សមយុទ្ធនាគមាស​កងទ័ពកម្ពុជា-ចិន នឹងនៅតែរៀបចំដូចការគ្រោងទុក

កងទ័ពកម្ពុជា-ចិន ចូលរួម​ក្នុងសមយុទ្ធនាគមាសនាឆ្នាំកន្លងមក។ (រូបភាព៖ហ្វេសប៊ុក​នាយឧត្តមសេនីយ៍ ឈុំ សុជាត/ General Chhum Socheat)​

មន្រ្តី​ជាន់​ខ្ពស់​ក្រសួងការពារជាតិ បាន​អះអាងថា​«សមយុទ្ធនាគមាស​ឆ្នាំ២០២០» រវាងកងទ័ពកម្ពុជានិងចិន នឹងនៅតែធ្វើឡើងដូចការគ្រោងទុក។

អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បានបញ្ជាក់បែបនេះនៅលើទំព័រហ្វេសប៊ុក​ផ្លូវការរបស់​លោក​នៅថ្ងៃនេះ។

លោកសរសេរថា៖«សមយុទ្ធនាគមាសឆ្នាំ២០២០ ដែលប្រារព្ធរួមគ្នារវាងកងយោធពលខេមរភូមិន្ទកម្ពុជា និង​កង​​ទ័ពរំដោះ​ប្រជាជនចិន ក្រោមប្រធានបទ រួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌កម្ពុជា-ចិន នឹងធ្វើ​ឡើង​​​តាមការគ្រោងទុក ចាប់ពីថ្ងៃទី១៤ ខែមីនា ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ នៅសាលា​ហ្វឹកហ្វឺន​តេជោ​សែនជុំគិរី នៃកងពលតូចលេខ៧០ ស្រុកជុំគិរី ខេត្តកំពត។»

បើតាម​លោក ឈុំ សុជាតិ សមយុទ្ធនេះអ្នកចូលរួមជាង៣ពាន់នាក់ ដែលក្នុងនោះភាគីចិន​មានកងទ័ពចូលរួម​សរុប​២៦៥​នាក់ រី​ឯភាគីកម្ពុជាមានកម្លាំងចូលរួម២៨៧១នាក់។ លោក បន្ថែមថា​គ្រឿងយុទ្ធភណ្ឌសម្រាប់​បំពាក់​ក្នុង​សមយុទ្ធនេះ រួម​មានឧទ្ធម្ភាចក្រ កាំភ្លើងធំ រថក្រោះ រថពាសដែក កាំភ្លើងត្បាល់ អាវុធធុនស្រាល និងបរិក្ខាយោធាមួយចំនួនទៀត។

អ្នកនាំពាក្យរូបនេះថា​សមយុទ្ធនាគមាសរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញមិត្តភាព ទំនាក់ទំនង កិច្ចសហ​ប្រតិបត្តិការកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងកងយោធពលខេមរភូមិន្ទ និង​កង​ទ័ព​​រំដោះប្រជាជនចិន។

«សមយុទ្ធនាគមាស​ឆ្នាំ២០២០» នេះ ជាលើកទី៤ហើយដែលកងទ័ពកម្ពុជា-ចិន ធ្វើសមយុទ្ធនាគមាស​រួមគ្នា​នៅក្នុង​ប្រទេសកម្ពុជា ដែល​លើកទី១ធ្វើឡើងនៅឆ្នាំ២០១៦, លើកទី២ នៅឆ្នាំ២០១៨ និង​លើកទី៣​នៅឆ្នាំ​២០១៩​៕

កាលពីម្សិលមិញ​ក្រសួងសុខាភិបាល​កម្ពុជាបាន​ប្រកាសពីការរក​ឃើញដំបូងលើ​បុរសខ្មែរម្នាក់​នៅខេត្តសៀម​រាប​មាន​ផ្ទុកវីរុសកូវីដ-១៩។ ភ្លាម​ៗលោក​នាយក​រដ្ឋមន្រ្តីហ៊ុន សែន បាន​បញ្ជាក់​តាម​រយៈរដ្ឋមន្រ្តីក្រសួង​សុខាភិបាល​​លោក ម៉ម ប៊ុនហេង ថា​កម្មវិធីអង្គរសង្រ្កានត្រូវលុបចោល ហើយ​សាលាទូទាំងក្រុងសៀមរាបត្រូវបិទមួយរយៈ ដើម្បី​ទប់ស្កាត់​ការរីករាលដាល​នៃវីរុសកូវីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ