រដ្ឋាភិបាល​​​ប្រាប់​​ពលរដ្ឋ​កុំ​​ទៅ​អឺរ៉ុប​ អាមេរិក​ និង​អ៊ីរ៉ង់​ ដើម្បី​បង្ការ​ការ​ឆ្លង​នៃ​កូវីដ-១៩​

អ្នកដំណើរដើរឆ្លងកាត់ស្ថានីយ៍រថភ្លើងចំណាស់មួយនៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ នាថ្ងៃទី៩​ខែកញ្ញា ឆ្នាំ២០១៩។ (រូបភាព៖ ស៊ុន សុខេន)

រដ្ឋាភិបាល បាន​អំពាវនាវដល់​ពលរដ្ឋកុំ​ធ្វើ​ដំណើរទៅបណ្តាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់ ដើម្បីទប់ស្កាត់ការរីករាលដាល​នៃកូវីដ-១៩។

សារាចរណែនាំស្ដីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជាដែល​ចេញនាថ្ងៃទី១៥ ខែមីនា បានលើកឡើងថា ​បច្ចុប្បន្ន កូវីដ-១៩ កំពុងរាតត្បាតជាសកល​ ពិសេសនៅ​បណ្ដា​ប្រទេស​នៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។​ រាជរដ្ឋាភិបាលកម្ពុជាបាន​ដាក់​ចេញ​នូវវិធានការចំនួន៤​ចំណុចដើម្បីទប់​ស្កាត់​ការរីករាល​ដាល​នៃជំងឺនេះ។

តាម​សារាចរណែនាំ រដ្ឋាភិបាល​បាន​ប្រាប់​ពលរដ្ឋខ្មែរទាំងអស់មិនត្រូវធ្វើដំណើរទៅបណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប្រសិនបើពុំមាន​ការចាំបាច់​ដែល​ខានពុំ​បាន។ រដ្ឋាភិបាល​ក៏បាន​ស្នើឱ្យ​មន្ត្រីរាជការ និងពលរដ្ឋកម្ពុជាដែលទើបវិលត្រឡប់មកពីបណ្ដាប្រទេសទាំងនេះ ត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែក​ក្នុងរយៈ​ពេល១៤ ថ្ងៃគិតចាប់ពីថ្ងៃដែលបានត្រឡប់មកដល់កម្ពុជាវិញ។

រដ្ឋភិបាល​ ក៏បាន​បញ្ជាទៅគ្រប់ក្រសួង ស្ថាប័នរដ្ឋទាំងអស់ មិនត្រូវអនុញ្ញាតឱ្យមន្ត្រីគ្រប់លំដាប់ថ្នាក់​ធ្វើដំណើរ​ទៅ​ចូលរួមកិច្ចប្រជុំគ្រប់ប្រភេទនៅបណ្ដាប្រទេសទាំងនោះឡើយ។ ក្នុងករណីចាំបាច់ខានមិនបានដែលតម្រូវ​ឱ្យមានតំណាង​របស់កម្ពុជាចូលរួមប្រជុំ ក្រសួងស្ថាប័នពាក់ព័ន្ធនីមួយៗត្រូវធ្វើសំណើ​ទៅកាន់ក្រសួងការ​បរទេស​ និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចាត់តំណាងស្ថានទូតប្រចាំ​នៅប្រទេសម្ចាស់ផ្ទះនៃការប្រជុំ​ឱ្យចូលរួម​ជំនួស។

គិតត្រឹម​ម៉ោង៩យប់ថ្ងៃទី១៥ ខែមីនា កម្ពុជារកឃើញ​អ្នកផ្ទុក​កូវីដ​-១៩ ចំនួន​១២ករណី ដែល​ក្នុងនោះមាន​ជនជាតិខ្មែរ៤នាក់ និងបរទេស៨នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ