កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ព្រៃវែង​​បញ្ជូន​កង​វិស្វកម្ម​​ម្នាក់​​ទៅ​តុលាការ ក្រោយ​វាយ​ពលរដ្ឋ​ដល់​ផ្ទះ​

សកម្មភាពវាយតប់គ្នាពីសំណាក់ក្រុមវិស្វកម្មក្រសួងការពារជាតិទៅលើប្រជាពលរដ្ឋដល់ផ្ទះ ដែលហេតុការណ៍នេះកើតឡើងនៅភូមិពងទឹក ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០។ (ហ្វេសប៊ុក Të Ãv/ Screenshot)

មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង អះអាងថា សមត្ថកិច្ចបានបញ្ជូនមន្ត្រីយោធាកងវិស្វកម្មក្រសួងការពារជាតិម្នាក់ទៅសាលាដំបូងខេត្ត កាលពីថ្ងៃទី២៦ ខែកុម្ភៈ និងកំពុងស្វែងរក​ចាប់​ខ្លួនបក្សពួកផ្សេងទៀត ក្រោយពីពួកគេបានលើកគ្នាទៅវាយប្រជាពលរដ្ឋដល់ផ្ទះ។ ​

ក្នុងវីដេអូឃ្លីបរយៈពេល​ជិត ១នាទី ដែលគេបានចែកចាយតាមបណ្តាញសង្គមហ្វេសប៊ុក ដោយឈ្មោះ Të Ãv ក្រុមមន្ត្រីយោធាកងវិស្វកម្មក្រសួងការពារជាតិ ដែលស្លៀកខោប៉ារ៉ា ដៃកាន់ដំបង​ដេញវាយប្រជាពលរដ្ឋចូលដល់ផ្ទះកាលពីថ្ងៃទី២៣ ខែកុម្ភៈ ស្ថិតនៅភូមិពងទឹក ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង។

ក្នុងហេតុការណ៍នោះ ប្រជាពលរដ្ឋចាប់ខ្លួនមន្ត្រីយោធាកងវិស្វកម្មក្រសួងការពារជាតិម្នាក់ប្រគល់ឱ្យប៉ូលីស។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង លោក ឈួន គឹមសាន ប្រាប់វីអូឌីកាលពីថ្ងៃទី២៦ ខែកុម្ភៈ ថាសមត្ថកិច្ចកំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងៗទៀត ដែលបានដេញវាយប្រជាពលរដ្ឋចូលដល់ផ្ទះ។ ដោយឡែក មន្ត្រីយោធាកងវិស្វកម្មនៃក្រសួងការពារជាតិម្នាក់ដែលប្រជាពលរដ្ឋឃាត់ខ្លួនបាននោះ លោកថា សមត្ថកិច្ចបានបញ្ជូនទៅតុលាការខេត្តរួចហើយ។

លោកថា៖ «រឿងហ្នឹងមាន ប៉ុន្តែ ស្ថិតនៅក្នុងការស្រាវជ្រាវ មិនទាន់ថាអ្នកណាជាអ្នកណាទេ កិច្ចការងារ​នេះ នៅក្នុងការស្រាវជ្រាវ។​ រីឯអ្នកដែលគេឃាត់បាន​ គឺនីតិវិធីយើងប្រគល់ឱ្យតុលាការ​ យ៉ាងម៉េចអាហ្នឹងជាសិទ្ធិតុលាការ ​ខាងខ្ញុំ​កំពុងកសាងនីតិវិធីមិនទាន់ចប់ទេ»។ ​

វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលាដំបូងខេត្តព្រៃវែង លោក ញ៉ឺក វ៉ាន្នី បានទេ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា តុលាការនឹងស៊ើបអង្កេតករណីនេះ។

លោកថា៖ «រឿងនេះ ជាអំពើហិង្សា និងវិវាទកើតឡើង។ អ៊ីចឹងទេ យន្តការដោះស្រាយគឺតាមផ្លូវតុលាការ។ តុលាការនឹងធ្វើការស៊ើបអង្កេតជនដៃដល់ និងអ្នកសមគំនិតទាំងប៉ុន្មាន គឺទទួលខុសត្រូវតាមផ្លូវច្បាប់ទៅតាមទង្វើ និងសកម្មភាពដែលខ្លួនបានប្រព្រឹត្ត»។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានប្រាប់​អ្នកសារព័ត៌មាន​វីអូឌីឱ្យសាកសួរសមត្ថកិច្ចខេត្តព្រះវែង នៅពេល​សាកសួរជុំ​វិញ​ចំណាត់ការរបស់​ក្រសួងលើករណីនេះ។

លោកមានប្រសាសន៍ថា៖ «សួរខ្ញុំ ខ្ញុំនៅភ្នំពេញតើឥឡូវ! ខ្ញុំមិនមែននៅព្រៃវែងទេ សួរនៅព្រៃវែងយកទិដ្ឋភាពពិត ខ្ញុំនៅភ្នំពេញតើ»។

មេភូមិពងទឹក លោក ហ៊ន នាង បានរៀបរាប់ប្រាប់វីអូឌីថា ដំបូងឡើយប្រជាពលរដ្ឋ និងកងវិស្វកម្មក្រសួងការពារជាតិ បានប៉ះពាល់ពាក្យសម្ដីគ្នានៅភូមិរកាដុះ ក្រោយមកប្រជាពលរដ្ឋក៏នាំគ្នាត្រឡប់មកផ្ទះវិញ ប៉ុន្តែនៅពេលមកដល់ផ្ទះ កងវិស្វកម្មនាំគ្នាប្រមាណ១៦នាក់ មកវាយអ្នកភូមិដល់ផ្ទះតែម្ដង។

លោកថា៖ «បានវាយគ្នា ​ហើយប្រជាពលរដ្ឋដែលនៅក្នុងភូមិពងទឹកក៏បានឡើងឡានដឹកដីមកផ្ទះវិញ ​មកដល់ប្រហែល១០នាទីជាង កងវិស្វកម្ម​ដឹកគ្នាមកមួយឡាន​ បានវាយតប់គ្នា»។​

ប្រជាពលរដ្ឋម្នាក់នៅភូមិពងទឹក ឃុំក្រាំងតាយ៉ង ស្រុកពាមជរ សុំមិនបញ្ចេញឈ្មោះ អះអាងប្រាប់វីអូឌីនៅថ្ងៃនេះថា ក្រុមកងវិស្វកម្មបានជិះរថយន្តមួយគ្រឿង​នាំគ្នាលើកគ្នាមកវាយអ្នកភូមិដល់ផ្ទះ ដោយមិននិយាយហេតុផលអ្វីឡើយ។

ពលរដ្ឋរូបនោះប្រាប់ថា៖ «គាត់ចុះមក អត់មានបានសួរនាំ​​រកអ្នកមានរឿងជាមួយគាត់ទេ ​ឬយ៉ាងម៉េចទេ​​ គាត់ចូលមករុកចូលវាយយកតែម្ដង។ សកម្មភាពហ្នឹងវាសាហាវ លើសពីសាហាវ ​​​មើលតាមវីដេអូហ្នឹង វាយ៉ាងម៉េចខ្លះ ​អ្នកភូមិខ្ញុំមិនមែនអ្នកលេងទេ នៅក្នុងភូមិមានតែចាស់នៅហ្នឹង»។ […] ពួកគាត់ជិះឡានពីកិប ​ពេលគាត់មកដល់ភ្លាម គាត់លោត​ចុះមក ហើយគាត់រុកចូលមកកន្លែងកាហ្វេតែម្ដង ហើយមានទាំងដំបង សោរ ​បំពង់ទៀប ពូថៅ»។

អ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា បើមានករណីនេះកើតឡើង លោកថា រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធគួរតែចុះទៅស៊ើបអង្កេត និងចាត់វិធានការ ប្រសិនបើរកឃើញថា មន្ត្រីទាំងនោះប្រើអំពើហិង្សាលើប្រជាពលរដ្ឋពិតមែន សមត្ថកិច្ចត្រូវចាប់ខ្លួនមន្ត្រីរូបនោះមកផ្ដន្ទាទោសតាមច្បាប់។

លោកថា៖ «គួរតែមានវិធានការ ដាក់ពិនិត្យរដ្ឋបាល បើរកឃើញពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌណា ត្រូវតែមានការអនុវត្តច្បាប់ និងផ្ដន្ទាទោសតាមច្បាប់ ដើម្បីកុំឱ្យមានវប្បធម៌និទណ្ឌភាពកើតឡើង។ មានន័យថា អ្នកប្រព្រឹត្តបទល្មើសនៅតែមិនទទួលទោស ធ្វើឱ្យអ្នកទាំងអស់ហ្នឹង មិនរាងចាល គាត់អត់មានខ្លាចច្បាប់ទេ នៅតែប្រព្រឹត្តបទល្មើសដដែល ដោយអត់មានការភ័យខ្លាចផ្លូវច្បាប់»។

បើតាមមេភូមិពងទឹក លោក ហ៊ន នាង អះអាងថា ក្រុមវិស្វកម្មបានទៅវាយប្រជាពលរដ្ឋដល់ផ្ទះ នៅភូមិពងទឹក ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង នៅម៉ោង ២:៣០នាទីរសៀល កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយពីមានទំនាស់ពាក្យសម្ដីនឹងគ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ