អាជីវករ​ថា​លក់​ម្ហូប​អាហារ​ឡើង​ថ្លៃ​ដោយ​សារ​ទិញ​ចូល​ថ្លៃ​ដែរ​

អាជីវករ និងពលរដ្ឋដែលទៅទិញអាហារ និងសម្ភារនៅផ្សារដើមគរ ក្រុងភ្នំពេញ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០។ (ណាត សុភាព)

អាជីវករមួយចំនួន លើកឡើងថា មូលហេតុដែលពួកគាត់លក់បន្លែ សាច់ និងគ្រឿងទេសផ្សេងៗទៀត ឡើងថ្លៃខុសពីពេលធម្មតា ដោយសារប្រភពនាំចូលដែលពួកគាត់ទិញយកមកលក់បានដំឡើងថ្លៃ។​

អាជីវករលក់ដូរនៅផ្សារដើមគរ អ្នកស្រី ជា ចន្ថា និយាយថា បន្លែ សាច់ជ្រូក សាច់មាន់ និងសាច់គោ ប្រភពនាំចូលបានឡើងថ្លៃចន្លោះពី ១ពាន់រៀល ទៅ៣ពាន់៥រយរៀល ក្នុងមួយគីឡូក្រាម បន្ទាប់ពីប្រជាពលរដ្ឋមួយចំនួនផ្អើលថា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ។

អាជីវកររូបនោះអះអាងថា៖ «សាច់ជ្រូកប៉ាយ [មួយចំហៀង] មួយគីឡូ គឺមួយម៉ឺន ប្រាំមួយពាន់ប្រាំរយរៀល នៅពេលយើងលក់វិញ! ពីរម៉ឺនរៀល [១គីឡូក្រាម] សាច់គោ [មួយគីឡូ] បីម៉ឺនប្រាំបីពាន់រៀល…លក់ចេញវិញបួនម៉ឺនរៀល [ក្នុងមួយគីឡូក្រាម]»។

អាជីវករ ពេទ្យ សុផាតវណ្ណនីត ដែលជាអ្នកលក់សាច់ជ្រូក សាច់មាន់ បោះដុំ នៅម្តុំផ្សារដើមគរ និយាយថា មុនលេចឮព័ត៌មានថា នៅខេត្តសៀមរាប មានបុរសខ្មែរឆ្លងជំងឺកូវីដ-១៩ ពួកគាត់លក់ដាច់ក្នុងមួយថ្ងៃ គឺ១០០គីឡូ តែឥឡូវថយចុះជិត៥០ភាគរយ។ បច្ចុប្បន្ន គាត់ថា លក់ថ្លៃជាងពេលមុនប្រហែលជាជាង២ពាន់រៀលក្នុងមួយគីឡូ ដោយសារប្រភពនាំចូលភាគច្រើន លក់ក្នុងតម្លៃខ្ពស់ដែរ។

អាជីវកររូបនោះនិយាយថា៖ «ក្រោយពេលគេផ្អើលរឿងកើតជំងឺកូវីដ-១៩ ស្អីគេនោះ អ្នកមានលុយភាគច្រើន នាំគ្នាមកទិញត្រី សាច់ ស្រក ប៊ីចេង ទុកគ្រប់គ្នា។ កន្លែងខ្ញុំលក់សាច់ជ្រូក ១គីឡូសាច់សុទ្ធ ២ម៉ឺនរៀល ឆ្អឹង ១គីឡូ ១៨០០០រៀល និងមាន់ចិញ្ចឹម ១គីឡូ ១៥០០០រៀល វាថ្លៃជាងមុនប្រហែលជាង ២ពាន់រៀលក្នុង ១គីឡូទេ ពីព្រោះខ្ញុំទិញពីគេមកថ្លៃដែរ អញ្ចឹងខ្ញុំលក់ចេញវិញថ្លៃអញ្ចឹងដែរ»។

ចំណែកអ្នកទិញនៅម្តុំផ្សារដើមគរ ឈ្មោះ សុខ វណ្ណា និយាយថា តម្លៃបន្លែ សាច់ នៅផ្សារដើមគរ ឡើងថ្លៃខុសពីពេលមុន​។ ប៉ុន្តែ អ្នកស្រីអះអាងថា គាត់មិនបានទិញបន្លែ និងសាច់ទុក ដូចប្រជាពលរដ្ឋមួយចំនួននៅជាប់ផ្ទះរបស់គាត់ នាំគ្នាទិញបន្លែ សាច់ និងគ្រឿងទេសទុក ដោយព្រួយបារម្ភថា កម្ពុជាអ្នកឆ្លង​ជំងឺកូវីដ-១៩ នៅខេត្តសៀមរាប។

អ្នកស្រី វណ្ណា ក៏អំពាវនាវទៅប្រជាពលរដ្ឋកុំព្រួយបារម្ភ ខ្លាចឆ្លងមេរោគកូវីដ-១៩ ដើម្បីកុំឱ្យមានចលាចលក្នុងសង្គមកម្ពុជា។

អ្នកស្រីនិយាយថា៖ «ឱ្យប្រជាពលរដ្ឋទាំងអស់គ្នាតាំងចិត្តកុំឱ្យខ្លាច យើង​ខ្លាចនាំឱ្យមានបាតុភាពពេញស្រុកយើងទេ… សម្តេចប្រកាសហើយ មិនអាចឱ្យមាន [ជំងឺកូវីដ-១៩] មកដល់ភ្នំពេញយើងទេ កុំឱ្យយើងភ័យបារម្ភ»។

ដើរចេញពីផ្សារម៉ាក្រូ ស្ថិតនៅខណ្ឌសែនសុខ ភាគពាយព្យរាជធានីភ្នំពេញ កញ្ញា ស្រី លាង​ និយាយថា គាត់តែងតែមកទិញសាច់ជ្រូកនៅក្នុងផ្សារនេះស្ទើរជារៀងរាល់ថ្ងៃ។ ប៉ុន្តែ អ្វីដែលគួរឱ្យគត់សម្គាល់ កញ្ញា អះអាងថា ពីរទៅបីថ្ងៃចុងក្រោយនេះ សាច់ជ្រូកឡើងថ្លៃខុសពីតម្លៃធម្មតាប្រហែលជា ៣ពាន់រៀលក្នុងមួយគីឡូក្រាម។

ស្ដ្រីម្នាក់កំពុងតែដើរទិញអីវ៉ាន់ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ នៅក្នុងផ្សារម៉ាក្រូ ក្រុងភ្នំពេញ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០។ (ណាត សុភាព)

ករណីនេះ កញ្ញា អំពាវនាវទៅផ្សារទំនើប និងអាជីវករលក់នៅតាមផ្សារធម្មតា កុំដំឡើងតម្លៃគ្រឿងទេស បន្លែ និងសាច់ ដើម្បីកុំឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលមានជីវភាពមិនសូវធូធារ។

កញ្ញានិយាយថា៖ «សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់គ្នា គឺអីវ៉ាន់កុំឡើងថ្លៃច្រើនពេក វាពិបាកដែរសំរាប់អ្នកដែលមានជីវភាពល្មមៗដែរ គាត់ពិបាក»។

ក្នុងសេចក្តីអំពាវនាវ ​កាលពី​ថ្ងៃទី​៩ ខែមីនា ក្រសួងពាណិជ្ជកម្មបាន​កត់​សម្គាល់ថា ​ប្រជាពលរដ្ឋបាននាំគ្នាសម្រុក​ទិញ​ទំនិញ​ច្រើនខុសប្រក្រតី​ ដែល​ហាងទំនិញ​ភាគច្រើនបានរក្សាតម្លៃ​ដូចធម្មតា តែសម្រាប់​ហាង​មួយចំនួន​តូចបាន​ឆ្លៀតឱកាសលក់​ដំឡើងថ្លៃម៉ាស់ការពារមុខ អាល់កុលលាងដៃ និងទំនិញ​ចាំបាច់​មួយចំនួន​ទៀត។ ក្រសួងថា​ ការដំឡើងថ្លៃហួសហេតុ​បែបនេះ អាចបង្កឱ្យមាន​ចលាចល​ក្នុងសង្គម​ធ្ងន់ធ្ងរ។ ករណីនេះ ក្រសួងពាណិជ្ជកម្មបាន​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់​លើជនទាំងនោះផងដែរ។​

សាលារាជធានីភ្នំពេញអំពាវនាវទៅប្រជាពលរដ្ឋកុំជ្រួលច្របល់នាំគ្នាទៅទិញទំនិញតាមពាក្យចចាមអារ៉ាមថា ខ្វះស្បៀងអាហារដោយសារតែមេរោគកូវីដ-១៩ ដោយសារកម្ពុជាមិនខ្វះស្បៀងនោះទេ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ