ផ្ទាំង​ប៉ាណូ​គ្រឿង​ស្រវឹង​ ដាក់​ប្រជែង​គ្នា​តាម​ដង​ផ្លូវ​សំខាន់​ៗ​ រហូត​ដល់​មុខ​សាលារៀន​

ផ្ទាំង​ប៉ាណូ​ស្រាបៀរ​មួយ តាម​ដង​ផ្លូវ​​តាំង​​នៅជិត​ទីតាំងសាលារៀន​មួយ ក្នុងក្រុងភ្នំពេញ​។ (សាញ់ ប៊ុនហឿន/ ១៤ មករា ២០២០)

ផ្ទាំងប៉ាណូគ្រឿងស្រវឹងនានាដាក់ប្រជែងគ្នានៅតាមបណ្តាវិថីសំខាន់នានាក្នុងរាជធានីភ្នំពេញ រហូតដល់មុខសាលារៀន ដើម្បីផ្សព្វផ្សាយទាក់ទាញការចាប់អារម្មណ៍ពីពលរដ្ឋទាំងឡាយ ដែលធ្វើដំណើរតាមដងផ្លូវ ឱ្យបានស្គាល់ និងងាកមកសេពស្រាបៀររបស់ខ្លួន។

រូបភាពស្រស់ឆើតឆាយនៅក្នុងប៉ាណូធំៗតាមដងផ្លូវក្នុងរាជធានីភ្នំពេញ បង្ហាញពីការរចនារូបរាងថ្មី រសជាតិថ្មី និងការផ្តល់រង្វាន់ដ៏សំបូរបែបពីស្រាបៀរនីមួយៗ ដាក់ប្រជែងគ្នា បញ្ឈរតាមចិញ្ចើមថ្នល់ខ្លះ និងកាត់ទទឹងថ្នល់ខ្លះ មិនតិចជាង១០ប្រភេទទេ។

ផ្ទះនៅម្តុំផ្សារសិនជូរី និងធ្វើដំណើរមករៀននៅសាកលវិទ្យាល័យកម្ពុជា ចម្ងាយត្រឹម២គីឡូ និស្សិត ងាវ ចាន់ គ្រឹះស្នា ប្រាប់ថា បានឃើញមានផ្ទាំងប៉ាណូស្រាដល់ទៅពីរប្រភេទ។ និស្សិតរូបនេះបន្ថែមថា សេពគ្រឿងស្រវឹងមិនធ្វើឱ្យចំណេញនោះទេ ហើយថែមទាំងធ្វើឱ្យខាតបង់ទៀតផង អ្នកសេពគ្រឿងស្រវឹងខាតបង់ពេលវេលា លុយកាក់ និងធ្វើឱ្យការគិតមានភាពស្ពឹកស្រពន់ ធ្វើឱ្យការអភិវឌ្ឍខ្លួនមានភាពយឺតយ៉ាវ។

និស្សិត ងាវ ចាន់គ្រឹះស្នា៖​ «ផលប៉ះពាល់ធ្វើឱ្យប្រជាជនបាត់បង់ពេលវេលា បាត់បង់លុយកាក់ និងធ្វើឱ្យយឺតយ៉ាវដល់ការអភិវឌ្ឍខ្លួន។ ពេលគាត់សេពគ្រឿងស្រវឹង គាត់ស្រវឹង គាត់ត្រូវការពេលសម្រាក»។

នៅលើវិថីដែលសំបូរស្ពានអាកាសជាងគេ គឺមហាវិថីសហព័ន្ធរុស្ស៊ី គេឃើញមានផ្ទាំងប៉ាណូគ្រឿងស្រវឹងតំរៀបគ្នាមិន​​ដាច់ យ៉ាងហោចណាស់​គំលាតមួយគីឡូម៉ែត្រមានមួយ។ នៅគល់ស្ពានអាកាស៧មករា មានប៉ាណូស្រាបៀរ ដែលឃ្លាតប្រហែលប្រមាណមិនដល់មួយគីឡូម៉ែត្រផង មានប៉ាណូស្រាបៀរមួយទៀតនៅគល់ស្ពានអាកាសផ្សារដីហុយ និងមានបន្តបន្ទាប់តាមបណ្តោយផ្លូវទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ រហូតដល់រង្វង់មូលចោមចៅ។ 

ចំណែកនៅមុខវិទ្យាល័យ ជាស៊ីមសាមគ្គី លើដងផ្លូវ២៧១ឯណោះវិញ ក៏មានផ្ទាំងប៉ាណូស្រាបៀរធំៗបាន ដាក់កាត់ទទឹងថ្នល់ដែរ នៅក្បែរវិទ្យាល័យ ជាស៊ីម សាមគ្គី និងក្បែរវត្តសន្សំកុសល។​

ទាក់ទងនឹងប៉ាណូស្រាបៀរនៅមុខសាលារៀននេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋខ្មែរ អភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គឹមអេង យល់ថា ជារឿងមិនសមរម្យ រូបភាពនេះនឹងធ្វើឱ្យមានការបកស្រាយផ្សេងៗគ្នាក្នុងន័យបន្ទោសបង្អាប់ដល់វិស័យអប់រំរបស់កម្ពុជា។ លោកបានលើកទំនោលរបស់ចាស់បុរាណមកពន្យល់ថា ឆ្កួតមានបី ស្រី ស្រា ល្បែង ដូច្នេះហើយស្រាបៀរមិនគួរត្រូវបានផ្សព្វផ្សាយឱ្យគគ្រឹកគគ្រេងនោះទេ។

លោក គឹមអេង៖ «ចាស់ទុំតែងតែនាំគ្នាលើកឡើងអំពីរឿងឆ្កួតបី ​ឆ្កួតស្រី ឆ្កួតស្រា ឆ្កួតល្បែងពាលា តែទីបំផុតហេតុអ្វីមានការអនុញ្ញាតឱ្យដាក់(ប៉ាណូ)គ្រឿងស្រវឹងនៅមុខសាលារៀន។ តើការគិតរបស់អ្នកដែលអនុញ្ញាតឱ្យដាក់នោះ តើគាត់យល់យ៉ាងម៉េចវិញ?»

លោកប្រធានរូបនេះក៏បានផ្តល់ជាគំនិតថា ផ្ទាំងប៉ាណូធំៗត្រូវដាក់បង្ហាញពីរូបប្រាសាទបេតិកភណ្ឌរបស់ជាតិ ឬក៏បង្ហាញពីតំបន់រមណីយដ្ឋានរបស់កម្ពុជា ដើម្បីទាក់ទាញទេសចរណ៍ និងផ្តល់ជាចំនេះដឹងដល់សិស្ស និស្សិត តាមរយៈរូបភាពនេះឱ្យស្គាល់ពីសម្បត្តិជាតិរបស់ខ្លួន។

នៅប្រទេសថៃ មានច្បាប់ហាមផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់រូបភាព រួមទាំងនៅតាមបណ្តាញសង្គមផងដែរ។ មូលហេតុដែលមិនអនុញ្ញាតឱ្យផ្សាយគ្រឿងស្រវឹង ដោយសារថ្នាក់ដឹកនាំថៃយល់ឃើញថា អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋ និងកើតបទល្មើសផ្សេងៗក្នុងសង្គម។​

ទោះយ៉ាងណា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ធ្លាប់អះអាងថា មូលហេតុដែលនាំឱ្យមានអ្នកពិសាគ្រឿងស្រវឹងច្រើន ឬរហូតដល់ស្រវឹងជោកជាំនោះ មិនពាក់ព័ន្ធជាមួយការផ្សព្វផ្សាយពាណិជ្ជកម្មតាមរូបភាពផ្សេងៗនោះទេ ហើយម្យ៉ាងទៀតនៅកម្ពុជាបច្ចុប្បន្ន ក៏មិនទាន់មានច្បាប់ហាមការផ្សព្វផ្សាយគ្រឿងស្រវឹងដែរ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ