កម្ពុជា​រក​ឃើញ​​បុរស​ជន​ជាតិ​បារាំង​ម្នាក់​​ទៀត​មាន​កូវីដ-១៩​

ស្រ្តីម្នាក់ដើរកាត់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ២៩ មករា ២០២០ (រូបភាព៖ បញ្ញា ឆព័ណ្ណ)

ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា បុរសជនជាតិបារាំង វ័យ៣៥ឆ្នាំ ត្រូវបាន​ធ្វើតេស្តកូវីដ-១៩ ដោយលទ្ធផលចេញមក​គឺ វិជ្ជមាន​។

យោងតាម​សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល​ដែ​លចេញ​នៅថ្ងៃនេះ ជនជាតិបារាំងរូបនេះ បច្ចុប្បន្ន​កំពុងដាក់នៅមន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត។ ក្រសួងបញ្ជាក់​ថា ​បុរសនោះមកពីទីក្រុងប៉ារីស ហើយមកដល់​សឹង្ហបុរី​កាលពីថ្ងៃទី១៣ ខែមីនា​ មាន​អាការក្តៅ​ខ្លួន ហើយអាជ្ញាធរប្រទេសសឹង្ហបុរី​ធ្វើតេស្តសំណាកបុរសនោះនៅយប់ថ្ងៃដដែល។ ប្រភពដដែល​ឱ្យ​ដឹងថា បុរសនោះបាន​ចាក​ចេញ​មកកម្ពុជានៅថ្ងៃទី​១៤ ខែមីនា ទាំងដែលគាត់មិនទាន់ទទួលបាន​លទ្ធផលផង។

ក្រសួងសុខាភិបាល​កម្ពុជា ថា​ខ្លួនបាន​ទទួល​លទ្ធផល​ពី​ប្រទេស​សឹង្ហបុរី​កាលពីម្សិលមិញ​ ហើយម៉ោង​២រសៀលថ្ងៃ​ដដែល ក្រសួងរកឃើញ​បុរសនោះ និងក្រុមគ្រួសារ​របស់គាត់​ដែលមាន​ភរិយា និងកូនគាត់។ ក្រសួងក៏បានយក​សំណាកពួកគេ​ទៅ​ពិនិត្យនៅយប់នោះ។ លទ្ធផលតេស្តបង្ហាញថា បុរសនោះមាន​ផ្ទុក​កូវីដ-១៩។ ដោយឡែក​ភរិយា និងកូនប្រុស​អាយុ​៤ខែ ត្រូវដាក់បន្តតាម​ដានសុខភាព​រយៈពេល​១៤ថ្ងៃ​នៅក្នុងផ្ទះរបស់​គាត់នៅម្តុំ​ទួលទំពូង ​ក្នុងពេល​រង់ចាំលទ្ធផល​វិភាគ​សំណាកពីវិទ្យាសា្ថនប៉ាស្ទ័រ។​

ក្រុមការងារក្រសួងក៏កំពុងស្រាវជ្រាវ​រក​អ្នកដែល​ប៉ះពាល់ជាមួយបុរសនោះ ដោយរកឃើញ​ថា​ មនុស្សជាង២០នាក់​បានប្រាស្រ័យទាក់ទងជាមួយគាត់។​

គិតមកត្រឹម​រសៀលថ្ងៃ​នេះ កម្ពុជា​រកឃើញ​អ្នកផ្ទុក​កូវីដ-១៩ ចំនួន​៨នាក់​ហើយដែលក្នុងនោះ១ករណីកើតលើជន​ជាតិ​ខ្មែរ និង​៨ទៀតរកឃើញ​លើជនបរទេស។​

កម្ពុជា បាន​ដាក់​ចេញ​នូវវិធានការ​ជាបន្តបន្ទាប់​ដើម្បីទប់​ស្កាត់ការរីករាល​ដាល​នៃវីរុសនេះ។ រដ្ឋាភិបាល បានសម្រេចផ្អាកមិនឱ្យជនបរទេសដែល​មកពីប្រទេស អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង អាមេរិក និង អ៊ីរ៉ង់ ចូលប្រទេសកម្ពុជា រយៈពេល៣០ថ្ងៃ ដែល​ត្រូវអនុវត្តចាប់ពីថ្ងៃទី​១៧ ខែមីនា នេះតទៅ។ កាលពីម្សិលមិញ ក្រសួងអប់រំ​ក៏បាន​សម្រចឱ្យសាលារៀន​ចំណេះទូទៅទាំងរដ្ឋ និងឯកជន​ ឈប់សម្រាក​វិសមកាល​តូចមុនពេល​កំណត់ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ