ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃនេះ បានប្រកាសពីការរកឃើញអ្នកផ្ទុកកូវីដ១៩ ដែលជាជនជាតិអង់គ្លេស ២រូបផ្សេងទៀត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដែលចេញផ្សាយនៅថ្ងៃនេះ ជនជាតិអង់គ្លេសទាំងពីរនាក់នោះជាប្តីប្រពន្ធនឹងគ្នា ដែលបុរសជាប្តីមានអាយុ ៧៣ឆ្នាំ និងភរិយាអាយុ ៦៩ឆ្នាំ។ ពួកគេទាំងពីរជាអ្នកដំណើរនៅលើនាវា Viking Cruise Journey ជាមួយស្រ្តីជនជាតិអង់គ្លេសវ័យ ៦៥ឆ្នាំដែលមានផ្ទុកកូវីដ-១៩ ហើយត្រូវបានរកឃើញកាលពីថ្ងៃទី១០ ខែមីនា។ បច្ចុប្បន្ន ប្តីប្រពន្ធជនជាតិអង់គ្លេសទាំងពីរនាក់នេះត្រូវដាក់ឱ្យនៅដាច់ដោយឡែកក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម។
តាមប្រភពដដែល អ្នកដំណើរ និងអ្នកបម្រើលើនាវា Viking Cruise Journey ចំនួន ៦១នាក់មិនបានឆ្លងកូវីដ-១៩នេះទេ ហើយពួកគេត្រូវដាក់នៅដាច់ដោយឡែក ដើម្បីតាមដានសុខភាពបន្ត។
គិតមកដល់ពេលនេះ កម្ពុជារកឃើញអ្នកផ្ទុកវីរុសកូវីដ-១៩ ចំនួន៦ករណីហើយ៕