ពលរដ្ឋ​ជិត​៤០​គ្រួសារ​នៅ​ខណ្ឌ​ដង្កោ​ ជំរុញ​ទៅ​សាលា​រាជធានី​ភ្នំពេញ​ចេញ​បណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​

ប្រជាសហគមន៍តាតុកប្រហែល១០០នាក់ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក បានប្រមូលផ្តុំតវ៉ាមុខសាលារាជធានីភ្នំពេញ ដើម្បីតាមដានញត្តិ និងស្នើពន្លឿនចេញបណ្ណកម្មសិទ្ធិដីធ្លី នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។ (ឃុត សុគន្ធ)

ប្រជាពលរដ្ឋ ៣៨គ្រួសារ នៅសហគមន៍តាតុក ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បានជំរុញទៅសាលារាជធានីភ្នំពេញចេញបណ្ណកម្មសិទ្ធិដីធ្លី ដោយបារម្ភខ្លាចមានការបណ្តេញចេញទាំងបង្ខំ ខណៈអាជ្ញាធរថា ពួកគេរស់នៅលើដីរដ្ឋខុសច្បាប់។

ប្រជាសហគមន៍តាតុកប្រហែល១០០នាក់ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក បានប្រមូលផ្តុំតវ៉ាមុខសាលារាជធានីភ្នំពេញនៅថ្ងៃនេះ ដើម្បីតាមដានញត្តិ និងស្នើពន្លឿនចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពួកគេ។

អ្នកស្រី ឈូក អឿន ដែលអះអាងថា ជាតំណាងប្រជាពលរដ្ឋ ប្រាប់វីអូឌីថា កន្លងមក អាជ្ញាធរមូលដ្ឋានអះអាងថា ពួកគាត់បានរស់នៅប្រឡាយ០៣ ដែលគ្រោងអភិវឌ្ឍន៍ ខណៈដែលពួកគាត់បានទៅរស់នៅតំបន់នោះតាំងពីឆ្នាំ២០០២ ដោយពុំមានអាជ្ញាធរណាចុះទៅហាមឃាត់ឡើយ។

តំណាងពលរដ្ឋរូបនេះបន្តថា កន្លងមក សាលារាជធានីភ្នំពេញបានបង្កើតគណៈកម្មការចម្រុះ ដើម្បីដោះស្រាយផលប៉ះពាល់ជូនពលរដ្ឋ ប៉ុន្តែថា រហូតពេលនេះ ពុំមានអាជ្ញាធរណាចុះដោះស្រាយជូនពលរដ្ឋនោះទេ។

អ្នកស្រីបន្ថែម៖ «ពួកខ្ញុំឱ្យសម្តេចតេជោជួយបញ្ហាហ្នឹងដល់កូនចៅផង ព្រោះកូនអត់មានដីមានផ្ទះនៅទេ។ ម្នាក់ៗមានដីតែបន្តិចបន្តួចទេ បើសិនជាដូចពាក្យអាជ្ញាធរមូលដ្ឋានថា រស់នៅប៉ះពាល់ប្រឡាយ០៣ទៀត។ អីចឹងពួកខ្ញុំអត់មានផ្ទះនៅទេ។ ហើយមួយទៀត ពួកខ្ញុំមកនេះ ចង់ឱ្យពួកគាត់ឆ្វៀលដីចេញពីប្រឡាយ និងអភិវឌ្ឍតាមគម្រោងរបស់ប្រជាពលរដ្ឋ និងទាមទារបណ្ណកម្មសិទ្ធិ»

អ្នកស្រី ប៉ោ ស្រីម៉ៅ ដែលអះអាងថា ជាតំណាងពលរដ្ឋម្នាក់ទៀត និយាយថា ការពន្យារពេលមិនដោះស្រាយនេះ បានធ្វើឱ្យអ្នកភូមិមានការព្រួយបារម្ភពីការបណ្តេញចេញពីលំនៅឋានទាំងបង្ខំដូចសហគមន៍ផ្សេងៗទៀតនៅរាជធានីភ្នំពេញ។

តំណាងពលរដ្ឋរូបនេះបន្តថា ប្រសិនបើរដ្ឋាភិបាលមិនដោះស្រាយឱ្យទេ គឺពួកគាត់ប្រឈមគ្មានកន្លែងសម្រាប់រស់នៅ បាត់បង់មុខរបរ និងកូនៗអាចបាត់បង់ការសិក្សាជាដើម។

អ្នកស្រីថា៖ «រឿងនេះ ពួកយើងមានការបារម្ភច្រើន ព្រោះការងារពួកយើងក៏នៅទីនោះ កូនៗពួកយើងនៅជិតសាលារៀនស្រាប់ ហើយនៅទីនោះក៏នៅជិតមន្ទីរពេទ្យដែរ។ មានការរើចេញ ឬដោះដូរនឹងធ្វើប៉ះពាល់ដល់ជីវភាពគ្រួសាររបស់ពួកយើង កូនៗអាចបាត់បង់ការសិក្សា និងបាត់បង់មុខរបរជាដើម»

ទោះយ៉ាងណា ការប្រមូលផ្តុំជួបជុំគ្នារបស់ប្រជាពលរដ្ឋនៅមុខសាលារាជធានីភ្នំពេញនៅព្រឹកនេះ គឺអ្នកភូមិមិនបានជួបជាមួយតំណាងសាលារាជធានីភ្នំពេញនោះទេ ដោយសារសន្តិសុខនៃស្ថាប័នមួយនេះ បានដេញពលរដ្ឋចេញមិនឱ្យប្រមូលផ្តុំនៅទីនោះ ដោយថា នៅសាលារាជធានីភ្នំពេញមានការប្រជុំពិសេស។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង មានប្រសាសន៍ថា សាលារាជធានីភ្នំពេញកំពុងប្រជុំគណៈកម្មការប្រើប្រាស់ដីរដ្ឋ ដើម្បីពិចារណាដោះស្រាយលើករណីនេះ។

លោកបន្ថែមថា៖ «គាត់ទាមទារកម្មសិទ្ធិ ប៉ុន្តែ យើងក៏មិនទាន់រុះរើគាត់ដែរ។ គាត់នៅបណ្តោះអាសន្នសិនចុះ។ យើងកំពុងពិចារណាដោះស្រាយលើបញ្ហាហ្នឹង។ ប៉ុន្តែ ការដោះស្រាយហ្នឹង គឺវាត្រូវទៅតាមច្បាប់ទំលាប់ដែរ»។

នាយករងអង្គការលីកាដូទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្ស លោក អំ សំអាត មានប្រសាសន៍ថា ការអភិវឌ្ឍវារឿងល្អមួយ ប៉ុន្តែ រដ្ឋាភិបាលត្រូវតែដោះស្រាយសំណងជូនប្រជាពលរដ្ឋឱ្យបានសមរម្យ និងចៀសវាងដេញពលរដ្ឋចេញទាំងបង្ខំ ដែលធ្វើឱ្យប៉ះពាល់សិទ្ធិមនុស្ស។

លោកបន្ថែមថា៖ «ជាបទពិសោធកន្លងមក ឃើញថា ការបណ្តេញចេញដោយបង្ខំនេះ វាធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរណាស់សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ទី១ សម្ភារផ្ទះសម្បែងរបស់ពួកគាត់ត្រូវបានខ្ទេចខ្ទី ដោយសារការរុះរើនៃការដេញចេញដោយបង្ខំហ្នឹង។ ទី២ បាត់បង់ទីជំរក បាត់បង់មុខរបរ កូនចៅរបស់ពួកគាត់អាចបាត់បង់ការសិក្សា និងនាំឱ្យមានចំណាកស្រុកជាដើម»។

កាលពីខែឧសភា ឆ្នាំ២០១៩ មន្ទីររៀបចំដែនដីរាជធានីភ្នំពេញ បានដាក់លិខិតមួយទៅសាលារាជធានីភ្នំពេញដោយអះអាងថា ប្រជាពលរដ្ឋ៣៨គ្រួសារនៅសហគមន៍តាតុក ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក គឺកំពុងរស់នៅប៉ះពាល់លើប្រឡាយ០៣ ដែលគ្រោងអភិវឌ្ឍ ដើម្បីរំដោះទឹកប្រើប្រាស់នៅរដូវវស្សា និងរដូវប្រាំង និងជាគម្រោងដែលត្រូវអភិវឌ្ឍនៅពេលអនាគតផងដែរ ដោយមិនអាចចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋបានឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ