ្នឹង ខាងថ្នាក់ជាតិ និង​​ថ្នាក់​​​​ក្រោមជាតិ គឺបានសម្របសម្រួលព្យាយាមអស់ហើយ ហើយក៏ផ្ដល់ឱកាសជូនដល់បងប្អូនតាំងពី​​២០១៥ ​​តាំងពី​​មានទំនាស់ដំបូង គេដោះតាំងពី២០១៥ ដល់២០១៨ ហើយទុកលទ្ធភាពឱ្យគាត់បានយល់ ហើយ​​ទទួល​​ស្គាល់នូវ​​ការដោះស្រាយដោយអាជ្ញាធរមានសមត្ថកិច្ច តែគ្រាន់តែថា មានបងប្អូនយើងមួយចំនួន​គាត់អត់ព្រមទទួល​​យក​​តាមការសម្របសម្រួលហ្នឹង ហើយក៏នៅបន្តរកាំរកូស»។

ផ្ទុយពីការអះអាងរបស់អភិបាលស្រុក ប្រជាពលរដ្ឋដែលផ្លាស់វេនគ្នាយាមដីនេះ អះអាងថា គ្រឿងចក្រមិនមែនឈូសឆាយធ្វើផ្លូវទេ គឺឈូសយកដីស្រែ និងចម្ការរបស់ពួកគាត់តែម្តង ហើយមួយរយៈនេះក៏មានការប៉ះទង្គិចគ្នាខ្លះៗរវាងខាងក្រុមហ៊ុន និងប្រជាពលរដ្ឋបន្តបន្ទាប់។​

ប្រជាពលរដ្ឋនៅក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ រារាំងគ្រឿងចក្រក្រុមហ៊ុន ចិនហាមីនីវីង អីនវេសមេន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។ (ផ្តល់ឱ្យដោយប្រជាសហគមន៍)

មេឃុំត្រពាំងព្រីង លោក មុំ សាប៊ុន ឱ្យដឹងថា បើទោះជាមានការកំណត់ព្រំប្រទល់រវាងដីក្រុមហ៊ុន និងដីពលរដ្ឋហើយក៏ដោយ ក៏ពេលខ្លះក្រុមហ៊ុននៅតែឈូសឆាយហួសចូលដីមិនទាន់ដោះស្រាយចប់។ លោកថា លោកមិនមានលទ្ធភាពទប់ស្កាត់សកម្មភាពក្រុមហ៊ុនបានទេ។​​

លោក មុំ សាប៊ុន៖ «សម្រាប់ថ្នាក់ឃុំចុះបិទផ្សាយហាមឃាត់តំបន់ណាដែលមិនទាន់ដោះស្រាយទាំងក្រុមហ៊ុនចិន ទាំងពលរដ្ឋដែលពាក់ព័ន្ធ យើងត្រៀមចាំការដោះស្រាយរបស់ខាងលើ ប៉ុន្តែ កន្លែងខ្លះ គេអត់ព្រមស្តាប់តាមបទបញ្ជាផងហ្នឹង នៅតែឈូសឆាយដដែលៗ ដូចក្រុមហ៊ុនចិនថ្ងៃមុនអញ្ចឹង មកឈូសឆាយចំកន្លែងហាមឃាត់»។

រយៈពេល៣ថ្ងៃកន្លងទៅនេះ ក្រុមការងារវីអូឌី បានព្យាយាមស្វែងរកមធ្យោបាយទំនាក់ទំនងទៅក្រុមហ៊ុនចិននេះ ដើម្បីសុំការឆ្លើយតប ដោយសួរទៅប្រជាសហគមន៍ សួរទៅមេឃុំត្រពាំងព្រីង មន្ត្រីលីកាដូនៅត្បូងឃ្មុំ និង ស្វែងរកតាម​អ៊ីនធឺណិត ប៉ុន្តែ មិនអាចរកទីតាំងក្រុមហ៊ុន ឬមធ្យោបាយទំនាក់ទំនងផ្សេងៗទៀតបានទេ។

មន្ត្រីរបស់អង្គការលីកាដូ​ដែលតាមដានករណីនេះ លោក វ៉ន សេងពៅ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធស៊ើបអង្កេតរកមូលហេតុពិតនៃជម្លោះឱ្យឃើញ ហើយដោះស្រាយឱ្យមានយុត្តិធម៌ ទើបភាគីទាំងសងខាងមានក្រុមហ៊ុន និង ប្រជាពលរដ្ឋសុខចិត្ត។​

លោក វ៉ន សេងពៅ៖ «យើងចង់ឱ្យមានការដោះស្រាយបែបតម្លាភាពរវាង​ពលរដ្ឋ និងក្រុមហ៊ុន អញ្ចឹងទី១​​ក្រសួង​​ពាក់​​​​​ព័ន្ធ​​​​​​ដែលធ្វើការ​​​​ទៅលើវិវាទដីធ្លីហ្នឹង គួរណាស់តែធ្វើការដោះស្រាយ និងសិក្សាដល់មូលដ្ឋានតែម្ដង សិក្សាដល់​​មូលដ្ឋាន​​ហើយសិក្សាអំពីប្រវត្តិនៃការបង្កឱ្យមានជំលោះក្នុងរឿងហ្នឹង ថាតើអ្វីជាប្រភពនៃទំនាស់នៅក្នុងរឿងហ្នឹង។ ប្រសិន​​បើ​​យើងមិន​បានរកប្រភព និងមូលហេតុដែលបង្កឱ្យមានទំនាស់ទេ អ្វីជា​​​បញ្ហានៅក្នុងរឿងហ្នឹង​​ទេ ទោះបីយើង​​ខំ​​សម្រេច​​យ៉ាង​​​​​​ណា ក៏ពលរដ្ឋគាត់គិតថា យើងមាន​​ការលំអៀងទៅភាគីខាងនេះភាគីខាងនោះ»។

កាលពីខែកក្កដា ឆ្នាំ២០១៩​ កន្លងទៅ ក្រសួងរៀបចំដែនដី​​ នគរូបនីយកម្ម និងសំណង់ បានបដិសេធ មិន​​ដោះ​​ស្រាយបញ្ហាដីធ្លីនៅក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំនេះទេ ដោយលើកហេតុផលថា ទីតាំងដីក្នុងភូមិបុស្សស្នោរ និងភូមិស្រែប្រាំងនេះ គឺប្រជាពលរដ្ឋបានលក់ឱ្យក្រុមហ៊ុន ហាមីនីវីង អីនវេសមេន តាំងពីឆ្នាំ២០១១មកម្ល៉េះ ហើយ​​ក្រសួង​​បានចុះបញ្ចីជូនក្រុមហ៊ុនរួចរាល់ហើយដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ