សកម្មជនដីធ្លីនៅខេត្តកោះកុង អះអាងថា រដ្ឋបាលខេត្តមួយនេះមានការរើសអើងមិនចង់ឱ្យពួកគេប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ខណៈតំណាងអ្នកភូមិដាក់លិខិតជូនដំណឹងទៅសាលាខេត្ត ប៉ុន្តែ មន្ត្រីមិនព្រមទទួលយក។
អ្នកស្រី ដេត ហួរ ដែលអះអាងថា លិខិតដែលពួកគាត់ដាក់ទៅសាលាខេត្តនោះ គឺតំណាងឱ្យសហគមន៍ចំនួន៣ ដែលមានជម្លោះដីធ្លី មានពលរដ្ឋចំនួន១ ១០៨គ្រួសារ។ តាមគម្រោង ពួកគាត់នឹងរៀបចំប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ៨មីនា នៅថ្ងៃទី៥ ខែមីនាខាងមុននេះ ក្រោមប្រធានបទ«ភាពប្រឈមរបស់ស្រ្តីដើរតវ៉ារឿងដីធ្លី»។
តំណាងពលរដ្ឋរូបនេះឱ្យដឹងថា កាលពីម្សិលមិញនេះ តំណាងប្រជាពលរដ្ឋបានយកលិខិតទៅដាក់នៅសាលាខេត្តកោះកុង ដើម្បីជូនដំណឹងពីការប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ៨មីនា នៅភូមិតាថោង ឃុំដងពែង ប៉ុន្តែរដ្ឋបាលខេត្តកោះកុងមិនទទួលយកលិខិតរបស់អ្នកភូមិនោះទេ ដោយថា ពួកគាត់គ្មានសិទ្ធិរៀបចំពិធីនេះឡើយ។
អ្នកស្រីបន្ថែមថា៖ «ពេលពួកយើងទៅដាក់លិខិតហ្នឹង សាលាខេត្តគេបដិសេធមិនទទួលយកលិខិតពួកយើង និងបានស្តីបន្ទោសមកលើពួកយើងយ៉ាងខ្លាំង។ ខ្ញុំគិតថា អាជ្ញាធរខេត្តគេអត់ចង់ឱ្យពួកយើងប្រារព្ធធ្វើទិវាសិទ្ធិនារីនេះទេ។ គេថា យើងគ្មានសិទ្ធិធ្វើទេ។ និយាយទៅ គាត់រើសអើងពួកខ្ញុំតែម្តង»។
អ្នកស្រី អិត តឹង ដែលអះអាងថា ជាតំណាងប្រជាពលរដ្ឋដែរនោះ និយាយថា ស្ត្រីសកម្មជនដីធ្លីនៅខេត្តកោះកុង បានរងអំពើហិង្សា រងការគំរាមកំហែង និងមានការរំលោភសិទ្ធជាច្រើនពីសំណាក់អាជ្ញាធរ ខណៈសកម្មជនដីធ្លីទាំងនោះចេញដើរតវ៉ាដីធ្លីពេលកន្លងមក។
អ្នកស្រីបន្ថែមថា៖ «សកម្មជនដីធ្លីជាស្ត្រី ពេលគាត់ដើរតវ៉ាមានការរំលោភសិទ្ធិយ៉ាងខ្លាំងពីខាងអាជ្ញាធរ ឬសមត្ថកិច្ច ដូចជាពួកខ្ញុំឡើងទៅតវ៉ាអីចឹង មានវាយដំច្រំធាក់ផង។ ហើយសមត្ថកិច្ចតាមភូមិឃុំបានតាមយាមល្បាតឃ្លាំមើលពួកខ្ញុំគ្រប់ពេលវេលា។ បើនិយាយពីសិទ្ធិវិញ គឺពួកខ្ញុំអត់មានសិទ្ធិសោះ»។
អភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី បានច្រានចោលការលើកឡើងនេះ។ លោកថា រហូតមកដល់ថ្ងៃនេះ សាលាខេត្តមិនទាន់ទទួលបានលិខិតពីក្រុមពលរដ្ឋណាម្នាក់ពាក់ព័ន្ធការស្នើសុំប្រារព្ធទិវាសិទ្ធិនារីនោះទេ។ ហើយថា អាជ្ញាធរខេត្តក៏មិនបានហាមពលរដ្ឋណាម្នាក់មិនឱ្យប្រារព្ធពិធីនោះដែរ។
លោកបន្ថែមថា៖ «ដាក់នៅពីណាគេ ប្រាប់ឈ្មោះមន្ត្រីហ្នឹងឱ្យខ្ញុំបន្តិចមក។ ដូចអត់ដែលមានប្រវត្តិរដ្ឋបាលខេត្តកោះកុងខ្ញុំបដិសេធទទួលលិខិតរបស់ប្រជាពលរដ្ឋសោះ គឺអ្នកទទួលដឹងតែទទួល ប៉ុន្តែ ចំណាត់ការសម្រាប់ការដោះស្រាយ វាអាស្រ័យទៅលើច្បាប់ តែការទទួលដឹងតែទទួលហើយ»។
ក្រុមពលរដ្ឋដែលយកលិខិតទៅដាក់នៅសាលាខេត្តបញ្ជាក់ថា ពួកគាត់ទៅសាលាខេត្តនៅម៉ោង២រសៀលម្សិលមិញ ចូលទៅផ្នែករដ្ឋបាល។ ពួកគាត់បញ្ជាក់ថា មន្ត្រីរដ្ឋបាលដែលមិនទទួលលិខិត ហើយស្តីបន្ទោសពួកគាត់នោះ មិនបានប្រាប់ឈ្មោះទេ ហើយពួកគាត់គ្រាន់តែដឹងថា ជាមន្ត្រីរដ្ឋបាលតែប៉ុណ្ណោះ។
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីកាដូប្រចាំខេត្តកោះកុង លោក ប៉ែន វុទ្ធា បានមានប្រសាសន៍ថា ប្រសិនជារដ្ឋបាលខេត្តកោះកុងមិនទទួលយកលិខិតពលរដ្ឋ ដូចការលើកឡើងរបស់ពលរដ្ឋមែននោះវាជាសកម្មភាពរើសអើងលើពលរដ្ឋមានជម្លោះដីធ្លី ដែលលោកថា វាបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធជួបប្រជុំ និងសិទ្ធសម្តែងមតិរបស់ប្រជាពលរដ្ឋ។
លោកបន្ថែមថា៖ «ប្រជាពលរដ្ឋគាត់មានសិទ្ធិរបស់ពួកគាត់ក្នុងការធ្វើសកម្មភាពផ្សេងៗ សិទ្ធិចូលរួមរបស់ពួកគាត់។ ហើយការប្រារព្ធនេះ គឺពលរដ្ឋចង់គោរព និងការអបអរនូវទិវាសិទ្ធិនារីអន្តរជាតិដែរ។ អីចឹងអាជ្ញាធរគួរតែបើកចិត្តឱ្យទូលាយ ឱ្យមានសហប្រតិបត្តិការឱ្យបានល្អជាមួយប្រជាពលរដ្ឋ កុំឱ្យមានការរើសអើងរវាងក្រុមមួយទៅក្រុមមួយ»។
បើតាមតំណាងពលរដ្ឋ អ្នកស្រី ដេត ហួរ ឱ្យដឹងថា ទោះបីជារដ្ឋបាលមិនទទួលយកលិខិតពីពួកគាត់ក៏ដោយ គឺអ្នកភូមិនៅតែរក្សាជំហរនាំគ្នាជួបជុំប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ៨មីនាតាមផែនការដដែល៕