សំណាក​​អ្នក​​ដំណើរ​​ជា​មួយ​​ស្រ្តី​​អង់​គ្លេស​​ផ្ទុក​​កូវីដ​-​១៩​​ជាង​​៦០​​នាក់​​ត្រូវ​​យក​​ធ្វើ​​តេស្ត​​នៅ​​ថ្ងៃ​​នេះ​​

ក្រុមមន្ត្រីសុខាភិបាលចុះពិនិត្យអ្នកដំណើរលើនាវា​ វី​គីង ​គូ្រស​ជ្យូ​ណី​ (Viking​ Cruise​ Journey​) ក្រោយរកឃើញមួយករណីនៃមេរោគកូវីដ-១៩លើអ្នកដំណើរនោះ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។ (ឆពណ្ណ បញ្ញា)

ប្រធានមន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ចាម​ អះអាង​ថា ​ក្រុម​គ្រូពេទ្យ​យក​សំណាក​អ្នកដំណើរ​លើ​នាវា​ វី​គីង ​គូ្រស​ជ្យូ​ណី​ (Viking​ Cruise​ Journey​) ចំនួន៦៣នាក់​ ទៅ​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ នៅ​ថ្ងៃនេះ​។ 

ក្រសួងសុខាភិបាល​ កាលពី​ម្សិលមិញ​ បាន​ប្រកាស​រក​ឃើញ​ស្ត្រីជន​ជាតិ​អង់គ្លេស​អាយុ៦៥​ឆ្នាំ​ម្នាក់​ ដែល​ធ្វើដំណើរ​តាម​នាវា​ដែល​ចេញពី​កំ​ពង់​ផែ​ហូ​ជី​មីញ​ ប្រទេស​វៀតណាម​ មក​ចូល​ចត​នៅ​ខេត្ត​កំពង់ចាម ​ថា​មាន​ផ្ទុក​កូ​វីដ​-១៩​។ 

ប្រធានមន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ចាម​ លោក​ គឹម​ សួរ​ភិរុណ​ ប្រាប់​វី​អូ​ឌី​នៅ​ព្រឹក​នេះ​ថា​ សមត្ថកិច្ច​មិនទាន់​ឱ្យ​មនុស្ស​ចំនួន​ ៦៣​នាក់​ចេញពី​លើ​នាវា​នោះ​ទេ​ ដោយ​រង់ចាំ​លទ្ធផល​សំណាក​។ 

លោក​បន្ត​ថា​ គ្រូពេទ្យ​កំពុង​យក​សំណាក​អ្នកដំណើរ​ទាំងនោះ​ទៅ​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ នៅ​ថ្ងៃនេះ​។

លោក​ថា​៖ «យើង​យក​សំណាក​គាត់​មក​វេច​ខ្ចប់​តាម​លក្ខណៈ​បច្ចេកទេស​ ហើយ​ដឹក​តាម​រថយន្ត​មក​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​»។

លោក​ គឹម​ សួរ​ភិរុណ​ បន្ត​ថា​ ចំពោះ​ស្ថានភាព​ស្ត្រីជន​ជាតិ​ជន​អង់គ្លេស​ម្នាក់​ដែល​ផ្ទុក​កូ​វីដ​-១៩​ លោក​ថា​ មាន​ភាព​ធម្មតា​ ហើយ​គ្រូពេទ្យ​ដាក់​ឱ្យ​ស្រ្តី​រូប​នេះ​សម្រាក​ព្យាបាល​នៅ​បន្ទប់​ដាច់ដោយឡែក​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ចាម​។ 

គិត​មកដល់​ថ្ងៃនេះ​ កម្ពុជា​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​ ចំនួន៣​នាក់​ហើយ ​គឺ​ជនជាតិ​ខ្មែរ​ម្នាក់​ ជនជាតិ​អង់គ្លេស​ម្នាក់​ និង​ចិន​ម្នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ