កម្មករ​រោងចក្រ 7NG ផ្ទុះ​ការ​តវ៉ា​ក្រោយ​ថៅកែ​ព្យួរ​ការងារ​

ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ 7NG ជាង៨០០នាក់បានផ្ទុះការតវ៉ា ក្រោយពីរោងចក្រសម្រេចមិនបញ្ចប់​កិច្ចសន្យារការងារ​តាម​ការព្រម​ព្រៀងជាមួយកម្មករ។ (ផ្ដល់ឱ្យដោយកម្មកររោងចក្រ 7NG)

កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ 7NG ជាង៨០០នាក់តវ៉ា ក្រោយពីរោងចក្រសម្រេចមិនបញ្ចប់​កិច្ចសន្យារការងារ​តាម​ការព្រម​ព្រៀង ប៉ុន្តែ​ បែរជាព្យួរការងាររបស់​ពួកគេរយៈពេល​២ខែទៅវិញ។  

ក្រុម​កម្មករអះអាងថា​ កាលពីសប្តាហ៍មុន ភាគីកម្មកររោងចក្រ 7NG នៅភូមិវិហារសួគិ៍ ឃុំវិហារសួគិ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានព្រមព្រៀងបញ្ចប់កិច្ចសន្យាការងារ និងឯកភាពជាមួយក្រុមហ៊ុន ដោយព្រមទទួលអត្ថប្រយោជន៍ប្រាំចំនុច ដែល​ក្នុងនោះរួមមាន​ ទី១ ទទួលប្រាក់ខែចុងក្រោយ ទី២ ទទួលប្រាក់បំណាច់ឆ្នាំដែលនៅសល់ ទី៣ ប្រាក់អតីតភាពការងារ ទី៤ ទទួលប្រាក់ជូនដំណឹង និងទី៥ សំណងជម្ងឺចិត្ត។

ប៉ុន្តែ​ នៅថ្ងៃនេះ កម្មករបាននាំគ្នាតវ៉ានៅក្នុងរោងចក្រ ​ដោយសារតែភាគីក្រុមហ៊ុន​មិនទទួលខុសត្រូវចំពោះការឯកភាពនេះ ដោយតម្រូវឱ្យកម្មករព្យួរការងាររយៈពេលពីរខែវិញ។

លោក ម៉ៅ សំអូន ប្រធានសហជីព បានប្រាប់ពីដំណើររឿងរ៉ាវនេះថា ក្រុមហ៊ុនបានប្រមូលសម្លៀកបំពាក់ពីអគារមួយទៅកាន់អគារមួយទៀត ដើម្បីបង្ហាញតំណាងក្រសួងដែលចុះមកត្រួតពិនិត្យ ថាក្រុមហ៊ុនគ្មានសម្លៀកបំពាក់ឱ្យកម្មករកាត់ដេរបន្តទៀតទេ ដែល​ធ្វើ​ឱ្យកម្មករមិនមានការងារធ្វើបន្ត ត្រូវជ្រើសរើស លក្ខខណ្ឌ១ ក្នុងចំនោម២។ លោកបន្តថា ​លក្ខខណ្ឌទាំងពីរនោះមានទី១ ត្រូវព្យួរការងារក្នុងរយៈពេល២ខែ និងទី២ បញ្ចប់កិច្ចសន្យាការងារដោយទទួលបានអត្ថប្រយោជន៍ប្រាំចំនុច។

លោក សំអូន មានប្រសាសន៍ថា៖ «និយាយទៅ ជម្រើសទី២នេះ កម្មករគាត់យល់ព្រមហើយ ព្រមផ្តាច់កិច្ចសន្យាដោយទទួលបាន ៥ចំនុចហ្នឹង។ តែដល់ពេលបើកលុយ ក្រសួងចុះមក ក្រុមហ៊ុនក៏ប្រែក្រឡាស់ថាព្យួរការងារវិញ។ ហើយគាត់(ក្រុមហ៊ុន) ក៏បានក្រឡាស់ពាក្យសម្តីថា ការផ្តល់ឱ្យប្រាំចំនុចនេះ គាត់មិនបាននិយាយទេ»។

ប្រធានសហជីពរូបនេះបារម្ភថា កម្មករនឹងបន្តគ្មានការងារធ្វើ ក្រោយពីព្យួរការងាររយៈពេល២ខែ លោកថាតំណាងក្រុមហ៊ុនក៏ធ្លាប់បានប្រកាសដូចគ្នានេះដែរ។ លោក ម៉ៅ សំអូន បន្ថែមថា កម្មករនឹងមិនទទួលយក ការសម្រេចចិត្តរបស់ក្រុមហ៊ុនឡើយ ហើយតទៅមុខ នឹងធ្វើកូដកម្មទាមទារឱ្យក្រុមហ៊ុនធ្វើតាមកិច្ចសន្យា។ 

កម្មការិនី យ៉េង រួត ជាអ្នកកាត់ដេរសម្លៀកបំពាក់ក្នុងអគារទី១ សម្តែងការអាក់អន់ចិត្តចំពោះការសម្រេចរបស់​ភាគីរោងចក្របែបនេះ។ កម្មការិនី ស្នើឱ្យភាគី​រោងចក្រគោរពតាម​ការសន្យាជាមួយក្រុមកម្មករ​កាល​ពីសប្តាហ៍មុន។

កម្មការិនី យ៉េង រួត និយាយថា៖ «ការងារពួកខ្ញុំមាន ប៉ុន្តែ គាត់(រដ្ឋបាល)ដកមិនឱ្យពួកខ្ញុំធ្វើទេ ពេលក្រសួងមក ពួកគាត់ ប្រាប់ថា ខ្ញុំព្យួរ។ អញ្ចឹង ពួកខ្ញុំភ្ញាក់ផ្អើលហ្មង អីវ៉ាន់ពួកខ្ញុំមានធ្វើ គាត់រុញទៅអគារពីរ អគារបី។ […] គាត់ថា ឱ្យកម្មករហ្នឹងជ្រើសរើសពីរជម្រើសទៅ ចង់យកព្យួរ ឬយកបញ្ចប់។ គាត់ប្រាប់ថា ព្យួរពីរខែ មកវិញក៏គ្មានការងារធ្វើដែរ អញ្ចឹងកម្មករជ្រើសរើសយកបញ្ចប់តែម្តងទៅ ស្រណុករកការងារធ្វើទៀត»។

VOD បានទាក់ទងរដ្ឋបាលរោងចក្រ និងលោក ខៀវ សាវុទ្ធ តំណាងក្រសួងការងារ ដើម្បីសុំការឆ្លើយបកស្រាយ ប៉ុន្តែ ពួកគេមិនផ្តល់ចម្លើយដោយប្រាប់ថា ជាប់រវល់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ