លោក​ ហ៊ុន​ សែន​ ប្រាប់​​ឱ្យ​​គ្រប់​​ស្ថាប័ន​​ទាំង​អស់​​​កាត់​​បន្ថយ​​ចំណាយ​​៥០​​ភាគ​​រយ​​

លោក ហ៊ុន សែន ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំថ្មីឆ្នាំ២០២០របស់ក្រសួងសុខាភិបាលនាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០។ (ហ្វេសប៊ុក លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ប្រាប់ឱ្យគ្រប់ស្ថាប័នរដ្ឋទាំងអស់កាត់បន្ថយការចំណាយ​៥០ភាគរយ លើក​លែងតែក្រសួងចំនួន៣ប៉ុណ្ណោះដែលត្រូវកាត់បន្ថយការចំណាយតែ២៥ភាគរយ។

ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំថ្មីឆ្នាំ២០២០របស់ក្រសួង​សុខាភិបាល នៅថ្ងៃពុធនេះ លោក ហ៊ុន សែន ថ្លែងថា ស្ថាប័នចំនួន៣ ដែលត្រូវកាត់បន្ថយចំណាយតែ២៥ភាគរយនោះ គឺមានក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម និងទីស្តីការគណៈរដ្ឋមន្ត្រី។

លោក ហ៊ុន សែន​ មានប្រសាសន៍ថា៖ «លើកលែងតែ​ក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម និងទីស្តីការ​គណៈរដ្ឋមន្ត្រីទេ​ ដែលនឹងត្រូវកាត់បន្ថយការចំណាយមកត្រឹម២៥ភាគរយ​។ នេះជម្រាបឱ្យជម្រាប​ដើម្បីឱ្យ​ឯកឧត្ដម លោកជំទាវ​ លោក លោកស្រី បានជម្រាប​ ថាសុំកុំបង្កើនការចំណាយអ្វីទាំងអស់​។ មិនត្រឹមតែ​មិនឱ្យបង្កើន​ការចំណាយទេ ​យើងកាត់បន្ថយការចំណាយតែម្ដង​ មានតែចំណាយទៅលើបៀវត្សតែប៉ុណ្ណោះ​ដែលមិនមានការកាត់បន្ថយ​ទេ ទាក់ទងទៅនឹងចំណាយចរន្តដែលក្នុង១ខែ យើងចាយជាង៤០០លានដុល្លារ ​គឺអាហ្នឹង មិនអាចប៉ះពាល់បានទេ»​។

​លោក ហ៊ុន សែន ក៏ណែនាំឱ្យប្រតិភូដែលត្រូវចេញទៅក្រៅប្រទេស ត្រូវ​កាត់​បន្ថយ​ចំនួន​ ហើយបើ​មិនចាំ​បាច់​ទេ​ លោកថា ត្រូវផ្ដល់ការងារទាំងនោះ ឱ្យអគ្គរដ្ឋទូតនៅប្រទេសនោះចូលរួមប្រជុំជំនួស។

បើតាមលោក​ ហ៊ុន សែន ការកាត់​បន្ថយចំណាយ​នេះ ​គឺធ្វើឡើងដើម្បីជួយសេដ្ឋកិច្ចកម្ពុជាដែល​អាចរងផល​ប៉ះពាល់​ដោយសារ​វីរុសកូវីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ