កាលពី ២ឆ្នាំមុន លោក ស៊ីម នាង អាយុ ៦០ឆ្នាំ បានជាសះស្បើយពីជំងឺសួត និងរបេង ក្រោយពីទទួលបានការព្យាបាលបែបវេជ្ជសាស្ត្រជាប្រចាំអស់រយៈពេលជាង ១ឆ្នាំ ហើយសព្វថ្ងៃនេះ លោកជួយកិច្ចការអាជីវកម្មលក្ខណៈគ្រួសាររបស់ភរិយាលោក ដែលចាត់ចែងការលក់ដូរចាប់ហួយ និងភេសជ្ជៈនៅមុខផ្ទះទំហំប្រហែល ៤ម៉ែត្រ ស្ថិតនៅក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ តាមបណ្ដោយផ្លូវជាតិលេខ៣ តំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ។
ប៉ុន្តែ បុរសរូបនេះ មិនអាចជួយកិច្ចការលក់ដូររបស់ភរិយាលោកបានពេញលេញនោះឡើយ ព្រោះតែលោកព្យាយាមគេចចេញឱ្យឆ្ងាយពីធូលីដីហុយចេញពីការដ្ឋានសាងសង់ផ្លូវជាតិលេខ៣ ដែលកំពុងស្ថិតក្នុងដំណើរការសាងសង់អស់រយៈពេលជាង ១ឆ្នាំកន្លះរួចមកហើយ។
ផ្លូវជាតិលេខ ៣ ប្រវែងជាង ១៣០គីឡូម៉ែត្រ ដែលតភ្ជាប់រាជធានីភ្នំពេញ ត្រង់រង្វល់មូលចោមចៅទៅកាន់ខេត្តកំពត ស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា ត្រូវបានបើកការដ្ឋានសាងសង់ឡើងវិញ និងពង្រីកបន្ថែមចាប់តាំងពីខែឧសភា ឆ្នាំ២០១៨កន្លងមក ហើយគ្រោងបញ្ចប់ទៅនៅឆ្នាំ២០២២ នៅក្រោមកម្ចីហិរញ្ញប្បទានរបស់រដ្ឋាភិបាលចិនទំហំ ២១៥លានដុល្លារ។
ជាពលរដ្ឋរស់នៅក្នុងភូមិទួលកីតាំងពីក្រោយការដួលរលំនៃរបបខ្មែរក្រហមនៅដើមឆ្នាំ១៩៧៩មកនោះ លោក ស៊ីម នាង និងភរិយារបស់លោក បានបើកលក់ដូរចាប់ហួយ និងភេសជ្ជៈនៅមុខគេហដ្ឋានអស់រយៈពេលយ៉ាងតិច ៨ឆ្នាំមកហើយ ប៉ុន្តែ លោកមិនបានជួយកិច្ចការលក់ដូរភរិយាលោកពេញលេញនោះឡើយក្នុងរយៈពេលជាង ១ឆ្នាំកន្លះចុងក្រោយនេះ ព្រោះតែលោកបារម្ភជំងឺចាស់របស់លោករើឡើងវិញ។
លោក ស៊ីម នាង ប្រាប់ថា៖ «វាចូលសួតចូលអីទៀត ព្រោះខ្ញុំឈឺសួត ខ្ញុំទើបតែព្យាបាលជាផង ហើយម្យ៉ាងយើងមានម៉ាស់មានអីពាក់ទៅ យើងចេះតែអត់អីទៅ។ អ៊ីចឹង ខ្ញុំនៅតែក្រោយផ្ទះ មិនសូវបានមកជួយលក់គាត់ឯណា មកជួយតែរៀបឱ្យគាត់មួយភ្លែតៗ»។
ធូលីដីហុយចេញពីការដ្ឋានសំណង់ផ្លូវជាតិលេខ៣ នេះ មិនត្រឹមតែបង្កក្ដីបារម្ភអំពីផលប៉ះពាល់លើសុខភាពរបស់មនុស្សវ័យធំនោះទេ ប៉ុន្តែ វាក៏បង្កឱ្យមានក្ដីបារម្ភពីផលប៉ះពាល់នៃសុខភាពរបស់ក្មេងៗផងដែរ។
មានរបរលក់ត្រី សាច់ និងបន្លែ នៅភូមិក្រាំងដូនតី ស្ថិតនៅក្នុងសង្កាត់ចោមចៅ២ តាមបណ្ដោយផ្លូវជាតិលេខ៣ អ្នកស្រី ប៉ែន ស្រី បានប្រាប់ថា សមាជិកគ្រួសាររបស់អ្នកស្រី បានប្រឈមមុខនឹងជំងឺក្អកស្ទើរតែគ្រប់គ្នា ចាប់តាំងពីផ្លូវជាតិមួយនេះចាប់ផ្ដើមសាងសង់មក។
ពលរដ្ឋរូបនេះ ប្រាប់បន្ថែមថា រូបគាត់ និងសមាជិកក្រុមគ្រួសារ តែងតែយកកំណាត់ស្បៃគ្រប់មុខ ឬក៏ពាក់ម៉ាស់នៅពេលសម្រាករៀងរាល់យប់ ប៉ុន្តែ អ្នកស្រីថា នៅតែមិនអាចការពារធូលីហុយបានទាំងស្រុងនោះឡើយ។
អ្នកស្រី ប៉ែន ស្រី រៀបរាប់ថា៖ «ចាប់ពីអាដីហុយនេះ កូនចៅក្អកអត់បាត់ ក្តៅខ្លួនអត់បាត់ អត់បាត់តែម្ដង បន្តិចផ្ដាសាយ បន្តិចក្អក ក្តៅខ្លួនអត់ឈប់សោះ»។
ធូលីដីហុយចេញពីការដ្ឋានសំណង់ផ្លូវជាតិលេខ៣នេះ ក៏កំពុងបង្កជាឧបសគ្គសម្រាប់អាជីវកម្មតូចតាចនៅបណ្ដោយផ្លូវជាតិនេះផងដែរ ព្រោះតែក្ដីបារម្ភនៃផលប៉ះពាល់មកលើសុខភាពអ្នកបរិភោគ។
កំពុងឈរបំពងនំចេកចៀន នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងសង្កាត់ភ្លើងឆេះរទេះដែរនោះ អ្នកស្រី ចាន់ នី អាយុ ៣០ឆ្នាំ បានឱ្យដឹងថា អ្នកទិញភាគច្រើន មិនហ៊ានចូលមកទិញនំចេកចៀនរបស់គាត់ទេ ព្រោះខ្លាចនំដែលគាត់ចម្អិនហើយ ប្រឡាក់ដីដែលហុយនោះ។ ជាងនេះទៀត ស្រ្តីរូបនេះ អះអាងថា ខ្លួនមានអាការៈក្អកញឹកញាប់ បន្ទាប់ពីឈរលក់នៅលើផ្លូវជាតិលេខ៣ ដែលកំពុងសាងសង់នោះ។
អ្នកស្រី ចាន់ នី និយាយថា៖ «តាំងពីធ្វើផ្លូវនេះមក គឺក្អក ក្អករហូតតាំងពីធ្វើផ្លូវនេះមក ហើយម៉ាស់ហ្នឹង វាឡើងថ្លៃទៀត យើងអត់មានម៉ាស់ពាក់ទេ»។
វេជ្ជបណ្ឌិតឯកទេសជំងឺផ្លូវដង្ហើម និងអាលែកហ្សី ដែលបម្រើការនៅគ្លីនិកឯកជនមួយនៅរាជធានីភ្នំពេញ លោក ហែម ភារៈ បានប្រាប់ថា ការស្រូបធូលីហុយចូលតាមផ្លូវដង្ហើមជាប្រចាំ នឹងបង្កឱ្យមានជំងឺផ្លូវដង្ហើម ដូចជា ជំងឺរលាកសួត និងជំងឺរបេងជាដើម។
វេជ្ជបណ្ឌិតរូបនេះ បញ្ជាក់ថា កុមារ និងមនុស្សចាស់ដែលមានប្រព័ន្ធការពាររាងកាយខ្សោយ គឺជាក្រុមមនុស្សងាយរងគ្រោះនឹងប្រភេទជំងឺទាំងនេះជាងក្រុមមនុស្សដទៃទៀត ប្រសិនបើពួកគេស្រូបធូលីហុយនេះជាប្រចាំ។
លោក ហែម ភារៈ ប្រាប់ថា៖ «គ្រោះថ្នាក់ធ្ងន់ធ្ងរ ព្រោះធូលីហ្នឹង គឺមានអាធូលីភាគល្អិតបំផុត ដែលគេហៅថា ផង់។ ផង់ល្អិតបំផុតហ្នឹង ជាពិសេសកុមារ កាលណាយើងដកដង្ហើមខ្លាំងទៅ អាផង់ល្អិតហ្នឹង វាធ្លាក់ចូលទៅក្នុងទងសួត វាចូលទៅក្នុងថង់សួត ថង់សួតហ្នឹង បានន័យថា ផ្នែកចុងបញ្ចប់នៃទងសួត អ៊ីចឹងវាធ្វើឱ្យអាហ្នឹង វាធ្វើឱ្យស្ទះផ្លូវដង្ហើមហ្នឹង ដល់ស្ទះផ្លូវដង្ហើមយូរៗទៅ វាធ្វើឱ្យរលាកទងសួតធ្ងន់ធ្ងរ»។
ក្រោយបើកការដ្ឋានសាងសង់អស់រយៈជាង ១ឆ្នាំកន្លះមក ផ្នែកមួយចំនួននៃផ្លូវជាតិមួយនេះ ត្រូវបានឈូសឆាយពង្រីក ចាក់ដីបំពេញបន្ថែម ចាក់ថ្មក្រាលធ្វើជាគ្រឹះ ហើយផ្នែកមួយចំនួនទៀត មិនទាន់ត្រូវបានឈូសឆាយនៅឡើយទេ។
នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៣ កាលពីខែឧសភា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងលើកឡើងពីសារសំខាន់នៃផ្លូវជាតិមួយខ្សែនេះ ចំពោះការតភ្ជាប់សេដ្ឋកិច្ចជាតិទៅភាគខាងត្បូងនៃប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅស្ថិតនៅខេត្តកំពត។
លោក ហ៊ុន សែន បានថ្លែងថា៖ «ការពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣នេះ មិនត្រឹមតែឆ្លើយតបនឹងវិស័យទេសចរណ៍នោះទេ តែក៏ជាការឆ្លើយតបចំពោះការដឹកជញ្ជូនទៅកាន់កំពង់ផែទឹកជ្រៅ រួមទាំងការដឹកជញ្ជូនអំបិលចេញពីខេត្តកំពតផងដែរ»។
រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានប្រកាសនាពេលនោះថា ផ្លូវជាតិលេខ៣ នឹងត្រូវពង្រីកទៅដល់ ២គន្លងទាំងសងខាង ចម្ងាយ ៧០គីឡូម៉ែត្រ ចាប់ពីរង្វល់មូលចោមចៅរហូតដល់ចំណុចបែកគូស ជាចំណុចបំបែករវាងផ្លូវទៅខេត្តកំពត និងខេត្តកែប ហើយកំណាត់ផ្លូវជាតិលេខ៣ ចម្ងាយ ៦៥គីឡូម៉ែត្រទៀតដែលភ្ជាប់ពីចំណុចបែកគូសទៅកាន់ក្រុងកំពត នឹងត្រូវពង្រីកធំជាងមុន ប៉ុន្តែ រក្សា ១គន្លងទាំងសងខាង។
អ្នកស្រី ចាន់ នី ដែលប្រកបរបរលក់ចេកចៀននៅតាមបណ្ដោយផ្លូវជាតិលេខ៣នោះ បានប្រាប់ថា អំឡុងពេលចាប់ផ្ដើមការសាងសង់ក្នុងរយៈពេលដំបូងៗ អ្នកស្រីបានឃើញរថយន្តដឹកទឹកមកស្រោចជាញឹកញាប់ ប៉ុន្តែ អ្នកស្រីអះអាងថា ការស្រោចទឹកលើផ្លូវកំពុងសាងសង់នេះ បានថយចុះនៅក្នុងរយៈពេលពីរបីខែចុងក្រោយនេះ ដែលធ្វើឱ្យដីហុយកាន់តែខ្លាំង ជាពិសេសពេលមានរថយន្តបើកឆ្លងកាត់។
អ្នកស្រី ចាន់ នី ប្រាប់ថា៖ «សូមឱ្យស្រោចទៅមក លោកអើយបើម៉ាកៗនេះ ងាប់អស់ហើយ!»។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក គង់ វិមាន អះអាងថា ដំណើរការសាងសង់ផ្លូវជាតិលេខ៣នេះ សម្រេចបានខ្ទង់ ៤០ភាគរយហើយរហូតមកដល់ពេលនេះ។
មន្ត្រីនាំពាក្យរូបនេះ បានឱ្យដឹងថា រដ្ឋាភិបាលបានតម្រូវឱ្យក្រុមហ៊ុនដែលទទួលបានសិទ្ធិសាងសង់ ធានាសុវត្ថិភាព សុខភាព និងអនាម័យសម្រាប់ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវ និងពលរដ្ឋដែលធ្វើដំណើរនៅលើផ្លូវដែលកំពុងស្ថិតក្នុងដំណើរការសាងសង់នេះ។
មន្ត្រីរូបនេះ បានអះអាងបន្ថែមថា ក្រសួងបានចាត់ក្រុមមន្ត្រីបច្ចេកទេសឱ្យចុះតាមដានការអនុវត្តវិធានការនានា ដើម្បីធានាថា ក្រុមហ៊ុនសាងសង់បានអនុវត្តតាមកិច្ចសន្យារបស់ពួកគេ។
លោក គង់ វិមាន ប្រាប់ថា៖ «ក្នុងករណីដែលក្រុមហ៊ុនមិនព្រមអនុវត្ត សុំឱ្យធ្វើការណែនាំទៅគាត់ ដើម្បីឱ្យគាត់អនុវត្តឱ្យបានត្រឹមត្រូវតាមកិច្ចសន្យា។ ក្នុងករណីដែលគាត់មិនធ្វើតាមមួយដង ឬពីរដង ឬបីដង គឺគាត់នៅតែដដែល គឺពួកយើងនឹងមានសរសេរលិខិតព្រមានជាផ្លូវការដល់គាត់ ហើយប្រសិនបើនៅតែចចេសមិនព្រមអនុវត្តទេ អាហ្នឹង គឺយើងចាត់វិធានការផ្លូវច្បាប់ មិនអាចឱ្យនៅតែអ៊ីចឹងបានទេ»។
អគ្គនាយកក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ លោក Zhan JINSHENG បានប្រាប់ VOD តាមរយៈអ្នកបកប្រែថា ក្រុមហ៊ុនបានដាក់វេនស្រោចទឹកលើកំណាត់ផ្លូវដែលកំពុងសាងសង់ ដើម្បីកុំឱ្យដីហុយដែលធ្វើឱ្យប៉ះពាល់ដល់អ្នកដែលធ្វើដំណើរ និងពលរដ្ឋរស់នៅតាមបណ្តោយផ្លូវដែលកំពុងសាងសង់ ហើយក៏បានធ្វើរបាយការណ៍ដាក់ទៅក្រសួងដើម្បីពិនិត្យជាបន្តបន្ទាប់ផងដែរ។ លោកបន្តថា លោកក៏ទទួលបានដំណឹងពីការត្អូញត្អែររបស់ប្រជាពលរដ្ឋដែលរស់នៅតាមសងខាងផ្លូវជាតិលេខ៣នេះ ហើយក៏បានបន្តតាមដានករណីនេះផងដែរ។
អ្នកបកប្រែរបស់លោក Zhan JINSHENG ប្រាប់ថា៖ «ខាងក្រុមហ៊ុនខ្ញុំក៏បានចាត់វិធានការដែរ ដូចជារៀបចំវេនក្នុងការស្រោចទឹករហូត ហើយគាត់បានធ្វើ Report [រាយការណ៍] ធ្វើអីទៅខាងក្រសួងសាធារណការ ពីបញ្ហានេះរហូតដែរ។ ខ្ញុំគ្រាន់តែដឹងថា គាត់បានចាត់ចែងការងារហ្នឹង»។
អ្នកបើកបរឡានដឹកទឹកស្រោចផ្លូវមួយរូប លោក ឈិន វាសនា បានប្រាប់ថា លោកបើកបរឡានដឹកទឹកមួយគ្រឿងដែលផ្ទុកបាន ៨ពាន់លីត្រ ហើយទទួលបន្ទុកស្រោចទឹកលើកំណាត់ផ្លូវកំពុងសាងសង់ប្រហែល ៧០០ម៉ែត្រ។
លោក វាសនា បាននិយាយថា ក្រុមហ៊ុនសាងសង់ បានណែនាំឱ្យរូបលោកស្រោចទឹកលើផ្លូវជាប់រហូតក្នុងមួយថ្ងៃៗលើកំណាត់ផ្លូវដែលកំពុងស្ថិតក្នុងដំណើរការសាងសង់ ប៉ុន្តែ លោកបញ្ជាក់ថា មិនអាចបំបាត់ធូលីហុយទាំងស្រុងបាននោះឡើយ។
លោក វាសនា អះអាងទៀតថា បញ្ហានេះកាន់តែពិបាកថែមទៀតនៅពេលរដូវក្ដៅហួតហែងបានចូលមកដល់ ហើយការជួបប្រទះនឹងកង្វះប្រភពទឹកសម្រាប់បូមយកមកស្រោច ឬក៏ប្រភពទឹកស្ថិតនៅកាន់តែឆ្ងាយ។
លោក វាសនា ប្រាប់ថា៖ «អាកន្លែងគេបកកៅស៊ូ សំខាន់កន្លែងដែលនៅជិតក្រុង គេឱ្យស្រោចឱ្យជោគ ហើយឱ្យជោគយ៉ាងម៉េច បើដាក់ទៅស្ងួត ដាក់ទៅស្ងួតហ្នឹង។ ថ្ងៃក្តៅហែង!»៕