រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអំពាវនាវទៅអ្នកទៅផ្សារទិញម្ហូប និងអាជីវករលក់គ្រឿងទេស បន្លែ សាច់ ទាំងអស់ប្រុងប្រយ័ត្នខ្ពស់ និងត្រៀមអាល់កុលជាប្រចាំសំរាប់លាងដៃ ដើម្បីទប់ស្កាត់ការរីករាលដាលនៃរីរុសកូវីដ-១៩។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជា បានរកឃើញបុរសជនជាតិខ្មែរម្នាក់នៅខេត្តសៀមរាប មានផ្ទុកកូវីដ-១៩ នៅដើមខែមីនានេះ។
ពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ នៅវត្តស្នាយសរ ស្ថិតនៅភូមិព្រៃខ្លា និងភូមិពោធិសាបាង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងនៅព្រឹកនេះថា សូមប្រជាពលរដ្ឋខ្មែរទាំងអស់នៅទូទាំងប្រទេស ជាពិសេសអ្នកនៅស្រុកស្រែ កុំមានការភិតភ័យ និងព្រួយបារម្ភពីជំងឺឆ្លងកូវីដ១៩ ដោយថាជំងឺនេះមិនងាយឆ្លងដល់នោះទេ បើសិនជាពួកគេចេះពីរបៀបរស់នៅដោយអនាម័យ។
ទោះជាបែបនេះក្តី លោក ស ខេង អំពាវនាវទៅប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសអ្នករស់នៅទីប្រជុំជន អ្នកទៅផ្សារទិញម្ហូប និងអ្នកលក់ជាដើម ត្រូវត្រៀមអាល់កុលជាប្រចាំ ទើបរួមចំណែកទប់ស្កាត់កុំឱ្យឆ្លងជំងឺកូវីដ-១៩នេះបាន។
លោកថ្លែងដូចនេះថា៖ «អ្នកលក់ម្នាក់ៗ សូមឱ្យគាត់ត្រៀមអាល់កុល។ ឧទាហរណ៍ អ្នកលក់សាច់ជ្រូក អ្នកលក់សាច់គោ អ្នកលក់បន្លែ ត្រី សាច់ អង្ករជាដើម ឬក៏គាត់លក់ទំនិញសព្វបែបយ៉ាងទាំងអស់ គាត់ត្រៀមអស់ហើយ ជាវិធានការមួយដែរ ព្រោះ [មេរោគកូវីដ១៩] ឆ្លងទាល់តែយើងប៉ះគ្នា។ អញ្ចឹងគឺថា គាត់មានអាល់កុលនៅកន្លែង[លក់ដូរ] ហើយគាត់គិតតម្លៃតាមហ្នឹងទៅ ដូចជួយប្រោសសត្វ ជួយជីវិតមនុស្សដែរ គាត់ក៏ការពារ អ្នកដែលទៅក៏ខ្លាចមាន [ឆ្លងមេរោគកូវីដ១៩] ហើយអ្នកដែលទៅទិញអីវ៉ាន់ ខ្លាចឆ្លងពីអ្នកលក់ ក្រែងវាមានទៅវិញទៅមកស្មើគ្នា»។
អាជីវករ កែវ ជីវ៉ា ដែលជាអ្នកលក់សាច់គោនៅផ្សារដើមគរ រាជធានីភ្នំពេញ បានគាំទ្រនឹងប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលចង់ឱ្យអាជីវករ និងប្រជាពលរដ្ឋត្រៀមអាល់កុលលាងដៃ។ អាជីវកររូបនោះអះអាងថា ចាប់ពីថ្ងៃស្អែកនេះទៅ គាត់នឹងដាក់អាល់កុលសំរាប់ឱ្យអតិថិជនលាងដៃ ដើម្បីទប់ស្កាត់កុំឱ្យឆ្លងមេរោគកូវីដ-១៩ផងដែរ។
អាជីវកររូបនោះអះអាងថា៖ «គាត់ប្រកាសអញ្ចឹង ស្អែកនឹងចាប់ផ្តើមអនុវត្ត។ ចង់ទិញយកមកដាក់នៅពេលដែលភ្ញៀវគាត់មកទិញ ហុចលុយ ចង់ឱ្យខាងភ្ញៀវក៏លាង ខ្ញុំអ្នកលក់ក៏លាង ដើម្បីការពារទាំងអស់គ្នា»។
យុវជន ហេង លីហួរ ដែលអះអាងថា ធ្វើការនៅក្រុមហ៊ុនឯកជន និយាយថា គាត់សប្បាយចិត្តនៅពេលទទួលបានព័ត៌មានពីថ្នាក់ដឹកនាំគិតគូរ និងយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាទប់ស្កាត់កុំឱ្យឆ្លងជំងឺកូវីដ-១៩នេះ។ យុវជនរូបនោះអំពាវនាវទៅថ្នាក់ដឹកនាំរដ្ឋយកចិត្តទុកដាក់កំណត់តម្លៃទំនិញនៅលើទីផ្សារឱ្យបានសមរម្យ ទើបដោះស្រាយបញ្ហាប្រឈមទាំងនោះបាន។
លោកអំពាវនាវដូចនេះថា៖ «សង្ឃឹមថា លក់តម្លៃសមរម្យ តម្លៃដូចដើម កុំឡើងថ្លៃ ព្រោះថា ប្រទេសខ្មែរយើង ភាគច្រើនមិនមែនមានទាំងអស់ទេ។ មានអ្នកក្រខ្លះ អញ្ចឹងយើងលក់តម្លៃសមរម្យ ឱ្យគេទិញប្រើប្រាស់បាន ដើម្បីប្រទេសយើង ដើម្បីប្រជាពលរដ្ឋប្រទេសយើង ដើម្បីការពារជំងឺកូរ៉ូណា។»
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង គាំទ្រនឹងប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដែលលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងអាជីវករ ត្រូវមានទឹកលាងដៃការពារមេរោគ កូវីដ-១៩។ ប៉ុន្តែ លោកព្រួយបារម្ភថា បើរដ្ឋាភិបាលមិនគ្រប់គ្រងតម្លៃសម្ភារ និងអាល់កុលលាងដៃ ឱ្យស្ថិតនៅក្នុងតម្លៃសមរម្យទេ នឹងធ្វើឱ្យប្រជាពលរដ្ឋភាគច្រើនជួបបញ្ហាប្រឈម។
លោកបង្ហាញការព្រួយបារម្ភថា៖ «បើសិនជារដ្ឋមិនព្រមធ្វើអន្តរាគមន៍ទេ នឹងធ្វើឱ្យប្រជាពលរដ្ឋរងគ្រោះ។ ហើយម្យ៉ាងវិញទៀត ប្រសិនជាករណី កូវីដ-១៩ វាបង្កជាបញ្ហា លើសពីកម្រិតបច្ចុប្បន្ននេះ អាចធ្វើឱ្យកម្ពុជាជួបបញ្ហាធំ ប្រសិនយើងមិនព្យាយាម ធ្វើអន្តរាគមន៍ទៅលើរបស់របរចាំបាច់សម្រាប់ប្រើប្រាស់ ការពារខ្លួនទាំងអស់ហ្នឹង»។
កាលពីថ្ងៃ៧ ខែមីនា ឆ្នាំ២០២០ រដ្ឋាភិបាលបានសម្រេចបិទសាលារៀនទូទាំងក្រុងសៀមរាប និងលុបចោលកម្មវិធីអង្គរសង្រ្កាន្តផងដែរ ដើម្បីបញ្ចៀសពីការរីករាលដាលនៃវីរុសកូវីដ-១៩ ក្រោយពីរកឃើញករណីឆ្លងដំបូងលើបុរសជនជាតិខ្មែម្នាក់អាយុ៣៨ឆ្នាំ នៅខេត្តសៀមរាប៕