ស្ត្រី​ម្នាក់​ចោទ​ថា​ ពេទ្យ​បង្អែក​បាត់​ដំបង​មិន​ពិនិត្យ​ប្តី​គាត់​ដែល​សង្ស័យ​ផ្ទុក​មេរោគ​កូវីដ​១៩​

ស្ដ្រីម្នាក់ដែលមានគណនីហ្វេសបុកឈ្មោះ Alena Alena និងប្ដីដែលជាជនជាតិអូស្ត្រាលី ក្នុងកម្មវិធីមួយ កាលពីខែកញ្ញា ឆ្នាំ២០១៩។ (ហ្វេសប៊ុក Alena Alena)

ស្ត្រីមា្នក់នៅខេត្តបាត់ដំបង បានចោទថា ពេទ្យបង្អែកខេត្តមួយនេះ ខ្លាចប្តីរបស់គាត់ មិនហ៊ានចូលជិត និងមិនព្រមទទួលពិនិត្យទេ ពេលដែលប្រាប់ពីអាការមួយចំនួនដែលសង្ស័យថា អាចមានផ្ទុកមេរោគកូវីដ-១៩ បន្ទាប់ដើរកំសាន្តនៅក្រៅប្រទេស។​

ស្ត្រីម្នាក់បានឡាយតាមគណនីហ្វេសបុកឈ្មោះ Alena Alena កាលពីល្ងាចថ្ងៃទី១០ ខែមីនា ដោយចោទថា ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង មានការភ័យខ្លាច និងរើសអើង មិនទទួលពិនិត្យលើអ្នកជំងឺ ដែលមានអាការសង្ស័យថា មានផ្ទុកកូវីដ-១៩។

នៅក្នុងវីដេអូឡាយជាង១ម៉ោង ស្ត្រីរូបនោះបានរៀបរាប់ថា ក្រោយត្រឡប់ពីដើរលេងនៅប្រទេសថៃ ស្វាមីរបស់គាត់ជាជនជាតិអូស្រា្តលី បានគ្រុនផ្តាសាយធ្ងន់ធ្ងរ ដោយមានអាការក្តៅខ្លាំង ក្អក ហៀរសំបោរ និងហត់ពិបាកដកដង្ហើមរយៈពេល១សប្តាហ៍ហើយ។

ស្ត្រីរូបនេះបន្តថា ដោយសង្ស័យខ្លាចស្វាមីឆ្លងជំងឺកូវីដ-១៩នោះ នៅថ្ងៃទី៩ ខែមីនា អ្នកស្រីក៏បាននាំស្វាមីទៅពិនិត្យសុខភាពនៅពេទ្យឯកជន ប៉ុន្តែ ខាងពេទ្យឯកជនប្រាប់ថា ពុំមានឧបករណ៍គ្រប់គ្រាន់ ហើយប្រាប់ឱ្យអ្នកស្រីនាំស្វាមីទៅពិនិត្យពេទ្យរដ្ឋវិញ គឺមន្ទីរពេទ្យបង្អែកខេត្តបាត់បង។

អ្នកស្រីបន្ថែមថា ពេលដែលអ្នកស្រីនាំស្វាមីទៅពិនិត្យនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ហើយបានរៀបរាប់ពីដំណើររឿង និងអាការនៃជំងឺស្វាមីអ្នកស្រី រួមទាំងស្នើសុំឱ្យពិនិត្យរកមេរោគនោះ គឺគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តមួយនេះ មិនហ៊ានចូលជិត និងមិនទទួលពិនិត្យជំងឺឱ្យស្វាមីអ្នកស្រីឡើយ។

អ្នកស្រីបន្ថែមថា៖ «ហើយគាត់ [គ្រូពេទ្យ] មិនទាន់ដឹងថា ស្វាមីខ្ញុំកើតជំងឺហ្នឹងមែនអត់ផង ហើយគាត់ភ័យទុកមុន។ គាត់អត់មកជិត។ គាត់អត់ហ៊ានពិនិត្យឱ្យ។ ហើយគាត់ដេញឱ្យយើងទៅដេកព្យាបាលនៅផ្ទះ។​ ខ្ញុំថា គាត់ឈឺ១អាទិត្យហើយ។ គាត់ថាឱ្យយើងដេកមើលនៅផ្ទះ១អាទិត្យទៀតទៅ តាមដានជំងឺដោយខ្លួនឯងមួយអាទិត្យទៀតទៅ។ គាត់មិនព្រមធ្វើតេស្តឈាមឱ្យ។ គាត់មិនវាស់សុខភាព។ គាត់មិនហ៊ានចូលមកវាស់កម្តៅឱ្យយើងទៀត»

វីអូឌីបានព្យាយាមសុំការបញ្ជាក់បន្ថែមពីស្រ្តីម្នាក់នេះតាមទូរសព្ទ និងបណ្តាញសង្គមហ្វេសប៊ុកដែរ ប៉ុន្តែ មិនមានការឆ្លើយតប។

ប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង លោក វឿង ប៊ុនរ៉េត មានប្រសាសន៍ថា គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ពុំមានការរើសអើងចំពោះអ្នកជំងឺណាម្នាក់ឡើយ។

វេជ្ជបណ្ឌិតរូបនេះបញ្ជាក់ថា ករណីគ្រូពេទ្យមិនទទួលយកសំណាកពីជនបរទេសដែលត្រូវជាស្វាមីរបស់ស្ត្រីម្នាក់នោះទៅពិនិត្យរកមេរោគកូវីដ-១៩ ដោយសាររោគសញ្ញារបស់គាត់ មិនត្រូវទៅតាមរោគសញ្ញានៃជំងឺកូវីដ-១៩។

ប៉ុន្តែ យ៉ាងណា លោកថា នៅថ្ងៃនេះ លោកបានចុះទៅដល់ផ្ទះអ្នកជំងឺ ដើម្បីនិយាយពន្យល់ និងបានយកសំណាករបស់អ្នកជំងឺនោះទៅពិនិត្យនៅប៉ាស្ទ័រតាមការទាមទារហើយ ដោយរង់ចាំតែលទ្ធផលប៉ុណ្ណោះ។

លោកបន្ថែមថា៖ «ខ្ញុំចុះទៅពន្យល់ដល់ផ្ទះគាត់ហើយ។ ពន្យល់ប្រាប់គាត់ថា មូលហេតុដែលគ្រូពេទ្យបដិសេធ ដោយសារតែអ្នកជំងឺអត់មានកម្តៅគ្រប់លក្ខណៈដែលត្រូវយកសំណាកទៅពិនិត្យ។ ដល់អញ្ចឹង គ្រូពេទ្យបដិសេធ ប៉ុន្តែ គាត់នៅតែចង់ឱ្យគេយកសំណាកទៅពិនិត្យតែម្តង។ ធម្មតា គ្រូពេទ្យគាត់ត្រូវមើលតាមរបៀបរបបរបស់គាត់»

កាលពីថ្ងៃទី១០ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសសេរលើហ្វេសប៊ុករបស់លោក ដោយប្រាប់ទៅក្រសួងសុខាភិបាលកម្ពុជា ត្រូវបន្តយកចិត្តទុកដាក់ពីស្ថានភាពជំងឺកូវីដ-១៩ និងត្រូវពង្រឹងសេវាសុខាភិបាលជូនចំពោះប្រជាពលរដ្ឋឱ្យបានដិតដល់ ជាពិសេសរាល់ពេលដែលមានទូរសព្ទទាក់ទងចូល ដើម្បីសួរនាំពីជំងឺកូវីដ-១៩នេះ ហើយត្រូវផ្តល់ព័ត៌មានអោយបានជាក់លាក់ និងទាន់ពេលវេលាជូនអ្នកជំងឺ មិនត្រូវរុញចុះរុញឡើងនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ