លោក ស ខេង៖សាលារៀនដែលខ្ញុំធ្វើ​កន្លងមក​មានច្រើនណាស់ តែខ្ញុំមិនចង់ដាក់ឈ្មោះខ្ញុំទេ

លោក ស ខេង ថ្លែងក្នុងពិធី​ចុះពិនិត្យ និងព្យាបាលជម្ងឺ ដោយឥតគិតថ្លៃរបស់គ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅថ្ងៃនេះ ក្នុងអនុវិទ្យាល័យ សម្ដេចឪ ស្រុកកំចាយមារ ខេត្តព្រៃវែងនាថ្ងៃទី១ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ហ្វេសប៊ុក លោក ស ខេង)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អះអាងថា សាលារៀនដែលលោកចូលរួមកសាងកន្លង​មកនៅតាម​បណ្តា​​ខេត្តមួយចំនួន ជាពិសេសខេត្តព្រៃវែង គឺមិនដាក់ឈ្មោះខ្លួនឯងទេ សុខចិត្តដាក់ឈ្មោះមេដឹកនាំផ្សេង​ជំនួស​វិញ។

ក្នុងពិធីចុះពិនិត្យ និងព្យាបាលជម្ងឺ ដោយឥតគិតថ្លៃរបស់គ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅថ្ងៃនេះ ក្នុងអនុ​វិទ្យា​ល័យ​សម្ដេចឪ ស្រុកកំចាយមារ ខេត្តព្រៃវែង លោក ស ខេង ថ្លែងថាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា តែង​តែ​យកចិត្ត​ទុកដាក់ជួយធ្វើផ្លូវ និងសាលារៀនជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយសារដឹងគុណប្រជា​ពលរដ្ឋដែលបោះ​ឆ្នោតគាំទ្រគណបក្សកាន់អំណាច។

លោក ស ខេង បញ្ជាក់ថា នៅពេលកសាងសមទ្ធិផលជូនប្រជាពលរដ្ឋ ជាពិសេសសាលារៀន​នៅស្រុកកំចាយ​មារ ខេត្តព្រៃវែង លោកមិនដាក់ឈ្មោះខ្លួនឯងទេ សុខចិត្តដាក់ឈ្មោះលោក ជា ស៊ីម លោក ហេង សំរិន និង​លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន ជំនួសវិញ។

លោក​មានប្រសាសន៍ថា៖ «សាលារៀនដែលខ្ញុំធ្វើកន្លងមកមានច្រើនណាស់ តែខ្ញុំមិនចង់ដាក់ឈ្មោះខ្ញុំទេ តែ​ខ្ញុំ​ដាក់​​ឈ្មោះ សម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេច ហ៊ុន សែន»។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ការលើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃលោក ស ខេង ជាគំនិតផ្ទាល់ខ្លួនរបស់គាត់តែប៉ុណ្ណោះ។ ប៉ុន្តែលោកសង្កេតឃើញថា​ សាលារៀនមួយចំនួនដែលដាក់ឈ្មោះមេដឹកនាំដដែលៗ ដោយសារអ្នករត់ការមួយចំនួនចង់​បានប្រយោជន៍​ផ្ទាល់ខ្លួន។ ករណីនេះធ្វើឲ្យពលរដ្ឋសព្វថ្ងៃ មានចម្ងល់ថាថវិកាដែលសង់សាលារៀនជារបស់បុគ្គលឬ​ជា​របស់​រដ្ឋ។

ទោះជាបែបនេះក្តីមន្ត្រីសង្គមស៊ីវិលរូបនោះផ្តល់ជាអនុសាសន៍ថា រដ្ឋាភិបាលកសាងសាលារៀន​ ត្រូវដាក់ឈ្មោះតាមកេរ្តិ៍តំណែលរបស់ដូនតាទុកឲ្យដោយថាដើម្បីកុំឲ្យបាត់បង់អត្តសញ្ញាណរបស់ជាតិ ។

លោកផ្តល់ជាអនុសាសន៍ថា៖ «ខ្ញុំយល់ថា រក្សាឈ្មោះ[សាលារៀន]ពីដើមរៀងមក ឈ្មោះទីកន្លែងនៅប្រទេស​កម្ពុជានេះ ជាប់ជំពាក់ជំពិនជាមួយប្រវត្ត ទីកន្លែង ភូមិសាស្ត្រ ហើយក៏វាជាតំបន់មួយដែលមានការ​ពាក់ព័ន្ធ​អំពី​ទំនាក់ទំនង​ភូមិសាស្ត្រ សាវតា ទឹកដីរបស់កម្ពុជាដែរ ដូច្នេះដែលដូនតាដាក់ឲ្យគួរតែរក្សាទុកឲ្យបានថិតថេរ»។

យោងតាមស្ថិតិ និងសូចនាករអប់រំសាធារណៈឆ្នាំសិក្សា​២០១៨-២០១៩ បង្ហាញ​ថាប្រទេសកម្ពុជាមាន​សាលារៀនសាធារណៈរបស់​រដ្ឋដែល​រាប់​ពីថ្នាក់មតេយ្យរហូតដល់ថ្នាក់​វិទ្យាល័យ​មាន​ចំនួន១៣៣០០៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ