ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញនូវករណីអ្នកឆ្លងកូវីដ-១៩ ចំនួន៤ករណីផ្សេងទៀត។
តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ២ករណីរកឃើញលើខ្មែរឥស្លាម២នាក់នៅព្រះវិហារ ១ករណីទៀតរកឃើញលើបុរសខ្មែរទើបមកពីបារាំង និង១ករណីទៀតគឺកូនរបស់បុរសជនជាតិបារាំងវ័យ៣៥ឆ្នាំដែលផ្ទុកកូវីដ-១៩។
ប្រភពដដែលឱ្យដឹងថា ខ្មែរឥស្លាមទាំង២នាក់ស្ថិតក្នុងចំណោមមនុស្សដែលទៅចូលរួមក្នុងពិធីសាសនានៅប្រទេសម៉ាឡេស៊ីកាលពីចុងខែកុម្ភៈកន្លងទៅ។ ពេលនេះ ពួកគាត់ទាំង២នាក់ត្រូវបានយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តព្រះវិហារ។ ដោយឡែក មនុស្ស៨នាក់ផ្សេងទៀតដែលទៅចូលពិធីនៅម៉ាឡេស៊ីដែរនោះ រកឃើញថា មិនមានផ្ទុកកូវីដ-១៩ទេ តែត្រូវដាក់ឱ្យស្ថិតក្រោមការតាមដានសុខភាពផ្ទាល់ខ្លួនរយៈពេល១៤ថ្ងៃ។
សម្រាប់បុរសជនជាតិខ្មែរដែលទើបតែមកពីប្រទេសបារាំង ហើយរកឃើញមានផ្ទុកកូវីដ-១៩ ដែរនោះ ត្រូវបានយកទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ចំណែឯកូនបុរសជនជាតិបារាំងវ័យ៣៥ឆ្នាំដែលផ្ទុកកូវីដ-១៩ ត្រូវព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ។
គិតត្រឹមម៉ោង៩យប់ ថ្ងៃទី១៥ ខែមីនា កម្ពុជារកឃើញអ្នកផ្ទុកកូវីដ-១៩ ចំនួន១២ករណីដែលក្នុងនោះមានជនជាតិខ្មែរ៤នាក់ និងបរទេស៨នាក់ ហើយព្យាបាលជាសះស្បើយចំនួន១នាក់៕