វិភាគ៖ ហេតុអ្វី​លោក ហ៊ុន​ សែន​ ប្រតិកម្ម​អ្នក​ចង់​ឱ្យ​កែ​រដ្ឋ​ធម្មនុញ្ញ​ទៅ​២/៣​វិញ​?​

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចូលរួម​ប្រជុំ​សភា ដែល​បន្ត​សម័យប្រជុំ​លើក​ទី១០ នីតិកាល​ទី៥ នៅ​ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨។ (​ហ្វេសប៊ុក​លោក ហ៊ុន សែន​)

​កាល​ពី​ថ្ងៃច​ន្ទ​ដើមសប្តាហ៍នេះ ​លោ​​ក​នាយករ​ដ្ឋម​ន្ត្រី ​ហ៊ុន​ សែ​ន ​បា​ន​ប្រើសម្តី​ធ្ង​ន់ៗ​វា​យ​ប​ក​ទាំ​ងមិនប​ញ្ចេញ​ឈ្មោះ​សំ​ដៅ​ដល់​អ្ន​ក​វិភា​គ ​ដែល​លោក​ថា ​ច​ង់ឱ្យរ​ដ្ឋា​ភិ​បា​ល​កែរដ្ឋធម្ម​នុញ្ញ​ពី​ ៥​០​+១​ ទៅ ​២​ភាគ​​៣ វិញ។​

​លោក​ថា៖​ «មា​នអ្ន​ក​ខ្លះនៅ​ប៉ុ​ន្មា​ន​ថ្ងៃនេះ​ ​លើក​ឡើង​ចង់​ឱ្យយើ​ង​ធ្វើវិ​សោ​ធន​កម្ម​រ​ដ្ឋធម្ម​​នុញ្ញ​ទៀ​ត។ ​២​ចំ​នុ​ចនៃ​ការ​ធ្វើវិ​សោ​ធន​ក​ម្មនេះ ​ទី១​ សុំឱ្យធ្វើ​ពី​អា​៥​០​+១​ទៅ ​២​ភា​គ​៣ វិ​ញ។ ​អា​​នេះ​ឆ្កូ​ត​អី​ចេះ!​ ។​ ដោយ​សា​រ​តែ​អា​ ២ភាគ​៣ នេះ​វា​ធ្វើ​កា​រ​អត់​កើត​ បា​​​​នគេ​ធ្វើ​វិសោ​ធ​ន​ក​ម្ម​អា ២​ភាគ​៣ ​មកអា​ ៥​០​+​១​ នេះ ​ដើ​ម្បី​​ផ្ត​ល់​ឱកាសឱ្យអ្នក​ឈ្នះ​ដែ​ល​មា​នសំ​ឡេ​ង​គ្រប់​គ្រាន់​ប​ង្កើ​តរដ្ឋាភិ​បា​លនោះ​ ​ព្រោះ​គេ​មាន​ល​ទ្ធភា​ពបង្កើ​ត ​ព្រោះពី​មុ​ននោះ​ ​សូ​ម្បីតែ​អាអ្ន​ក​ឈ្នះទៅអ​ង្វ​រអាអ្ន​ក​ចា​ញ់»​។

រ​ដ្ឋធម្ម​នុញ្ញ​កម្ពុ​ជាដែល​ប្រ​សូ​ត្រ​ចេ​ញ​ពី​កិច្ច​ព្រ​មព្រៀង​ស​ន្តិភា​ពទី​ក្រុង​ប៉ា​រីស​ឆ្នាំ១​​៩៩១ ​និ​ង​ត្រូវ​ប្រកា​ស​ឱ្យប្រើប្រាស់នៅឆ្នាំ​១​៩៩​៣​នោះ​ ​ត​​ម្រូ​​វឱ្យគណប​ក្សឈ្នះឆ្នោត ​ត្រូវ​រក​សំ​ឡេងគាំទ្រពីតំណាងរាស្ត្រ​ ២ភាគ​៣​ ទើប​អាចប​ង្កើ​តរ​ដ្ឋា​ភិបា​លថ្មី​ ​​ដឹក​នាំ​ប្រ​ទេស​ក្នុង​អាណត្តិ​៥ឆ្នាំ​រ​ប​ស់​ខ្លួ​ន​បាន​។​

ប៉ុ​ន្តែ​ ច្បា​ប់កំ​ពូលនេះ ត្រូវបានអ្នកនយោបាយមានសំឡេងក្នុងសភា ត្រូវរ៉ូវគ្នាកែពី ២ភាគ៣ ទៅ ៥០+១ វិញ។

៥០+១ ត្រូវបានទៅជំនួសប្រព័ន្ធ២ភាគ៣ ចាប់ពីឆ្នាំ២០០៦ ពោលគឺធ្វើឡើង២ឆ្នាំ មុនការបោះឆ្នោតជ្រើសតាំងតំ​ណា​​ងរាស្ត្រឆ្នាំ២០០៨មកដល់។

ចាប់ពីពេលនោះមក ការបង្កើតរដ្ឋាភិបាលថ្មី ឈប់ជាប់គាំងដូច៣អាណត្តិមុនទៀតហើយ ព្រោះគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានសំឡេងឆ្នោតនាំមុខរហូតនោះ អាចបង្កើតរដ្ឋាភិបាលបានតែម្នាក់ឯង តាមរូបមន្ត៥០+១នេះ ដោយមិនចាំបាច់មានសំឡេងភាគតិច ធ្វើជារដ្ឋាភិបាលចម្រុះដូចមុនទៀតឡើយ។

ចាប់ពីពេលនោះមក បក្សកាន់អំណាចចាប់ផ្តើមមានប្រៀបជាងគណបក្សនានាដែលមានសំឡេងក្នុងសភា  ។

បក្សកាន់អំណាច អាចស្នើសភាធ្វើច្បាប់ ឬកែរដ្ឋធម្មនុញ្ញ ធ្វើបានគ្រប់ពេល ទោះមានការជំទាស់ពីគណបក្សដែលមានសំឡេងភាគតិចក្នុងសភាក៏ដោយ ព្រោះតំណាងរាស្ត្រពួកគេមានសំឡេងលើសពី៥០+១ ។

ចំណែកតំណាងរាស្ត្រសំឡេងភាគតិចវិញ ក៏មិនអាចជំទាស់ទៅនឹងការស្នើណាមួយរបស់រដ្ឋាភិបាលបានដែរ ទោះខ្លួនធ្វើពហិការមិនចូលប្រជុំសភាក៏ដោយ ព្រោះបក្សកាន់អំណាចមានតំណាងរាស្ត្រគ្រប់គ្រាន់សម្រាប់បើកកិច្ចប្រជុំ ឬអនុម័តច្បាប់តាមការចង់បានរបស់រដ្ឋាភិបាល។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ទម្លាយថា ការកែរដ្ឋធម្មនុញ្ញពី ២/៣ មក ៥០+១ ជាយុទ្ធសាស្ត្ររបស់លោក ខ្ចីដៃអ្នកដទៃ ដើម្បីសម្រេចគោលដៅយុទ្ធសាស្ត្រឈ្នះៗ ។

សំណួរត្រង់ថា មានអាថ៌កំបាំងអ្វីបានរដ្ឋាភិបាលប្រតិកម្មទៅនឹងអ្នកចង់ឱ្យកែរដ្ឋធម្មនុញ្ញទៅ ២ភាគ៣ វិញ?

លោកនាយករដ្ឋមន្ត្រីបានថ្លែងក្នុងពីធីចែកសញ្ញាបត្រដល់និស្សិតនាដើមសប្តាហ៍នេះថា រូបមន្ត២ភាគ៣ បានបង្កការលំបាកដល់គណបក្សឈ្នះឆ្នោត មិនអាចបង្កើតរដ្ឋាភិបាលតែម្នាក់ឯងបាន ត្រូវទៅរកការឯកភាពពីគណបក្សដែលមានសំឡេងភាគតិច និងធ្វើឱ្យមានការជាប់គាំងនយោបាយស្ទើរគ្រប់អាណត្តិ។

ប្រធានស្តីទីអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល ​លោកមេ​ធាវី​ ​សុ​ក ​សំ​អឿន ​មានប្រសាសន៍ថា ​រូ​បមន្ត២ភាគ​៣ ​បា​នចា​ប់​បង្ខំ​អ្ន​កនយោ​បាយ​ខ្មែរ ឱ្យចេះធ្វើ​ការ​រួម​គ្នា និងពង្រឹងនីតិរដ្ឋ។ លោកថា ព្រោះប្រព័ន្ធនេះត្រូវការសំឡេងអនុម័តរួមគ្នា។

ប៉ុន្តែអ្នកជំនាញផ្នែកច្បាប់រូបនេះ អះអាងថា រូបមន្ត៥០+១ ធ្វើឱ្យគណបក្សឈ្នះឆ្នោតអាចបង្កើតរដ្ឋាភិបាលថ្មី បានមិនជាប់គាំងនយោបាយ តែក៏ងាយស្រួយឱ្យបក្សឈ្នះឆ្នោត កែច្បាប់តម្រូវតាមពួកគេចង់បានដែរ ដែលលោកថា ប្រព័ន្ធនេះ មិនអាចធានាពីប្រសិទ្ធភាពនៃយន្តការពង្រឹងនីតិរដ្ឋបានទេ។

លោកមេធាវី សុក សំអឿន បង្ហាញការយល់ឃើញថា បើអ្នកនយោបាយមានលទ្ធភាពកែរដ្ឋធម្មនុញ្ញបានតាមចិត្ត អ្នកនយោបាយជាអ្នកបង្វិលរដ្ឋធម្មនុញ្ញ មិនមែនរដ្ឋធម្មនុញ្ញតម្រង់ទិសអ្នកនយោបាយទេ។

​លោកថា៖ ​«បើរ​ដ្ឋធម្មនុ​ញ្ញពិ​បាកកែ​ អា​ហ្នឹងមា​នន័​យថា​ ​រដ្ឋ​ធម្មនុញ្ញ​រឹ​ងមាំ​ ហើ​យ​អ្នក​នយោបា​យ​ត្រូ​វនៅក្រោមរដ្ឋធម្មនុញ្ញ […] ​តែបើរដ្ឋធម្មនុញ្ញងាយកែ អ្នក​ន​យោ​បា​យ​នៅ​លើរដ្ឋធម្មនុញ្ញ»។

លោកមេ​ធាវី​ ​​សុក​ សំ​អឿន ​ផ្តល់​ជាយោបល់ថា​ ​បើ​អ្ន​​ក​ន​​យោ​បាយខ្មែរ​មិ​នទា​ន់​ចេះធ្វើការរួមគ្នាដូចបច្ចុប្បន្ន ច្បាប់កំពូល​ត្រូវមា​នទាំ​ង ២ភាគ​៣ និង ៥០+១។ ប៉ុន្តែ លោកថា អនុវត្តផ្សេងគ្នា។

បើតាមអ្នកច្បាប់រូបនេះ ប្រព័ន្ធ៥០+១ ត្រូវប្រើពេលបង្កើតរដ្ឋាភិបាលថ្មីក្រោយការបោះឆ្នោត តែរូបមន្ត២ភាគ៣ ត្រូវប្រើសម្រាប់ការអនុម័តច្បាប់ ឬកែច្បាប់ ដើម្បីទប់កុំឱ្យអ្នកនយោបាយឈ្នះឆ្នោត នៅពីលើរដ្ឋធម្មនុញ្ញ។

រដ្ឋធម្មនុញ្ញកម្ពុជា ប្រកាសឱ្យប្រើចាប់ពីឆ្នាំ១៩៩៣មក ត្រូវបានរដ្ឋាភិបាលស្នើទៅសភាធ្វើវិសោធនកម្ម៩លើករួចមកហើយ ក្នុងរយៈពេល២៥ឆ្នាំមកនេះ ដែលការស្នើកែច្បាប់នេះ ភាគច្រើនធ្វើឡើងពេលមានជម្លោះនយោបាយ។

ច្បាប់មួយចំនួនដែលកំពុងមានសុពលភាព ដូចច្បាប់ស្តីពីលក្ខន្តិៈនៃចៅក្រម និងព្រះរាជអាជ្ញា ច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់សហជីព ច្បាប់គណបក្សនយោបាយជាដើម កំពុងរងការរិះគន់ថា បង្រួមលំហប្រជាធិបតេយ្យ។

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា ស្មារតីរដ្ឋធម្មនុញ្ញដើម(២ភាគ៣) បានតម្រូវឱ្យមានក្បាលម៉ាស៊ីនដឹកនាំចម្រុះបក្ស ជាប្រព័ន្ធដែលបក្សឈ្នះឆ្នោតមិនអាចធ្វើអ្វីបានតាមចិត្តនឹកឃើញបានទេ។ លោកថា ប្រព័ន្ធនេះ បានធានាដល់ដំណើរការប្រជាធិបតេយ្យ ច្រើនជាងប្រព័ន្ធ៥០+១។

ប៉ុន្តែ អ្នកវិភាគរូបនេះ បង្ហាញការយល់ឃើញថា អ្វីជាបញ្ហារបស់អ្នកនយោបាយខ្មែរ គឺការប្រកួតអំណាច មិនបានតម្កល់ប្រយោជន៍ជាតិជាធំ ទើបជ្រើសរើសយកប្រព័ន្ធងាយអនុវត្តផែនការឯកបក្ស។

​ លោកថា៖ «មិនចាំបាច់៥០+១ ឬ២ភាគ៣ទេ គឺដំណើរការប្រជាធិបតេយ្យដំណើរការបានល្អហើយ ឱ្យតែប្រព័ន្ធតុលាការឯករាជ្យពីរដ្ឋាភិបាលបាន ព្រោះបច្ចុប្បន្នឥទ្ធិពលនៃប្រព័ន្ធទាំងពីរនេះ វាស្ថិតនៅក្រោមការតែងតាំងពីនីតិប្រតិបត្តិ [រដ្ឋាភិបាល] ទាំងអស់ហ្នឹង»។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី បង្ហាញការយល់ឃើញប្រហាក់ប្រហែលដែរថា ជម្លោះនយោបាយនៅកម្ពុជា វាបានកើតឡើងពីការបោះឆ្នោតមិនត្រឹមត្រូវ ការបំពានអំណាចទៅលើស្ថាប័នជាតិធំៗពីរទៀតគឺតុលាការ និងរដ្ឋសភា មិនគោរពរដ្ឋធ្មនុញ្ញ មិនមែនកើតចេញពីប្រព័ន្ធ២ភាគ៣ ឬ៥០+១ទេ។

អ្នកវិភាគនយោបាយនៅក្រៅប្រទេស លោក គឹម សុខ វិភាគថា ប្រព័ន្ធ៥០+១ បានប្រមូលអំណាចឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្នាក់។

អ្នកវិភាគដែលលោក ហ៊ុន សែន ធ្លាប់ប្តឹងរហូតជាប់ពន្ធនាគាររូបនេះ វិភាគទៀតថា ប្រព័ន្ធបែបនេះបានបង្កការផុយស្រួយដល់ការបែកបាក់ជាតិ ព្រោះវាបានបង្កភាពងាយរងគ្រោះដល់មន្ត្រីធំៗនៅក្នុងបក្សកាន់អំណាចផងដែរ ព្រោះអំណាចនៅលើតែបុគ្គលតែម្នាក់។

លោកថា៖ «ចរន្តនៃការចង់ឱ្យប្តូររូបមន្តពី៥០+១ ទៅ២ភាគ៣វិញនេះ អាចមានកំណើនមតិពីផ្ទៃក្នុងច្រើនជាងដើម្បីទប់កម្រោលអំណាចរបស់លោក ហ៊ុន សែន »។

ជម្លោះនយោបាយប៉ុន្មានឆ្នាំចុងក្រោយនេះ បានជំរុញឱ្យកម្ពុជារងការគំរាមកំហែងពីការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម ពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បើរដ្ឋាភិបាលកម្ពុជាមិនស្តារស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យទាន់ពេល។

បើតាមអ្នកវិភាគ ក្នុងកាលៈទេសៈនេះ ប្រព័ន្ធ២ភាគ៣ ឬ៥០+១ មិនអាចស្តារមុខមាត់រដ្ឋាភិបាលលើឆាកអន្តរជាតិបានទេ ដរាបណាប្រព័ន្ធដឹកនាំមិនវិលទៅរកគន្លងប្រជាធិបតេយ្យ តបតាមការជំរុញរបស់សហគមន៍អន្តរជាតិនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ