ក្រសួង​ផែនការ​ធ្វើ​ជំរឿន​ឆ្នាំ​២០១៩ ប្រជាជន​កើន​ឡើង​ជិត​២​លាន​នាក់​បើ​ធៀប​នឹង​ឆ្នាំ​២០០៨​

ពលរដ្ឋធ្វើចរាចរណ៍តាមដងវិថីមួយកន្លែងក្នុងក្រុងភ្នំពេញ។ (ជន ចាន់រ៉ែន/ មករា ២០២០)

ក្រសួងផែនការបានឱ្យដឹងថា ជំរឿនទូទៅប្រជាជនឆ្នាំ២០១៩ មានការកើនឡើងជិត២លាននាក់ បើធៀបនឹងឆ្នាំ២០០៨ ប៉ុន្តែ តួលេខនេះមិនរាប់បញ្ចូលពលករធ្វើការនៅក្រៅប្រទេសនោះឡើយ។

ក្នុងសន្និសីទសារព័ត៌មាន កាលពីម្សិលមិញ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានស្ថិតិ នៃក្រសួងផែនការ លោកស្រី ហង់ លីណា បានថ្លែងថា តួលេខបណ្តោះអាសន្នក្នុងទូទាំងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ប្រជាជនសរុបមានចំនួន ១៥ ២៨៨ ៤៨៩នាក់ ក្នុងនោះ មានប្រុស ៧ ៤១៨ ៥៧៧នាក់ និងស្រី ៧ ៨៦៩ ៩១២នាក់។ ចំនួនប្រជាជនសរុបកើនឡើង ១ ៨៩២ ៨០៧នាក់ ស្មើនឹង១៤,១ភាគរយ រយៈពេល១១ឆ្នាំ រវាងឆ្នាំ២០០៨ និងឆ្នាំ២០១៩។ តួលេខទាំងនេះ មិនរាប់បញ្ចូលពលករធ្វើការនៅក្រៅប្រទេសឡើយ។

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានស្ថិតិ នៃក្រសួងផែនការ លោកស្រី ហង់ លីណា ថ្លែងក្នុងសន្និសីទមួយស្ដីពីការធ្វើជំរឿនប្រជាជនក្នុងឆ្នាំ២០១៩ វិទ្យាស្ថានស្ថិតិ នៃក្រសួងផែនការ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។ (ហ្វេសប៊ុក វិទ្យាស្ថានជាតិស្ថិតិ National Institute of Statistics)

លោកស្រីបញ្ជាក់ថា លទ្ធផលនៃការធ្វើជំរឿនទូទៅប្រជាជន ឆ្នាំ២០១៩ មានតម្លាភាព និងត្រឹមត្រូវ រហូតដល់៩៧,៥ភាគរយ ដែលអាចឱ្យស្ថាប័នពាក់ព័ន្ធយកទៅប្រើប្រាស់តាមតម្រូវការ ពិសេសសម្រាប់ការយកទៅធ្វើផែនការផ្សេងៗ ខណៈតួលេខនេះ ក៏ត្រូវបានបញ្ជូនទៅអង្គការសហប្រជាជាតិផងដែរ។

មន្ត្រីក្រសួងផែនការបានឱ្យដឹងទៀតថា លទ្ធផលផ្លូវការនៃការធ្វើជំរឿនទូទៅប្រជាជនឆ្នាំ២០១៩ នឹងត្រូវបង្ហាញជាផ្លូវការ នៅខែកក្កដា ឆ្នាំ២០២០ ក្រោយបិទបញ្ចប់ទាំងស្រុងផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ