កម្ពុជាសុបិន​ចង់​បាន​​ឥណទាន​​កាបោន​ពី​អន្តរជាតិ​ ខណៈ​ព្រៃ​លិច​ទឹក​កំពុង​បាត់​បង់

ព្រៃឈើភាគច្រើននៅជុំវិញបឹងទន្លេសាប ប្រែក្លាយជាក្រៀមក្រោះ នៅខែធ្នូ បើទោះបីព្រៃឈើមួយចំនួនត្រូវលិចទឹកក្ដី។ ទិដ្ឋភាពព្រៃលិចទឹកនេះ ត្រូវបានផ្ដិតយកនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅភូមិទ្រាយ ខេត្តសៀមរាប។ (រី រួន)

ភូមិទ្រាយ ខេត្តសៀមរាប៖ លោក ម៉ៃ ម៉ៅ បានប្រកបមុខរបរជាអ្នកនេសាទក្នុងភូមិទ្រាយស្ថិតនៅភាគខាងជើងប្រទេសកម្ពុជា អស់រយៈពេលជាង ៦០ឆ្នាំមកហើយ មុនពេលលោកសម្រេចចិត្តបោះបង់របរនេសាទនេះ​ក្នុងឆ្នាំ​២០១៨។ ស្ថិត​ក្នុងវ័យ ៧៧ឆ្នាំ លោក ម៉ៃ ម៉ៅ បារម្ភថា កម្លាំងកាយ និងសុខភាពទន់ខ្សោយ មិនអាចឱ្យលោកបន្តមុខរបរនេសាទនេះ ហើយលោកអាចនឹងធ្លាក់ពីលើទូកចូលទឹកថ្ងៃណាមួយក៏ថាបាន។

មិនត្រឹមតែលោក ម៉ៅ ជាមនុស្សចាស់នោះទេ ដែលបោះបង់របរនេសាទនេះ ប៉ុន្តែ សូម្បីបុរសវ័យក្មេងពេញកម្លាំងក៏បោះបង់របរនេសាទនៅបឹងទន្លេសាបនេះដែរ ហើយពួកគេបានងាកមកដាំម្ទេស ឬក៏ធ្វើចំណាកស្រុកទៅរកការងារនៅក្រៅប្រទេស ជំនួសឱ្យរបរនេសាទដែលបាត់បង់នេះ ដើម្បីប៉ះប៉ូវចំណូលដែលពួកគេបាត់បង់តាមរយៈរបរនេសាទកន្លងមកនេះ។

ក្នុងភូមិទ្រាយ និងនៅតាមសហគមន៍ផ្សេងទៀត ដែលមានព្រំប្រទល់ជាប់នឹងបឹងទន្លេសាប ជាបឹងទឹកសាបធំជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេហ៍នោះ ព្រៃលិចទឹកបានផ្តល់ជម្រកសម្រាប់ត្រីពង និងការបន្តពូជគ្រប់រដូវកាល។

នៅពេលនេះ ក្រុមមន្ត្រីរដ្ឋាភិបាលក៏ចាត់ទុកព្រៃលិចទឹក គឺជាកន្លែងដែលអាចផ្តល់ផលចំណេញច្រើនសន្ធឹកសន្ធាប់នៅលើទីផ្សារកាបោនអន្តរជាតិ។

ខណៈពេលប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាបរងផលប៉ះពាល់ដោយសារទំនប់វារីអគ្គិសនី គ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃដែលមិនធ្លាប់មានពីមុនមក ព្រៃលិចទឹកដែលប្រជាពលរដ្ឋអាស្រ័យផល និងលទ្ធភាពក្នុងការស្រូបយកសារធាតុកាបោន​របស់ព្រៃលិចទឹក ប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំងឡើង។

អំឡុងរដូវក្តៅពីខែវិច្ឆិកា ដល់ខែឧសភា ជាពេលដែលប្រជាពលរដ្ឋនៅភូមិទ្រាយរស់នៅលើដីគោកនោះ គេនៅតែអាចមើលឃើញមែកឈើធំៗស្ថិតក្នុងចំណោមផ្ទះសសរឈើក្នុងភូមិនេះ ដែលមានសំណាញ់ទៅព្យួរ និងម៉ូតូផ្អែកនឹងជញ្ជាំង​ផងនោះ។

ប៉ុន្តែ អំឡុងរដូវវស្សា ទឹកទន្លេបានហូរពីទន្លេមេគង្គចូលទៅបឹងទន្លេសាប ហើយធ្វើឱ្យផ្ទៃបឹងកើនដល់ ១៣.០០០គីឡូម៉ែត្រការ៉េ គឺស្មើប្រហែល ៥ដងនៃផ្ទៃបឹងនៅរដូវប្រាំង។ ប្រជាពលរដ្ឋប្រហែល ៩០០.០០០​នាក់ដែលរស់នៅតំបន់ទំនាបលិចទឹកជុំវិញបឹងទន្លេសាប ត្រូវរស់នៅលើផ្ទៃទឹក និងធ្វើដំណើរពីផ្ទះមួយទៅផ្ទះមួយតាមកាណូតរយៈពេលកន្លះឆ្នាំ។

ក្នុងភូមិទ្រាយ ដើមគុំភ្នាង ដើមរាំង និងដើមផ្ទោល ដុះរាយប៉ាយនៅចន្លោះផ្ទះមួយទៅផ្ទះមួយ និងក្លាយជាជម្រកត្រីពង និងមានវល្លិ៍ត្រោះដុះចាក់ស្រេះនៅតាមឫស និងមែកឈើបង្កើតបានជាសំបុកត្រីពង នេះបើតាមការរៀបរាប់របស់អ្នក​ស្រុកប្រាប់អ្នកយកព័ត៌មាន ខណៈពួកគេលូកដៃបេះត្រីចៀនដែលបានចម្អិនសម្រាប់អាហារថ្ងៃត្រង់របស់ពួកគេ។

ក្នុងបទសម្ភាសនៅការិយាល័យរបស់លោកក្នុងទីក្រុងភ្នំពេញ លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល និយាយថា ប្រទេសកម្ពុជាយល់ដឹងយូរមកហើយអំពីសារៈសំខាន់របស់ព្រៃលិចទឹក ដែលផ្តល់ជាកន្លែងបង្កកំណើតរបស់ត្រីទឹកសាប ជាប្រភពប្រូតេអុីន និងអាហារូបត្ថម្ភសម្រាប់ប្រជាជនកម្ពុជាផងដែរ។

លោក អ៊ុក វិបុល មានប្រសាសន៍ថា៖ «យើងគ្រប់គ្រងធនធានជលផល និងជម្រកត្រីទាំងអស់គ្នា។ វាមានទំនាក់ទំនងជាមួយគ្នា។ យើងមិនអាចមានមួយអត់មួយបានទេ»

ព្រៃនឹងងាប់ នៅពេលណាភ្លើងឆេះ

ខណៈពេលសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ប្រទេសនេះក៏មានអត្រាកាប់បំផ្លាញព្រៃឈើក្នុងល្បឿនលឿនដូចគ្នាផងដែរ។ ផ្អែកតាមរូបភាពផ្កាយរណបរបស់អង្គការអភិរក្ស​ព្រៃឈើ​ដែលមានឈ្មោះថា Global Forest Watch បានប៉ាន់ប្រមាណថា ប្រទេសកម្ពុជាបានបាត់បង់ព្រៃឈើ ២,១៧ លានហិកតា ចាប់ពីចន្លោះឆ្នាំ​២០០១ ដល់ឆ្នាំ២០១៨ គឺស្មើនឹង ១ភាគ៤​ នៃការបាត់បង់គម្រប​ព្រៃឈើចាប់តាំងពីឆ្នាំ២០០០ ហើយបានបញ្ចេញសារធាតុកាបោនប្រមាណ ៩១៤​ម៉េហ្គាតោន (megaton) ឬ​ស្មើ​នឹង ៩១៤​លាន​តោន។

តំបន់ការពារបឹងទន្លេសាប ត្រូវបានកត់ត្រាថា បាត់បង់ព្រៃឈើប្រមាណ ១៦.៨​០០ហិកតា ចាប់ពីចន្លោះឆ្នាំ​២០០១ និងឆ្នាំ​២០០៨ នេះបើតាមការប៉ាន់ប្រមាណដោយប្រើប្រាស់ឧបករណ៍វាស់ស្ទង់បែបឌីជីថលរបស់អង្គការនេះ។

ព្រៃលិចទឹកទាំងនេះ មិនត្រូវបានកាប់រានដូចព្រៃឈើនៅតំបន់ភាគខាងកើត និងតំបន់មាត់សមុទ្ររបស់ប្រទេសកម្ពុជាទេ ប៉ុន្តែ គ្រោះរាំងស្ងួតធ្ងន់ធ្ងរមិនធ្លាប់មានកាលពីឆ្នាំ២០១៦ បង្កឱ្យមានភ្លើងឆេះព្រៃធំធេង និងធ្វើឱ្យទំហំព្រៃនេះថយចុះ។

អង្គការអភិរក្សសមាគម​អភិរក្សសត្វព្រៃ (WCS) បានឃ្លាំមើលព្រៃលិចទឹកនៅតំបន់ព្រែកទាល់ ជាតំបន់ការពារនៅតាមបឹងទន្លេសាបក្នុងខេត្តបាត់ដំបង អស់រយៈពេលជាង ២០ឆ្នាំមកហើយ។ ប៉ុន្តែ លោក សាយមិន ម៉ាហូដ (Simon Mahood) ទីប្រឹក្សាបច្ចេកទេសរបស់អង្គការ WCS និយាយថា អង្គការរបស់លោកមិនអាចទស្សន៍ទាយថា តើភ្លើងឆេះព្រៃលិចទឹកដែលអាចនឹងកើតមាននៅតំបន់នេះ នៅឆ្នាំខាងមុខ មានទំហំប៉ុណ្ណានោះទេ។

លោក ម៉ាហូដ បាននិយាយថា ភ្លើងឆេះព្រៃភាគច្រើន បង្កឡើងដោយសារមនុស្ស ដែលមូលហេតុកើតមានចាប់ពីការខកខានមិនបានពន្លត់ភ្លើងឱ្យបានត្រឹមត្រូវក្រោយពីចម្អិនអាហាររួចរាល់ រហូតដល់ការដុតព្រៃដោយចេតនា ប៉ុន្តែ ភាពរាំងស្ងួតខ្លាំងមិនធ្លាប់មានកាលពីឆ្នាំ២០១៦ រឹតតែធ្វើឱ្យមានសភាពក្តៅខ្លាំង និងបណ្តាលឱ្យភ្លើងឆេះព្រៃរាលដាលឆាប់រហ័ស។

លោក ម៉ាហូដ បាននិយាយថា៖ «កន្លងមក អ្វីៗហាក់មានសំណើមច្រើនជាងនេះ ហើយគេមិនបាច់ខំស្រោចទឹកពន្លត់​ភ្លើងផេះផងទេ។ ប៉ុន្តែ អ្វីៗបានប្រែប្រួល ហើយក្នុងស្ថានភាពនេះ ប្រសិនបើ ​[កសិករ]​ មិនចាក់ទឹកពន្លត់ផេះទេ នោះវាអាចងាយនឹងបង្កឱ្យមានអគ្គិភ័យ»

ស្របពេលអគ្គិភ័យនៅផ្នែកខាងក្នុងនៃព្រៃលិចទឹក អាចខុសពីការរំពឹងទុក លក្ខខណ្ឌដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុនៅតាមបឹងទន្លេសាប បង្កើតបានជាប្រព័ន្ធ «ព្យុះ» ដ៏ខ្លាំងល្មមមួយ។

លោក ម៉ាហូដ បានព្រមានថា ទោះបីជាអង្គការ WCS បានជួយឆ្មាំការពារតំបន់អភិរក្សព្រែកទាល់ និងសហគមន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃកាលពីឆ្នាំ២០១៦នោះក៏ដោយ ក៏ពួកគេនៅតែ​ខ្វះសម្ភារក្នុងការទម្លាក់ទឹកពីលើអាកាស ដើម្បីពន្លត់ភ្លើង ហើយត្រូវនាំយកទឹកពីតំបន់ឆ្ងាយនៃតំបន់បឹងនេះ។

លោកនិយាយថា៖ «ព្រៃលិចទឹកមិនមែនជាព្រៃដែលអាចឆេះតាម​បែប​ធម្មជាតិនោះទេ ហើយនៅពេលណាវាឆេះ វានឹងងាប់»

លោក ម៉ៃ ចំរុង ជាអ្នកនេសាទនៅភូមិទ្រាយ និងជាក្មួយប្រុសរបស់លោក ម៉ៃ ម៉ៅ បាននិយាយថា ភូមិនេះបាត់បង់ព្រៃច្រើនហិកតានៅរដូវបន្តបន្ទាប់នេះ អំឡុងខែមេសា និងខែឧសភា ឆ្នាំ២០១៩។

លោកនិយាយថា ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិទ្រាយ ការពារដើមឈើរបស់ពួកគេ ប៉ុន្តែ ភូមិរបស់ពួកគាត់ក៏ទាក់ទាញប្រជាពលរដ្ឋតំបន់ផ្សេងទៀតដែលរស់នៅចម្ងាយ ៣០គីឡូម៉ែត្រ ក្បែរផ្លូវជាតិ ឱ្យមកតំបន់នោះ ដើម្បីនេសាទ ដោះដូរទំនិញ និងដាំដំណាំកាន់តែច្រើនឡើង។

លោក និងអ្នកភូមិមួយចំនួនទៀត អះអាងថា «អ្នកខាងក្រៅ» បានទម្លាក់កន្លុយបារី ឬក៏មានចេតនាបង្កអគ្គិភ័យ ដើម្បីរានដី ឬបង្អើលសត្វព្រៃ ដើម្បីពួកគេអាចចាប់សត្វទាំងនោះ។

លោក ចំរុង និយាយថា៖ «ចំពោះខ្ញុំ ខ្ញុំមិនគិតថា ភ្លើង​ឆេះ​ព្រៃ​នឹងកើតឡើងទេ ប្រសិនបើគ្មាន​មនុស្ស​ទៅ​ធ្វើអ្វីសោះនោះ»

ការប្រកបរបរទទួលទានតាមរយៈការនេសាទត្រី គឺធ្លាប់ជាមុខរបរដ៏កាក់កបសម្រាប់លោក ចំរុង និងក្រុមគ្រួសារ ប៉ុន្តែ គ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃ កំពុងតែបង្កការលំបាកខ្លាំងឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។

«ទឹកកាន់តែតូច ត្រីក៏កាន់តែតិច» គឺជាពាក្យដែលគេនិយមនិយាយក្នុងចំណោម​ប្រជា​ពលរដ្ឋ។ ខណៈអ្នកសារព័ត៌មានដើរតាមតំបន់ដីគោកដែលទឹក​ជន់លិច​នៅ​រដូវវស្សានោះ ស្ត្រីម្នាក់ដែលអង្គុយមើលពីរានហាល​លើ​ផ្ទះ​របស់​គាត់ និយាយថា អ្នកស្រីមិនបានចេញ​ទូក​ទៅ​រក​ត្រី​ទេ​នៅថ្ងៃនោះ ដោយសារតែគ្មានត្រី។

ស្របពេលបម្រែបម្រួលអាកាសធាតុ បានធ្វើ​ឱ្យ​របបទឹកភ្លៀង​ប្រែ​ប្រួល​​ទៅ​រក​ភាព​រាំង​ស្ងួត​នៅ​ក្នុង​រយៈ​ពេល ៣​ឆ្នាំ​ចុង​ក្រោយ​នេះ ទន្លេមេគង្គ និងប្រព័ន្ធអេកូឡូស៊ីទាំងមូលរបស់ទន្លេនេះ ត្រូវបានបំផ្លាញដោយសារទំនប់វារីអគ្គិសនីនៅផ្នែក​ខាងលើនៃ​ទន្លេ​មេគង្គ​ ស្ថិត​ក្នុងប្រទេសឡាវ និងចិន។

កាលពីឆ្នាំមុន គណៈកម្មការទន្លេមេគង្គ ដែល​ជាស្ថាប័នគ្រប់គ្រង និងដានដានក្នុងតំបន់ បានរាយការណ៍ពីកម្រិតទឹកទាបបំផុតមិនធ្លាប់មាន ខណៈមានការជន់លិចខ្លាំងនៅខែកក្កដា ហើយបន្ទាប់មក ស្ថាប័ន​នេះ​បានព្រមានពី​គ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅខែធ្នូ។

កម្រិតទឹកដ៏ទាបនេះ បានប្រែក្លាយទន្លេមេគង្គទៅជាពណ៌បៃតងដ៏ស្រស់ស្អាត ប៉ុន្តែ វាបានកែប្រែច្រើននូវកម្រិត​ល្បាប់​ភក់​​​ប្រកប​​ដោយ​ជីវជាតិ និង​កម្រិត​ល្បាយ​អុកស៊ីហ្សែននៅ​ក្នុង​ទឹក ដែលសារធាតុទាំងពីរនេះ មានសារៈសំខាន់ចំពោះការរស់រានរបស់ត្រីក្នុងបឹងទន្លេសាប និងអាចធ្វើឱ្យវដ្តជីវិតរបស់វាច្របូកច្របល់។

លោក ម៉ៅ ជាអ្នកនេសាទដែលប្តូរមកជាកសិករដាំម្ទេសវិញនោះ និយាយថា លោកបានជ្រើសរើសពេលវេលាត្រឹមត្រូវក្នុងការចូលនិវត្តន៍ពីរបរនេសាទក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។

លោកបាននិយាយថា៖ «ពីរឆ្នាំចុងក្រោយនេះ ស្ថានភាពគឺអាក្រក់មែនទែន។ គ្រោះរាំងស្ងួត គឺក្តៅហួតហែងមែនទែន»

លោក ម៉ៅ និងពលរដ្ឋផ្សេងទៀត ក៏បានសម្រេចចិត្តចាក់ដីបំពេញ ដើម្បីដាំម្ទេស ពីព្រោះមានតម្រូវការពីអតិថិជនច្រើន ហើយលោកអាចរកចំណូលបានចន្លោះពី ១០,០០០​រៀល ទៅ ២០,០០០​រៀលក្នុងមួយគីឡូក្រាម ( ២.៥ ទៅ ៥​ដុល្លារ)។ លោកនិយាយថា បើទោះបីដំណាំទាំងនេះ ត្រូវប្រើពេលពីរ​បី ឬបួនខែ ប៉ុន្តែ វាបានក្លាយជារបរដ៏កាក់កបជាងរបរនេសាទ ហើយថា ដី​ព្រៃ​លិច​ទឹក​នេះ បាន​ស្រឡះ​ហើយ​ដោយសារ​តែ​ភ្លើងឆេះ។

ផ្អែកតាមការសង្កេត លោក ចំរុង ជឿថា៖ «ត្រីមួយរយប្រភេទបានដាច់ពូជហើយ»  ហើយលោកបានរំឭកឈ្មោះប្រភេទត្រីទាំងនោះ រួមទាំងប្រាប់ពីទំហំ និងពណ៌ទៀតផង។ ផលប៉ះពាល់លើឧស្សាហកម្មនេសាទនេះ គឺពិតជាកើតមានសម្រាប់អ្នកភូមិទ្រាយ។ ពលរដ្ឋជាច្រើននិយាយប្រាប់អ្នកសារព័ត៌មានថា បងប្អូនបង្កើត និងបងប្អូនជីដូនមួយ​របស់​ពួកគាត់ បាន​ចាកចេញពីភូមិទៅរកការងារធ្វើនៅប្រទេសថៃ ឬវៀតណាម។

នៅក្រោមផ្ទះបណ្ដែត​ទឹក​របស់គាត់ លោក ចំរុង បាន​រាយ​សំណាញ់​មង​​ធ្វើ​ជា​បៀ​សម្រាប់​ប្រស់​​​ត្រី​រាប់​រយ​ក្បាល​នៅ​ក្នុង​នោះ​ ដើម្បី​ធានា​ថា គ្រួសារ​គាត់​មាន​ត្រី​ស្រស់​សម្រាប់​ធ្វើ​ម្ហូប។ លោក ចំរុង មានការខកចិត្តដោយសារថា កង្វះការឆ្លើយតបភ្លាមៗរបស់រដ្ឋាភិបាលនៅពេលមានភ្លើងឆេះព្រៃ និងការអូសបន្លាយនៃភាពរាំងស្ងួត។

លោកបាននិយាយថា៖ «ក្រុមមន្ត្រីនិយាយថា ត្រីនៅតែមានក្នុងបឹងទន្លេសាប ប៉ុន្តែ គ្មានត្រីនោះទេ»

ក្ដី​រំពឹង​ទទួល​បាន​​ប្រាក់ពី​ការ​លក់​កាបោន

កាលពីឆ្នាំ​២០១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យល់ថា វាមានភាពបន្ទាន់ក្នុងកិច្ចប្រឹងប្រែងការពារព្រៃលិចទឹក ដើម្បីឆ្លៀតយកប្រយោជន៍ពីគម្រោងទីផ្សារកាបោនអន្តរជាតិ។

ទីផ្សារកាបោនបង្កើតបានជាប្រព័ន្ធមួយ ជាទីដែលក្រុមហ៊ុន និងប្រទេសនានាដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់កម្រិតខ្ពស់អាច «ទូទាត់» ឬកាត់បន្ថយការបញ្ចេញឧស្ម័នតាមរយៈការឧបត្ថម្ភមូលនិធិដល់ការអភិរក្ស ឬកិច្ចប្រឹងប្រែងសម្របខ្លួន ដែលកាត់បន្ថយការបញ្ចេញឧស្ម័ន​ពុល​ជា​សកល។

កាលពីឆ្នាំ២០១៧ រដ្ឋាភិបាលកម្ពុជា មាន​ឱកាស​ទទួល​បាន​មូលនិធិ ៥.៥​លានដុល្លារ ដើម្បីសាកល្បង និងបង្កើតប្រព័ន្ធរ៉េដបូកដែលគ្រប់គ្រងដោយ​រដ្ឋ។ កម្មវិធីរ៉េដបូកដែលមានន័យថា «ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីការបាត់បង់ និងរេចរឹលព្រៃឈើ» គឺជាកម្មវិធីអភិរក្ស​ផ្អែក​តាម​ទីផ្សារ​កាបោន ដែល​ការ​ទិញ​កាបោន​ ផ្ដល់​អត្ថប្រយោជន៍​ទៅ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ការពារ​ព្រៃ​ឈើ និង​តែង​តែ​គាំ​ទ្រ​ដល់​​ចីរភាព​របស់សហគមន៍ក្បែរខាង។

ប្រទេសកម្ពុជា ទទួលបានប្រាក់ពីមូលនិធិបម្រែបម្រួលអាកាសធាតុសកល ដែល​មួយ​ផ្នែក​ធំ​នៃ​មូលនិធិ​នោះ​បាន​មក​ពី​គម្រោង​ដៃ​គូ​កាបោន​ព្រៃឈើ​របស់​ធនាគារ​ពិភព​លោក ដែល​គាំទ្រ​មូលនិធិ​ភាគ​ច្រើន​ដោយ​រដ្ឋាភិបាល​បស្ចឹម​ប្រទេស ដើម្បី​ការពារ និង​ត្រៀមបម្រុងព្រៃឈើ​បីប្រភេទ ដែលអាចស្រូបយក​កម្រិតកាបោនបានខ្ពស់ រួមទាំងព្រៃលិចទឹកទំហំ ៤០ហិកតានៅលើបឹងទន្លេសាបផងដែរ។

ប្រសិនបើកម្ពុជាអាចបង្ហាញទៅស្ថាប័នវាយតម្លៃអន្តរជាតិថា លទ្ធភាពស្រូបយកកាបោន ឬ «សន្និធិកាបោន» គឺមានភាពច្បាស់លាស់ និងគ្រប់គ្រងបានល្អ នោះគម្រោងទាំងអស់នេះ អាចនឹងត្រូវបានដាក់លក់នៅលើទីផ្សារកាបោន។

កាលពីខែមករា លោក សាយ សំអាល់ បានរំលេចអំពីគោលបំណងរបស់រដ្ឋាភិបាលក្នុងការអភិរក្សធនធានធម្មជាតិ ដើម្បី​ឱ្យ​កម្ពុជាអាចទទួលបានមកវិញនូវឥណទាន និងប្រាក់កាបោន នេះបើតាមសេចក្តីរាយការណ៍របស់កាសែតភ្នំពេញ ប៉ុស្តិ៍។

លោក សាយ សំអាល់ បានមានប្រសាសន៍ថា កិច្ចប្រឹងប្រែងរបស់អង្គការ WCS, WWF Cambodia និងសហគមន៍ក្នុងមូលដ្ឋានក្នុងការការពារធនធានធម្មជាតិ ផ្តល់ឱកាសឱ្យរដ្ឋាភិបាលលក់ឥណទានកាបោន ស្របពេលជាមួយគ្នានោះដែរ ក៏គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុកផងដែរ។

អំឡុងពេលថ្លែងនៅដែនជម្រកសត្វព្រៃកែវសីមា នៅខេត្តមណ្ឌលគិរី ភាគឦសានប្រទេសកម្ពុជា លោក សាយ សំអាល់ បានមានប្រសាសន៍ថា៖ «ជាមួយនឹងកិច្ចប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិ ប្រទេសកម្ពុជាបានលក់ឥណទានកាបោនពីដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃភាគខាងត្បូងភ្នំក្រវាញ និងដែន​ជម្រកសត្វព្រៃតាតៃ ទៅតាមទីផ្សារកាបោនស្ម័គ្រចិត្ត»

លោកបានបន្ថែមថា៖ «កម្ពុជាទទួលបានកញ្ចប់ទឹកប្រាក់សរុប ១១លានដុល្លារ ដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមការពារបរិស្ថាន និងបង្កើនជីវភាពរស់នៅរបស់សហគមន៍ក្នុងមូលដ្ឋាន»

គម្រោងរ៉េដបូកភាគច្រើនរបស់កម្ពុជាមកទល់ពេលនេះ ត្រូវបានគ្រប់គ្រងដោយអង្គការក្រៅរដ្ឋាភិបាល ដែលបានសុំជំនួយពីម្ចាស់ជំនួយមួយចំនួន។ ជាក់ស្តែង ក្នុងរបាយការណ៍លក់កាបោនខ្ពស់បំផុតមិនធ្លាប់មានកាលពីឆ្នាំ២០១៦ ក្រុមហ៊ុន Walt Disney Corporation បានទិញសន្និធិកាបោនតម្លៃ ២.៦លានដុល្លារពីដែនជម្រកកែវសីមា ដែល​ធ្លាប់គ្រប់គ្រងដោយអង្គការ WCS។ ប៉ុន្តែ គម្រោងលើតំបន់បឹងទន្លេសាប នឹងក្លាយជាគម្រោងដំបូងដែលនឹងត្រូវសម្របសម្រួលដោយរដ្ឋាភិបាល។

លោក វិបុល ជាប្រធានផ្នែកអភិរក្សជលផល បានមានប្រសាសន៍ថា៖ «ប្រសិនបើយើងរក្សាតំបន់នេះឱ្យបានល្អ យើងនឹងទទួលបានផលប្រយោជន៍នៅពេលម្ចាស់ជំនួយបានឃើញ និងដឹងថា ព្រៃលិចទឹកត្រូវបានការពារ»

ព្រៃឈើថយចុះដោយសារភ្លើងឆេះព្រៃ

របាយការណ៍កាល​ពី​ឆ្នាំ​២០១៨ ​របស់ទីភ្នាក់ងារអភិវឌ្ឍន៍​អាមេរិក USAID និងទីភ្នាក់ងារព្រៃ​ឈើអាមេរិក​ លើកឡើងថា ព្រៃលិចទឹកមានលទ្ធភាពស្រូបយកកាបោនបានច្រើនជាងព្រៃឈើនៅលើតំបន់ដីគោក ប៉ុន្តែ ការថែទាំ និងការពាររបស់សហគមន៍ គឺជារឿងសំខាន់។ ការសិក្សាទៅលើភូមិកំពង់ភ្លុក ខេត្តសៀមរាប ជា​ទីដែលពលរដ្ឋបានទទួលស្គាល់ពីសារៈសំខាន់របស់ដើមឈើ និងបានការពារដើមឈើទាំងនោះ បានបង្ហាញសន្និធិកាបោនខ្ពស់ជាងព្រៃស្រោង និងព្រៃល្បោះ។

ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សរុបរបស់កម្ពុជា មានជិត ៥២លានម៉ែត្រទ្រិកតោន កាលពីឆ្នាំ​២០១៣ គឺស្មើនឹង ០.១១​ភាគរយនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទូទាំងសកលលោក ប៉ុន្តែ ប្រទេសនេះ មិនបានធ្វើបច្ចុប្បន្នភាពលើរបាយការណ៍ស្តីពីការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ចាប់តាំងពីពេលនោះមក។ ជាមួយនឹងអត្រានៃការនាំចូលរថយន្ត ការបើករោងចក្រថ្មី និងជើងហោះហើរសម្រាប់ភ្ញៀវទេសចរ និងអ្នកជំនួញ ការបញ្ចេញឧស្ម័ននៅកម្ពុជា ទំនងជាមានការកើនឡើង។

លោក រីឆាដ ម៉ាកខេនហ្ស៊ី (Richard MacKenzie) ជាអ្នកស្រាវជ្រាវនៅទីភ្នាក់ងារ USFS ដែលដឹកនាំការសិក្សាអំពីលទ្ធភាពស្រូបយកកាបោនរបស់ព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប និយាយថា លោកពេញចិត្តនឹងគំនិតនៃគម្រោងស្រូបយកកាបោននៅតំបន់ព្រៃលិចទឹក ប៉ុន្តែ ផ្នែកជាច្រើននៃព្រៃលិចទឹក មានសភាពស្តើងពេកមិនអាចស្រូបយកកាបោនបានទេ។

តាមការសង្កេតរបស់លោកកាលពីឆ្នាំ​២០១៦ ស្របពេលសិប្បិជាតិស្ងួតជាប់សម្បកឈើ អ្នកវិទ្យាសាស្ត្រខាងអគ្គិភ័យ បានចង្អុលបង្ហាញតំបន់ ជា​ទីដែលកូនឈើមិនអាចចាប់ឫសដោយសារតែភ្លើងឆេះព្រៃធ្ងន់ធ្ងរ។

លោក ម៉ាកខេនហ្ស៊ី បាននិយាយថា៖ «អ្នកអាចមើលឃើញថា អគ្គិភ័យបានធ្វើឱ្យព្រៃដ៏ក្រាស់នៅតំបន់នេះថយចុះ។ វាបង្កផលប៉ះពាល់ធំធេង បើនិយាយដល់ការស្រូបទាញកាបោន ហើយប្រាកដណាស់ ផ្សែងនេះមានចំណែកក្នុងការបញ្ចេញសារធាតុកាបោនផងដែរ»

លោក ម៉ាកខេនហ្ស៊ី បានបញ្ជាក់ពីភាពចាំបាច់ក្នុងការស្តារ​ព្រៃទាំងនេះឡើងវិញ និងការដាក់ពង្រាយឆ្មាំការពារសម្រាប់គម្រោងរ៉េដបូកនាពេលអនាគតក្នុងតំបន់នេះ ដើម្បីឱ្យទទួលបានជោគជ័យ។

បញ្ហាប្រឈមមួយទៀត គឺទាក់ទិននឹង​បច្ចេកទេសច្រើនជាង។ លោកស្រី សារ៉ា មីលណេ (Sarah Milne) ជាសាស្ត្រាចារ្យជាន់ខ្ពស់នៅសាកលវិទ្យាល័យជាតិអូស្ត្រាលី (Australian National University) និយាយថា ផ្អែកលើការស្រាវជ្រាវរបស់លោកស្រីក្នុងប្រទេសកម្ពុជា និងនៅបរទេស កម្មវិធីរ៉េដបូក គឺជាជម្រើសដែលមិនប្រាកដថា ជោគជ័យសម្រាប់ប្រទេសកម្ពុជា ពីព្រោះការវាស់ស្ទង់កម្រិតសារធាតុកាបោន និងការផ្ទៀងផ្ទាត់ ត្រូវការអ្នកជំនាញអន្តរជាតិដែលប្រទេសកំពុងអភិវឌ្ឍន៍មិនអាចមានលទ្ធភាពជួលបានក្នុងតម្លៃ​ថ្លៃ​នោះ។

លោកស្រីបាននិយាយថា៖ «គុណវិបត្តិនៃផ្សារកាបោន គឺទាមទារជំនាញបច្ចេកទេស សមត្ថភាពធ្វើការគណនា និងការប្រឹងប្រែងជាគំរូដែលលើសពីអ្វីដែលមន្ត្រីកម្ពុជា និងអង្គការក្រៅរដ្ឋាភិបាលអាចធ្វើបាន»

គ្មានអំណាច ដើម្បីការពារ

ដោយឡែក នៅភាគពាយ័ព្យនៃតំបន់បឹងទន្លេសាបក្នុងខេត្តសៀមរាប លោក គឹម សាវឿន កំពុងតាមសម្លឹងមើលស្ត្រីបួននាក់ ខណៈពួកគេច្រកដីដាក់ក្នុងកូនថង់ផ្លាស្ទិក និងដាក់កូនឈើនៅកណ្តាលថង់។

ស្ត្រីម្នាក់កាន់ថង់បណ្ដុះកូនឈើនាង នៅស្រុកក្រឡាញ់ ខេត្តសៀមរាប ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។ ប្រសិនបើថែរក្សាបានល្អ កូនឈើនេះនឹងក្លាយទៅជាដើមឈើថ្មីដែលអាចស្រូបយកឧស្ម័នកាបូនិច ដែលអាចជួយឱ្យកម្ពុជាទទួលបានមូលនិធិសម្រាប់អភិរក្សព្រៃឈើ។ (រី រួន)

លោក សាវឿន ជាមន្ត្រីជលផលក្នុងមូលដ្ឋានបានត្អូញត្អែរថា វាពិតជាលំបាកក្នុងថែរក្សាកូនឈើទាំង ៤០.០០០​ដើម ឱ្យនៅរស់នៅក្នុង​រដូវប្រាំង ហើយមួយចំនួនក្នុងចំណោមកូនឈើដែលមានអាយុពីរសប្តាហ៍​ហើយ​នោះ ចាប់ផ្តើមក្រៀមស្វិតរួចហើយគិត​ត្រឹម​ខែធ្នូ​កន្លង​មក។

ដើមឈើដែលទទួលម្លប់ពីតង់ពណ៌បៃតង និងពណ៌ខ្មៅ ជាធម្មតាគេប្រើសម្រាប់គ្របអគារកំពុងសាងសង់នោះ នឹងត្រូវបានគេបញ្ជូនទៅតំបន់អភិរក្សដែលត្រូវស្តារឡើងវិញ ហើយដែលត្រូវភ្លើងឆេះកាលពីឆ្នាំ២០១៦។

លោក សាវឿន បានបញ្ជាក់ថា ការងាររបស់គាត់ចប់ បន្ទាប់ពីដើមនាងត្រូវបានដាំរួចរាល់។ លោកបានប្រាប់អ្នកយកព័ត៌មានបណ្តើរសើចបណ្តើរយ៉ាងដូច្នេះថា៖ «ការងារខ្ញុំ គឺដាំកូនឈើទាំងនេះ​តែប៉ុណ្ណឹង។ ការងាររបស់សហគមន៍ គឺត្រូវមើលថែពួកវា»

តាមគោលការណ៍ គម្រោងរ៉េដបូកមានគោលបំណងថែរក្សាដីព្រៃឱ្យនៅក្នុងដៃរបស់ប្រជាជនដែលរស់នៅទីនោះ ដោយពឹងលើដីព្រៃទាំងនោះ។ ប៉ុន្តែ គម្រោងរ៉េដបូកនៅកម្ពុជា ត្រូវបានគេរារាំងមិនឱ្យទទួលបានជោគជ័យ និងលែងឱ្យមានសកម្មភាព ក្រោមមូលហេតុថា ខ្វះអ្នកល្បាត និងធនធាននៅក្នុងមូលដ្ឋាន។

ទោះបីជាលោកស្រី មីលណេ មិនបានស្រាវជ្រាវក្នុងគម្រោងសាកល្បង នៃផែនការរ៉េដបូក នៅប្រទេសកម្ពុជាក៏ដោយ ក៏លោកស្រីបានលើកឡើងថា មូលនិធិពីអន្តរជាតិនៅក្នុងប្រទេសកម្ពុជា បានអនុវត្តតាមរបៀបរបបច្បាស់លាស់ ប៉ុន្តែ នៅទីនេះ «រដ្ឋជាអ្នកមានសិទ្ធិ»​ លើគម្រោងអភិរក្សផ្សេងៗ និងមូលនិធិពាក់ព័ន្ធ ចំណែកឯប្រជាជនដែលរស់នៅក្នុងព្រៃ ប្រឈមមុខនឹងផលប៉ះពាល់ដោយសារបញ្ហាប្រែប្រួលអាកាសធាតុ កាប់ព្រៃឈើ និងសកម្មភាពគម្រោងបង្កើតទំនប់វារីអគ្គិសនី ព្រោះតែពួកគាត់មានអំណាចតិចតួច​ក្នុងការផ្លាស់ប្តូររបៀបរបបរស់នៅរបស់ពួកគាត់។

លោកស្រីលើកឡើងដូច្នេះថា៖ «បើសិនជាពួកគេផ្តោតលើសហគមន៍មូលដ្ឋាន​ក្នុងការស្តារព្រៃឈើ ខ្ញុំគិតថា វាជាគោលដៅត្រឹមត្រូវជាខ្លាំង»

លោក ចំរុង អ្នកនេសាទនៅភូមិទ្រាយ បាននិយាយថា លោក និងអ្នកភូមិដទៃទៀត មានកម្លាំងចិត្តក្នុងការការពារព្រៃឈើរបស់ពួកគាត់ ទោះជាត្រូវធ្វើអ្វីក៏ដោយ ដើម្បីបង្កើនបរិមាណត្រីក្នុងទឹកសម្រាប់ការនេសាទ។ ប៉ុន្តែ លោកបានបញ្ជាក់ថា ទោះបីជាអ្នកភូមិពិតជាចាប់អ្នកកាប់រានព្រៃបានហើយក៏ដោយ ក៏លោកគ្មានអំណាចអីទៅអន្តរាគមន៍ដែរ។

លោកបាននិយាយថា៖ «យើងធ្វើអ្វីមិនកើតទេ ព្រោះយើងជាអ្នកភូមិធម្មតា។ ពួកគេបំពានច្បាប់ ហើយអាចត្រូវបានបញ្ជូនទៅពន្ធនាគារ ប៉ុន្តែ យើងបានត្រឹមតែព្រមានពួកគេប៉ុណ្ណោះ»។


រាយការណ៍បន្ថែមដោយ​លោក រី រួន

អត្ថបទនេះ ត្រូវបានផលិតឡើងដោយ New Naratif និង VOD ដែលបានសហការគ្នាបោះពុម្ពផ្សាយប្រភេទអត្ថបទពណ៌នាវែងស្តីពីកម្ពុជា ដែលជួយពង្រឹងអំណាចសហគមន៍រួមរបស់យើងតាមរយៈដំណឹង និងព័ត៌មាន។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ