ក្រសួង​ការ​បរទេស​ថា ការ​ថ្លែង​របស់​លោក Patrick Murphy ជុំវិញ​សំណុំ​រឿង​លោក​ កឹម​ សុខា​​ ប៉ះពាល់​ប្រព័ន្ធ​តុលាការ​កម្ពុជា​

ឯកអគ្គរដ្ឋទូតអាមេរិក លោក Patrick Murphy ក្នុងជំនួបជាមួយលោក កឹម សុខា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។ (សាញ់ ប៊ុនហឿន)

ក្រសួងការបរទេស​ និងកិច្ចសហប្រតិបត្តិការបរទេសកម្ពុជា សម្តែងការខកចិត្តចំពោះមតិឯកអគ្គរដ្ឋទូតអាមេរិក លោក Patrick Murphy ដែលបានបញ្ចេញ ជុំវិ​ញ​​សំណុំរឿងក្តីលោក កឹម​ សុខា ដោយថា ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធតុលាការកម្ពុជា។

ក្រសួងការបរទេសកម្ពុជា លើកឡើងក្នុងសេចក្តីថ្លែងការណ៍ថ្ងៃនេះថា ការបញ្ចេញយោបល់របស់លោក Murphy អំឡុងពេលនោះ ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធតុលាការកម្ពុជា និងផ្ទុយពីស្មារតីថ្មីរបស់ថ្នាក់ដឹកនាំប្រទេសទាំង២ ក្នុងស្មារតីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា។

ក្នុងសេចក្តីប្រកាសនោះលើកឡើងថា៖ «ការថ្លែងយោបល់បែបនេះ គឺជាការធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធតុលាការកម្ពុជា ដែ​លជាស្ថាប័នឯករាជ្យ និងដាច់ដោយឡែក ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងជាការបង្ហាញឱ្យឃើ​ញពីឥរិយាបថគ្មានកា​រ​ទូត និងខ្វះការគោរពចំពោះអធិបតេយ្យរបស់កម្ពុជាដែលជាប្រទេសម្ចាស់ផ្ទះ»។

លោក Patrick Murphy បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីចូលរួមសវនាការអតីតមេបក្សប្រឆាំង នៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមីនា ថា លោកមិនពេញចិត្តចំពោះរដ្ឋាភិបាលកម្ពុជា ដែលចោទថា អាមេរិកនៅពីក្រោយលោក កឹម សុខា ចង់ផ្តួលរំលំរដ្ឋាភិបាល។

​លោក Patrick Murphy៖ «យើងក៏មានការអាក់អន់ចិត្ត ព្រោះនៅក្នុងសវនាការ ព្រះរាជអាជ្ញាព្យាយាមនិយាយថា អាមេរិកពាក់ព័ន្ធករណីនេះ»។

សាលាដំបូងរាជធានីភ្នំពេញ កំពុងដំណើរសវនាការសំណុំ​រឿងសន្និដ្ឋិភាព​របស់លោក កឹម សុខា ដែលគ្រោងនឹងធ្វើ​រយៈពេល​៣ខែ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ