អាមេរិក​អន់​ចិត្ត​ចំពោះ​ការ​ចោទ​ថា ឃុប​ឃិត​ជា​មួយ​លោក កឹម សុខា ផ្តួល​រដ្ឋា​ភិបាល​​

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក​ Patrick Murphy ថ្លែងប្រាប់អ្នកកាសែត​ បន្ទាប់ពីចូលអង្កេតសវនាការលោក កឹម សុខា នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

សហរដ្ឋអាមេរិកបានសម្តែងការមិនពេញចិត្តចំពោះរដ្ឋាភិបាលកម្ពុជា ដែលភ្ជាប់សហរដ្ឋអាមេរិក​ថា ឃុបឃិតជាមួយលោក កឹម សុខា ចង់ផ្តួលរំលំរដ្ឋាភិបាល។​

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក​ Patrick Murphy ថ្លែងបន្ទាប់ពីចូលអង្កេតសវនាការលោក កឹម សុខា នៅព្រឹកនេះថា លោក កឹម សុខា គឺជាមនុស្សល្បីល្បាញលើពិភពលោកក្នុងការ​លើកតម្កើងសិទ្ធិមនុស្ស និងសិទ្ធិសេរីភាព។​ លោកសង្ឃឹមថា សេរីភាពលោក កឹម សុខា នឹងត្រូវស្ដារឡើងវិញ និងចង់ឃើញពលរដ្ឋកម្ពុជា មានសិទ្ធិពេញលេញក្នុងការចូលរួមសកម្មភាពនយោបាយ។​

ឯកអគ្គរដ្ឋទូតរូបនេះ ក៏សម្តែងការមិនពេញចិត្តចំពោះរដ្ឋាភិបាលកម្ពុជា ដែលចោទថា អាមេរិកនៅពីក្រោយលោក កឹម សុខា ចង់ផ្តួលរំលំរដ្ឋាភិបាល​។

លោក Patrick Murphy៖ «យើងក៏មានការអាក់អន់ចិត្ត ព្រោះនៅក្នុងសវនាការ ព្រះរាជអាជ្ញាព្យាយាមនិយាយថា អាមេរិកពាក់ព័ន្ធករណីនេះ»។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យកម្លាំងប្រដាប់អាវុធចាប់ខ្លួនលោក កឹម សុខា នៅម៉ោងជាង ១២យប់រំលងអធ្រាត្រ ថ្ងៃទី២ ចូលឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទលោក កឹម សុខា ថា​ឃុបឃិតជាមួយអាមេរិក​រៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលកម្ពុជាដែលកើតចេញពីការបោះឆ្នោត។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ហៅការលើកឡើងនេះថា គ្រាន់តែជាជ្រុងមួយនៃទស្សនៈរបស់ឯកអគ្គរដ្ឋទូតអាមេរិកប៉ុណ្ណោះ ។

លោកថា៖ «កន្លងមក រដ្ឋាភិបាលមិនបានធ្វើការចោទប្រកាន់អីថាសហរដ្ឋអាមេរិកជាប់ពាក់ព័ន្ធ ឬក៏នៅពីក្រោយសំណុំរឿងលោក កឹម សុខា អីនោះទេ។ ហើយតុលាការក៏មិនទាន់បានសន្និ​ដ្ឋាន​ថា សហរដ្ឋអាមេរិកពាក់ព័ន្ធ ឬក៏មិនពាក់ព័ន្ធស្អីនោះទេ ព្រោះស្ថិតក្នុងនីតិវិធីរបស់តុលាការកន្លងមក លោក កឹម សុខា ខ្លួនឯងតើជាអ្នកលើកឡើងពីឈ្មោះសហរដ្ឋអាមេរិកក្នុងកំណត់​ហេ​​តុនៃសំណុំរឿងរបស់គាត់»។

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា បង្ហាញការយល់ឃើញថា សាររបស់អាមេរិកអាចជាការពញ្ញាក់អារម្មណ៍អាជ្ញាធរកម្ពុជាជាថ្មីទៀត ឱ្យគិតពិចារណាទៅលើបទចោទលោក កឹម សុខា ឡើងវិញ​ ដែលថាអាមេរិកមិនអាចទទួលយកបទចោទនេះបានទេ។

អ្នកវិភាគរូបនេះយល់ឃើញទៀតថា សារនេះអាចនឹងជំរុញឱ្យរដ្ឋាភិបាលកម្ពុជាពិចារណាផងដែរពីការស្តារទំនាក់ទំនងល្អជាមួយអាមេរិក ដើម្បីទាញយកប្រយោជន៍សេដ្ឋកិច្ចដែលកម្ពុជាត្រូវការចំាបាច់នៅឡើយ។

លោកថា៖ «លក្ខខណ្ឌសេដ្ឋកិច្ចក៏ជាកត្តាមួយដែលជាជំហរបស់កម្ពុជា នៅក្នុងក្រមខណ្ឌអន្តរជាតិ មិនឱ្យផ្អៀងទៅលើលោកខាងកើតចិនតែមួយទេ គឺគិតពិចារណាប្រយោជន៍សេដ្ឋកិច្ចដែ​ល​បានពីប្រព័ន្ធអនុគ្រោះ GSP និង EBA ពីសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក»។

តាមលោក Patrick Murphy សហរដ្ឋអាមេរិកបានផ្តល់ជំនួយចំនួន ៣ពាន់លានដុល្លារ ដល់ប្រទេសកម្ពុជា ក្នុងពេលប៉ុន្មានទសវត្សរ៍កន្លងទៅនេះ ។

ជំនួយទាំងនោះប្រកបដោយតម្លាភាព ដើម្បីពង្រឹងស្ថាប័ន និងគណបក្សនយោបាយ ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា​។​

កម្មវិធីរបស់អាមេរិក សម្រាប់គណបក្សនយោបាយទាំងអស់ ដោយរួមទាំងគណបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រងប្រទេស និងស្ថាប័នជាច្រើនទៀតរបស់រដ្ឋាភិបាល។

រដ្ឋាភិបាលអាមេរិកបញ្ជាក់ថា ខ្លួនមិនដែលចង់ជ្រៀតជ្រែកក្នុងអភិបាលកិច្ចរបស់ប្រទេសកម្ពុជាទេ។ តែថា អាមេរិកគោរពពេញលេញចំពោះឯករាជ្យភាព និងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។

តែអាមេរិកគាំទ្រសេរីភាពក្នុងការបញ្ចេញមតិ សង្គមស៊ីវិលដែលមានភាពសកម្ម និងការអត់ឱនដល់ទស្សនៈប្រឆាំង ជាផ្នែកសំខាន់ចាំបាច់មួយនៃគ្រប់លទ្ធិប្រជាធិបតេយ្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ