លោក​ ហ៊ុន​ សែន​ ហៅ​អ្នក​ផ្សាយ​ព័ត៌មាន​មិន​ពិត​ពី COVID-19 ថា​ជា​ភេរវករ​

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកអ្នកផ្សព្វផ្សាយព័ត៌មានមិនពិតពីជំងឺរលាកផ្លូវដង្ហើមថ្មី COVID-19 ថាជាភេរវករ ដោយថា វាបានបង្កឱ្យមានចលាចលក្នុងសង្គម។

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅរាជធានីភ្នំពេញ នាថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវកុំឱ្យពលរដ្ឋតក់ស្លុតនឹងជំងឺរលាកផ្លូវដង្ហើមថ្មី COVID-19 ដែលកំពុងរាតត្បាតលើបណ្តាប្រទេសមួយចំនួនលើពិភពលោក និងបានព្រមានថា អ្នកផ្សព្វផ្សាយព័ត៌​មានមិនពិតពីករណីនេះនៅ​កម្ពុជាថាជាភេរវករ។

លោកថា៖ «ការបំផុសព័ត៌មានដ៏អាក្រក់ពីជនទុច្ចរិត នៅខាងមុខ ខ្ញុំនឹងចាត់ទុកអ្នកឯងថាជាពួកភេរវករ ព្រោះការបំផុសព័ត៌មានពីការដួលស្លាប់អាជំងឺ COVID-19 នេះ វាអត់មាននរណាទៅប្រកាច់ងាប់ទេ កុំឆ្ងល់។ វាមិនមែនដើរតុកៗទៅដួលងាប់ដូចដាច់សរសៃឈាមទេ ដើរទៅសួរលើពិភពលោកទៅ»។

មេដឹកនំារូបនេះហៅសារព្រមាននេះថា ជាវិធានការទប់ស្កាត់ព័ត៌មានក្លែងក្លាយដែលលោកចាត់ទុកថាជាក្រុមបំពុលសង្គម។

ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវទៅមន្ត្រីជំនាញ និងពលរដ្ឋកម្ពុជា កុំឱ្យតក់ស្លុត បើករណីនេះវាកើតមាននៅកម្ពុជាមែន ដោយថា រដ្ឋាភិបាលបានត្រៀមវិធានការសង្គ្រោះរួចរាល់ហើយ។

លោកថា៖ «យើងសព្វថ្ងៃនេះ អ្វីដែលយើងការពារបានគឺការពារកុំឱ្យវាឆ្លងប៉ុណ្ណឹង។ ប៉ុន្តែ និយាយដូច្នេះ មិនមែនមានន័យថា យើងមិនរៀបចំទេ នៅភ្នំពេញរៀបចំនៅមន្ទីរពេទ្យខ្មែរ-សូវៀត។ ឥឡូវ ត្រូវខិតខំ​ម្ខាងកុំឱ្យមេរោគនេះឆ្លងចូលក្នុងប្រទេស ក្នុងករណីដែល [COVID-19] ចូលមកហើយ ក៏សុំកុំតក់ស្លុតឱ្យសោះ អាជំងឺតក់ស្លុត វានាំទៅដល់ជំងឺដែលមិនត្រូវងាប់ក៏បានដែរ»

បើតាមនាយករដ្ឋមន្ត្រី គិតត្រឹមថ្ងៃចន្ទនេះ ជំងឺរលាកផ្លូវដង្ហើមថ្មី បានឆ្លងរាលដាលទៅលើ៥១ប្រទេសហើយ ក្នុងនោះប្រទេសចិន មានអ្នកស្លាប់ និងឆ្លងច្រើនជាងគេ បន្ទាប់មកជប៉ុន និងកូរ៉េខាងត្បូង។

នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅ ខេមបូចា លោក ម៉ៃ ទិត្យថារ៉ា មានប្រសាសន៍ថា ការបង្ហោះសារ ឬផ្សព្វផ្សាយព័ត៌មានមិនពិត ហៅព័ត៌មានក្លែងក្លាយថាជាគ្រោះថ្នាក់ដល់សង្គម។

ប៉ុន្តែ អ្នកជំនាញផ្នែកសារព័ត៌មានរូបនេះអះអាងទៀតថា ជាគ្រោះថ្នាក់សង្គមដូចគ្នា បើការផ្សាយពីការផ្ទុះមេរោគ COVID-19 ជាការពិត តែស្ថាប័នពាក់ព័ន្ធព្យាយាមបិទបាំង ដោយគ្រាន់តែប្រើពាក្យថា ជាព័ត៌មានក្លែងក្លាយ។

លោកថា៖ «សម្រាប់ខ្ញុំ។ ខ្ញុំគិតថា រដ្ឋាភិបាលគួរតែផ្ញើសារលើកទឹកចិត្តទៅដល់អ្នកសារព័ត៌មានឱ្យគាត់ព្យាយាមផ្សព្វផ្សាយតែព័ត៌មានពិត នៅក្នុងកាលៈទេសៈនេះ ជាជាងគំរាមកំហែងដោយយកលេសថា ជាព័ត៌មានមិនពិត មកគំរាមកំហែងដាក់អ្នកសារព័ត៌មាន»។

ក្រសួងព័ត៌មានកាលពីម្សិលមិញ បានអំពាវនាវដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ចាត់វិធានការម្ចាស់គណនី និងទំព័រហ្វេសប៊ុកមួយចំនួនដែលបង្ហោះព័ត៌មានក្លែងក្លាយ ទាក់ទងនឹងជំងឺផ្លូវដង្ហើមបង្កឡើងដោយវីរុសកូរ៉ូណាថ្មី ឬ COVID-19 នេះ។

តាមទិន្ន័យរបស់សកលវិទ្យាល័យជនហបឃីន (johns Hopkins CSSE) របស់អាមេរិក គិតត្រឹមម៉ោង២ ថ្ងៃចន្ទនេះ អ្នកស្លាប់ដោយសារ COVID-19 នេះ មានជាង៣ពាន់នាក់ (៣០៤៨) ឆ្លងទៅដល់មនុស្សជិត ៩ម៉ឺននាក់ (៨៩០៧៣) អ្នកព្យាបាលជាមានជាង ៤ពាន់នាក់ (៤៥០៩៥)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ