អាជ្ញាធរអំពាវនាវទៅពលរដ្ឋកុំជ្រួលច្របល់ ទិញទំនិញទុកតាមពាក្យចចាមអារ៉ាម

អភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំផ្សេងទៀត​ ចុះពិនិត្យស្ថានភាពផ្សារស្ទឹងមានជ័យថ្ងៃទី៣ខែមីនាឆ្នាំ២០២០៩។រូបពី សាលារាជធានីភ្នំពេញ

សាលារាជធានីភ្នំពេញអំពាវនាវទៅប្រជាពលរដ្ឋកុំជ្រួលច្របល់នាំគ្នាទៅទិញទំនិញតាមពាក្យចចាមអារ៉ាម ដោយថា ពលរដ្ឋកម្ពុជាមិនមានទាន់មានអ្នកឈឺដោយសារ វីរុស Covid-19នៅឡើយ ទោះបីវីរុសនេះ កំពុងរាតត្បាតនៅទូទាំងពិភពលោកក៏ដោយ។

ក្នុងសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញចុះថ្ងៃទី០៦ ខែមីនាឆ្នាំ២០២០ឱ្យដឹងថា រយៈពេលពីរកន្លងមកនេះ ប្រជាពលរដ្ឋបានសម្រុកទៅទិញទំនិញស្តុកទុក ជាពិសេសស្បៀងអាហារប្រចាំថ្ងៃ ជាហេតុធ្វើឱ្យជនឆ្លៀតឱកាសនិយមដំឡើងថ្លៃទំនិញ ទាំងដែលស្បៀងអាហារនៅរាជធានីភ្នំពេញមិនបានប្រឈមនឹងខ្វះខាត ។

សេចក្ដីជូនដំណឹងដដែលថា  សាលារាជធានីឱ្យប្រជាពលរដ្ឋបន្តអនុវត្តវិធីបង្ការតាមការណែរបស់ក្រសួងសុខាភិបាល ដោយថា  ក្រសួងសុខាភិបាលក៏កំពុងត្រៀមទប់ស្កាត់ការចម្លង និងការរីករាយដាលវីរុសថ្មីនេះ។

សាលារាជធានីភ្នំពេញអំពាវនាវទៅប្រជាពលរដ្ឋទាំងអស់ឱ្យរក្សាភាពស្ងៀមស្ងាត់ និង ប្រកបមុខរបរចិញ្ចឹមជីវិតដូចប្រក្រតី ដោយកុំជ្រួលច្របល់តាមពាក្យចចាមអារ៉ាម ដោយថា នៅកម្ពុជាមិនទាន់មានប្រជាពលរដ្ឋខ្មែរណាម្នាក់បានចម្លងវីរុសកូវីដ១៩នៅឡើយ។ 

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បន្ថែមថា អាជ្ញាធរនឹងចំណាត់វិធានការលើអ្នកផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យប្រជាពលរដ្ឋជ្រួលច្របល់។

លោកថា៖«សាលារាជធានីភ្នំពេញនឹងចាត់វិធានការអ្នកផ្សព្វផ្សាយ ប៉ុន្តែវិធានការយ៉ាងណាខ្ញុំសុំមិននិយាយទេ ទុកឱ្យមន្ត្រីជំនាញអ្នកធ្វើការ»។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ  មានប្រសានស៍ថា  មូលហេតុដែលនាំឱ្យប្រជាពលរដ្ឋជ្រួលច្របល់ទិញទំនិញស្តុកទុក ដោយសារ ពួកគេមិនជឿជាក់លើប្រព័ន្ធសុខាភិបាលកម្ពុជា បន្ទាប់ពីបុរសជនជាតិជប៉ុនម្នាក់ ត្រូវបានរកឃើញថា ផ្ទុកជំងឺកូរ៉ូណានៅប្រទេសកម្ពុជា។

លោកថា៖«ការគិតគួរឬក៏ការប្រុងប្រយ័ត្នរបស់ប្រជាពលរដ្ឋ​ទំនងពួកគេមិនទាន់ស្ងប់ចិត្តជាមួយហ្នឹងវិធានការទាំងឡាយរបស់ក្រសួងសុខាភិបាល សូម្បីជនជាតិជប៉ុន​ឆ្លងកាត់ព្រលានយន្តហោះ សៀមរាបហ្នឹង មិនមាន​ការចាប់អារម្មណ៍​ផង។ អ៊ីចឹងថាតើពួកគេមានការជឿជាក់ប៉ុណ្ណា ខណៈដែលមានការអះអាងថា​នៅតាមព្រលានយន្តហោះ មានដាក់កាំមេរ៉ា និងឧបករណ៍វាស់កម្ដៅដែរ ហេតុអីចេញពីស្រុកខ្មែរទៅវាស់មិនឃើញ»។

លោក សន ជ័យ ស្នើទៅអាជ្ញាធរអន្តរាគមន៍ទៅម្ចាស់ទំនិញទាំងអស់កុំឱ្យដំឡើងថ្លៃជាជាង ប្រកាសចាត់វិធានការទៅលើអ្នកផ្សព្វផ្សាយព័ត៌មាន ដោយលោកហៅការប្រុងប្រយ័ត្នរបស់ប្រជាពលរដ្ឋទិញទំនិញទុកថា ជារឿងល្អ។

បើតាមលិខិតរបស់ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន លោក អ៊ឹង រចនា ផ្ញើមក រដ្ឋមន្ត្រីក្រសួងការបរទេសថ្ងៃទី៥ ខែមីនា ឱ្យដឹងថា បុរសជនជាតិជប៉ុនអាយុជាង៤០ឆ្នាំ  បានធ្វើដំណើរចេញចូលកម្ពុជាចំនួន២លើក គឺលើកទីមួយនៅថ្ងៃទី១៦ ខែកុម្ភៈ និងលើកទីពីរនៅថ្ងៃទី២៨ ខែកុម្ភៈ។

លិខិតបញ្ជាក់ថា បុរសជនជាតិជប៉ុនរូបនេះ  បានចេញរោគសញ្ញាដំបូងនៅប្រទេសភីលីពីន នាថ្ងៃទី២១ និងរោគសញ្ញាលើកទីពីរ នៅកម្ពុជានាថ្ងៃ៣ ខែមីនា មុនពេលចាកចេញពីប្រទេស។

កាលពីថ្ងៃ៥ ខែមីនា ក្រសួង​សុខាភិបាល​កម្ពុជាបានដាក់​​មនុស្ស​៤នាក់ស្ថិតនៅក្នុងការតាមដាន​ បន្ទាប់​ពី​រក​ឃើញ​ថា​​​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជា​មួយ​ជនជាតិ​ជប៉ុន​ម្នាក់​ដែល​រក​ឃើញ​ថា ​មាន​COVID-19។ ដោយឡែក មនុស្សប្រមាណ​ ៤០នាក់​ប៉ះពាល់ប្រយោល ក៏ត្រូវដាក់ឱ្យនៅដាច់​ដោយ​ឡែក​ចំនួន​ ១៤ថ្ងៃ​ និងតាមដានសុខភាព​ បើមានចេញរោគសញ្ញាត្រូវយកវត្ថុវិភាគជាបន្ទាន់​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ